ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ត្អូញត្អែរថាពួកគេពិបាកក្នុងការធ្វើដំណើរទៅមក ដោយសារតែផ្លូវនេះមាន សភាពហុយនៅពេលគ្មានភ្លៀង និងដក់ទឹកនៅពេលមានភ្លៀងខ្លាំងម្ដងៗ។ ទន្ទឹមនឹងការត្អួញត្អែរ ពួកគេក៏ព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ដោយសារវាហុយពិបាកក្នុងការប្រកបរបរលក់ដូរចិញ្ចឹមជីវិត ផ្លូវនេះក៏មានគ្រលុកធំៗ និងមិនបង្កភាពងាយស្រួលដល់យានយន្តគ្រប់ប្រភេទ ជាពិសេសនៅពេលត្រូវការសេវាសុខភាពនិងសេវាសង្គ្រោះបន្ទាន់ជាដើម។

ផ្លូវបេតុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។ រូបភាព៖ មេង គ្រុយពន្លក

ផ្លូវបេតុងដែលមានសភាពខូចខាតខ្លាំងនេះមានប្រវែងប្រមាណជា ៤គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ភូមិចំនួន ០៤គឺភូមិ កន្ទោកខាងត្បូង ភូមិកន្ទោកខាងជើង ភូមិត្រាំស្លឹក និងភូមិអង្គត្រកៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។

ផ្លូវនេះភ្ជាប់ផ្លូវជាតិលេខ០៤ ទៅនឹងផ្លូវជាតិលេខ០៣ ហើយផ្លូវនេះបច្ចុប្បន្នមិនមែនមានតែប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរទៅមកប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះហាក់មមាញឹកណាស់ ដោយសារតែមានឡានដឹកទំនិញធំៗ ឡានកុងទីន័រ និងឡានដឹកកម្មកររោងចក្រឆ្លងកាត់ជាហូរហែរចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជិត ១០យប់។

អង្គុយលើគ្រែខាងមុខផ្ទះជួលតូចមួយ ដៃទាំងពីរតាមចាប់ចៅដែលកំពុងវារលេងនៅលើគ្រែ សម្បុរស្រអែមនិយាយមួយៗ  មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកស្រីពេជ ប៊ន បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអ្នកដំណើរតែងតែរអ៊ូរទាំរឿងផ្លូវហុយ គ្រលុកធំៗរួមជាមួយនឹងការបើកជែងពីសំណាក់ឡានធំ ឡានកុងទីន័រ ជាមួយនឹងម៉ូតូ រ៉ឺម៉កដែលស្ថិតនៅលើផ្លូវជាមួយគ្នា។

លោកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «មាន​ប្រជា​ពល​រដ្ឋ​គេ​រអ៊ូរ​រឿង​ដី​ហ៊ុយ​ ប្រជាជន​រអ៊ូ​រហូត​ ម្សិល​មិញ​អ៊ី​លក់​សាច់​ជ្រូក​ដួល​ត្រឡប់​ត្រឡិន​ ដួល​ឡើង​ប្រលាក់​សាច់​ជ្រូក​អស់​ ឡាន​ធំហើយ​គាត់​ជែង​ទៀត​​មក​ដល់​ជិះ​អែប​អត់​ទាន់»។

ស្ត្រីចំណាស់វ័យប្រហែលជា ៦០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា លោកស្រីមកភ្នំពេញនេះគឺមកតាមនៅជាមួយកូន និងជួយមើលចៅតូចៗជំនួសម្ដាយរបស់ពួកគេ  ដែលជាកម្មកររោងចក្រ ។ រៀបរាប់បណ្ដើរឆ្លៀតប្រលែងនឹងចៅបណ្ដើរ លោកស្រីពេជ ប៊នថា ក៏ចង់ប្រកបមុខរបរលក់នំបញ្ចុកនៅមុខផ្ទះនេះដែរ តែដោយសារផ្លូវមានសភាពហុយហើយមានឡានធំៗផងនោះ លោកស្រីក៏ផ្អាកគម្រោងនេះវិញ ហើយសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនក្នុងការជួសជុលផ្លូវនេះឲ្យបានឆាប់រហ័ស។

លោកស្រីថា៖ «ខ្ញុំមកពីខេត្តស្វាយរៀង​ មក​តាម​កូន​ គាត់​ធ្វើ​រោងចក្រ​​ ប្ដី​គាត់​ទៅ​បើក​ឡាន​នៅខេត្ត​ក្រចេះ​ ទៅ​យូរដែរ​ហើយ បើ​កុំ​ហ៊ុយ​ចៅ​ធំ​តិច​ដាក់​លក់​នំ​បញ្ចុក​ដែរ​ ​លើក​នំ​គេ​មក​លក់​។ ចង់​សំណូម​ពរ​ឱ្យ​ធ្វើ​ផ្លូវ​ថ្នល់​ ឱ្យ​ជិះ​ស្រួល​ចឹង​ហាស​អូន​ ពេល​ភ្លៀង​មក​លិច​ទៀត​»។

ប្រជាពលរដ្ឋមួយរូបទៀតដែលជាអ្នកលក់ដូរជាប់នឹងផ្លូវបេតុងមួយនេះគឺលោកស្រីមុំ បានឲ្យដឹងថា ផ្លូវនៅខាងមុខផ្ទះលោកស្រីនេះ រងការខូចខាតយូរណាស់មកហើយ ដោយមិនមានឃើញអាជ្ញាធរណាមកឈឺឆ្អាល ឬធ្វើការជួសជុលអ្វីនោះទេ ហើយប្រធានភូមិក៏ដឹងពីបញ្ហានេះដែរ ហើយនៅខែធ្លាក់ភ្លៀងវិញផ្លូវនេះមានសភាពលិចទឹកបង្កការលំបាកក្នុងការធ្វើដំណើទៅមកយ៉ាងខ្លាំង។

លោកស្រីបានបន្តថា ពេលខ្លះមានឡាន និងរ៉ឺម៉កធីងធោងរកកល់នឹងក្រឡាប់ ឬពេល​ខ្លះ​ក្រឡាប់តែម្ដង។

លោកស្រីថា៖ «ផ្លូវ​ហ្នឹង​ខូច​ខាត​យូ​ហើយ​អត់​មាន​អាជ្ញា​ធរ​ជួស​ជុល​ផង​។ ឥឡូវ​អត់​មាន​ទឹក​លិច​ អត់​អី​ទេ​ បើ​ខែ​ទឹក​លេចវិញ​ ឡើ​ង​លេច​ពេញ​ហ្នឹង​ចឹង​។ ប្រព័ន្ធ​ទឹក​វា​អត់​ទៅ​មុខ​ រ៉ឺម៉កក្រឡាប់​ច្រើន​ នៅ​ហ្នឹង​បើ​មាន​អី​ថត​ៗ ចាំតើ​មើល​ទៅ​​​​ ក្រឡាប់ភីងៗ​ សូម្បី ​ល្ងាច​តិច​រ៉ឺម៉ក​អ៊ី​លក់​ត្រី​ហ្នឹង​ លើក​សឹង​ពីរថ្ងៃ»។

មានមុខរបរជាអ្នកលក់សាច់គោអាំង ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះបានបន្តទៀតថា លោកស្រីចង់បានផ្លូវល្អដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត ហើយបើប្រធានភូមិដើររៃលុយដើម្បីជួសជុល ក៏លោកស្រីសុខចិត្តចូលរួមជួយដែរ។ លោកស្រីបានបន្តថា លោកស្រីនិងប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀតមានបំណងសហការគ្នាទិញអាចម៏ដីមកចាក់បំពេញបរិវេណផ្លូវមុខផ្ទះដែរ តែទាល់តែសួរនាំមេភូមិសិន ហើយទទួលភ្លើងខៀវពីមេភូមិទើបហ៊ានធ្វើ។

លោកស្រីបាននិយាយថា៖ «បើជួលគេ​ចាក់​មួយឡាន​៥០ដុល្លារ​ ហើយមាន​លទ្ធភាព​ចាក់​តែ​កន្លែង​ហ្នឹង​ទេ (មុខផ្ទះ)​ ហើយ​តាម​ដំណើរ​ចឹង​សិន​ទៅ​ តែ​អត់មាន​លទ្ធភាពចាក់​ទាំងអស់ទេ ចង់ចាក់៣នាក់​ហ្នឹង​ តែមុន​ទៅ​ចាក់​ទាល់​តែ​ទៅ​សួរ​ប្រធាន​ភូមិសិន​»។

បន្ទាប់​ពី​ឆ្លងផ្លូវ​ក្រហូង ពោរពេញ​ទៅ​ដោយ​ទឹក​ដក់​ ពេល​ខ្លះ​សុំ​ឱ្យ​គេ​ជួយ​រុញ​ម្ដងៗ ​​អ្នក​បើក​រឺម៉ក​ដឹក​ធូប​ម្នាក់​ លោក​វាសនា លីន​ ​បាន​លើក​ឡើង​ថា​ផ្លូវ​ហ្នឹង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

លោក​បានមាន​សំណូមពរថា​ «យូរៗជិះកាត់​ម្ដង់​ដែរ​ អត់ចង់​ហ៊ាន​មក​ដែរ​ឃើញ​ផ្លូវ​ពិបាក ផ្លូវ​កែង​ហ្នឹង​ពិបាក​ខ្លាំង​ដែរ​ ខ្ញុំចង់​ឱ្យ​ជួសជុល​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ស្រួល​ ក៏​វា​ល្អ​ម្យ៉ាង​ដែរ​ បើ​ពិបាក​ចឹង​អាច​ជា​បញ្ហា​គេច​គ្នា»​។

ប្រធាន​សមាគម​គណនេយ្យ​សង្គមកម្ពុជា​ លោក​សន ជ័យបានប្រាប់​ Newsroom Cambodia ថាការ​សាង​សងផ្លូវ​នៅ​ប្រទេស​កម្ពុជា​មានសភាព​យឺត​យ៉ាវ មិន​សូវគិត​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​ផ្លូវ​នេះ​ដែរ​នឹង​បន្ថែម​ផល​វិបាក​លើ​សុខ​ភាព​ប្រជា​ពលរដ្ឋ​អំឡុងពេល​វិបត្តិជំងឺកូវិដដែលមានស្រាប់។

លោកបានលើកឡើង​ថា៖ ​«​ហើយ​ខ្ញុំ​យល់​ថា​បញ្ហា​នេះគួរ​តែ​មាន​ការ​ដោះ​ស្រាយ​រួច​រាល់​យូរ​ណាស់​មក​ហើយ​ អ៊ីចឹង​​រឿង​ដែល​សំខាន់​ដែល​សំខាន់​គឺ​ការ​ដាក់​បញ្ចូល​នៅ​ការ​ ការ​ពារ​សុខ​ភាព​ប្រជា​ពល​រដ្ឋ​»។

«នៅ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ឡាយ​គួរ​តែ​ត្រូវ​បាន​ពិចារណា​ជា​ពិសេស​ បាទ​យើង​ដឹង​ហើយ​បើ​នៅ​ក្នុង​វិបត្តនេះ​ប្រសិន​បើ​ប្រជាពល​រដ្ឋ​រស់​នៅ​ប្រឈម​ជា​មួយ​បញ្ហា​កូវីដ​ផង​ ហើយ​ប្រឈម​ហ្នឹង​សុខមាល​ភាព​ផង​ ថា​តើ​ការ​ហ៊ុយ​ធូលី​ធ្ងន់​ធ្ងរ​បែបនេះ វា​អាច​ហ្នឹង​ធ្វើ​ឱ្យ​សុខមាល​ភាព​កាន់​តែ​រងគ្រោះ​»។

លោក​បន្តថា​រដ្ឋាភិបាល​គួរតែ​ដោះ​ស្រាយ​បណ្ដោះ​អាសន្ន​លើ​បញ្ហា​ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋធ្ងន់ធ្ងរ​។

លោកបាន​លើក​ឡើង​ថា​ «ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កាលណា​បើ​ផ្លូវ​ហ្នឹង​វា​មាន​បញ្ហា​នៅ​កណ្ដាល​ទី​បែប​នេះ​ អាជ្ញា​ធរ​គួរ​តែ​រក​មធ្យោបាយ​ថ្មី​ថែម​ទៀត​ដើម្បី​ផ្លូវ​ហ្នឹង​ហ៊ុយ​ ឬ​ក៏​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ បើ​វាមិន​អាច​ទៅ​មុខ​រួច​គេ​ត្រូវ​រក​មធ្យោបាយ​ដោះ​ស្រាយ​អន្តរកាល​ហ្នឹង​មិន​មែន​ទុក​ឱ្យ​ហ៊ុយ​តាម​តែ​យថាកម្ម​អ៊ីចឹង​ទេ​»។

មេភូមិ​កន្ទោកជើង​ លោកលឹម តូច បានប្រាប់​ Newsroom Cambodia ថាផ្លូវ​​បាទ​សាង​សង​រយៈពេល​ ៦​ឆ្នាំ​ និងមានសភាពខូចខាតធ្ងន់ធ្ងរ ពិសេសមាន​ឡាន​ធំ​ច្រើន​ឆ្លងកាត់។ លោកបន្តទៀតថា​ គម្រោង​ជួសជុលផ្លូវមាន​រួច​មក​ហើយ​តែ​ដោយ​​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ទើប​មាន​ការ​ផ្អាក​មួយរយៈ។

លោកលើកឡើងថា៖ «​គម្រោង​ពី​ភូមិ​តាកៀប​មក​ គម្រោង​មាន​ហើយ​មក​ដល់​ភូមិ​អង្គ​ ប៉ុន្តែ​គម្រោង​ពង្រីក​ផ្លូវ​អស់​ហើយ​ប៉ុន្តែ​កូវីដ​មក​អាក់​ខាន​មក​វិញ​ មិន​មែន​រដ្ឋា​ភិបាល​អត់​ធ្វើ​ទេ​​ គម្រោង​មាន​តែ​កូវីដ​នែក​ វាអត់​មាន​ថវិកា»។

អភិបាលខ័ណ្ឌកំបូល លោក​ឃឹម ស៊ុនសូដា បានប្រាប់​ Newsroom Cambodia ថាអាជ្ញាធរកំពុងតែជួសជុលផ្លូវនេះផងដែរ៕