ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានផ្ទះរបស់ជនជាតិដើមភាគតិចពូនង ជាប្រភេទផ្ទះតៀមសង់ជាប់ផ្ទាល់ដី ឬអ្នកស្រុកហៅថា ផ្ទះអណ្តើក នៅសល់ប្រមាណជាង ១០ផ្ទះប៉ុណ្ណោះ។ ផ្ទះទាំងនោះ គឺសម្រាប់ទទួលភ្ញៀវទេសចរណ៍មកស្នាក់នៅ ខណៈ ជនជាតិដើមភាគតិច រស់នៅក្នុងភូមិមូយនេះ ផ្លាស់ប្តូរមករស់នៅក្នុងផ្ទះថ្ម ឬផ្ទះឈើដូចទៅនឹងពលរដ្ឋខ្មែរដទៃទៀតដែរ។

ក្នុងយុគសម័យថ្មីនេះ វប្បធម៌វ័យចំណាស់របស់ជនជាតិដើមភាគតិច ដែលនៅសេសសល់ ក្នុងខេត្តភូមិភាគឦសានមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ដែលជាផ្នែកមួយជួយបង្កើតចំណូលទ្រទ្រង់ជីវភាពជនជាតិដើមភាគតិច បានមួយកម្រិត។

មានសម្បុរស្រអែម ដៃម្ខាងកាន់កូនកាំបិតតូចមួយ លោក ផើ វិញ វ័យ ៤៩ឆ្នាំ កំពុងអង្គុយច្នៃបំពង់ឫស្សី ធ្វើជាខ្សែទុកសម្រាប់ ក្រងស្បូវ ដើម្បីប្រក់នៅលើដំបូលផ្ទះបុរាណរបស់លោក។លោកបានយកបំពង់ឫស្សីប្រវែងប្រមាណ ២ចង្អាម ជិត១០បំពង់ ដាក់រោលនៅលើភ្លើង បន្ទាប់មកពុះជាចម្រៀកតូចៗ ដើម្បីវេញជាខ្សែ យកទៅក្រងជាមួយស្បួវ។ លោកថាដំបូលស្បូវនេះ អាចប្រើប្រាស់បានរយៈពេល ប្រមាណ៤ឆ្នាំ។

លោក ផើ វិញ ជនជាតិដើមភាគតិចពូនង កំពុងយកបំពងឬស្សីដាក់រោលលើភ្លើងដើម្បីធ្វើជាខ្សែក្រងជាមួយស្បូវ ស្ថិតក្នុងភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ (រូបភាព៖ ទួក ពិសិដ្ឋ)

ការប្រក់ស្បូវថ្មីលើផ្ទះបុរាណ ឬអ្នកភូមិហៅថា ផ្ទះអណ្តើកនោះ គឺដើម្បីទទួលភ្ញៀវទេសចរណ៍មកទស្សនា និងស្នាក់នៅ ដែលអាចរកចំណូលជួយឱ្យក្រុមគ្រួសាររបស់លោក ផើ វិញ ដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ថែមលើមុខរបរជាកសិករ។

លោកបញ្ជាក់ពីការស្នាក់នៅក្នុងផ្ទះបុរាណថា៖ «កាលណាថ្ងៃក្តៅខ្លាំងពេកទៀត គេសង្ស័យយើង [ស្នាក់នៅផ្ទះបុរាណ] ក្តៅហប! [ប៉ុន្តែ] ផ្ទះបុរាណយើង ត្រជាក់ហ្មង នៅហ្នឹង ត្រជាក់ស្រិប [មិន] បាច់ប្រើកង្ហារទេ»

នៅតាមបណ្តោយផ្លូវចូលទៅកាន់ភូមិពូតាំង គឺអមដោយព្រៃឈើ និងដីវាល មានស្មៅខៀវខ្ចី ដែលជា ទីកន្លែងសមស្របសម្រាប់ការបោះតង់របស់អ្នកដំណើរដែលបានដើរលេងកម្សាន្តនៅតំបន់នោះ។ អ្នកភូមិ ឱ្យដឹងថា ភូមិនេះពីមុនមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មានការតបណ្តាញភ្លើង ការស្ថាបនាផ្លូវចូល និងមានផ្ទះលំហែឯកជនជាច្រើនកន្លែងថែមទៀតផង។

លោក ផើ វិញ ដែលជាជនជាតិដើមភាគតិចធំដឹងក្តីក្នុងភូមិពូតាំង បានប្រាប់ថា ផ្ទះបុរាណរបស់លោកចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ក្នុងអំឡុងឆ្នាំ២០០៨ ដោយមានទាំងភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ ជាហូរហែ ចន្លោះពី ៣នាក់ ទៅ ៧នាក់ក្នុងមួយថ្ងៃៗ ឬថ្ងៃណាមិនមានភ្ញៀវទេសចរណ៍សោះក៏មាន។ លោកថា ក្នុងមួយយប់ លោកគិតតម្លៃស្នាក់នៅពីភ្ញៀវទេសចរណ៍ក្នុងម្នាក់ចំនួន ៥ដុល្លារ ចំណែកការនាំភ្ញៀវទេសចរណ៍ទៅដើរទស្សនាក្នុងព្រៃវិញ បើជនជាតិខ្មែរលោកគិតតម្លៃក្នុងមួយថ្ងៃ ២៥ដុល្លារ បើភ្ញៀវទេសចរណ៍ជាជនជាតិបរទេសលោកគិតតម្លៃ ៥០ដុល្លារ។ លោកបន្តទៀតថា ការនាំភ្ញៀវដើរព្រៃ គឺដើម្បី ទស្សនាទឹកជ្រោះ មើលសត្វស្វា ងូតទឹកឱ្យសត្វដំរី បង់សំណាញ់ចាប់ត្រី និងមើលថ្ងៃលិច ជាដើម។

ក្នុងទឹកមុខញញឹមរីករាយ លោក ផើ វិញ បានរៀបរាប់បន្តថា នៅពេលដែលមានភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងភូមិរបស់លោកបែបនេះ បានធ្វើឱ្យកុ្រមគ្រួសាររបស់លោកមានចំណូលផ្គត់ផ្គង់សម្រាប់កូនសិក្សា ទិញម្ហូបអាហារប្រចាំថ្ងៃ និងទិញសម្លៀកបំពាក់ ជាដើម។លោកថា ក្នុងមួយខែៗ លោកអាចរកចំណូលបានជាមធ្យមចំនួន ៣០០ដុល្លារ ឬលើសនេះក៏មាន។

លោកនិយាយថា៖ «ពីមុនឱ្យតែឃើញបារាំង ឮតែបារាំងមករត់គេចខ្លួនអស់ហើយ រត់ពេញព្រៃ! ដល់លូវបារាំងយកលុយមកឱ្យ ល្អដែរ! គេមិនមកដេកទទេណា!»

ខេត្តមណ្ឌលគិរី ជាទឹកដីគ្របដណ្តប់ដោយព្រៃឈើ ភ្នំ ជ្រោះជ្រងជ្រលងដងអូរជាច្រើន ​និងពោរពេញទៅដោយជនជាតិដើមភាគតិចជាច្រើនអម្បូរកំពុងរស់នៅ។ ស្ថានភាពភូមិសាស្រ្តបែបនេះហើយ ទើបនាំចិត្តភ្ញៀវទេសចរណ៍ដែលចូលចិត្តផ្សងព្រេងនៅតំបន់ព្រៃភ្នំបានជ្រើសរើសយកខេត្តមណ្ឌលគិរីជាគោលដៅទេសចរណ៍ក្នុងការលំហែអារម្មណ៍នៅពេលសម្រាកពីការងារប្រចាំថ្ងៃ។

ក្រឡេកមើល ជនជាតិដើមភាគតិចពូនងមួយរូបទៀត កញ្ញា ហុង មាន វ័យ ២៣ឆ្នាំ ក៏មានផ្ទះបុរាណ និងមានសេវាកម្មចាំទទួលភ្ញៀវទេសចរណ៍ដើរកម្សាន្តព្រៃផងដែរ។ កញ្ញាឱ្យដឹងថា ការស្នាក់នៅក្នុងផ្ទះបុរាណរបស់គាត់ បើគ្រាន់តែស្នាក់នៅគឺតម្លៃ ៥ដុល្លារ ក្នុងមួយយប់ ប៉ុន្តែបើរួមបញ្ចូលទាំងការទទួលអាហារហូបចុក គឺគិតតម្លៃ១០ ដុល្លារក្នុងម្នាក់ ឬតាមការចរចាជាក់ស្តែង។ កញ្ញាថា ភ្ញៀវទេសចរណ៍អាចទទួលទាន សម្លព្រោង ដែលជាអារហារមួយប្រភេទរបស់ជនជាតិដើមភាគតិចពូនង ឬជ្រើសរើសយកអាហារជាលក្ខណៈខ្មែរតាមចំណូលចិត្តរបស់ខ្លូន។ កញ្ញាសង្កេតឃើញថា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តក្នុងភូមិពូតាំងនេះ ភាគច្រើនគឺជាជនជាតិបរទេស ដែលពួកគេចូលចិត្តការដើរផ្សងព្រេងនៅតាមព្រៃភ្នំ។

កញ្ញា ហុង មាន ជនជាតិដើមភាគតិចពូនង ឈរនៅមុនផ្ទះបុរាណរបស់ខ្លួន ស្ថិតនៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ (រូបភាព៖ ទួក ពិសិដ្ឋ)

កញ្ញាថា៖ «ភាគច្រើនបរទេស! ព្រោះអីគាត់ដើរតាម ព្រៃ ផ្សងព្រេងអ៊ីចឹង! ទៅលេងទឹកជ្រោះ មើលដំរី ទៅលេងក្នុងព្រៃអ៊ីចឹង!»

បើតាម យុវតី ហុង មាន ឱ្យដឹងថា នៅមុនផ្ទុះជំងឺកូវីដ១៩ គឺមានភ្ញៀវទេសចរណ៍មកកម្សាន្តជាច្រើន ប៉ុន្តែចាប់តាំងពីមានជំងឺកូវីដ១៩មក ភ្ញៀវទេសចរណ៍ក៏ធ្លាក់ចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះ កញ្ញាក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ត ស្របពេលដែលភ្ញៀវទេសចរណ៍តែងតែជ្រើសរើសតំបន់ដែលខ្លួនកំពុងរស់នៅសម្រាប់ការកម្សាន្តបែបនេះ ដោយថា បានបង្កើតចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍នៅតំបន់នោះផ្ទាល់។

កញ្ញាថា៖ «សប្បាយរីករាយ សប្បាយ! ព្រោះអីគាត់ [ភ្ញៀវទេសចរណ៍] មកអ៊ីចឹងទៅ បើសិនពួកគាត់មកច្រើន យើងអាចចំណូលតាមហ្នឹងដែរ! បើគាត់អត់ [មកកម្សាន្ត] ទេយើងអត់ [ចំណូល

គេហទំព័រ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបចំនួន ជាង១៤ ០០០ គីឡូម៉ែត្រការ៉េ (១៤ ២៨៨ គីឡូម៉ែត្រការ៉េ) ដែលស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា មាន​ចម្ងាយផ្លូវប្រវែង ៣៨២​គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះមាន​ប្រជាពលរដ្ឋជា​ជនជាតិដើម​ភាគតិច​រស់​នៅចំនួន ៨ អម្បូរ  ក្នុងនោះរួមមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មូន និងកាវ៉ែត។

មេភូមិ ពូតាំង លោក មៀច មុល និយាយថា ក្នុងភូមិពូតាំងមានពលរដ្ឋចំនួន ២៥០គ្រួសារ ដែលពីមុនមកពួកគាត់ប្រកបរបរដាំស្រូវតាមរដូវ ដាំដំឡូងមី ដាំចេក ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ពួកគាត់បានបង្កើតចំណូលតាមរយៈការនាំភ្ញៀវទេសចរណ៍ស្នាក់នៅ ឬនាំទៅដើរកម្សាន្តព្រៃផងដែរ។

លោកបន្ថែមថា៖ «យើងជាអាជ្ញាធរសប្បាយចិត្តបានភ្ញៀវទេសចរណ៍ក្នុងប្រទេសក្រៅប្រទេសមកលេង ហើយថាតាមរយៈអង្គការ ឬរដ្ឋាភិបាលដើម្បីកៀរគរបន្តទៀតដើម្បីថា លើកទឹកចិត្តមុខមាត់ភូមិយើងឱ្យបានរីកចម្រើនទៅមុខទៀត»។

យ៉ាងណាក្តី លោកថា ដោយសារតែការវិវត្តនៃសម័យកាល បានជំរុញឱ្យជនជាតិដើមភាគតិចចាប់ផ្តើមបាត់បង់ប្រពៃណីរបស់ខ្លួនជាបន្តបន្ទាប់។ លោកថា ផ្ទះបុរាណដែលសង់ជាប់ផ្ទាល់ដីនោះ គឺបានផ្លាស់ប្តូរជាជាផ្ទះឈើខ្ពស់ៗ និងផ្ទះថ្មជាបណ្តើរៗ ហើយគ្រួសារខ្លះរក្សាទុកដើម្បីតែទទួលភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ។ ប្រភពដដែលបន្តថា ការទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងភូមិនេះ គឺអាជ្ញាធរមិនបានកំណត់តម្លៃ ឬចងក្រងជាបណ្តាញអ្វីនោះទេ ដោយប្រជាពលរដ្ឋទំនាក់ទំនងភ្ញៀវទេសចរណ៍ដោយខ្លួនឯងផ្ទាល់។

លោកបារម្ភបាត់បង់វប្បធម៌ជនជាតិដើមភាគតិច ទាំងរបាំ ចម្រៀង ភាសា និងផ្ទះបុរាណ អាចប្រឈមការបាត់បងនៅថ្ងៃអនាគត បើមិនមានការចូលរួមអភិរក្ស។ លោកថា ការរក្សាវប្បធម៌ទាំងនេះ ឱ្យនៅគង់វង្សក៏ជាផ្នែកមួយទាក់ទាញទេសចរណ៍ផងដែរ។

លោកថា៖ «បើសិនជាមន្ទីរវិចិត្រសិល្បៈអាចទំនាក់ទំនង ដើម្បីគាត់លើកតម្កើងក្នុងសហគមន៍យើងហ្នឹងកុំឱ្យបាត់បង់ សាបសូន្យ បញ្ហាប្រពៃណី ទំនៀមទំនាប់ របៀបរាំ របៀបច្រៀងអ៊ីចឹង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយៗ គាត់ភ្លេចសញ្ជាតិ ជនជាតិដើមភាគតិចរបស់យើង»

ជុំវិញក្តីបារម្ភនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោក ស៊ាង សឿន បានឆ្លើយតប ខ្លីថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី កំពុងរៀបចំយន្តការបណ្តុះបណ្តាលដល់ជនជាតិដើមភាគតិចឱ្យមានសមត្ថភាពក្នុងទាក់ទាញទេសចរណ៍ក្នុងសហគមន៍របស់ខ្លួន និងរៀបចំផែនការអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចរួចរាល់ហើយដែរ។

លោកថា៖ «វិស័យទេសចរណ៍ផ្សាភ្ជាប់នឹងវប្បធម៌ អ៊ីចឹងយើងនៅតែ ជំរុញឱ្យគាត់រក្សានូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌គាត់ដើម្បីបង្ហាញភ្ញៀវទេសចរណ៍ ក៏ដូចជា [ភ្ញៀវទេសចរណ៍]ជាតិ និងអន្តរជាតិឱ្យបានដឹង យើងនៅតែគាំទ្រគាត់អ៊ីចឹង»។

បើតាម លោក ស៊ាង សឿន ក្នុងឆ្នាំ២០២២ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិសរុបចំនួនជាង ៣០ម៉ឺននាក់។

យ៉ាងណាក្តី លោក ​យង់​ គិម​អេង​ នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ បានលើកឡើងថា ក្នុងយុគសម័យថ្មីនេះ ជនជាតិដើមភាគតិចត្រូវរៀនរស់ដោយសម្របខ្លួនរស់នៅតាមសម័យកាលនៃបច្ចេកវិទ្យា ដែលមិនអាចរស់នៅដាច់ដោយឡែកតែឯងបានទេ។ លោកថា ការបណ្តុះបណ្តាលចំណេះជំនាញទៅដល់ជនជាតិដើមភាគតិចពីរបៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ គឺជារឿងសំខាន់ដែលអាជ្ញាធរគួរគិតគូរ។ ម្យ៉ាងវិញទៀត លោកថា ការអភិរក្សវប្បធម៌ប្រពៃណី ភាសា សិល្បៈ របស់ជនជាតិដើមភាគតិចក៏ត្រូវដើរទន្ទឹមគ្នាផងដែរ ជាពិសេសគឺការរក្សាទុកតំបន់ជនជាតិដើមភាគតិចជាតំបន់ទេសចរណ៍ធម្មជាតិ គឺជារឿងសំខាន់។

លោកថ្លែងថា៖ «ត្រូវធ្វើយ៉ាងណាអភិរក្សតំបន់ហ្នឹងទៅជាតំបន់មួយជាទេសចរណ៍ធម្មជាតិដើម្បីឱ្យជនជាតិដើមភាគតិច គ្នាអាចទទួលបានចំណូល ហើយបើសិនជា មិនមានការការពារទេ ត្រឹមត្រូវទេ តំបន់ហ្នឹងវានឹងបាត់បង់ទៅវិញ ហើយការប្រែប្រួលមុខរបរគាត់ដើម្បីឱ្យមានជីវភាពប្រសើរហ្នឹង វានឹងបាត់ទៅវិញ។ វិស័យទេសចរណ៍នឹងជួយគាត់ឱ្យរកចំណូលបាន»។

ត្រឡប់ទៅកាន់ កញ្ញា ហុង មាន បានស្នើឱ្យភ្ញៀវទេសចរណ៍មកកម្សាន្តលេងក្នុងភូមិគាត់ឱ្យបានច្រើនដើម្បីបានចំណូលទ្រទ្រង់ដល់ជីវភាពអ្នកភូមិ និងបានរួមចំណែកជួយដល់កុមារដែលកំពុងខ្វះខាតផងដែរ។

កញ្ញាថា៖ «អរគុណច្រើនដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលមកកំសាន្តនៅភូមិពូតាំង បានជួយដល់ ក្មេងៗ ជាប៊ិក សៀវភៅដល់ក្មេងៗ។ អរគុណ! ដល់ទឹកចិត្តរបស់ពួកគាត់ដែលស្រលាញ់ ដែលជួយដែលមកកម្សាន្ត»៕