(ភ្នំពេញ)៖ ក្លិន​ស្អុយ​ចេញ​ពី​គំនរ​សំរាម​មាន​ទាំង​ពោះ​វៀ​នជ្រូក រោម​មាន់ សំណល់​ប្លាស្ទិច និង​កាក​សំណល់​ស្អុយ​រលួយ​នៅ​គំន​រ​សំរាម​មួយ​កន្លែង​ជាប់​របង​វត្ត​ទួល​សង្កែ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​​​ទី១ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​​ប្រជាពលរដ្ឋដែល​​រស់នៅ​ទីនោះ​ ​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​សុខភាព និ​ង​ការ​រស់​នៅ​​​​ប្រចាំថ្ងៃ ។

មិន​ត្រឹមតែ​គំ​នរ​សំរាម​ដែល​ភាយ​ក្លិន​ស្អុយ​នោះ​ទេ ប៉ុន្តែ​ទឹក​ខ្មៅ​កខ្វក់​ដែល​ចេញ​ពី​សំរាម​​​ បា​​នហៀរ​សើម​ពេញ​ផ្លូវ និង​មាន​សត្វ​រុយ​ជាច្រើន​មក​ទំ​សំរាម​ ដែល​បង្ក​ឱ្យ​ក​ន្លែង​នោះ​មាន​បរិយាកាស​អា​ប់អួរ​​គ្រប់​ពេល​។

កំពុង​អង្គុយ​លាង​ពងទា​នៅ​​​មុខ​ផ្ទះ​ឈើ​មួយ ​​ជិ​ត​គំនរ​សំរាម​ផ្លូវរថភ្លើង ជាប់​របង​វត្ត​ទួល​សង្កែ រាជធានី​ភ្នំពេញ​ កញ្ញា កឹម ណារី បាន​ប្រាប់ Newsroom Cambodia ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក គំនរ​សំរាម​ដែល​គេ​យក​មក​ដាក់​នៅ​ទីនោះ​​​កើន​​កាន់​តែ​​ច្រើន​ឡើងៗ រហូត​មា​នធុំ​ក្លិន​ស្អុយ​។

«ខ្ញុំ​រស់នៅ​ទីនេះ​២០​ឆ្នាំ​មក​ហើយ ពី​មុន​អត់​មាន​គំនរ​សំរាម​នៅ​ទីនេះ​ទេ ទើប​តែ​មាន​ប្រហែល​ជា​ឆ្នាំ​២០១៧​​ម​ក​ម្ល៉េះ ដំបូង​ឡើយ​ខ្ញុំ​ស្មានតែ​គេ​យក​សំរាម​មក​បោះ​ចោល​ទីនេះ​មួយ​រយៈពេល ប៉ុន្តែ​យូរៗ​ទៅ​ក៏​មាន​ច្រើន​ឡើងៗ រហូត​ដល់​ធុំ​ក្លិន​ស្អុយ ហើយ​ហៀរ​ទឹក​ស្អុយ​តាម​ផ្លូវ​ពេញ​ហ្នឹង សូម្បី​តែ​អង្គុយ​ហូប​បាយ​ក៏​ពិបាក​ដែរ»។​

កញ្ញា កឹម ណារី បន្ថែមថា ជារៀងរាល់​ល្ងាច​កញ្ញា​តែងតែ​អូស​រទេះ​សាច់​គោអាំង និង​​ពងទា​កូន យក​ទៅ​លក់​នៅ​មុខ​វត្ត​ទួល​សង្កែ ប៉ុន្តែកញ្ញាថា ​ទឹក​ដក់​នៅ​គំន​រ​សំរាម​នោះ​បាន​ជះ​ក្លិន​ស្អុយ​ម​ក​ដល់​មុខ​វត្ត ធ្វើ​ឱ្យ​កញ្ញា​ពិបាក​ក្នុង​ការលក់​ដូរ។

​​និយាយ​​ទាំង​​ចង្អុល​ទៅ​គំនរ​សំរាម​ ដែល​មាន​ទាំង​កាក​សំណល់​ពោះវៀន​សត្វ កាក​សំណល់​ប្លាស្ទិច​​ និង​កាក​សំណល់​រលួយ​ជាដើម​ផង​​​ ​កញ្ញា​បន្ថែម​ថា ​បារម្ភ​ពី​សុខភាព​ក្មេងៗ​ដែល​រស់​នៅ​​ម្តុំ​​នេះ​។

«គ្រាន់តែ​អង្គុយ​ក្នុង​ផ្ទះ​ក៏​ធុំ​ក្លិន​ដែរ ជាពិសេស​នៅ​ពេល​ភ្លៀង​អីចឹង​ទៀត​រឹ​ត​តែ​ពិបាក​ដក​ដង្ហើម ហើយ​នៅ​ម្តុំ​នេះ​មាន​ក្មេងៗ​ច្រើន​ណាស់ អីចឹង​ហើយ​វា​អាច​ប៉ះពាល់​សុ​ខភាព​របស់​ពួកគេ»។

កញ្ញា កឹម ណារី បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការដក​គំនរ​សំរាម​ទាំងនេះ​ចេញ ពីព្រោះ​វា​ធ្វើ​ឱ្យ​មាន​ក្លិន​អាក្រក់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​​ម្តុំ​នេះ ជាពិសេស​ផ្ទះ​របស់​​កញ្ញា​​ដែល​នៅ​ជិត​គំនរ​សំរាម​ជាង​គេ។

ស្រដៀង​គ្នា​នេះ ស្ត្រីម្នាក់​ទៀត​កំពុង​អង្គុយ​ពុះ​ធ្យូង​ច្រក​ចូល​ថង់​ដាក់​លក់​នៅ​ជាប់​រប​ង​វត្ត​ទួល​សង្កែ​ដែរ​ ​អ្នកស្រី សុខ សុផារី បាន​ប្រាប់ Newsroom Cambodia ថា អ្នកស្រី​មាន​អារម្មណ៍​មិ​ន​ល្អ​ទេ នៅ​ពេល​និយាយ​ពី​សំរាម ដោយសារ​វាប៉ះពាល់​ខ្លាំង​​​ដល់​អ្នកស្រី​ដែល​លក់​ធ្យូង​នៅ​ទីនោះ។

«ស្អុយ​អា​ទឹក​ដក់​នោះ​ផង ស្អុយ​សំរាម​ផង និយាយ​ទៅ​ខ្ញុំ​ពាក់​ម៉ាស់​យូរ​វា​អត់​កើត ចេះ​តែ​ថប់​ដង្ហើម ហើយ​ធុំ​ក្លិន​ស្អុយ​ហ្នឹង​ទៀត ចង់​ខ្យល់»។

មាន​សម្បុរ​ស្រអែម ច​ង​ក្រមា​នៅ​លើ​ក្បាល អ្នកស្រី សុខ សុផារី​ បន្ថែម​ថា អ្នកស្រី​រស់នៅ​ទីនេះ​តាំង​ពី​ឆ្នាំ​២០០២ ពី​មុន​មក​មិន​ទាន់​មាន​គំនរ​សំរាម​នេះ​ទេ ហើយ​គំនរ​សំរាម​នេះ​ទើប​តែ​គេ​យក​មក​ដាក់ ដោយសារ​គេ​ប្តូរ​មក​ពី​ផ្សារ​សាំហាន់។

«ខ្ញុំ​នៅ​ហ្នឹង​ជិត​២០​ឆ្នាំ​ដែរ​ហើយ ហើយ​ផ្ទះ​ខ្ញុំ​នៅ​ជិត​គំនរ​សំរាម​នេះ​ដែរ ដំបូង​គេ​សុំ​ដា​ក់​សិន​ទេ តែ​យូរ​ៗ​ទៅ ក៏​គ្មាន​ពី​ណា​គេ​ដោះស្រាយ​ឱ្យ»។

អ្នកស្រី ជៀប សុខជា ចៅ​សង្កាត់​រង​ទី២ នៅ​សង្កាត់​ទួល​សង្កែ​ទី១  មានប្រសាសន៍​ថា​ ខាង​សង្កាត់ ​បាន​ប្រជុំ​ជាមួយ​អភិបាលរង​ខ​ណ្ឌ​ឬស្សីកែវ និង​ខាង​ស៊ីនទ្រី​ ពី​បញ្ហា​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​​ដែល​​រស់នៅ​ម្តុំ​គំន​រ​សំរាម​នោះ ដើម្បី​​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទុក​សំរាម ​ប៉ុន្តែអ្នកស្រី​ថា អាជ្ញាធរ​​មិន​ទាន់​រក​បាន​កន្លែងណាផ្សេង​នៅ​ឡើយ​។

«ខែមុន ខាងខ្ញុំក៏បានប្រជុំ និងចាត់ចែង​តាម​ហ្នឹង​ដែរ​ជាមួយ​អភិបាល​រង​ខណ្ឌ និង​​ជាមួយ​ស៊ីនទ្រី ថា​ប្រុង​រើ​សំរាម​ចេញ​ពី​កន្លែង​ហ្នឹង​ដែរ​ ប៉ុន្តែ​វា​មិន​ដឹង​រក​កន្លែង​ទុក​សំរាម​ណាមួយ​ទៀត​ ក្រៅ​ពី​កន្លែង​ហ្នឹង ហើយ​ក៏​មិន​ដឹង​ជា​រើ​ចេញ​ថ្ងៃណាដែ​រ»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាធានី​​ភ្នំពេញ​ទទួល​ស្គាល់​ថា ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កំណើន​បរិមាណ​សំរាម​នៅ​រាជធានី​ភ្នំពេញ​នៅ​ឡើយ ហើយ​ក៏​កំពុង​តែ​ស្វែង​រក​ដៃគូ​ក្រុមហ៊ុន​ឯកជន​​៣​មក​បន្ថែម​ទៀត ដើម្បី​រួមគ្នា​ប្រមូល​សំរាម និ​ងដឹ​កជញ្ជូន​សំរាម។

«យើង​កំពុង​តែ​រៀបចំ​ឱ្យ​មាន​ក្រុមហ៊ុន​ឯកជន ២ ទៅ ៣​ក្រុមហ៊ុន​ទៀត ដើម្បី​រួម​គ្នា​ប្រមូល​សំរាម កើប​​សំរាម និង​ដឹក​ជញ្ជូន​សំរា​ម​ហ្នឹង ដើម្បី​ឱ្យ​បា​ន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​ជាង​មុន ទន្ទឹម​គ្នា​នឹង​ដែរ យើង​ប្រើប្រាស់​យន្តការ​ចាស់​ក្នុង​ស្ថានភាព​បណ្តោះ​អាសន្ន​សិន»។

បើតាម​របាយកា​រណ៍របស់​​​​ក្រសួង​បរិស្ថាន​ សំរាម​ដែល​ផលិត​ប្រមាណ​ជាង​​១០,០០០ តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ហើយ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​​៣០០០​តោន ​មាន​ថង់​ប្លាស្ទិច​ជាង​១០ លាន​ថង់ ដែល​បាន​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ បើ​ប្រៀបធៀប​ជាមួយ​ប្រជាជន​កម្ពុជា​៣​លាន​នាក់​ ម្នាក់​អាច​ប្រើ​ថង់​ប្លាស្ទិច​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​៣ថង់ ជាចំនួន​ដែល​ច្រើន ហើយ​សំរាម​ដែល​យក​ទៅ​កែច្នៃ​មាន​តែ​២០%​​​ប៉ុណ្ណោះ។

លោក​ សាន​ ដារ៉ាវីដ ប្រធាន​​ក្រុម​​យុជន​ជន​សំរាម បាន​ឱ្យ​ដឹង​ថា ការប្រមូល​សំរាម​មាន​ការយឺត​យ៉ាវ ហើយ​ការអនុវត្ត​ច្បាប់​ផាក​ពិន័យ​ទៅ​លើ​អ្នក​បោះចោល​សំរាម​តាម​ទី​សាធារណៈ ​មិន​ទាន់​មាន​នៅ​ឡើយ​។ លោក​​បន្ត​ថា សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​តែ​ជា​បញ្ហា​ចម្បង​​ ខណៈ​សំរា​ម​ប្លាស្ទិច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​​ដល់​សុខភាព និង​បរិស្ថាន ប៉ុន្តែ​​ការយល់​ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទុក​ដាក់​សំរាម​​នៅ​មាន​កម្រិត​នៅឡើយ។​

«បញ្ហា​សំរាម​មិនមែន​ជា​រឿង​តូចតាច​ទេ ដែល​ប្រជាពលរដ្ឋ​ត្រូវ​តែ​យល់​ដឹង​​ឱ្យ​ច្រើន និង​ការទុក​ដាក់​សំរាម ការបែង​ចែក​សំរាម​ទៅ​តាម​ប្រភេទ សំរាម​រឹង សំរាម​ប្លាស្ទិច និង​សំរាម​សរីរាង្គ​ជាដើម»៕​