(ភ្នំពេញ)៖ ក្លិនស្អុយចេញពីគំនរសំរាមមានទាំងពោះវៀនជ្រូក រោមមាន់ សំណល់ប្លាស្ទិច និងកាកសំណល់ស្អុយរលួយនៅគំនរសំរាមមួយកន្លែងជាប់របងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ រាជធានីភ្នំពេញ បណ្តាលឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ ត្អូញត្អែរពីផលប៉ះពាល់សុខភាព និងការរស់នៅប្រចាំថ្ងៃ ។
មិនត្រឹមតែគំនរសំរាមដែលភាយក្លិនស្អុយនោះទេ ប៉ុន្តែទឹកខ្មៅកខ្វក់ដែលចេញពីសំរាម បានហៀរសើមពេញផ្លូវ និងមានសត្វរុយជាច្រើនមកទំសំរាម ដែលបង្កឱ្យកន្លែងនោះមានបរិយាកាសអាប់អួរគ្រប់ពេល។
កំពុងអង្គុយលាងពងទានៅមុខផ្ទះឈើមួយ ជិតគំនរសំរាមផ្លូវរថភ្លើង ជាប់របងវត្តទួលសង្កែ រាជធានីភ្នំពេញ កញ្ញា កឹម ណារី បានប្រាប់ Newsroom Cambodia ថា ចាប់តាំងពីឆ្នាំ២០១៧មក គំនរសំរាមដែលគេយកមកដាក់នៅទីនោះកើនកាន់តែច្រើនឡើងៗ រហូតមានធុំក្លិនស្អុយ។
«ខ្ញុំរស់នៅទីនេះ២០ឆ្នាំមកហើយ ពីមុនអត់មានគំនរសំរាមនៅទីនេះទេ ទើបតែមានប្រហែលជាឆ្នាំ២០១៧មកម្ល៉េះ ដំបូងឡើយខ្ញុំស្មានតែគេយកសំរាមមកបោះចោលទីនេះមួយរយៈពេល ប៉ុន្តែយូរៗទៅក៏មានច្រើនឡើងៗ រហូតដល់ធុំក្លិនស្អុយ ហើយហៀរទឹកស្អុយតាមផ្លូវពេញហ្នឹង សូម្បីតែអង្គុយហូបបាយក៏ពិបាកដែរ»។
កញ្ញា កឹម ណារី បន្ថែមថា ជារៀងរាល់ល្ងាចកញ្ញាតែងតែអូសរទេះសាច់គោអាំង និងពងទាកូន យកទៅលក់នៅមុខវត្តទួលសង្កែ ប៉ុន្តែកញ្ញាថា ទឹកដក់នៅគំនរសំរាមនោះបានជះក្លិនស្អុយមកដល់មុខវត្ត ធ្វើឱ្យកញ្ញាពិបាកក្នុងការលក់ដូរ។
និយាយទាំងចង្អុលទៅគំនរសំរាម ដែលមានទាំងកាកសំណល់ពោះវៀនសត្វ កាកសំណល់ប្លាស្ទិច និងកាកសំណល់រលួយជាដើមផង កញ្ញាបន្ថែមថា បារម្ភពីសុខភាពក្មេងៗដែលរស់នៅម្តុំនេះ។
«គ្រាន់តែអង្គុយក្នុងផ្ទះក៏ធុំក្លិនដែរ ជាពិសេសនៅពេលភ្លៀងអីចឹងទៀតរឹតតែពិបាកដកដង្ហើម ហើយនៅម្តុំនេះមានក្មេងៗច្រើនណាស់ អីចឹងហើយវាអាចប៉ះពាល់សុខភាពរបស់ពួកគេ»។
កញ្ញា កឹម ណារី បានសំណូមពរឱ្យអាជ្ញាធរចាត់វិធានការដកគំនរសំរាមទាំងនេះចេញ ពីព្រោះវាធ្វើឱ្យមានក្លិនអាក្រក់ប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅម្តុំនេះ ជាពិសេសផ្ទះរបស់កញ្ញាដែលនៅជិតគំនរសំរាមជាងគេ។
ស្រដៀងគ្នានេះ ស្ត្រីម្នាក់ទៀតកំពុងអង្គុយពុះធ្យូងច្រកចូលថង់ដាក់លក់នៅជាប់របងវត្តទួលសង្កែដែរ អ្នកស្រី សុខ សុផារី បានប្រាប់ Newsroom Cambodia ថា អ្នកស្រីមានអារម្មណ៍មិនល្អទេ នៅពេលនិយាយពីសំរាម ដោយសារវាប៉ះពាល់ខ្លាំងដល់អ្នកស្រីដែលលក់ធ្យូងនៅទីនោះ។
«ស្អុយអាទឹកដក់នោះផង ស្អុយសំរាមផង និយាយទៅខ្ញុំពាក់ម៉ាស់យូរវាអត់កើត ចេះតែថប់ដង្ហើម ហើយធុំក្លិនស្អុយហ្នឹងទៀត ចង់ខ្យល់»។
មានសម្បុរស្រអែម ចងក្រមានៅលើក្បាល អ្នកស្រី សុខ សុផារី បន្ថែមថា អ្នកស្រីរស់នៅទីនេះតាំងពីឆ្នាំ២០០២ ពីមុនមកមិនទាន់មានគំនរសំរាមនេះទេ ហើយគំនរសំរាមនេះទើបតែគេយកមកដាក់ ដោយសារគេប្តូរមកពីផ្សារសាំហាន់។
«ខ្ញុំនៅហ្នឹងជិត២០ឆ្នាំដែរហើយ ហើយផ្ទះខ្ញុំនៅជិតគំនរសំរាមនេះដែរ ដំបូងគេសុំដាក់សិនទេ តែយូរៗទៅ ក៏គ្មានពីណាគេដោះស្រាយឱ្យ»។
អ្នកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ នៅសង្កាត់ទួលសង្កែទី១ មានប្រសាសន៍ថា ខាងសង្កាត់ បានប្រជុំជាមួយអភិបាលរងខណ្ឌឬស្សីកែវ និងខាងស៊ីនទ្រី ពីបញ្ហាត្អូញត្អែររបស់ប្រជាពលរដ្ឋដែលរស់នៅម្តុំគំនរសំរាមនោះ ដើម្បីផ្លាស់ប្តូរទីតាំងផ្ទុកសំរាម ប៉ុន្តែអ្នកស្រីថា អាជ្ញាធរមិនទាន់រកបានកន្លែងណាផ្សេងនៅឡើយ។
«ខែមុន ខាងខ្ញុំក៏បានប្រជុំ និងចាត់ចែងតាមហ្នឹងដែរជាមួយអភិបាលរងខណ្ឌ និងជាមួយស៊ីនទ្រី ថាប្រុងរើសំរាមចេញពីកន្លែងហ្នឹងដែរ ប៉ុន្តែវាមិនដឹងរកកន្លែងទុកសំរាមណាមួយទៀត ក្រៅពីកន្លែងហ្នឹង ហើយក៏មិនដឹងជារើចេញថ្ងៃណាដែរ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាធានីភ្នំពេញទទួលស្គាល់ថា ការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីសព្វថ្ងៃនេះ នៅមិនទាន់ឆ្លើយតបទៅនឹងកំណើនបរិមាណសំរាមនៅរាជធានីភ្នំពេញនៅឡើយ ហើយក៏កំពុងតែស្វែងរកដៃគូក្រុមហ៊ុនឯកជន៣មកបន្ថែមទៀត ដើម្បីរួមគ្នាប្រមូលសំរាម និងដឹកជញ្ជូនសំរាម។
«យើងកំពុងតែរៀបចំឱ្យមានក្រុមហ៊ុនឯកជន ២ ទៅ ៣ក្រុមហ៊ុនទៀត ដើម្បីរួមគ្នាប្រមូលសំរាម កើបសំរាម និងដឹកជញ្ជូនសំរាមហ្នឹង ដើម្បីឱ្យបានប្រសិទ្ធភាពល្អប្រសើរជាងមុន ទន្ទឹមគ្នានឹងដែរ យើងប្រើប្រាស់យន្តការចាស់ក្នុងស្ថានភាពបណ្តោះអាសន្នសិន»។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន សំរាមដែលផលិតប្រមាណជាង១០,០០០ តោនក្នុងមួយថ្ងៃនៅទូទាំងប្រទេស ហើយនៅរាជធានីភ្នំពេញប្រមាណជាង៣០០០តោន មានថង់ប្លាស្ទិចជាង១០ លានថង់ ដែលបានប្រើប្រាស់ក្នុងមួយថ្ងៃ បើប្រៀបធៀបជាមួយប្រជាជនកម្ពុជា៣លាននាក់ ម្នាក់អាចប្រើថង់ប្លាស្ទិចជាមធ្យមក្នុងមួយថ្ងៃ៣ថង់ ជាចំនួនដែលច្រើន ហើយសំរាមដែលយកទៅកែច្នៃមានតែ២០%ប៉ុណ្ណោះ។
លោក សាន ដារ៉ាវីដ ប្រធានក្រុមយុជនជនសំរាម បានឱ្យដឹងថា ការប្រមូលសំរាមមានការយឺតយ៉ាវ ហើយការអនុវត្តច្បាប់ផាកពិន័យទៅលើអ្នកបោះចោលសំរាមតាមទីសាធារណៈ មិនទាន់មាននៅឡើយ។ លោកបន្តថា សំរាមនៅក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាចម្បង ខណៈសំរាមប្លាស្ទិចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងបរិស្ថាន ប៉ុន្តែការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមនៅមានកម្រិតនៅឡើយ។
«បញ្ហាសំរាមមិនមែនជារឿងតូចតាចទេ ដែលប្រជាពលរដ្ឋត្រូវតែយល់ដឹងឱ្យច្រើន និងការទុកដាក់សំរាម ការបែងចែកសំរាមទៅតាមប្រភេទ សំរាមរឹង សំរាមប្លាស្ទិច និងសំរាមសរីរាង្គជាដើម»៕