ធូលីដីពណ៌សរក្បុស នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចមុខផ្សារអង្គស្នួល ក្នុងឃុំពើក ស្រុកអ​ង្គ​​​ស្នួល ខេត្តកណ្តាល បានហ៊ុយទ្រលោមចូលផ្ទះរបស់អ្នកភូមិបង្កផលប៉ះពាល់ដល់មុខរបររកស៊ីរប​​ស់ប្រជាពលរដ្ឋដែលកំពុងរស់នៅអមសងខាងផ្លូវជាង១ឆ្នាំមកហើយ។

នៅតំបន់ទីប្រជុំជនមួយនេះ ផ្លូវមានសភាពស្តើងខូច មានជង្ហុក និងស្នាមបំណះជាច្រើនកន្លែង ខណៈ​ឡានធំៗដឹកដី ជាច្រើនគ្រឿងបានបើកកាត់ជាហូហែរ នាំឱ្យមានធូលីដីពាសពេញដងផ្លូវប្រៀ​​ប​​ដូចជាមេឃចុះអ័ព្ទ ស្ទើរតែមើលយានយន្តផ្សេងៗទៀតមិនឃើញ។

ស្រ្តីម្នាក់ជាអ្នកលក់ទឹកកកដុំនៅជាប់ផ្លូវហ៊ុយនេះត្អូញត្អែរថា ៖ «បើអ្នកលក់ចំណីហូប! ភាគច្រើនអ្នកខ្លះ [អតិថិជន] គេនិយាយថា អត់ចង់ហូបដោយសារតែហ៊ុយ! ធម្មតាទាំងយើងទាំងគេ ខ្ចិលនឹងទិញហូបដោយសារហ៊ុយម្លឹងៗ មើលទៅ [ធូលីដី] បោស ណាស្អាត!»

នេះជាការត្អូញត្អែររបស់អ្នកស្រី តែម យឹម។កំពុងអង្គុយក្បែរធុងទឹកកកពណ៌ក្រហមដោយមានធូ​​លី​ដីជាប់លើគម្របធុងផងនោះ អ្នកស្រី តែម យឹម បានបន្តថា ដោយសារមានធូលីដីហ៊ុយខ្លាំង ទើ​​បពលរដ្ឋមិនហ៊ានចូលទិញនំចំណីទេ ព្រោះបារម្ភផលប៉ះពាល់ដល់សុខភាព រហូតមានអាជីវករខ្លះបង្ខំចិត្តផ្អាកលក់អាហារហូបចុក ព្រោះពិបាកល ក់ដូរ និងមិនមានអតិថិជនមកចូលទិញច្រើនដូចមុន។

អ្នកស្រីបន្តថា ៖ «បើបងលក់បង្អែមកន្លែងនេះដំបូង គាត់លក់ដំបូងដាច់។ ដល់យូទៅ ហ៊ុយទៅៗ គាត់លក់លែងដាច់ គាត់ឈប់លក់ទៅ»

ស្រី្តវ័យ ៤២ឆ្នាំ រូបនេះ ឱ្យដឹងទៀតថា ទោះបីជាមានធូលីដីហ៊ុយខ្លាំងបែបនេះក្តី ចំណែកអាជ្ញាធរវិ​ញ​ហាក់​មិនទាន់វិធានការស្រោចទឹកដើម្បីកាត់បន្ថយដីហ៊ុយម្តងណានោះទេ។អ្នកស្រីសង្កេតឃើ​​ញ​​​ថា មានគ្រឿងចក្របានមកជួសជុលផ្លូវនៅចំណុចដែលកំពុងបង្កដីហ៊ុយនេះ​ជាញឹកញាប់ដែរ ប៉ុ​​ន្តែ​គាត់ថា ផ្លូវហាក់មិនមានគុណភាពសោះ ដោយគ្រាន់តែមានការចាក់កៅស៊ូ ដោយប៉ះជាបំណះ​​ៗលើដងផ្លូវ ក្រោយមកស្ថានភាពផ្លូវក៏នៅតែរងការខូចខាតដដែល។

អ្នកស្រីបន្ថែមថា ៖ «គេចាក់ក្រួសហើយ គេបាញ់កៅស៊ូរោយៗទៅ! ទៅបាត់។ ហើយ ៣ [ទៅ] ៤ថ្ងៃ ទៅធ្វើខាងនោះបន្តិច គេជៀរ [ចាក់កៅស៊ូប៉ះផ្លូវ] របៀបមួយប្រលោះហើយទៅបាត់ទៀតទៅណាស់»។

នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលហ៊ុយខ្លាំងនេះ​មានប្រវែងប្រមាណ ១គីឡូម៉ែត្រ ដោយមានផ្ទះប្រជាពលរដ្ឋ នៅអមសងខាងផ្លូវកំពុងប្រកបរបររកស៊ីជាហូរហែ ដូចជា លក់ថ្នាំពេទ្យ លក់ផ្លែឈើ ចំណីអាហារ គ្រឿងភេសជ្ជៈ និងប៉ះកង់ឡានម៉ូតូជាដើម។ផ្លូវជាតិមួយខ្សែនេះ គឺជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់កម្ពុជា ដោយសារ មានយានយន្តគ្រប់ប្រភេទកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវនេះ យ៉ាងមមាញឹករួមមាន រថយន្តឈ្នួល រថយន្តដឹកកម្មករ កម្មការនីរោងចក្រ ជាពិសេសគឺប្រភេទឡានដឹកទំនិញធុនធ្ងន់ឆ្លងកាត់ទៅវិញទៅមកជាបន្តបន្ទាប់។

តាមពិតទៅផ្លូវជាតិលេខ៤នេះ រងការខូចខាត មិនមែនមានតែម្តុំផ្សារអង្គស្នួលនេះមួយកន្លែងទេ គឺ​​នៅមានទីតាំងច្រើនចំណុចទៀត ដែលផ្លូវជាតិដ៏សំខាន់មួយនេះ ក៏ត្រូវរង់ការខូចខាត​​ដោយ​​ទឹ​ក​​ដក និងរថយន្តធុនធំ ដឹកលើសចំណុះដែរ។បច្ចុប្បន្ន ស្ថានភាពជារួមសម្រាប់ផ្លូវជាតិលេខ៤នេះ គឺ​​វាហាក់ដូចជាផ្លូវលំ នៅតាមជនបទយ៉ាងដូច្នោះទៅហើយ គឺកន្លែងខ្លះមានដង្ហុក ផ្លូវសំបុកមាន់ និងដី​​ហុ​យទ្រលោម​​​ដូចចុះអ័ព្ទក៏មាន ជាពិសេសនៅទីរួមខេត្តកំពង់ស្ពឺ ព្រមទាំងចំណុចខ្លះទៀត នៅ​​ខាង​​លិច​​ផ្សា​រ​ត្រពាំងក្រឡឹង។

មិនខុសគ្នាទេ អាជីវករលក់ចេកចៀនម្នាក់ទៀតគឺ អ្នកស្រី ភា រ៉ា វ័យ៣២ឆ្នាំ​ ត្អូញត្អែរដែរថា ប្រជាពលរដ្ឋដែលទិញចេកចៀនរបស់គាត់តែងតែលើកឡើងពីក្តីបារម្ភថា មានមេរោគជាប់លើចំណីអា​​ហា​​រ​ដោ​​យសារធូលីដីហ៊ុយ។ស្របពេលដែលផ្លូវហ៊ុយខ្លាំងបែបនេះ អ្នកស្រីក៏បង្ហាញក្តីព្រួយបារ​ម្ភបាត់បង់មុខរបរប្រចាំថ្ងៃរបស់គាត់​ដែរ បើអាជ្ញាធរមិនមានវិធានការទប់ស្តាត់ឱ្យទាន់ពេលនោះទេ។

អ្នកស្រីបន្តថា ៖ « វាប៉ះពាល់ច្រើន ហ៊ុយ! វាអត់មានអនាម័យ ភាគច្រើនគឺអ៊ីចឹង! យើងរកស៊ី វាពិបាកណាស់ហ៊ុយចឹង! បើកាលមុនហ៊ុយដែរ ក៏ប៉ុន្តែអត់សូវខ្លាំងចឹងទេ តែតាំងពីគេកាយ[ដាក់លូ] តាមផ្លូវពិបាកជិះទៀត សូម្បីអ្នកដំណើរក៏ពិបាកជិះដែរ។ ធម្មតាហ៊ុយដល់ពេលបើកមកហ៊ុយគាត់ជិះមើលគា្នអត់ឃើញ»

អ្នកស្រី ភា រ៉ា បានប្រើប្រាស់ទូកញ្ចក់ដើម្បីដាក់ការពារធូលីដីហ៊ុយមកលើចេកចៀនដែលគាត់កំ​ពុង​លក់។អ្នកស្រីបានប្រកបរបរលក់ចេកចៀន និងដំឡូងចៀននេះប្រមាណ២ឆ្នាំម​​កហើយ នៅក្បែរផ្សាអង្គស្នួលនេះ។បើទោះជាបែបណា អាជីវករលក់ចេកចៀនរូបនេះ បានជំរុញទៅកាន់អាជ្ញាធរពាក់ព័ន្ធគួរជួសជុលកំណាត់ផ្លូវដែលហ៊ុយនេះ​ឱ្យមានគុណភាពឡើងវិញ ជាពិសេស គឺមានវិធានការបាញ់ទឹកឱ្យបានជាប្រចាំ ដើម្បីកាត់បន្ថយធូលីដីដែលកំពុងតែកើតមានសព្វថ្ងៃនេះ។

អ្នកស្រីបន្ថែមថា៖«សំណូមពរគេថាបើគេធ្វើផ្លូវជួយធ្វើឱ្យលឿនៗ អ៊ឹចឹង! យើងស្រួលរកស៊ីលក់ដូរ អីដែរហ្នឹង! ហើយណាមួយវាប៉ះពាល់សុខភាពយើងច្រើនដែរ ហ៊ុយ វាប៉ះពាល់ខ្លាំង។បើយើងមិនអាចធ្វើលឿនទេ! យើងបាញ់ទឹកតាមហ្នឹងទៅ មួយថ្ងៃអាចបាញ់២ដង ៣ដង អ៊ឹចឹងទៅ តាមលទ្ធភាព»

ចំណែកអាជីវករលក់គ្រឿងទេស និងភេសជ្ជៈមួយរូបទៀត លោក គង់ ហួរ វ័យ ៦០ឆ្នាំ បានលើកឡើងថា បញ្ហាធូលីដីហ៊ុយនេះ មានរយៈពេលជាង១ឆ្នាំ មកហើយ។លោកថា កំណាត់ផ្លូវនេះ បា​ន​រងការខូចខាតខ្លាំង ព្រោះមានជំនន់ទឹកភ្លៀងបានជន់លិច ក្នុងឆ្នាំ២០២២កន្លងទៅ។ក្រៅពីប៉ះពា​ល់ដល់របររកស៊ីហើយនោះ លោកក៏បារម្ភពីផលប៉ះពាល់សុខភាពផងដែរ។

លោកបន្តថា៖ «[ពលរដ្ឋ] រអ៊ូថា មានដីមានអី! ដឹងធ្វើមិចខ្ញុំបោសដែរ! អាណាបោសទាន់លោកអើយ! មួយថ្ងៃបោសប្រហែល១០ដង តាំងពីព្រឹក»។

ក្នុងពេលបច្ចុប្បន្ន ផ្នែកខ្លះនៃផ្លូវជាតិលេខ៤ កំពុងរងការខូចខាតដោយសារគ្រោះទឹកជំនន់ផង និ​ង​ស្របពេលដែលមានការធ្វើចរាចរណ៍របស់ឡានធំៗជាច្រើនគ្រឿងផង។មន្រ្តីជំនាញឱ្យដឹងថា ផ្លូ​វ​ជាតិមួយនេះកំពុងតែកែមានការកែលម្អរ ឱ្យប្រសើរឡើងឡើងវិញជាជំហ៊ានៗ។ផ្លូវជាតិលេខ៤ គឺ​មានប្រវែង ជិត២០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឹ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ផ្លូវនេះជាជំនួយរបស់សហរដ្ឋអាមេរិក ហើយសាងសង់ក្នុង​​អំ​​ឡុ​​ង​​​ទស្សវត្សរ៍ឆ្នាំ ១៩៥០ ស្របពេលនឹងការលេចឡើង នៃកំពង់ផៃក្រុងព្រះសីហនុដែរ។

វាជាផ្លូវជាតិមួយ ត្រូវបានសាងសង់ជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញធុនធ្ងន់ រវាងរាជ​​ធានី​​ភ្នំ​​ពេ​​ញ ទៅ​​កំពង់ផៃក្រុងព្រះសីហនុ។

កាលពីទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បា​ន​ផ្សព្វផ្សាយពីការកែលម្អរប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៤ សិ្ថតក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដោយបានពិភាក្សាអំពីលទ្ធផលនៃការសិក្សា​ប​ឋ​ម​​ទាក់ទងនឹងគំនូសប្លង់បច្ចេកទេស វិធីសាស្ត្រសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង និងការជួសជុលលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ឱ្យប្រសើរឡើង។

យ៉ាងណាក្តី ជុំវិញបញ្ហាដីហ៊ុយ នៅមុខផ្សារអង្គស្នួល លោក យន់ ប៊ុនឈឿន មេឃុំពើក មិនអាចសុំការឆ្លើយតបបានទេ ដោយលោកអះអាងយ៉ាងខ្លីថា រវល់នៅក្នុងមន្ទីរពេទ្យ រួចទូរសព្ទក៏បានកាត់ផ្តាច់។អ្នកសារព័ត៌មានបានព្យាយាមទាក់ទងជាបន្តបន្ទាប់ទៀត ប៉ុន្តែប្រព័ន្ធទូរសព្ទមិនអាចទំ​​នា​ក់​ទំនងបានឡើយ។

ចំណែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ម៉ឹង យូឡេង បានឆ្លើយតបថា ផ្លូវជាតិលេខ៤ ស្ថិតក្នុងគម្រោងជួសជុល និងពង្រីកស្តារឡើងវិញ ក្រោមហិរញ្ញប្បទានធនាគាពិភពលោក (World Bank) ហើយបច្ចុប្បន្ននេះកំពុងដំណើរការជួសជុល ថែទាំ ដែលជាជាភារកិច្ចរបស់ក្រុមហ៊ុនដេញថ្លៃទទួលសិទ្ធិជួលជុល មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តកណ្តាលនោះទេ។យ៉ាងណាលោកមិនបានបញ្ជាក់ថាក្រុមហ៊ុនណាបានទទួលសិទ្ធិសាង់សង់ផ្លូវជាតិលេខ៤ ឡើងវិញនោះទេ ហើយថាលោកមិនបានដឹងព័ត៌មានពីបញ្ហាដីហ៊ុយនេះទេ។ក្រោយទទួលបានពត៌មានអំពីដីហ៊ុយនេះ លោកថានឹងបញ្ជូនករណីនេះទៅកាន់ភាគីដែលដេញថ្លៃសាងសង់ផ្លូវមួយនេះដើម្បីមានវិធានការបន្តទៀត។

លោកថា៖ «បើប្អួនប្រាប់ខ្ញុំភ្លាម!​ ខ្ញុំទៅធ្វើម៉េចចាត់ការបានភ្លាម!​ ឥលូវខ្ញុំទទួលបានព័ត៌មាន ខ្ញុំនឹទៅសួរគេ! ថា​ឥឡូវមិចក៏ទុកឱ្យហ៊ុយអ៊ីចឹង!»

យ៉ាងនេះក្តី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព​ លោក យង់ គឹមអេង បា​​នជំរុញទៅកាន់អាជ្ញាធរពាក់ព័ន្ធ ត្រូវសហការណ៍ជាមួយក្រុមហ៊ុនដែលទទួលសិទ្ធិសាងសង់ផ្លូវជាតិលេខ៤ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដីហ៊ុយដោយមិនត្រូវទុកឱ្យមានការអូសបន្លាយពេលយូនោះទេ។លោកថា បើស្ថានភាពធូលីដីហ៊ុយនៅតែបន្តកើតមាន នោះនឹងបង្កផល់ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ជាពិសេសគឺអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដែលតែងតែប្រើប្រាស់ដងផ្លូវនេះជាប្រចាំ។

លោកបន្តថា ៖ «អាជ្ញាធរមានសមត្ថកិច្ចគួរតែនិយាយជាមួយក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនហ្នឹងនៅពេលដែលខ្លួនធ្វើហ្នឹង គេនិយាយអំពីប្រព័ន្ធសុវត្ថិភាព ធ្វើម៉េច! ឱ្យអ្នកដែលធ្វើដំណើរ ក៏គេទទួលបានសុវត្ថិភាព ហើយអ្នកដែលនៅតាមដងផ្លូវនេះ ក៏គេទទួលបានសុវត្ថិភាព ផាសុខភាពរបស់គេដែរជាមួយគ្នានោះ [ក្រុមហ៊ុន] គាត់ត្រូវបាញ់ទឹក បាញ់អី កុំឱ្យវាហ៊ុយ កុំឱ្យអ៊ីចឹងទៅ! នេះជារឿងមួយសំខាន់ដែល អាជ្ញាធរជាមួយក្រុមហ៊ុន ត្រូវតែធ្វើការ ជាមួយគ្នា ត្រូវតែសួនាំទៅក្រុមហ៊ុនហ្នឹង ឱ្យក្រុមហ៊ុនហ្នឹងត្រូវតែបាញ់ទឹក បាញ់អីកុំឱ្យមានការហ៊ុយ វាប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ [ជាពលរដ្ឋ

បញ្ហាធូលីដីហ៊ុយនេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់មុខរបររកស៊ីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កក្តីបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សផងដែរ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច ​វុទ្ធី  បានពន្យល់ថា ធូលីដីដែលហ៊ុយមកលើប្រជាពលរដ្ឋនឹងបង្កជាជំងឺផ្លូវដង្ហើម ប៉ះពាល់សរីរាង្គសួត កើតជំងឺរមាស់លើស្បែក និងបង្កជាមេរោគផ្សិតលើដងខ្លួន ជាដើម។លោកថា​ វិធានការបណ្តោះអាសន្នដែលមានចំពោះមុខគឺពលរដ្ឋត្រូវលាងសម្អាតខ្លួនជាមួយទឹកស្អាតឱ្យបានញឹកញាប់​ ប្រើប្រាស់ទឹកបាញ់នៅជុំវិញបរិស្ថានដែលខ្លួនកំពុងរស់នៅ និងថែរក្សាអនាម័យកន្លែងគេងឱ្យបានល្អ។

លោកបន្តថា ៖ «តំបន់ហ្នឹងមានទឹកមានអីគ្រប់គា្រន់គាត់ឧស្សាហ៍ងូតទឹក បើសិនជាតំបន់ហ្នឹងអត់ទឹកទៀត ហើយហ៊ុយរាល់ថ្ងៃ ទី១ វាប៉ះពាល់សួត ផ្លូវដង្ហើម ទី២ទៅនឹងស្បែកកមរមាស់ ហើយនឹងប្រឈមទៅនឹង រោគផ្សិតផ្សេងៗទៀត ដែលរមាស់នៅលើក្បាលហ្នឹង! អេសមក អាហ្នឹងប៉ះពាល់ច្រើនណាស់ ហើយយើងគួរណាតែឧស្សាហ៍បាចទឹក នៅលើផ្លូវដែលហ៊ុយហ្នឹង! នៅមុខផ្ទះគាត់ហ្នឹង»។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលទៅត្រួតពិនិត្យឡើងវិញនៃការជួសជុលផ្លូវជាតិលេខ៤ បានថ្លែងថា គម្រោងលើកកម្ពស់​គុ​ណភាពផ្លូវជាតិលេខ៤ ឱ្យប្រសើរឡើងវិញនេះ ទទួលបានហិរញ្ញប្បទានពីធនាគាពិភពលោ​​ក (W​​o​r​​ld Bank)ជាង១១០លានដុល្លារអាមេរិក។លោកបន្តថា ផ្លូវផ្លូវជាតិលេខ៤ នេះដែលមា​នប្រវែង សរុប ១៩៦គីឡូម៉ែត្រ នឹងសាងសង់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ដោយត្រូវព​​ង្រី​​កទទឹងផ្លូវរហូតដល់១០ម៉ែត្រ ដែលពីមុនមានទំហំប្រមាណទទឹង៧ម៉ែត្រ។

បើទោះជាផ្លូវនេះ ត្រូវដាក់ឱ្យស្ថិតក្រោមការស្តារនូវកម្រិតគុណភាពឡើងវិញក៏ដោយចុះ ក៏ផលលំ​​​បា​ក​​ដែលបណ្តាលមកពីផ្លូវខូច និងរថយន្តដឹកលើសចំណុះគ្រប់ប្រភេទ មានដឹកដី ខ្សាច់ ថ្ម និង​​ទំ​​និ​ញផង វានៅតែជាបន្ទុក និងបញ្ហាដោះមិនចេញ សម្រាប់ពលរដ្ឋដែលនៅរស់នៅអមសង្ខាងផ្លូវ និ​ងអ្នកធ្វើដំណើរ​​ឆ្លង​​កា​ត់​​ដូចមុនដដែល ៕