ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានប្រកាសថារកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ចំនួនពីរនាក់ និងមានករណីជាសះស្បើយចំនួនបីនាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីវិជ្ជមានជំងឺកូវីដ១៩ទាំងពីរនេះ ត្រូវបានរកឃើញលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ មានអាយុ២៤ឆ្នាំដែលជាអ្នកដំណើរមកពីឥណ្ឌូនេស៊ី បន្តជើងហោះហើរទៅប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយមានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ។
ចំណែកស្រ្តីខ្មែរម្នាក់ទៀតមានអាយុ២៣ឆ្នាំ ដែលជាពលករធ្វើដំណើរពីប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយមានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីដែលមានវិជ្ជមានជំងឺកូវីដ១៩ កំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឃមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ចំណែកឯស្រ្តីជនជាតិខ្មែរជាពលករមកពីប្រទេសថៃ កំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
សម្រាប់ករណីជាសះស្បើយចំនួន៣នាក់ ក្នុងនោះម្នាក់ជាស្រ្តីជនជាតិខ្មែរដែលធ្វើដំណើរមកពីសហរដ្ឋអាមរិក និងម្នាក់ទៀតជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។
គិតមកត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប៤៦០នាក់ អ្នកជាសះស្បើយមានចំនួន៤១២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន៤៨នាក់ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕