ក្រុមមេដឹកនាំសហជីព តំណាងអង្គការផ្នែកសិទ្ធិមនុស្ស យុវជន និងកម្មករនិយោជិតប្រមាណ ៣០០នាក់ បានជួបជុំគ្នា ប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា នៅមុខរដ្ឋសភា ដើម្បីសម្តែងមតិពីបញ្ហាប្រឈមរបស់កម្មករ និងបានដើរជាក្បួន ទៅគោរពរូបសំណាក លោក ជា វិជ្ជា ដែលត្រូវឃាតកបាញ់សម្លាប់កាលពីជិត ២០ឆ្នាំមុន។
ក្បួនដង្ហែនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមរុំក្រណាត់ពណ៌ទឹកប៊ិចជុំវិញក្បាល សរសេរអក្សរពណ៌ស ថា «ជីវិតថ្លៃថ្នូរ» និងលើកបដាព្រោងព្រាតស្រែកទាមទារឱ្យរដ្ឋាភិបាលគិតគូរលើកកម្ពស់សិទ្ធិកម្មករ បានមកដល់ទីតាំងរូបសំណាក លោក ជា វិជ្ជា នៅខាងលិចវិមានឯករាជ្យ។
ក្រុមមេដឹកនាំសហជីពឯករាជ្យដែលសកម្មក្នុងការទាមទារសិទ្ធិសេរីភាពឱ្យកម្មករ បានលើកឡើងថា លោក ជា វិជ្ជា គឺជាសកម្មជនសហជីពដ៏ឆ្នើមមួយរូប បានពលីជីវិតក្នុងបុព្វហេតុការពារសិទិ្ធសេរីភាពកម្មករនិយោជិតគ្រប់វិស័យ។ ពួកគេបានបង្ហាញឆន្ទៈរបស់ខ្លួន ដើរតាមគំរូលោក ជា វិជ្ជា ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយវិវាទការងារ និងលើកកម្ពស់សិទ្ធិកម្មករ និងសហជីព ឱ្យស្របតាមរដ្ឋធម្មនុញ្ញបានកំណត់ ទោះបីប្រឈមសុវត្ថិភាពផ្ទាល់ខ្លួនក៏ដោយ។
មេដឹកនាំសហជីពជាស្រ្តី អ្នកស្រី យ៉ាង សុភណ្ឌ វ័យ ៤០ឆ្នាំ បានក្លាយជាប្រធានសហព័ន្ធសហជីពកម្ពុជា ក្នុងឆ្នាំ២០១២។ អ្នកស្រីមានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំសហជីពស្រ្តីមួយរូប អ្នកស្រីធ្លាប់ទទួលបានការបៀតបៀនលើរាងកាយ និងពាក្យសម្តីប្រមាថពីសំណាក់ថៅកែ និងអាជ្ញាធរ ក្នុងពេលធ្វើសកម្មភាពទាមទារដំណោះស្រាយឱ្យកម្មករ នាពេលកន្លងមក។ ក្រៅពីនោះ ការចោទប្រកាន់ពីបទញុះញង់បង្កភាពអសន្តិសុខក្នុងសង្គម និងលិខិតព្រមាន ពីសំណាក់អាជ្ញាធរ និងថៅកែរោងចក្រ បានធ្លាក់មកលើ អ្នកស្រី យ៉ាង សុភណ្ឌ ជាហូរហែ។
អ្នកស្រីនិយាយថា៖ « [បណ្តឹង] មានទាំងអាជ្ញាធរ មានខាងសមាគម GMAC (សមាគមរោងចក្រកាត់ដេរកម្ពុជា) មានទាំងថៅកែ និយាយរួមទៅគ្រប់ មានបណ្តឹងខ្លះគេប្តឹងរួមគ្នា»។
មេដឹកនាំសហជីពជាស្រ្តីរូបនេះ ធ្លាប់បានទទួលការបណ្តុះបណ្តាលពីច្បាប់ការងារ សិទ្ធិសេរីភាពកម្មករ ច្បាប់បង្កើតសហជីព ជាដើម ដោយផ្ទាល់ពីលោក ជា វិជ្ជា ផងដែរ។ អ្នកស្រី បានរំឭកពីវីរភាពរបស់លោក ជា វិជ្ជា ថា នៅពេលលោក ជា វិជ្ជា មានជីវិត បានដឹកនាំកម្មករនិយោជិត ឱ្យមានសម្លេងក្នុងសង្គម ជាពិសេស គឺបានជំរុញទៅកាន់រដ្ឋាភិបាលដោះស្រាយបញ្ហាលំបាករបស់ក្រុមកម្មករបានយ៉ាងច្រើននាកន្លងមក។ អ្នកស្រី បានចាត់ទុក លោក ជា វិជ្ជា គឺជានិមិត្តរូបរបស់គាត់ និងប្តេជ្ញាបន្តបេសកម្មរបស់ខ្លួនបន្តទៀតដើម្បីលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិតនៅកម្ពុជា ទោះបីជាកំពុងប្រឈមផ្លូវច្បាប់ក៏ដោយ។
អ្នកស្រីថា៖ «ខ្ញុំនៅតែបន្តបេសកម្មភាពសហជីពរបស់ខ្ញុំ។ ទៅមុខទៀតខ្ញុំឈរ លើមាគ៌ាមួយជ្រោមជ្រែងកម្មករនិយោជិត ដើរតាមមាគ៌ា របស់លោក ជា វិជ្ជា ដែលគាត់ខំបង្រៀន បណ្តុះបណ្តាលពួកខ្ញុំកន្លងមក»។
យ៉ាងណាក្តី សម្រាប់អ្នកស្រី យ៉ាង សុភណ្ឌ សង្កេតឃើញថា ក្នុងរយៈពេលជិត ២០ មកនេះ សំណុំរឿងក្តីឃាតកម្មលើលោក ជា វិជ្ជា មិនទាន់មានយុត្តិធម៌នៅឡើយ។ អ្នកស្រីថា រដ្ឋាភិបាលហាក់មិនមានចេតនា ស្វែងរកឃាតកពិតដែលបានបាញ់សម្លាប់ លោក ជា វិជ្ជា យកមកដាក់ទោសតាមផ្លូវច្បាប់នោះទេ។
អ្នកស្រីថា៖ «ខ្ញុំមិនដឹងថា គាត់ [រដ្ឋាភិបាល] ប្រើប្រាស់ការស៊ើបអង្កេតប៉ុន្មានឆ្នាំទៀតបានរកឃាតកឃើញ! កន្លែងនេះហាក់ដូចជាមិនសូវជាមានការអើពើនៅក្នុងការរកឃាតកទេ»។
លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់ចំសៀតផ្កា និងដើមទ្រូង ស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយ ក្រោយវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ ករណីឃាតកម្មលើ លោក ជា វិជ្ជា កើតឡើង បន្ទាប់ពីលោកបានទទួលរងការគំរាមសម្លាប់ ពីជនមិនស្គាល់មុខ ជាបន្តបន្ទាប់ ចំពោះសកម្មភាពដែលលោកការពារប្រយោជន៍ និងសិទ្ធិសេរីភាពឱ្យកម្មករនិយោជិត។
ក្រោយករណីឃាតកម្មនេះ សមត្ថកិច្ចបាន ចាប់ជនសង្ស័យពីររូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលជាប់ពាក់ព័ន្ធការបាញ់សម្លាប់លោក ជា វិជ្ជា។ តុលាការកាត់ទោសបុគ្គល ២រូបនេះ ឱ្យជាប់ពន្ធនាគារ ចំនួន២០ឆ្នាំ ពីបទ «ឃាតកម្មដោយចេតនា» ប៉ុន្តែត្រូវបានតុលាការកំពូលដោះលែង និងរួចផុតពីការចោទប្រកាន់វិញ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីពួកគេត្រូវជាប់ពន្ធនាគារជាង៥ឆ្នាំ ដោយតុលាការកំពូលសំអាងថា អ្នកទាំងពីរគ្មានកំហុស។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះហត្ថលេខាឱ្យសាងសង់រូបសំណាកលោក ជា វិជ្ជា ឈរកាន់មេក្រូបែរមុខទៅទិសខាងលិច នៅលើសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងកែងវត្តលង្កា ចម្ងាយប្រមាណ ៥០ម៉ែត្រ ពីកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ជា វិជ្ជា។
កំពុងអង្គុយក្បែររូបសំណាក លោក ជា វិជ្ជា ដែលសង់នៅលើសួនខាងលិចវិមានឯករាជ្យ ប្រធានសហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល និយាយថា ក្នុងនាមជាមនុស្សជំនាន់ក្រោយ លោកមិនអាចបំភ្លេចគុណរបស់លោក ជា វិជ្ជា បានទេ។ លោកថា បើមិនមានលោក ជា វិជ្ជា ទេក៏មិនមានក្រុមមេដឹកនាំសហជីពផ្សេងទៀតមកដល់បច្ចុប្បន្ននេះដែរ។
លោកនិយាយថា ៖ «យើងមើលឃើញ វីរភាព គំរូល្អ [លោក ជា វិជ្ជា] យើងតែងតែមករំឭកដឹងគុណ គាត់ជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ ទិវាពលកម្មអន្តរជាតិ យើងមកគោរពទៀត ដើម្បីបង្ហាញការគោរព ដោយសារគាត់លះបង់អាយុជីវិត ដើម្បីបុព្វហេតុ ដើម្បីសេរីភាពរបស់កម្មករ»។
បើតាម លោក ទូច កុសល ដែលសកម្មក្នុងការងារលើកកម្ពស់សិទ្ធិកម្មករ បានប្រាប់ថា លោកកំពុងជាប់បណ្ដឹង ចំនួន ១ ក្នុងពេលបច្ចុប្បន្ន ក្រោមបទចោទ ញុះញង់ឱ្យកម្មករធ្វើកូដកម្មខុសច្បាប់ ដែលកំពុងដំណើរការនៅតុលាការដំបូង ក្នុងខេត្តសៀមរាប។ បណ្តឹងនេះ គឺក្រោយពេលលោកដឹកនាំបុគ្គលិករបស់សណ្ឋាគារមួយឈ្មោះ ឡឺម៉េរីឌានអង្គរ ធ្វើកូដកម្ម ក្រោយពេលពួកគេត្រូវថៅកែបញ្ឈប់ជាបន្តបន្ទាប់ និងមិនមានការទូទាត់សំណងតាមច្បាប់ការងារ ក្នុងឆ្នាំ២០២០ កន្លងទៅ។
លើសពីនេះ ក្រសួងការងារ ក៏ធ្លាប់បានចេញលិខិតមួយកាលពីខែតុលា ឆ្នាំ២០២០ ដោយចោទ លោក ទូច កុសល ថា បានដឹកនាំកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មខុសច្បាប់ និងព្រមានរំលាយស្ថាប័នសហជីព របស់លោក ទូច កុសល ថែមទៀតផង។ ករណីចោទប្រកាន់នេះ លោក ទូច កុសល លើកឡើងថាជារឿងអយុត្តិធម៌ មិនមានហេតុផលច្បាស់លាស់។
បើតាមលោក ទូច កុសល រៀបរាប់បន្តថា ដំណើរជីវិតក្នុងនាមជាមេដឹកនាំសហជីពមួយរូប គឺមិនមានសុវត្ថិភាពនោះទេ ដោយថា ទាំងរដ្ឋាភិបាល និងក្រុមនិយោជក តែងតែលាបពណ៌ ក្រុមសហជីពឯករាជ្យថា ជាក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។ លោកថា សកម្មភាពដែលលោកបានធ្វើនាពេលកន្លងមក គឺដើម្បីភាពយុត្តិធម៌តែប៉ុណ្ណោះ។
លោកថា ៖ «យើងប្រឆាំងដែរ តែប្រឆាំងជាមួយនិយោជកដែលគាត់ធ្វើមិនត្រឹមត្រូវ»។
យ៉ាងណាក្តី លោកបានបង្ហាញឆន្ទៈថា មិនបោះបង់ការងាររបស់ខ្លួននោះទេ ទោះបីជាប្រឈមការចោទប្រកាន់តាមផ្លូវតុលាការក៏ដោយ ដោយលោកចង់ឃើញកម្មករនិយោជិតទទួលបានការគាំពារពេញលេញ ដោយគ្មានការរំលោភបំពានគ្រប់រូបភាពក្នុងពេលបំពេញការងារ។
លោកបន្តថា៖ «ខ្ញុំចង់ឱ្យទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល ទាំងក្រសួងការងារ ទាំងស្ថាប័នពាក់ព័ន្ធគឺមេត្តាដោះស្រាយទុក្ខលំបាករបស់កម្មករ»។
មាត្រា៦ នៃច្បាប់ស្តីពីសហជីព បានចែងថា កម្មករនិយោជិត ឬនិយោជកទាំងអស់ ដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សនៈនយោបាយ សញ្ជាតិ ដើមកំណើតសង្គម ឬស្ថានភាពសុខភាព មានសិទ្ធិចូលជាសមាជិកសហជីព ឬសមាគមនិយោជក ដោយសេរីតាមជម្រើសរបស់ខ្លួន។ គ្មានបុគ្គលណា រួមទាំងសហជីពផង អាចរារាំងដល់សិទ្ធិនេះបានឡើយ។
ក្នុងខូបលើកទី១៣៧ នៃ ទិវាពលកម្មអន្តរជាតិ ក្នុងឆ្នាំ ២០២៣ នេះ ក្រុមសហជីពឯករាជ្យ រួមជាមួយអង្គការផ្នែកសិទ្ធិមនុស្សបានរួមគ្នាដាក់ញ្ញត្តិទៅកាន់រដ្ឋសភាជាតិផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលកន្លងមក។
បើតាមញ្ញត្តិដែល Newsroom Cambodia ទទួលបាន ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានករណីបណ្តឹងសរុបចំនួន ៥៨ករណី រួមទាំងករណីព្រហ្មទណ្ឌ និងស៊ីវិល ប្រឆាំងថ្នាក់ដឹកនាំ និងសកម្មជនសហជីព មិនទាន់ត្រូវដោះស្រាយនៅឡើយ។
ក្នុងនោះសហជីពមូលដ្ឋានជាង ១០ កំពុងជួបប្រទះឧបសគ្គចុះបញ្ជីក្នុងក្រសួងការងារ និងមានថ្នាក់ដឹកនាំសហជីព និងស្ថាបនិកសហជីព សរុបជាង ៥០ករណី ត្រូវបានបញ្ឃប់ពីការងារដោយការរើសអើង និងត្រូវចាត់ទុកថាជារឿងបុគ្គលដែលនាំឱ្យប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់កម្មករ និងសិទ្ធិនៃការបង្កើតសហជីព។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនអាចសុំការឆ្លើយតបបានទេ ដោយទូរសព្ទចូលជាច្រើនលើកមិនមានអ្នកទទួល ខណៈអ្នកសារព័ត៌មានបានផ្ញើសំនួរតាមប្រព័ន្ទតេឡេក្រាម មិនមានការឆ្លើយតប។
យ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឆ្លើយតបយ៉ាងខ្លីថា គណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង នៃរដ្ឋសភាបានទទួលញត្តិរបស់ក្រុមសហជីព រួចរាល់ហើយ ដោយលោកកមិនទាន់អាចបញ្ជាក់ព័ត៌មានបន្ថែមបាននៅឡើយទេ។
លោកថា៖« គណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង គេបានទទួលអស់ហើយ ហើយគេចាត់ការយ៉ាងម៉េច ខ្ញុំមិនហ៊ាន និយាយជំនួសគេទេ!»។
Newsroom Cambodia ព្យាយាមសុំការបកស្រាយបន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជុំវិញការចោទប្រកាន់ការថា សំណុំរឿងក្តីលោក ជា វិជ្ជា នៅតែមិនទទួលបានយុត្តិធម៌ ប៉ុន្តែលោកមិនទទួលទូរសព្ទ។ អ្នកសារព័ត៌មានបានផ្ញើសំនួរតាមប្រព័ន្ធតេឡេក្រាម ក៏មិនមានការឆ្លើយតប។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។
អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា។
យ៉ាងណាក្តី កម្មការិនីនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ អ្នកស្រី សែម ស្រីនី វ័យ ៤០ឆ្នាំ ដែលដើរហែរក្បួន ទៅគោរពរូបសំណាក លោក ជា វិជ្ជា ដែរនោះ និយាយថា វត្តមានសហជីពនៅក្នុងកន្លែងការងារ ពិតជាមានតួនាទីយ៉ាងសំខាន់សម្រាប់កម្មករ។
អ្នកស្រីថា សហជីពឯករាជ្យបាន ការពាសិទ្ធិកម្មករនិយោជិតពីការបំពានពីសំណាក់ថៅកែរោងចក្រ ដូចជា ការរំលោភច្បាប់ការងារ ការប្រើប្រាស់សម្តីជេប្រមាថលើកម្មករ និងការបញ្ឈប់កម្មករដោយគ្មានការទូទាត់សំណង ជាដើម។
អ្នកស្រីថា៖«ពេលដែលខ្ញុំមានបញ្ហាគាត់ [សហជីព] ចេញមុខជួយ។ ជួយដោះស្រាយ ថាមិនឱ្យ [ថៅកែ] ចិន សម្តីលើសលួសមក [លើ] កម្មករ កម្មការិនី អ្នកដេរទាំងអស់ខ្លាំងៗទេ ដូចថា និយាយអីត្រូវតែមានហេតុផល ត្រូវប្រើឥរិយាបថក្នុងការនិយាយ យើងមានសិទ្ធិដូចគ្នា»៕