ប្តីប្រពន្ធនេសាទមួយគូ មានញើសពេញផ្ទៃមុខ ដៃកំពុងប្រញាប់វេញមងស្របជើងកំពុងកន្រ្តាក់ទាញខ្សែមងដែលជាទង្វើរនៃការរំដោះមងដែលជំពាក់គ្នាបន្ទាប់ពីនេសាទត្រីរួច។ ការប្រមូលផលត្រីឆ្នាំនេះមិនសូវល្អទេសម្រាប់ពួកគាត់ដោយសារតែទឹកទន្លេរាក់ជាងមុន ប្រែប្រួលអាកាសធាតុ និងច្រាំងទន្លេបានបាក់ជាដើម។
អ្នកស្រីណាត់ ត្រីឌីយ៉ាស ៤០ឆ្នាំ និងលោកឌិន ស្គាលលេះ អាយុ៤២ បាននិយាយថាទិន្នផលត្រីចាប់ផ្ដើមថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីប្រមាណជិតដប់ឆ្នាំមុន អាចរកបានក្នុងមួយថ្ងៃខ្ទង់ ១០០គីឡូ ប៉ុន្តែឥឡូវអាចរកត្រីបានសឹងតែមិនបាន ១០គីឡូផង។
លោកស្គាលលេះ បាននិយាយមួយៗភ្ជាប់ជាមួយទឹកមុខស្រងូតស្រងាត់ថា៖ «ឥឡូវតាំងពីខែទឹកឡើងមកនេសាទមួយថ្ងៃមិនដល់១០ម៉ឺនផងហ្នឹង កាលពីមុនរកបាន១០០គីឡូយ៉ាងតិច តែតម្លៃវាក៏ថោកដែរខ្ទង់១០០០ ហើយថ្លៃអស់ហើយ៣០០០ហ្នឹង»។
គ្រួសារនេសាទមួយនេះគឺស្ថិតក្នុងចំណោមអ្នកនេសាទជាច្រើនផ្សេងទៀតដែលត្រូវបានសម្ភាសនាពេលថ្មីៗនេះថា ពួកគាត់បានជួបការលំបាកក្នុងការនេសាទ ហើយអ្នកផ្សេងទៀតក៏បានពិចារណាថាឈប់ធ្វើនេសាទផងដែរដើម្បីរកការងារសំណង់ និងលក់បន្លែ។
ព្រះអាទិត្យរៀបនឹងអស្ដង្គតចាំងលើផ្ទៃទឹកទន្លេបញ្ចេញនូវពន្លឺព្រិចៗ ពណ៌លឿងឆ្អិនឆ្អៅ គួរជាទីគយគន់ មនុស្សម្នានាំគ្នាមកធ្វើលំហាត់ប្រាណ លំហែអារម្មណ៍ គយគន់ទិដ្ឋភាពស្រស់ត្រកាលតាមបណ្តោយសួនច្បារទល់មុខអគារខ្ពស់ស្កឹមស្កៃពណ៌ពងមាន់កំពុងឈរបង្អួតខ្លួននៅខាងត្រើយម្ខាង។
មនុស្សជាច្រើនស្គាល់កន្លែងនេះថាជាសណ្ឋាគារសុខា ដែលជាលំដាប់ផ្កាយប្រាំ ព័ទ្ធទៅដោយមនុស្សម្នាជាច្រើន ខ្លះកំពុងធាក់កង់ ខ្លះកំពុងហាត់ប្រាណ ដោយដើរដាក់កាសស្តាប់តន្រ្តីបណ្តើរ ភ្នែកសំឡឹងមើលទេសភាពតាមបណ្តោយទន្លេមេគង្គ ខណៈទូកនេសាទតូចៗជាង ១០ ចតប្របនឹងច្រាំងទន្លេ។
អ្នកខ្លះកំពុងជជែកគ្នាលេងក្នុងទូក ខ្លះកាន់មង ទាំងដែលទូកកំពុងយោលយោគចុះឡើងតាមកម្លាំងនៃរលកទឹកដោយខ្យល់បក់ខ្លាំងៗ។ ពួកគាត់ហាក់មិនពុលនឹងរលកនោះទាល់តែសោះ។
លោកស្គាលលេះបានលើកឡើងថាមូលហេតុចំបងដែលធ្វើឱ្យផលត្រីធ្លាក់ចុះនេះមានដូចជា ផ្ទៃទឹកទន្លេរាក់ និងមានការបាក់ចាំងទន្លេជាដើម។
លោកបានបញ្ជាក់ថា៖ «តាមខ្ញុំសង្កេតមើលទឹកហ្នឹងរាក់ កាលណាតែទឹកនេសាទរាក់ត្រីចុះអត់ទៅដល់ទន្លេសាប អ៊ីចឹងវារស់នៅតាមៗហ្នឹងចឹងគេនេសាទអស់ហើយ ទឹករាក់មែនទែនអាចឈរដល់»។
ស្រដៀងគ្នានេះដែរ លោកងួត វុធ្ធី មានអាយុ៣០ឆ្នាំ ដែលជាអ្នកនេសាទតាំងពីតូចដោយរៀនចេះពីឪពុក បានប្រាប់ Newsroom Cambodia ថាប៉ុន្មានឆ្នាំមកនេះទិន្នផលត្រីមានការធ្លាក់ចុះហើយ ក្នុងស្ថានភាពមិនប្រាដកប្រជាបែបនេះលោកជ្រើសរើសការស៊ីឈ្នួលឱ្យគេដើម្បីដោះស្រាយជីវភាព។
លោកបាននិយាយបណ្ដើរ យោលអង្រឹងកូនបណ្ដើរថា «មួយរយៈហ្នឹងអត់សូវមានត្រីមានតិចតួច បានតែមួយហូបៗចឹងវាអត់សូវបានច្រើន មួយថ្ងៃពីរ បីគីឡូប៉ុន្នឹង អត់ដែលបានច្រើនដូចមុន ប៉ុន្មានឆ្នាំមុនត្រីច្រើនកាលមុនរាយមង ១០ ទៅ ១៥ម៉ឺន ឥឡូវហ្នឹងរកតែមួយខែ ពីរខែ ដើរបាញ់ថ្នាំស្វាយគេ កាត់ស្មៅឱ្យគេ យើងរកបានមួយឆាវៗតិចតួច មិនមែនរកបាន រកបានរហូត»។
លោកដដែល ដែលជាអ្នកស្ថិតនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លើកឡើងថាមូលហេតុដែលទិន្នផលត្រីថយចុះបែបនេះមកពីមូលហេតុមួយចំនួនដូចជា មានកប៉ាល់ឆ្លងកាត់ច្រើនដែលធ្វើឱ្យរហែកមង និងមានកំណាត់ឈើ សម្រាមនៅពេញទន្លេ។
អ្នកស្រីរស់ ម៉ាស់ ដែលជាជនជាតិឥស្លាម ហើយក៏អ្នកនេសាទត្រីដែលស្ថិតនៅផ្សារច្រាំងចម្រេះ ខណ្ឌឬស្សីកែវ បានប្រាប់ Newsroom Cambodia ថាអ្នកស្រីរស់នៅជាមួយមុខរបរនេសាទត្រីនេះតាំងពីអ្នកស្រីធំដឹងក្ដីមកម្លេះ។
អ្នកស្រីបានបញ្ជាក់ថា មួយឆ្នាំចុងក្រោយនេះកាន់តែមានភាពលំបាកជាខ្លាំងក្នុងការនេសាទ ដោយសារតែខ្សត់ត្រីធ្លាប់តែរដូវនេះមានទូកនេសាទចេញច្រើនបែរមកឆ្នាំនេះគ្មានអ្នកណាចេញនេសាទទៀតនោះទេ ហើយការខ្សត់ត្រីនេះប្រហែលមកពីការប្រែប្រួលអាកាសធាតុ។
អ្នកស្រីបានបន្តថា៖ «សម្រាប់តែឆ្នាំនេះទេដែលពិបាករកត្រីកូនចេញទៅរករាល់ថ្ងៃរកមួយថ្ងៃពេញពេលមកវិញរកត្រីបានត្រឹម៤-៥ត្រីតែប៉ុណ្ណោះស្ទើតែរកមួយសម្លមិនបានផង តែបើប្រៀបធៀបទៅ៥-៦ឆ្នាំមុនខុសគ្នាឆ្ងាយណាស់ពីមុនសម្បូរហើយរកបានសម្រាប់លក់ដូរទៀតផង ភ្ញៀវវិញមកយកដល់ៗកន្លែងម៉ង់»។
អ្នកស្រីវ័យ៥៨ឆ្នាំរូបនេះបានបន្ថែមថា ក្រៅពីរកក្នុងភូមិសាស្ត្ររបស់អ្នកស្រីមិនបានអ្នកស្រីក៏ហ៊ានទៅនេសាទកន្លែងណាផ្សេងទៀតគ្រប់ជនជាតិចាមដែលរស់នៅទីនោះបានត្រឹមរាយមងក្នុងបរិវេណនេះដោយសារតែមិនស្គាល់ពីទីតាំងកន្លែងផ្សេងច្បាស់ហើយបានត្រឹមតែធ្វើការនេសាទជុំវិញដែលខ្លួនឯងកំពុងរស់នៅ។
អ្នកស្រីបានលើកឡើងថា៖ «បើនៅតែពិបាកនេសាទដូចសព្វថ្ងៃនេះ ខ្ញុំប្រហែលឈប់នេសាទហើយដើរធ្វើការសំណង់ ឬបះបន្លែបន្តិចបន្ទួចលក់វិញដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅ»។
អ្នកស្រីញែម ផល្លី អាយុ៣៨ឆ្នាំ ជាអ្នកនេសាទនៅ ភូមិផ្សារព្រែកក្ដាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ពីមូលហេតុការនេសាទត្រីក្នុងឆ្នាំនេះថាមិនបានគឺដោយសារខ្យល់ខ្លាំង និងទឹកឡើងជាលំដាប់។
អ្នកស្រីបានបន្យល់ថា បញ្ហាទឹកឡើងខ្យល់ចាប់ផ្ដើមបក់ខ្លាំង ចក កំប្លោក អណ្តែត ធ្វើឲ្យមានការលំបាកក្នុងការនេសាទ ពិសេសសម្រាប់រាយមង ទោះខែនេះជាខែដែលគេបិទនេសាទក្ដី តែបិទសម្រាប់តែត្រីតូចៗប៉ុណ្ណោះ សម្រាប់ត្រីធំគេបន្តនេសាទតាមធម្មតា ហើយវាក៏អាចប៉ាន់ស្មានបានថាបរិមាណត្រីឆ្នាំនេះឡើងឬក៏ចុះ។
អ្នកស្រីបានបន្តថា «ឆ្នាំនេះរកមួយថ្ងៃបានត្រីត្រឹមតែ ២គីឡូហ្នឹងអស់ បើប្រៀបធៀបទៅឆ្នាំមុនៗមួយថ្ងៃ រកបានប្រហែល១ ០គីឡូ បញ្ហារកត្រីមិនបានមិនមកពីខ្សត់ត្រីខ្លាំងពេកនោះទេតែបញ្ហាធំរបស់ ខ្ញុំមកពីខ្យល់ខ្លាំងធ្វើឲ្យចេញទូកទៅនេសាទពុំបាន ក្នុងឆ្នាំមុនកាលដែលសម្បូរត្រីក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានជិត ២០ម៉ឺន តែសម្រាប់ឆ្នាំនេះគឺចប់ហ្មង រកតែ ៥ម៉ឺនក្នុងមួយថ្ងៃ មិនបានផង»។
ជាស្រ្តីដែលមានកូន ៦នាក់នៅក្នុងបន្ទុកបានបន្ថែមថា «ដំណោះស្រាយក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារពឹងផ្អែកលើការនេសាទនេះតែឥឡូវកាន់តែពិបាក ខ្ញុំនិងសម្រេចឱ្យកូនៗច្បង ២នាក់ ទៅដើរធ្វើការនៅខាងក្រៅដើម្បីដោះទាល់»។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អ្នកនេសាទមានការកើនឡើងរួមជាមួយវិធីសាស្រ្តនៃការចាប់ត្រីមានបច្ចេកទេសខ្ពស់ និងបទល្មើសច្រើន។
លោកបានបន្ថែមថា ការប្រែប្រួលបរិយាកាស របបទឹកជំនន់ និងការប្រែប្រួលនៃការប្រើប្រាស់ដី និងលំនៅដ្ធាននិងកក្ដាមួយចំនួនទៀត។
លោកបានបញ្ជាក់ថា៖ «តម្រូវការត្រីមានការកើនឡើងដោយសារកំណើនប្រជាជន សុខសន្តិភាព និងកំណើនសេដ្ធកិច្ចល្អក្នុងរយះពេលជាង២០កន្លងទៅ»។
លោកឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធដើម្បីអភិរក្សធនធានជលផល បានបញ្ជាក់ប្រាប់ Newsroom Cambodia ថាការនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ ធ្វើឱ្យស្ទះផ្លូវរបស់ប្រភេទត្រីមួយចំនួនទៅពងបាន គម្រោងអភិវឌ្ឍន៍នានារួមមាន ការបូមខ្សាច់ គម្រោងទំនប់វារីអគ្គិសនី។
បូករួមទាំង ភាពមិនប្រក្រតីនៃលំហូរទឹក ដោយនៅរដូវប្រាំងបែរជាមានទឹកច្រើន ផ្ទុយមកវិញនៅរដូវវស្សាបែរជាមានកម្រិតទឹកតិចទៅវិញ ដោយសារការប្រើប្រាស់ទំបន់វារីអគ្គិសនីដែលត្រូវការទម្លាក់ទឹកនារដូវប្រាំង ទាំងនេះសុទ្ធសឹងជាដើមចមនៃការខ្សត់ត្រីធម្មជាតិ។ នេះយោងតាមការអះអាងរបស់លោកលោកឱម សាវ៉ាត។
លោកឱម សាវ៉ាត បាននិយាយថា «កាលណាមានទំនប់ច្រើន គឺស្ទាក់ទឹក កាលណាស្ទាក់ទឹកវាធ្វើឱ្យបម្រែបម្រួលកម្ពស់ទឹក។ ធម្មតានៅក្នុងខែកក្កដា ឬ ខែសីហា កញ្ញា គឺជាពេលវេលាដែលរលាយទឹកកកនៅភ្នំទីប៉េ ហូរធ្លាក់មកតំបន់ទំនាបទន្លេមេគ្គងខាងក្រោម បឹងទន្លេសាបយើង»។
ពីដើមឡើយអត់មានទំបន់វារីអគ្គិសនីច្រើនទេ ប៉ុន្តែឥឡូវនេះវាមានច្រើន។ អញ្ចឹងហើយមានការប្រែប្រួលហើយកម្ពស់ទឹក […] ខ្មែរយើង យើងធ្វើ(ទំបន់វារីអគ្គិសនី) តែ១ ទេ ប៉ុន្តែវៀតណាមធ្វើដល់ទៅ៦ »។ នេះយោងតាមលោកឱម សាវ៉ាត ។
អ្នកជំនាញរូបនេះបានយល់ឃើញថា ការធ្លាក់ចុះទិន្នផលត្រីនារដូវកាលនេះថា ក៏ដោយសារជារដូវបិទនេសាទផងដែរ ពីព្រោះរដ្ឋាភិបាលអនុញ្ញាតឱ្យនេសាទដោយប្រើមង មានសំណាញ់ត្រឹម ២ ទៅ ៣សង់ទីម៉ែត្រ រហូតដល់ថ្ងៃ១ ខែតុលា ទើបមានការបើកឱ្យមានការនេសាទជាធម្មតាវិញ។
លោកឱម សាវ៉ាត បាននិយាយថាមានកំណើនបទល្មើសនេសាទ ហើយវាចេះតែបន្តកើតមានឡើងដែលសកម្មភាពទាំងអស់នោះរួមមាន ការប្រើសំណាញ់ចាប់ត្រីលើសពី ៥០ម៉ែត្រ ការប្រើប្រាស់សន្ទូចលើសពី ១ផ្លែឡើង ដែលលើសពីចំនួនកំណត់ ព្រមទាំងការប្រើប្រាស់ឧបករណ៍ឆក់ត្រីបែបក្ តៅនិងត្រជាក់មានការកើនឡើង។
លោកម៉ៅ ហាក់ អគ្គនាយករងទទួលបន្ទុកកិច្ចការបច្ចេកទេសនិងជាប្រធាននាយកដ្ឋានជលសាស្រ្តក្រសួងធនធានទឹកបានបញ្ជាក់ថាយោងតាមព្រឹត្តិបត្រព្យាករណ៍ ទឹកនឹងស្រក ស្រកមែន ប៉ុន្តែមិនមែនមានន័យថាទាបនោះទេ ហើយបានបន្តថាទឹកទន្លេ បើធៀបនឹងឆ្នាំមុន វាខ្ពស់ជាង។
លោកបានបន្តថា ស្ថានភាពកម្ពស់ទឹកមិនអាចគ្រប់គ្រងបានទេ ពីព្រោះអាស្រ័យទៅនឹងរបាយណ៍ទឹកភ្លៀង។ «កម្ពស់ទឹកនេះវាឡើងវាចុះអញ្ចឹងហើយ តិចវាឡើងវិញហើយ។ កាលណាមានភ្លៀងនៅអាងទន្លេមេគង្គ ទឹកវាឡើងហើយ»៕