មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹង​រៀបចំកម្មវិធីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិនាពេលខាងមុខនេះតាមប្រព័ន្ធអ៊ីនធឺណេត (អនឡាញ)។

យោងទៅតាមសេចក្ដីប្រកាសរបស់ស្ថាប័ននេះ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល ដល់ម៉ោង៦ល្ងាច ក្រោមប្រធានបទមួយគឺ«ខ្ញុំស៊ូជម្នៈនឹងវិសមភាពយេនឌ័រ»។

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រីចក់ សុភាព ដែលជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រមទាំងស្រ្តីដែលជាអ្នកបម្រើការងារផ្នែកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ពីរគឺ៖ បណ្ដុះការយល់ដឹងដល់សាធារណៈជនអំពីសកម្មភាពចូលរួមធ្វើកិច្ចការផ្សេងៗរបស់ស្រ្តីនៅក្នុងសង្គមព្រមទាំងការងាររបស់ស្រ្តីក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស និងការបង្ហាញពីបញ្ហាផ្សេងៗដែលស្រ្តីបានជួបប្រទះពេលធ្វើការងារសង្គម ឬការចូលរួមជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

ក្រៅពីនេះក៏មានការចូលរួមសំដែងល្ខោនជីវិត និងសិល្បៈចាប៉ីដងវែងដើម្បីចូលរួមអបអរដល់កម្មវិធីមួយនេះទៀតផង៕