អ្នកស្រី ផេង​ សាញ់​ បានដឹងថាគាត់មានចរិកជាក្មេងប្រុសតាំងតែពីគាត់មានអាយុប្រហែល៦ឆ្នាំមកម្ល៉េះ ក៏ប៉ុន្តែដោយសារការរើសអើងខ្លាំងនាពេលនោះ គាត់មិនបានប្រាប់នរណាគេទេ។

ក្រមាមាន​​ពណ៌​ជា​​ឥន្ទធនូ រូបភាពដោយ៖ Sivyingcheav Chhour

ឈានដល់ក្នុងវ័យ៦៨​ឆ្នាំហើយ ​ក្នុងពេលបច្ចុប្បន្ននេះ ការរើសអើងនេះនៅតែមានបន្តមកលើ​អ្នកស្រលាញ់​ភេទ​ដូច​គ្នា លោកផេង សាញ់ ក៏បានច្នៃ​ធ្វើ​ក្រមាមាន​​ពណ៌​ជា​​ឥន្ទធនូ ដែលជាពណ៌តំណាងឱ្យភាពចម្រុះនៃអ្នកស្រលាញ់ភេទដូចគ្នា នៅជុំវិញពិភពលោក។

លោក​ បានមាន​​ប្រសាសន៍​ក្នុងកិច្ចសម្ភាសន៍ដូច្នេះថា៖ ​«​គោល​បំណង​ខ្ញុំ​នៃ​ការ​បង្កើត​ក្រមា​៦​ពណ៌​នេះ​ឡើង ​ដើមី្ប​បង្ហាញ​ថា​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ​ក៏​រស់​នៅ​ក្នុង​ភព​ផែនដី​នេះ​ដែរ ​យើង​គួរ​តែ​ផ្តល់​សិទ្ធិ​ និង​ឲ្យ​តម្លៃ​ឲ្យ​ដូច​អ្នក​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​»​។

តាំងតែវ័យកុមារមកម្ល៉េះ លោក ផេង សាញ់ តែងតែចូលចិត្តលេងល្បែងបែបក្មេងប្រុសៗ ស្លៀកពាក់បែបក្មេងប្រុស និងចូលចិត្តសាងភាពស្និទ្ធស្នាលជាមួយក្មេងស្រី។

លោកបានបន្ដទៀតថា នៅពេលរៀបការក្នុងសម័យសង្គមរាស្រ្តនិយម គ្រួសាររបស់លោក ពុំបានដឹងថាគាត់ជាបុគ្គលដែលស្រឡាញ់ភេទដូចគ្នានោះទេ ហើយការរៀបការនោះគឺដោយសារតែប្រពៃណីតម្រូវឲ្យគាត់មានគ្រួសារ បំពេញមុខមាត់ឲ្យគ្រួសារ ក្នុងនាមជាកូនស្រីនៅពេលនោះ។

អាពាហ៍ពិពាហ៍របស់លោកផេង សាញ់ និងស្វាមីគាត់ក៏បានឈានដល់ទីបញ្ចប់ ហើយពួកគាត់ក៏មានកូនមួយផងដែរ។

គាត់ក៏បានចាប់ផ្ដើមបង្ហាញទំនាក់ទំនងរបស់គាត់ជាមួយស្រីដូចគ្នា ទៅកាន់គ្រួសារ និងសង្គមបានដឹងនៅរវាងឆ្នាំ ១៩៨២ នៅពេលដែលគាត់មានអាយុប្រហែលជា៣០ឆ្នាំ ដែលពេលនោះគាត់ទទួលបាននូវការរើសអើងយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសាររបស់គាត់ផងដែរ។

គាត់បានមានប្រសាសន៍ថា៖ ‌‌«ពេលនោះ ម៉ែឳ បងប្អូន អត់ថាជាប្ដីប្រពន្ធនឹងគ្នាទេ គេថាពួកម៉ាក ឯបងប្រុសវិញមិនមើលខ្ញុំផង»។

សព្វ​ថ្ងៃ​​រស់​នៅ​ក្នុង​ភូមិ​ព្រែក​បង្កង ​ឃុំ​ព្រែក​តា​កូវ ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ លោកផេង សាញ់​ រស់នៅជាមួយកូនរបស់គាត់ បន្ទាប់ពីប្រពន្ធរបស់គាត់បានទទួលអនិច្ចកម្មកាលពីបីឆ្នាំមុន។

លោក ក៏​បាន​បង្កើត​មុខ​របរ​ត្បាញ​ក្រមា​ធម្មតានៅឆ្នាំ២០០៩​ ហើយបន្ទាប់​មក​បាន​ច្នៃ​មកជា​ក្រមា​៦​ពណ៌​ នៅ​ឆ្នាំ​២០១៧​។ ក្រមា​ទាំង​នោះ​ត្រូវ​បាន​ត្បាញ​ឡើង​ដោយ​អ្នក​ភូមិ​រស់​នៅ​ក្នុង​តំបន់​នោះ​។

​សកម្ម​ជន​ការ​ពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាននិយាយថា​ ស្ថាន​ភាព​នៃការ​ស្រលាញ់​ភេទ​ដូច​គ្នា​ ​មាន​ភាព​វិជ្ជ​មាន​ជា​ច្រើនក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ ​ពីព្រោះអ្នកខ្លះ​កាន់​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្ហាញ​មុខជាសាធារណៈ និងមាន​ការ​គាំ​ទ្រ​ពី​គ្រួសារ ​ក៏​ដូច​ជា​សង្គម​ទាំង​មូលដែរ។

ការការពារ និងគាំពារពី​អង្គការ​ជាតិ ​និង​អន្តរ​ជាតិក៏ជាកត្តាចូលរួមចំណែកធ្វើឲ្យប្រសើរឡើងផងដែរ​។

សកម្ម​ជន​ការ​ពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា លោក​គុយ ធីតា​ ដែលមានភេទតាមជីវសាស្រ្តជាស្រី អាយុ​ ២៩ឆ្នាំ បាននិយាយដូច្នេះថា៖ ​«​តែយ៉ាងណាក៏នៅតែ​​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែលអ្នក​ស្រលាញ់​ភេទ​ដូច​គ្នាជួបប្រទះ  និង​ត្រូវដោះ​ស្រាយដែរ»។​

​លោក គុយ ធីតា ​បានយល់ថា ​របរ​ត្បាញ​ក្រមា​ឥន្ទធនូនេះ ជា​មុខ​របរ​​ដែល​សុចរិត ហើយ ​ ​ផ្ដល់​​ការ​ងារ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដទៃ​ទៀតដែរ​។

​​លោក​បាន​បញ្ជាក់​ទៀត​ថា៖​ «​វា​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​រក​ប្រាក់​ចំណូល ​និង​ជួយ​ឲ្យសេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង​ទេ ​ថែម​ទាំង​លើក​កម្ពស់​ដល់សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​តាម​យៈ​ក្រមា​ឥន្ទធនូ​នេះ​ផង​ដែរ​»​។

អ្នកស្រី សុភ័ណ លីនណា អាយុ ២៧ ឆ្នាំ ជាអ្នកត្បាញក្រមាឥន្ទធនូម្នាក់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយពេលដែលបានចូលរួមធ្វើក្រមាឥន្ទធនូនេះឡើង និងចង់ចូលរួមលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

គាត់បាននិយាយថា៖ «ក្រមាឥន្ទធនូមើលទៅស្អាត​ ហើយសម្គាល់ពីក្ដីស្រឡាញ់នៃអ្នកស្រឡាញ់ភេទដូចគ្នា»។​

គាត់បានបន្ថែមថា​ ការត្បាញក្រមាឥន្ទធនូនេះ ពិតជាបានលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយបើទោះបីជាគាត់មិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នា និងមុខរបរនេះបានផ្ដល់កម្រៃតិចតួចសម្រាប់ផ្គត់ផ្គង់គ្រួសារគាត់ក៏ដោយ ក៏គាត់សប្បាយចិត្ត នឹងត្បាញក្រមាឥន្ទធនូនេះដែរ។

ក្រឡេកមកមើលមុខរបររបស់លោក ផេង សាញ់ វិញ គឺបាន​ជួប​បញ្ហា​ជា​ច្រើន ​ដូច​ជា​ភាព​រាំង​ស្ទះ​នៃ​ទី​ផ្សារ​ និង​ការ​លក់​ចេញ​ ដែលត្រូវលក់ឲ្យអស់ប្រមាណ ​២០០០​ក្រមា ​ទើប​អាច​​បាន​​ប្រាក់​ចំណេញ។ ​

ផល​វិបាក​ដ៏​ធំ​នោះ​ បើយោងតាមលោក ផេង សាញ់ គឺមកពីជំងឺកូវីត ​១៩ ដែល​បាន​ធ្វើ​ឲ្យ​អតិថិជន​សម្រេច​ចិត្ត​ផ្អាក​ការ​ទិញ​ក្រោយ​ពី​កម្ម៉ង់​ក្រមា ធ្វើ​ឲ្យគាត់​សល់​ជាង​១០០០​ក្រមាដែល​លក់​មិន​ចេញ​។​

លើសពី​នេះ​ លោកក៏បាន​លើកពី​ផល​វិបាក​មួយ​ចំនួន​ទៀត​ដូច​ជា​ខ្វះ​ខាត​ថវិកា​សម្រាប់​អ្នក​ត្បាញ​ ហើយ​មនុស្ស​ភាគ​ច្រើន​ឲ្យតម្លៃ​ ក្រមា​របស់​គាត់​ត្រឹមតែ ​១០០០​ ទៅ ​២០០០​រៀល​​ ដែលតាមពិត ​ក្រមា​មួយ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​២​ថ្ងៃ ​ក្នុង​ការ​ផលិត ​ថែម​ទាំង​ពិបាក​រក​អ្នក​ត្បាញ​ដោយ​សារ​ទទួល​បាន​កម្រៃ​ទាបទៀតផង​៕