អ្នកស្រី ផេង សាញ់ បានដឹងថាគាត់មានចរិកជាក្មេងប្រុសតាំងតែពីគាត់មានអាយុប្រហែល៦ឆ្នាំមកម្ល៉េះ ក៏ប៉ុន្តែដោយសារការរើសអើងខ្លាំងនាពេលនោះ គាត់មិនបានប្រាប់នរណាគេទេ។
ឈានដល់ក្នុងវ័យ៦៨ឆ្នាំហើយ ក្នុងពេលបច្ចុប្បន្ននេះ ការរើសអើងនេះនៅតែមានបន្តមកលើអ្នកស្រលាញ់ភេទដូចគ្នា លោកផេង សាញ់ ក៏បានច្នៃធ្វើក្រមាមានពណ៌ជាឥន្ទធនូ ដែលជាពណ៌តំណាងឱ្យភាពចម្រុះនៃអ្នកស្រលាញ់ភេទដូចគ្នា នៅជុំវិញពិភពលោក។
លោក បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ដូច្នេះថា៖ «គោលបំណងខ្ញុំនៃការបង្កើតក្រមា៦ពណ៌នេះឡើង ដើមី្បបង្ហាញថាក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ក៏រស់នៅក្នុងភពផែនដីនេះដែរ យើងគួរតែផ្តល់សិទ្ធិ និងឲ្យតម្លៃឲ្យដូចអ្នកស្រលាញ់ភេទផ្ទុយគ្នា»។
តាំងតែវ័យកុមារមកម្ល៉េះ លោក ផេង សាញ់ តែងតែចូលចិត្តលេងល្បែងបែបក្មេងប្រុសៗ ស្លៀកពាក់បែបក្មេងប្រុស និងចូលចិត្តសាងភាពស្និទ្ធស្នាលជាមួយក្មេងស្រី។
លោកបានបន្ដទៀតថា នៅពេលរៀបការក្នុងសម័យសង្គមរាស្រ្តនិយម គ្រួសាររបស់លោក ពុំបានដឹងថាគាត់ជាបុគ្គលដែលស្រឡាញ់ភេទដូចគ្នានោះទេ ហើយការរៀបការនោះគឺដោយសារតែប្រពៃណីតម្រូវឲ្យគាត់មានគ្រួសារ បំពេញមុខមាត់ឲ្យគ្រួសារ ក្នុងនាមជាកូនស្រីនៅពេលនោះ។
អាពាហ៍ពិពាហ៍របស់លោកផេង សាញ់ និងស្វាមីគាត់ក៏បានឈានដល់ទីបញ្ចប់ ហើយពួកគាត់ក៏មានកូនមួយផងដែរ។
គាត់ក៏បានចាប់ផ្ដើមបង្ហាញទំនាក់ទំនងរបស់គាត់ជាមួយស្រីដូចគ្នា ទៅកាន់គ្រួសារ និងសង្គមបានដឹងនៅរវាងឆ្នាំ ១៩៨២ នៅពេលដែលគាត់មានអាយុប្រហែលជា៣០ឆ្នាំ ដែលពេលនោះគាត់ទទួលបាននូវការរើសអើងយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសាររបស់គាត់ផងដែរ។
គាត់បានមានប្រសាសន៍ថា៖ «ពេលនោះ ម៉ែឳ បងប្អូន អត់ថាជាប្ដីប្រពន្ធនឹងគ្នាទេ គេថាពួកម៉ាក ឯបងប្រុសវិញមិនមើលខ្ញុំផង»។
សព្វថ្ងៃរស់នៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកផេង សាញ់ រស់នៅជាមួយកូនរបស់គាត់ បន្ទាប់ពីប្រពន្ធរបស់គាត់បានទទួលអនិច្ចកម្មកាលពីបីឆ្នាំមុន។
លោក ក៏បានបង្កើតមុខរបរត្បាញក្រមាធម្មតានៅឆ្នាំ២០០៩ ហើយបន្ទាប់មកបានច្នៃមកជាក្រមា៦ពណ៌ នៅឆ្នាំ២០១៧។ ក្រមាទាំងនោះត្រូវបានត្បាញឡើងដោយអ្នកភូមិរស់នៅក្នុងតំបន់នោះ។
សកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាបាននិយាយថា ស្ថានភាពនៃការស្រលាញ់ភេទដូចគ្នា មានភាពវិជ្ជមានជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ពីព្រោះអ្នកខ្លះកាន់តែមានភាពក្លាហានក្នុងការបង្ហាញមុខជាសាធារណៈ និងមានការគាំទ្រពីគ្រួសារ ក៏ដូចជាសង្គមទាំងមូលដែរ។
ការការពារ និងគាំពារពីអង្គការជាតិ និងអន្តរជាតិក៏ជាកត្តាចូលរួមចំណែកធ្វើឲ្យប្រសើរឡើងផងដែរ។
សកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លោកគុយ ធីតា ដែលមានភេទតាមជីវសាស្រ្តជាស្រី អាយុ ២៩ឆ្នាំ បាននិយាយដូច្នេះថា៖ «តែយ៉ាងណាក៏នៅតែមានបញ្ហាប្រឈមជាច្រើនដែលអ្នកស្រលាញ់ភេទដូចគ្នាជួបប្រទះ និងត្រូវដោះស្រាយដែរ»។
លោក គុយ ធីតា បានយល់ថា របរត្បាញក្រមាឥន្ទធនូនេះ ជាមុខរបរដែលសុចរិត ហើយ ផ្ដល់ការងារដល់អ្នកស្រលាញ់ភេទដូចគ្នាដទៃទៀតដែរ។
លោកបានបញ្ជាក់ទៀតថា៖ «វាមិនត្រឹមតែជួយដល់ការរកប្រាក់ចំណូល និងជួយឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងទេ ថែមទាំងលើកកម្ពស់ដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាតាមយៈក្រមាឥន្ទធនូនេះផងដែរ»។
អ្នកស្រី សុភ័ណ លីនណា អាយុ ២៧ ឆ្នាំ ជាអ្នកត្បាញក្រមាឥន្ទធនូម្នាក់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលបានចូលរួមធ្វើក្រមាឥន្ទធនូនេះឡើង និងចង់ចូលរួមលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
គាត់បាននិយាយថា៖ «ក្រមាឥន្ទធនូមើលទៅស្អាត ហើយសម្គាល់ពីក្ដីស្រឡាញ់នៃអ្នកស្រឡាញ់ភេទដូចគ្នា»។
គាត់បានបន្ថែមថា ការត្បាញក្រមាឥន្ទធនូនេះ ពិតជាបានលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយបើទោះបីជាគាត់មិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នា និងមុខរបរនេះបានផ្ដល់កម្រៃតិចតួចសម្រាប់ផ្គត់ផ្គង់គ្រួសារគាត់ក៏ដោយ ក៏គាត់សប្បាយចិត្ត នឹងត្បាញក្រមាឥន្ទធនូនេះដែរ។
ក្រឡេកមកមើលមុខរបររបស់លោក ផេង សាញ់ វិញ គឺបានជួបបញ្ហាជាច្រើន ដូចជាភាពរាំងស្ទះនៃទីផ្សារ និងការលក់ចេញ ដែលត្រូវលក់ឲ្យអស់ប្រមាណ ២០០០ក្រមា ទើបអាចបានប្រាក់ចំណេញ។
ផលវិបាកដ៏ធំនោះ បើយោងតាមលោក ផេង សាញ់ គឺមកពីជំងឺកូវីត ១៩ ដែលបានធ្វើឲ្យអតិថិជនសម្រេចចិត្តផ្អាកការទិញក្រោយពីកម្ម៉ង់ក្រមា ធ្វើឲ្យគាត់សល់ជាង១០០០ក្រមាដែលលក់មិនចេញ។
លើសពីនេះ លោកក៏បានលើកពីផលវិបាកមួយចំនួនទៀតដូចជាខ្វះខាតថវិកាសម្រាប់អ្នកត្បាញ ហើយមនុស្សភាគច្រើនឲ្យតម្លៃ ក្រមារបស់គាត់ត្រឹមតែ ១០០០ ទៅ ២០០០រៀល ដែលតាមពិត ក្រមាមួយត្រូវចំណាយពេលយ៉ាងតិច២ថ្ងៃ ក្នុងការផលិត ថែមទាំងពិបាករកអ្នកត្បាញដោយសារទទួលបានកម្រៃទាបទៀតផង៕