ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ នៅពេលមានម៉ូតូឡានធ្វើដំណើរឆ្លងកាត់ម្ដងៗគឺមានដីហុយ សសំពោងពេញលើផ្លូវ ស្លឹកឈើដែលនៅសងខាងផ្លូវប្រែពណ៌ទៅជាពណ៌ស ដែលបណ្ដាលមកពីដីហុយទៅជាប់។ ពលរដ្ឋខ្លះនាំគ្នាយកទឹកមកស្រោចនៅលើផ្លូវតាមមុខផ្ទះរៀងៗខ្លួន ដើម្បីកុំឱ្យមានដីហុយខ្លាំងពេកចូលទៅក្នុងផ្ទះ។

ពលរដ្ឋ ដែលធ្វើដំណើរនៅលើផ្លូវលំ ក្នុងឃុំស្វាយយា អ្នកខ្លះត្រូវប្រើក្រមា ឬម៉ាសដើម្បីបិទបាំងមុខការពារដីហុយ នៅពេលជិះម៉ូតូរលាក់ ឮសូរប្រាវៗ។ ពលរដ្ឋរស់នៅស្រុកស្វាយជ្រុំខេត្ដស្វាយរៀងស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវលំមួយខ្សែ ដែលពិបាកក្នុងការធ្វើដំណើរខ្លាំង។

លោក សាយ វល្លិ៍ កំពុងអង្គុយនៅលើតុថ្មនៅខាងមុខផ្ទះក្រោមម្លប់ជ្រៃបានប្រាប់Newsroom Cambodia ថាផ្លូវលំមួយខ្សែ នេះធ្វើបានល្អប្រហែល២ឆ្នាំ ហើយខូចទៅវិញ។លោកថាផ្លូវខូចធ្វើឱ្យប៉ះពាល់ដល់សិស្សសាលាទៅរៀន ខែវស្សាវាពិបាកធ្វើដំណើរមានកន្លុកកន្លៀតល្បាប់ផង។

បុរសវ័យ៧២រូបនេះបានប្រាប់ទៀតថា ផ្លូវ ដែលខូចគឺបណ្ដាលមកពីឡានដឹកដីមានចំនួនច្រើន លោកថាកន្លងមកមេភូមិ ធ្លាប់បានហាមឃាត់ក្រុមឡានដឹកដីដែរ តែក្រុមឈ្មួញដឹកដីទាំងនោះបានទៅសុំមេឃុំ តែមេឃុំឱ្យដឹកបន្តទៀតដល់ខូចផ្លូវ មេឃុំមកបន្ទោសមេភូមិ។

មេឃុំអនុញ្ញាតឱ្យដឹក១០ជើងតែក្រុមឈ្មួញដឹក១២០ទៅ១៣០ជើង រឿងអីមិនខូចផ្លូវ លោកប្រាប់ថាមេឃុំមិនដែលចុះមកហាមឃាត់ដោយផ្ទាល់នោះទេ បើមានក្រុមឡានដឹកដីគ្រាន់តែតេមកមេភូមិឱ្យហាមឃាត់តែប៉ុណ្ណោះ។

លោកសាយ វល្លិ៍ កំពុងផ្ដល់បទសម្ភាសមកខាង Newsroom Cambodia ថ្ងៃទី០៩ មេសា ២០២៣។ រូបភាព៖ សួន វុត្ថា

លោកលើកឡើងថា៖ «ពិបាកចាស់ៗធ្វើដំណើរទៅវត្ត ហើយនិងសិស្សសាលាគ្នាពិបាកទៅមក[…] ដល់ចឹងខែភ្លៀងពិបាករអិល។ ខែប្រាំងវាគ្រាន់តែហុយទ្រលោម ប៉ះពាល់ទាំងសិស្ស និយាយរួមទៅប្រជាពលរដ្ឋទូទៅតែម្ដង»។

ផ្លូវដែលខូចពិបាកធ្វើដំណើរនេះមាន៣ភូមិគឺភូមិស្វាយយា ភូមិស្វាយជំរៅ និងភូមិមហាសួន។ លោកថាកន្លងមកពលរដ្ឋធ្លាប់បានស្នើឱ្យអាជ្ញាធរជួសជុលផ្លូវដែលខូចដែរ តែអាជ្ញាធរគាត់ថាកុំភ័យចាំគេធ្វើ លោកថាបើបានផ្លូវល្អមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

លោកបញ្ជាក់ថា៖ «វាស្រួលទាំងប្រជាពលរដ្ឋ ស្រួលទាំងសិស្ស ស្រួលធ្វើដំណើរទៅមក ដឹកទំនិញលក់ដូរអីហ្នឹង វាបានសុវត្ថិភាព។ ខ្ញុំចង់សំណូមពរថាឱ្យអស់លោកជួយធ្វើផ្លូវហ្នឹងឱ្យបានស្អាតមិនដល់ថាកៅស៊ូ ឱ្យតែបានម៉ាស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើររកស៊ីចង់បានតែប៉ុណ្ណឹង។ ចង់បានខ្សាច់ភ្នំស្រួលជាង»។

ពលរដ្ឋម្នាក់ទៀតលោកសៅ សុភុន អាយុ៦៧ បានប្រាប់Newsroom Cambodiaថា ការលំបាករបស់ប្រជាជនមានច្រើន បើក្មេងសិស្សសាលាទៅរៀនវិញ នៅខែវស្សា ជិះកងវាងផ្លូវល្បាប់ ដីឥដ្ឋជាប់កង់ ហើយបើមនុស្សចាស់វិញប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមជិះកង់មិនកើត។ បើខែប្រាំងវិញ ផ្លូវគឺហុយហ្មងពិបាកបងប្អូនធ្វើដំណើរ ហើយផ្លូវនេះអត់រាបស្មើ គឺផ្លូវមានរលកមានរលាក់ មានគន្លុកមានគន្លៀត ពិបាកគេចណាស់សូម្បីម៉ូតូកង់មិនចង់ហ៊ានជិះផងលោកថាផ្លូវ ដែលលំបាកមានប្រវែងជាង២គីឡូម៉ែត។

លោកលើកឡើងថា៖ «ពីភូមិមហាសួន ឡើងទៅស្វាយយាប្រហែលជា២គីឡូជាង។ កន្លងមកគឺមេឃុំហើយនិង[មេ]ភូមិសុំប្រជាជនក្នុងមួយគ្រួសារហ្នឹង ដូចជា៤ម៉ឺន បាទ៤ម៉ឺនគឺដាក់ថ្មខ្សាច់ផេះ ដាក់បានតែមួយប្រាំង ដល់ខែវស្សាឡើងបាត់អស់ គឺភើត ទៅតាមជើងឡានផង ផាត់តាមខ្យល់ទៀតពេលហ្នឹងផ្លូវខូច»។

លោកថាប្រជាជនមិនហ៊ានសួរនាំទៅកាន់អាជ្ញាធរនោះទេខ្លាចខុស ព្រោះយើងសួរនាំទៅដេញដោលដាក់គ្នា ដល់ចឹងគ្មានបានសួរនោះទេ លោកប្រាប់ថាមូលហេតុដែលនាំឱ្យផ្លូវខូចគឺបណ្ដាលមកពីឡានដឹកដីលើសទម្ងន់ ហើយឡានធ្វើដំណើរតាក់ស៊ីដឹកម៉ូយផង ។លោកប្រាប់ថានៅរដូវវស្សាពេលមានសមាជិកគ្រួសារឈឺ ឬត្រូវទៅឆ្លងទន្លេត្រូវទៅមន្ទីរពេទ្យឡានពេទ្យមកយកមិនបានទេត្រូវតែសែង។

លោកសៅ សុភុន កំពុងបង្ហាញពីទុក្ខលំបាកពីការធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិស្វាយជុំរៅ ថ្ងៃទី០៨ មេសា ២០២៣។ រូបភាព៖ សួន វុត្ថា

លោកបន្ថែមថា៖ «ឡាន[ពេទ្យ]ចូលមិនរួចទេជាប់ជើង មានតែសែង គ្រួសារចេះតែសែងនាំគ្នាជូនទៅដល់មន្ទីរពេទ្យទៅ។មុនបោះឆ្នោតមេឃុំថាធ្វើឱ្យ ឥឡូវបោះសភាហ្នឹង គ្រាន់តែថាទៀត សន្យាថាធ្វើតែមិនទាន់ធ្វើ។ ផ្លូវពិបាកហ្នឹងរាប់ឆ្នាំណាស់ដូចគ្មានបានផ្លូវស្រួលផង ប៉ុណ្ណឹងថាស្រួលណាស់ បើពីមុនមកអត់រួចទេ កុំថាតែខែវស្សានិងខែប្រាំង។ ថាតែធ្វើៗហ្នឹង ប្រហែលជា២ដងហើយនៅតែមិនធ្វើ»។

ពលរដ្ឋម្នាក់ទៀតលោកសុខ សំអឿន អាយុ៥២ឆ្នាំ បានប្រាប់Newsroom Cambodia ខែប្រាំងដីហុយ នៅរដូវវស្សាល្បាប់ស្អិតទៅណាមកណាមិនកើត ជាប់ម៉ូតូហើយប៉ះពាល់ដល់សុខភាពអ្នករស់នៅតាមបណ្ដោយផ្លូវ និងចំណាយពេលវេលាច្រើននៅពេលធ្វើដំណើរទៅធ្វើការ។

លោកលើកឡើងថា៖ «តាមផ្លូវអីវាពិបាកហ្មងខែភ្លៀងខែរលឹមវាជាប់ដី សុទ្ធតែល្បាប់ ជាប់ឡានភ្លៀងទៅជិះម៉ូតូមិនកើត។ ទៅ [មន្ទីរពេទ្យ] ទាំងពិបាកស្រណុកចេះតែទៅហើយ បើយើងមានអាសន្នហើយ យើងត្រូវធ្វើម៉េច។ វាពិបាកការធ្វើដំណើរ ពេលភ្លៀងរលឹមពិបាកអារឿងជាប់ស្អិតម៉ូតូ»។

សភាពផ្លូវនៅភូមិមហាសួន ថ្ងៃទី០៩ មេសា ឆ្នាំ២០២៣។ រូបភាព៖ សួន វុត្ថា

មេភូមិមហាសួនលោក វ៉ា យ៉ន បានប្រាប់Newsroom Cambodia ថាបើតាមដំណឹងដែលមេឃុំប្រាប់លោកថា ផ្លូវនឹងត្រូវធ្វើនៅមុនពេលបោះឆ្នោត ហើយត្រូវធ្វើចំនួន២ផ្លូវខ្សែ។ខ្សែទី១ចាប់ពីវត្តបឹងរ៉ៃដល់ថ្នល់កែងអង្គរសខេត្ដព្រៃវែង ខ្សែទី២គឺនៅក្នុងភូមិ។

លោកលើកឡើងថា៖ «ផ្លូវទី១ គឺពីខាងមុខវត្តបឹងរ៉ៃរហូតដល់ថ្នល់កែងអង្គរសផ្លូវទី២គឺផ្លូវក្នុង ភូមិស្វាយយាឆ្លងកាត់ភូមិស្វាយជុំរៅ ភូមិមហាសួន ឡើងទៅភូមិអង្គរស»។