ការលេងល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងវាយក្អមជាដើម ត្រូវបានយុវជនជំនាន់ក្រោយមួយចំនួន ចាត់ទុកថាជាផ្នែកមួយចូលរួមថែរក្សាអត្តសញ្ញណជាតិ ជាពិសេសបានបង្កើតឱ្យមានចំណងសាមគ្តីភាពក្នុងរង្វង់ជាតិសាន៍ខ្មែរតែមួយ។
ក្នុងយុគសម័យថ្មីនេះ ទម្រង់ល្បែងប្រជាប្រិយខ្មែរ ដែលមានកំណើតរាប់រយឆ្នាំមកហើយ កំពុងប្រឈមការបាត់បង់ ដែលបានបង្កក្តីបារម្ភបាត់ផ្នែកមួយនៃអត្តសញ្ញាណជាតិ ខណៈមន្រ្តីផ្នែកវប្បធម៌អះអាងថា កំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីអភិរក្សល្បែងប្រជាប្រិយខ្មែរឱ្យនៅគង់វង្ស។
យុរតី សែស ស្រីណា វ័យ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ លើកឡើងថា កញ្ញាចូលចិត្តលេងល្បែងប្រជាប្រិយខ្មែរដូចជា ដណ្តើមស្លឹកឈើ ចោលឈូង និងទាញព្រ័ត្រ ជាដើម។កញ្ញាថា ការលេងល្បែងទាំងនេះ គឺបានបង្កើតឱ្យមានភាពសប្បាយរីករាយ បង្កើតចំណងមិត្តភាព ជាពិសេសគឺបានចូលរួមអភិរក្សវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកមក។
កញ្ញាថា៖ «ល្បែងប្រជាប្រិយខ្មែរដែលខ្ញុំយល់ថា មានសារប្រយោជន៍ដល់សង្គម ខ្ញុំយល់ថា វាមានសារប្រយោជន៍ដូចជា ចែករំលែកក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យមនុស្សយើងហ្នឹង! ចេះស្រលាញ់រាប់អានគ្នា ហើយចេះរួបរួមសាមគ្គីគ្នាជាដើម»។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយ ប្រាប់ដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ត្រូវនាំសិស្សលេងល្បែងប្រជាប្រិយខ្មែរ និងហាមលេងល្បែងមួយចំនួនដែលប្រឈមហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក និងលាបម្សៅ ជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ មិនឱ្យលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាដាច់ខាត។
ការចេញសេចក្តីប្រកាសទាំងនេះ ក្នុងគោលបំណង ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ ថ្ងៃប្រារព្ធពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សម្រាប់ យុវតី សែស ស្រីណា យល់ឃើញថា ការលេងប៉ាតម្សៅ ឬជះទឹក ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្ឡួន ធ្វើឱ្យមានភាពចលាចល និងអាចសើម ប្រឡាក់សំលៀកបំពាក់ថែមទៀតផង។ មួយវិញទៀត គឺអាចឱ្យជនឆ្លៀតឱកាសមួយចំនួនកេងបន្លំលើរូបរាងកាយស្រ្តីក្នុងពេលដែលមានការលេងល្បែងទាំងនេះ។
និស្សិតឆ្នាំទី២រូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយ ចាប់ផ្តើមលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានទូលំទូលាយ ដើម្បីជាផ្នែកមួយរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្សជានិរន្តន៍។
កញ្ញាបន្តថា៖ «ខ្ញុំចង់ឱ្យយុវជន យុវនារីខ្មែរជំនាន់ក្រោយគ្រប់រូបចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន។ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ និងឈ្វេងយល់ពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនដើម្បីយើងរួបរួមគ្នាថែរក្សាមរតកដូចតាដែលបានបន្សល់ទុកឱ្យបានគង់វង្ស ហើយដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់ បានយល់ និងបានលេងល្បែងប្រជាប្រិយខ្មែរផងដែរ»។
បើតាមឯកសារស្តីពី ល្បែងប្រជាប្រិយខ្មែរ ដែលបោះពុម្ភផ្សាយ ដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានស្រាវជ្រាវចងក្រងល្បែងប្រជាប្រិយខ្មែរមានរហូតជាង២០ទម្រង់។ ឯកសារដដែលបានឱ្យដឹងថា ល្បែងប្រជាប្រិយខ្មែរអាចមានច្រើនលើសនេះ ដែលត្រូវបានពលរដ្ឋខ្មែរនិយមលេងកម្សាន្តនៅពេលទំនេរពីការងារ ក្នុងពិធីបុណ្យទានណាមួយ ជាពិសេសគឺក្នុងរដូវចូលឆ្នាំខ្មែរ។
នៅក្នុងឯកសារបានបញ្ជាក់ថា ខ្មែរជាប្រទេសមានអារ្យធម៌រាប់ពាន់ឆ្នាំមកហើយ ដូចនេះ បុព្វបុរសខ្មែរ បានបង្កើតល្បែង តន្រ្តី ជាច្រើនដើម្បីបណ្តុះការសប្បាយផង និងភ្ជាប់ជាមួយចំណេះដឹងដល់ប្រជាពលរដ្ឋផងដែរ។ប្រភពដដែលបញ្ជាក់ថា ការលេងល្បែងប្រជាប្រិយខ្មែរបានផ្តល់ប្រយោជន៍ដល់អ្នកលេងឱ្យមានភ្នែកវៀងវៃ ហាត់ដៃជើងឱ្យរហ័សរហួន ហាត់ប្រាជ្ញាស្មារតី និងមានរាងកាយមាំមួន ជាដើម។
ល្បែងប្រជាប្រិយខ្មែរជាង ២០ទម្រង់ ដែលចងក្រងដោយ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ មានដូចជា ចាប់កូនខ្លែង គោះត្រឡោក បិទពួន លាក់កន្សែង គ្របមាន់ ទាញព្រ័ត្រ និងស្តេចចង់ ជាដើម។
យ៉ាងណាក្តី យុវជន ហ្គោ សុម៉ាន់ធា វ័យ២៥ឆ្នាំ ជានិស្សិតជំនាញ រចនារូបភាព នៅសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ សង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ននេះ មិនសូវមានយុវជនជំនាន់ក្រោយ លេងល្បែងប្រជាប្រិយខ្មែរនោះទេ ដោយថា ព្រោះតែមានការហូរចូលនៃវប្បធម៌បរទេស ដែលនាំឱ្យល្បែងប្រជាប្រិយខ្មែរអាចប្រឈមការបាត់បងនាពេលអនាគត។
លោកថា៖ «ពេលដែលយើងលេង [ល្បែងប្រជាប្រិយខ្មែរ] យើងអាចរម្លឹកអតីតភាពពីវ័យកុមារភាពរបស់យើង ដែលយើងធ្លាប់ឆ្លងកាត់មក។ ព្រោះថា ចាស់ៗ ជំនាន់មុន គាត់នាំលេងអ៊ីចឹង! ហើយបច្ចុប្បន្ននេះ អត់សូវមានអ្នកនាំលេង ចាប់ផ្តើមហូរវប្បធម៌ល្បែងប្រជាប្រិយគេ មកប្រទេសយើងកាន់តែច្រើន ដល់ពេលអ៊ីចឹងទៅ ល្បែងប្រជាប្រិយខ្មែរយើងមិនសូវមានអ្នកនិយមលេង»។
សម្រាប់យុវជនរូបនេះ មិនគាំទ្រឱ្យមានការលេងល្បែងជះទឹក ឬប៉ាតម្សៅនោះទេ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើង។
ជាមួយគ្នានេះ យុវជន ភឿង ភារៈ វ័យ២១ឆ្នាំ និស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា ល្បែងប្រជាប្រិយខ្មែរជាច្រើនដែលលោកបានស្គាល់ និងធ្លាប់លេង រួមមាន ល្បែងចោលឈូង បោះអង្គញ់ និងវាយក្អម។ លោកថា ក្នុងពិធីបុណ្យចូលឆ្នាំមកដល់ គឺជាពេលវេលា ដែលសមាជិកក្រុមគ្រួសារនីមួយៗ បានជួបជុំគ្នា និងមានពលរដ្ឋមួយចំនួនបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ។ លោកថា សកម្មភាពនៃការលេងនោះ បានបង្កើតឱ្យមានអនុស្សាវរីយ៍ និងឱ្យកាន់តែមានភាពស្និទ្ធសា្នលបន្ថែមទៀតក្នុងរង្វង់ក្រុមគ្រួសារ និងក្នុងសហគមន៍ទាំងមូល។
លោកថា៖ «ការលេងល្បែងប្រជាប្រិយ វាធ្វើឱ្យយើង មានភាពវាងវៃ ហើយសប្បាយ ក៏ដូចជាបង្កើតមិត្តភាព សាមគ្គីភាព នៅក្នុងការលេងហ្នឹងផងដែរ ជាពិសេសគឺមានឱកាសបានជួបជុំគ្នា បន្ទាប់ពីរវល់រៀងខ្លួនពីការងារ មិត្តក្នុងភូមិផង ក៏ដូចជាបងប្អូនក្នុងតំបន់ផងដែរ»។
យ៉ាងណាក្តី លោកជំរុញឱ្យភាគីពាក់ព័ន្ធបន្តថែរក្សាល្បែងប្រជាប្រិយខ្មែរ ដោយបង្កើនឱ្យមានសកម្មភាពលេងនៅតាមភូមិស្រុក សាលារៀន និងទីអារាមជាដើម ក្នុងគោលដៅកុំឱ្យមានការបាត់បង់ល្បែងប្រជាប្រិយខ្មែរនាពេលអនាគត។
លោកបន្ថែមថា៖ «ចង់ឱ្យរៀបចំសង្រ្កាន្តនៅតាមតំបន់ភូមិឃុំ សាលា ក៏ដូចជាទីវត្តអារាមអ៊ីចឹងបែបនេះរហូត ហើយមានការជួយជ្រោមជ្រែងផងដែរ ពីថ្នាក់ដឹកនាំតាមតំបន់ ក៏ដូចជាពុកម៉ែពូមីងអ៊ំដែលគាត់ជាអ្នកយល់ដឹងពីល្បែងប្រជាប្រិយច្រើន! គាត់មកជួយចែករំលែក»។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ល្បែងប្រជាប្រិយខ្មែរ មួយប្រភេទឈ្មោះថា «ល្បែងទាញព្រ័ត្រ» ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ តាមការស្នើពីប្រទេសចំនួន៤។ ក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។
ល្បែងទាញព្រ័ត្រ ត្រូវបានគេនិយមលេងក្នុងពិធីចូលឆ្នាំខ្មែរ។ របៀបលេងគឺបែងចែកជាពីរក្រុម ដោយម្ខាងៗ មានគ្នា៥ ទៅ១០នាក់ ឬបែងចែកតាមចំនួនជាក់ស្តែង។គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ឬស្បែកក្របី សម្រាប់ទាញធ្វើជាព្រ័ត្រ ហើយក្រុមម្ខាងត្រូវប្រើកម្លាំងទាញទៅវិញទៅមករហូតរកឃើញអ្នកឈ្នះ។ ល្បែងនេះចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានសុខភាពល្អ។
លោក សាន ផល្លា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ដើម្បីអភិរក្ស និងលើកស្ទួយល្បែងប្រជាប្រិយខ្មែរ គឺក្រសួងបានជំរុញទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រាជធានីខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមតំបន់រៀងៗខ្លួន ដើម្បីជំរុញឱ្យមានការចូលរួមលេងល្បែងប្រជាប្រិយឱ្យកាន់តែផុសផុលឡើង។
បន្ថែមលើនេះលោកថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តែងតែរៀបចំពិធីអបអរបុណ្យចូលឆ្នាំ រយៈពេល៣ថ្ងៃ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងនោះក៏មានការលេងល្បែងប្រជាប្រិយផងដែរ។ មួយវិញទៀតលោកថា ក្រសួងបានបញ្ជូនមន្ត្រីជំនាញធ្វើជាវាគ្មិនក្នុងកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរ និងបានសហការជាមួយស្ថានីយ៍ទូរទស្សន៍ដើម្បីថតផ្សព្វផ្សាយការលេងល្បែងប្រជាប្រិយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ទោះយ៉ាងណា លោកថា មរតកវប្បធម៌អរូបី គឺសំខាន់ស្ថិតលើមនុស្ស សំដៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលត្រូវចូលរួមអភិរក្ស និងផ្ទេរចំណេះដឹងដើម្បីឱ្យមានអ្នកបន្តវេនមានការយល់ដឹងកាន់តែច្រើនឡើង។ លោកថា ប្រសិនបើមានតែការជំរុញពីអាជ្ញាធរមូលដ្ឋាន ប៉ុន្តែយុវជន និងកុមារ មិននាំគ្នាលេងទេ គឺល្បែងនោះក៏ប្រឈមនឹងការបាត់បង់ពុំខាន។ លោកបានជំរុញឱ្យប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយ ត្រូវនាំគ្នាងាកមកលេងល្បែងប្រជាប្រិយទាំងអស់ឡើងវិញ។
លោកបន្តថា៖ «ម្យ៉ាងទៀតមិនថាតែប្រទេសកម្ពុជាទេ គឺប្រទេសទាំងអស់នៅទូទាំងពិភពលោក តែកាលណាមានល្បែងថ្មី ទំនើប ទាក់ទាញ និងងាយស្រួលលេងចូលមក គឺល្បែងប្រពៃណីនឹងប្រឈមទៅនឹងការបាត់បង់»។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ល្បែងប្រជាប្រិយខ្មែរ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយនៅលើទឹកដីកម្ពុជា ដោយមានទាំងឆ្លាក់រូបសកម្មភាពលេងល្បែងប្រជាប្រិយខ្មែរនៅលើផ្ទាំងសិលាជញ្ជាំងប្រាសាទបុរាណជាច្រើនផងដែរ។ លោកសាស្រ្តាចារ្យពន្យល់ថាពាក្យថា ល្បែងប្រជាប្រិយ គឺសំដៅដល់ ល្បែងសម្រាប់ប្រជាជន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវភាពរបស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។លោកបន្តថាល្បែងប្រជាប្រិយខ្មែរប្រឈមការបាត់បង់ទៅតាមការវិវត្តនៃសម័យកាលនីមួយៗ ជាពិសេសក្នុងរបបប៉ុលពល និងចាប់ផ្តើមរស់ឡើងវិញក្រោយពេលប្រទេសកម្ពុជាទទួលបានសន្តិភាព។ យ៉ាងណាលោកថា ការហូរចូលនៃវប្បធម៌បរទេសក្នុងយុគសម័យថ្មីនេះ បានបង្កក្តីបារម្ភពីការបាត់បង់អត្តសញ្ញាណជាតិខ្មែរផងដែរ បើមិនមានវិធានការទប់ស្តាត់នោះទេ។លោកឱ្យជាយោបល់ថា ការបណ្តុះស្មារតីស្រលាញ់វប្បធម៌ជាតិ នៅតាមសាលារៀន ជាពិសេសសាលាឯកជននៅទូទាំងប្រទេសកម្ពុជា ជាយន្តការស្នូលដែលត្រូវធ្វើក្នុងគោលដៅបំផុសស្មារតីកុមារ និងយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌របស់ខ្លួន។ លោកបន្ថែមថា ការទទួលយកវប្បធម៌ថ្មី គឺមិនត្រូវបំភ្លេចចោលនូវវប្បធម៌ដើមនោះទេ។
លោកមានប្រសាសន៍ថា៖ «ការអភិវឌ្ឍ [វប្បធម៌] វាត្រូវតែមានគ្រឹះបើអភិវឌ្ឍអត់គ្រឹះវាជាការបង្កើននូវការបំផ្លាញផ្នែកខាងដើម គឺវប្បធម៌ដើមរបស់យើងវិញទេ»។
បើតាមប្រតិទិន ចន្ទគតិខ្មែរ បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៣ នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ថ្ងៃមហាសង្រ្កាន្ត ឬថ្ងៃដែលប្រជាជនខ្មែរទទួលទេវតាឆ្នាំថ្មី គឺប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា វេលាម៉ោង ៤រសៀល៕