មានករណីឆ្លងជម្ងឺកូវីដ ១៩ ចំនួន២ម្នាក់ ដែលជាកុមារាជនជាតិឥណ្ឌូនេសុី និងជាស្រ្តីពលករមកពីថៃ និងមិនមានអ្នកជាសះស្បេីយនោះទេ។ នេះយោងតាមក្រសួងសុខាភិបាលកម្ពុជា ដែលបានប្រកាសនៅថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល ករណីឆ្លងថ្មីជាកុមារាជនជាតិឥណ្ឌូនេសុី អាយុ១ឆ្នាំ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលមានផ្ទុកវីរុសកូវិដ១៩រួចហើយកាលពីថ្ងៃ១៣ ខែមករាកន្លងទៅនេះ។
ឯករណីឆ្លង១ទៀតគឺជាស្រ្តីពលករមកពីប្រទេសថៃ ដែលបានមកដល់កម្ពុជានៅថ្ងៃ១៥ ខែមករា ២០២១ ដោយតេស្តសំណាកលេីកទី២ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវិដ ១៩។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៣៨៦ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៥នាក់៕