ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ត្អូញត្អែរថាពួកគេពិបាកក្នុងការធ្វើដំណើរទៅមក ដោយសារតែផ្លូវនេះមាន សភាពហុយនៅពេលគ្មានភ្លៀង និងដក់ទឹកនៅពេលមានភ្លៀងខ្លាំងម្ដងៗ។ ទន្ទឹមនឹងការត្អួញត្អែរ ពួកគេក៏ព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ដោយសារវាហុយពិបាកក្នុងការប្រកបរបរលក់ដូរចិញ្ចឹមជីវិត ផ្លូវនេះក៏មានគ្រលុកធំៗ និងមិនបង្កភាពងាយស្រួលដល់យានយន្តគ្រប់ប្រភេទ ជាពិសេសនៅពេលត្រូវការសេវាសុខភាពនិងសេវាសង្គ្រោះបន្ទាន់ជាដើម។
ផ្លូវបេតុងដែលមានសភាពខូចខាតខ្លាំងនេះមានប្រវែងប្រមាណជា ៤គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ភូមិចំនួន ០៤គឺភូមិ កន្ទោកខាងត្បូង ភូមិកន្ទោកខាងជើង ភូមិត្រាំស្លឹក និងភូមិអង្គត្រកៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។
ផ្លូវនេះភ្ជាប់ផ្លូវជាតិលេខ០៤ ទៅនឹងផ្លូវជាតិលេខ០៣ ហើយផ្លូវនេះបច្ចុប្បន្នមិនមែនមានតែប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរទៅមកប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះហាក់មមាញឹកណាស់ ដោយសារតែមានឡានដឹកទំនិញធំៗ ឡានកុងទីន័រ និងឡានដឹកកម្មកររោងចក្រឆ្លងកាត់ជាហូរហែរចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជិត ១០យប់។
អង្គុយលើគ្រែខាងមុខផ្ទះជួលតូចមួយ ដៃទាំងពីរតាមចាប់ចៅដែលកំពុងវារលេងនៅលើគ្រែ សម្បុរស្រអែមនិយាយមួយៗ មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកស្រីពេជ ប៊ន បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអ្នកដំណើរតែងតែរអ៊ូរទាំរឿងផ្លូវហុយ គ្រលុកធំៗរួមជាមួយនឹងការបើកជែងពីសំណាក់ឡានធំ ឡានកុងទីន័រ ជាមួយនឹងម៉ូតូ រ៉ឺម៉កដែលស្ថិតនៅលើផ្លូវជាមួយគ្នា។
លោកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាពលរដ្ឋគេរអ៊ូររឿងដីហ៊ុយ ប្រជាជនរអ៊ូរហូត ម្សិលមិញអ៊ីលក់សាច់ជ្រូកដួលត្រឡប់ត្រឡិន ដួលឡើងប្រលាក់សាច់ជ្រូកអស់ ឡានធំហើយគាត់ជែងទៀតមកដល់ជិះអែបអត់ទាន់»។
ស្ត្រីចំណាស់វ័យប្រហែលជា ៦០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា លោកស្រីមកភ្នំពេញនេះគឺមកតាមនៅជាមួយកូន និងជួយមើលចៅតូចៗជំនួសម្ដាយរបស់ពួកគេ ដែលជាកម្មកររោងចក្រ ។ រៀបរាប់បណ្ដើរឆ្លៀតប្រលែងនឹងចៅបណ្ដើរ លោកស្រីពេជ ប៊នថា ក៏ចង់ប្រកបមុខរបរលក់នំបញ្ចុកនៅមុខផ្ទះនេះដែរ តែដោយសារផ្លូវមានសភាពហុយហើយមានឡានធំៗផងនោះ លោកស្រីក៏ផ្អាកគម្រោងនេះវិញ ហើយសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនក្នុងការជួសជុលផ្លូវនេះឲ្យបានឆាប់រហ័ស។
លោកស្រីថា៖ «ខ្ញុំមកពីខេត្តស្វាយរៀង មកតាមកូន គាត់ធ្វើរោងចក្រ ប្ដីគាត់ទៅបើកឡាននៅខេត្តក្រចេះ ទៅយូរដែរហើយ បើកុំហ៊ុយចៅធំតិចដាក់លក់នំបញ្ចុកដែរ លើកនំគេមកលក់។ ចង់សំណូមពរឱ្យធ្វើផ្លូវថ្នល់ ឱ្យជិះស្រួលចឹងហាសអូន ពេលភ្លៀងមកលិចទៀត»។
ប្រជាពលរដ្ឋមួយរូបទៀតដែលជាអ្នកលក់ដូរជាប់នឹងផ្លូវបេតុងមួយនេះគឺលោកស្រីមុំ បានឲ្យដឹងថា ផ្លូវនៅខាងមុខផ្ទះលោកស្រីនេះ រងការខូចខាតយូរណាស់មកហើយ ដោយមិនមានឃើញអាជ្ញាធរណាមកឈឺឆ្អាល ឬធ្វើការជួសជុលអ្វីនោះទេ ហើយប្រធានភូមិក៏ដឹងពីបញ្ហានេះដែរ ហើយនៅខែធ្លាក់ភ្លៀងវិញផ្លូវនេះមានសភាពលិចទឹកបង្កការលំបាកក្នុងការធ្វើដំណើទៅមកយ៉ាងខ្លាំង។
លោកស្រីបានបន្តថា ពេលខ្លះមានឡាន និងរ៉ឺម៉កធីងធោងរកកល់នឹងក្រឡាប់ ឬពេលខ្លះក្រឡាប់តែម្ដង។
លោកស្រីថា៖ «ផ្លូវហ្នឹងខូចខាតយូហើយអត់មានអាជ្ញាធរជួសជុលផង។ ឥឡូវអត់មានទឹកលិច អត់អីទេ បើខែទឹកលេចវិញ ឡើងលេចពេញហ្នឹងចឹង។ ប្រព័ន្ធទឹកវាអត់ទៅមុខ រ៉ឺម៉កក្រឡាប់ច្រើន នៅហ្នឹងបើមានអីថតៗ ចាំតើមើលទៅ ក្រឡាប់ភីងៗ សូម្បី ល្ងាចតិចរ៉ឺម៉កអ៊ីលក់ត្រីហ្នឹង លើកសឹងពីរថ្ងៃ»។
មានមុខរបរជាអ្នកលក់សាច់គោអាំង ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះបានបន្តទៀតថា លោកស្រីចង់បានផ្លូវល្អដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត ហើយបើប្រធានភូមិដើររៃលុយដើម្បីជួសជុល ក៏លោកស្រីសុខចិត្តចូលរួមជួយដែរ។ លោកស្រីបានបន្តថា លោកស្រីនិងប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀតមានបំណងសហការគ្នាទិញអាចម៏ដីមកចាក់បំពេញបរិវេណផ្លូវមុខផ្ទះដែរ តែទាល់តែសួរនាំមេភូមិសិន ហើយទទួលភ្លើងខៀវពីមេភូមិទើបហ៊ានធ្វើ។
លោកស្រីបាននិយាយថា៖ «បើជួលគេចាក់មួយឡាន៥០ដុល្លារ ហើយមានលទ្ធភាពចាក់តែកន្លែងហ្នឹងទេ (មុខផ្ទះ) ហើយតាមដំណើរចឹងសិនទៅ តែអត់មានលទ្ធភាពចាក់ទាំងអស់ទេ ចង់ចាក់៣នាក់ហ្នឹង តែមុនទៅចាក់ទាល់តែទៅសួរប្រធានភូមិសិន»។
បន្ទាប់ពីឆ្លងផ្លូវក្រហូង ពោរពេញទៅដោយទឹកដក់ ពេលខ្លះសុំឱ្យគេជួយរុញម្ដងៗ អ្នកបើករឺម៉កដឹកធូបម្នាក់ លោកវាសនា លីន បានលើកឡើងថាផ្លូវហ្នឹងពិបាកក្នុងការធ្វើដំណើរ។
លោកបានមានសំណូមពរថា «យូរៗជិះកាត់ម្ដង់ដែរ អត់ចង់ហ៊ានមកដែរឃើញផ្លូវពិបាក ផ្លូវកែងហ្នឹងពិបាកខ្លាំងដែរ ខ្ញុំចង់ឱ្យជួសជុលផ្លូវក្នុងការធ្វើដំណើរបានស្រួល ក៏វាល្អម្យ៉ាងដែរ បើពិបាកចឹងអាចជាបញ្ហាគេចគ្នា»។
ប្រធានសមាគមគណនេយ្យសង្គមកម្ពុជា លោកសន ជ័យបានប្រាប់ Newsroom Cambodia ថាការសាងសងផ្លូវនៅប្រទេសកម្ពុជាមានសភាពយឺតយ៉ាវ មិនសូវគិតដល់សុខភាពប្រជាពលរដ្ឋ ហើយបញ្ហាផ្លូវនេះដែរនឹងបន្ថែមផលវិបាកលើសុខភាពប្រជាពលរដ្ឋអំឡុងពេលវិបត្តិជំងឺកូវិដដែលមានស្រាប់។
លោកបានលើកឡើងថា៖ «ហើយខ្ញុំយល់ថាបញ្ហានេះគួរតែមានការដោះស្រាយរួចរាល់យូរណាស់មកហើយ អ៊ីចឹងរឿងដែលសំខាន់ដែលសំខាន់គឺការដាក់បញ្ចូលនៅការ ការពារសុខភាពប្រជាពលរដ្ឋ»។
«នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយគួរតែត្រូវបានពិចារណាជាពិសេស បាទយើងដឹងហើយបើនៅក្នុងវិបត្តនេះប្រសិនបើប្រជាពលរដ្ឋរស់នៅប្រឈមជាមួយបញ្ហាកូវីដផង ហើយប្រឈមហ្នឹងសុខមាលភាពផង ថាតើការហ៊ុយធូលីធ្ងន់ធ្ងរបែបនេះ វាអាចហ្នឹងធ្វើឱ្យសុខមាលភាពកាន់តែរងគ្រោះ»។
លោកបន្តថារដ្ឋាភិបាលគួរតែដោះស្រាយបណ្ដោះអាសន្នលើបញ្ហា ដើម្បីកុំប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ។
លោកបានលើកឡើងថា «ទោះបីជាយ៉ាងណាក៏ដោយ កាលណាបើផ្លូវហ្នឹងវាមានបញ្ហានៅកណ្ដាលទីបែបនេះ អាជ្ញាធរគួរតែរកមធ្យោបាយថ្មីថែមទៀតដើម្បីផ្លូវហ្នឹងហ៊ុយ ឬក៏រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បើវាមិនអាចទៅមុខរួចគេត្រូវរកមធ្យោបាយដោះស្រាយអន្តរកាលហ្នឹងមិនមែនទុកឱ្យហ៊ុយតាមតែយថាកម្មអ៊ីចឹងទេ»។
មេភូមិកន្ទោកជើង លោកលឹម តូច បានប្រាប់ Newsroom Cambodia ថាផ្លូវបាទសាងសងរយៈពេល ៦ឆ្នាំ និងមានសភាពខូចខាតធ្ងន់ធ្ងរ ពិសេសមានឡានធំច្រើនឆ្លងកាត់។ លោកបន្តទៀតថា គម្រោងជួសជុលផ្លូវមានរួចមកហើយតែដោយសារតែវិបត្តិជំងឺកូវីដទើបមានការផ្អាកមួយរយៈ។
លោកលើកឡើងថា៖ «គម្រោងពីភូមិតាកៀបមក គម្រោងមានហើយមកដល់ភូមិអង្គ ប៉ុន្តែគម្រោងពង្រីកផ្លូវអស់ហើយប៉ុន្តែកូវីដមកអាក់ខានមកវិញ មិនមែនរដ្ឋាភិបាលអត់ធ្វើទេ គម្រោងមានតែកូវីដនែក វាអត់មានថវិកា»។
អភិបាលខ័ណ្ឌកំបូល លោកឃឹម ស៊ុនសូដា បានប្រាប់ Newsroom Cambodia ថាអាជ្ញាធរកំពុងតែជួសជុលផ្លូវនេះផងដែរ៕