សកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍នៅមូលដ្ឋាន បានអះអាងពីការ រកឃើញបទល្មើសកាប់ឈើថ្មីៗ ជាហូរហែ នៅតំបន់ព្រៃព្រះរកាជិត ៣០០ករណីក្នុងរយៈពេល២ខែចុងក្រោយនេះ។ ភស្តុតាងដែលក្រុមសកម្មជនបានរកឃើញ ភ្ជាប់ជាមួយរូបភាពដើមឈើប្រណីតៗដែលត្រូវបានកាប់ផ្តួលពេញព្រៃ បានផ្សព្វផ្សាយលើបណ្តាញសង្គមដូចទឹកបាក់ទំនប់ ប៉ុន្តែតែងតែត្រូវច្រានចោលដោយអាជ្ញាធរពាក់ព័ន្ធ។
ជនជាតិដើមភាគតិចកួយដែលតែងតែចុះល្បាតព្រៃព្រះរកា លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់ថា៖ «អ្នកកាប់ឈើសុទ្ធតែជាអ្នកមានខ្នង មានថៅកែនៅពីក្រោយខ្នងដើម្បីងាយស្រួលដល់ការកាប់ឈើរបស់ពួកគាត់។ ពេលយើងចុះទៅ អ្នកកាប់ឈើហ្នឹងអត់ខ្លាចរអា[ទេ] »។
យុវជនវ័យ២៤ឆ្នាំ រស់នៅភូមិប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រូបនេះ សង្កេតឃើញថា មន្រ្តីបរិស្ថានខេត្តបានព្យាយាមបិទបាំងព័ត៌មានពិតដែលប្រជាសហគមន៍បានរកឃើញពីបទល្មើសកាប់ឈើក្នុងព្រៃព្រះរកា។ លោកចាត់ទុកថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺជាផ្លូវមួយរបស់មន្រ្តីខិលខូចទាំងនោះ អាចប្រព្រឹត្តអំពើពុករលូយបានយ៉ាងងាយ ដែលបានដើរផ្ទុយពីច្បាប់ដែលរដ្ឋាភិបាលតាក់តែងឡើងដើម្បីការពារព្រៃឈើ។
លោកបន្តថា៖ «ខ្ញុំធ្លាប់សួរអ្នកដឹកអ្នកអីគេថា ឈើនេះមានថៅកែគេត្រូវបង់លុយឱ្យ[មន្រ្តី] បរិស្ថានមួយខែប៉ុន្មានៗ អារឿងហ្នឹងពុករលុយខ្លាំងមែនទែន! »។
តំបន់ដែនជម្រកសត្វព្រៃព្រះរកា មានទំហំ ៩៦ ០០០ហិកតា ស្ថិតនៅភូមិសាស្ត្រ ក្នុងខេត្តព្រះវិហារ គ្របដណ្តប់លើស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ ព្រៃអភិរក្សមួយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃដែលត្រូវបានការពារកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
ទោះបីជាព្រៃឈើដែលមានទំហំជិត ១០ម៉ឺន ហិកតាមួយនេះ បានដាក់ជាព្រៃត្រូវបានការពារទៅហើយក្តី ប៉ុន្តែអ្នកឈឺឆ្អាលបញ្ហាព្រៃឈើ ចាត់ទុកថា ភាពហិនហោចក្នុងព្រៃព្រះរកា ដោយសារភាពអសកម្មរបស់អាជ្ញាធរទទួលបន្ទុកការពារព្រៃឈើ ពិសេសការទទួលសំណូកពីជនល្មើសដែលបង្កក្តីបារម្ភវិនាសកម្មព្រៃឈើជៀសមិនផុត។
ប្រជាសហគមន៍ដែលសកម្មចុះល្បាតព្រៃ លោក ខាក់ ភារិទ្ធម៉ាស៊ី សង្តេតឃើញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រៃឈើកាន់តែហិនហោចទៅៗ ដោយរងការកាប់ទន្ទ្រាន ជាហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុ និងបាត់បង់មុខរបរអ្នកភូមិដែលធ្លាប់អាស្រ័យផលដូចជា ការចៀរជ័រច្បោះ ដកផ្សិត ជីកទំពាំង និងរកឃ្មុំ ជាដើម។
លោកថា៖ «[១០ឆ្នាំមុន] ព្រៃឈើចាប់ផ្តើមពីម៉ោង៥ [ទាបភ្លឺ] ទៅ មើលផ្លូវអត់ឃើញទេ! ដោយសារតែព្រៃឈើវាគ្របដណ្តប់។ ដល់ពេលឥលូវស្រឡះ [ដើមឈើ] លើអស់! ម៉ោង៧ [ព្រឹក] ម៉ោង៦ [ព្រឹក] ក៏នៅមានពន្លឺព្រះអាទិត្យចាំងមកឃើញផ្លូវដែរ»។
ជុំវិញក្តីបារម្ភពីភាពមហន្តរាយនៃព្រៃឈើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ថ្លែងដាក់អាយុជីវិត ដោយអះអាងថា លោកនឹង «កាត់កគ្រវាត់ចោល» បើមិនអាចទប់ស្តាប់ការបំផ្លាញព្រៃឈើពីសំណាក់ឈ្មួញធំៗដែលសំងំរកស៊ីឈើខុសច្បាប់បាននោះទេ។
ប៉ុន្តែផ្ទុយពីការប្តេជ្ញានេះ ប្រជាសហគមន៍នៅមូលដ្ឋាន និងសកម្មជន ដែលចុះល្បាតព្រៃដោយផ្ទាល់ បានបន្តរកឃើញ ការកាប់ទន្ទា្រនផ្តូលដើមឈើប្រណីតៗជាបន្តបន្ទាប់ក្នុងតំបន់ព្រៃអភិរក្ស។ ម៉្យាងវិញទៀត សកម្មជន ព្រៃឈើ ក៏តែងតែទទួលការរារាំងមិនឱ្យពួកគេចូលរួមចុះល្បាតព្រៃឈើថែមទៀតផង។
ជាក់ស្តែង នៅថ្ងៃទី២៣ ដល់២៥ ខែមីនា ឆ្នាំ២០២៣ ប្រជាសហគមន៍នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ បានរកឃើញ មានបទល្មើសកាប់ឈើថ្មីជិត ២០០ករណី។ លុះក្រោយមក ពោលគឺនៅថ្ងៃទី១៩ ដល់២១ ខែមេសា ឆ្នាំ២០២៣ ពួកគេថា បានរកឃើញបទល្មើសជិត ៣០ករណី បន្ថែមទៀត ដែលជាប្រភេទឈើ ផ្តៀក គគីរ ក្រឡាញ់ និងឈើទាលត្រូវបានកាប់ផ្តួល ក្នុងព្រៃព្រះរកា។ ឈើដែលបានកាប់ផ្តួលមានមុខកាត់ ៥០សង់ទីម៉ែត្រ ដល់ ៣០០សង់ទីម៉ែត្រ។
ជាមួយគ្នានេះ ប្រជាសហគមន៍ឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបណ្ដេញសហគមន៍ជនជាតិដើមភាគតិចកួយ និងសកម្មជនបរិស្ថាន ចំនួន ១៥នាក់មិនឱ្យចុះល្បាតព្រៃ នៅត្រង់ចំណុចអូរតាមាក់ក្នុងដែនជម្រកសត្វព្រៃព្រះរកា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ប្រជាសហគមន៍រស់នៅភូមិប្រមេរុ លោក ងន ហ៊ីម វ័យ ២៩ឆ្នាំ ដែលត្រូវបានមន្រ្តីបរិស្ថានហាមឃាត់ក្នុងពេលចុះល្បាតព្រៃ បង្ហាញការសោកស្តាយ ដែលអាជ្ញាធរបានរារាំងពលរដ្ឋដែលមានបំណងចូលរួមថែរក្សាព្រៃឈើមិនឱ្យបាត់បង់។ លោកថា ទោះបីមានការរឹតត្បិតសេរីភាពមិនឱ្យប្រជាសហគមន៍ចុះល្បាតព្រៃក៏ដោយ ប៉ុន្តែលោកនៅតែប្តេជ្ញាចិត្តបន្តសកម្មភាពស្ម័គ្រចិត្តក្នុងកិច្ចការថែរក្សាបរិស្ថានមួយនេះ។
លោកបន្តថា៖ «មែនទែនទៅ ពេលខ្លះយើងអស់សំណើច ខ្លួនឯងដែរ ជាអ្នកការពារបែរជាត្រូវបានគេមកឃ្លាំមើល គេមកដេកចាំ យើងអត់បាននៅផ្ទះ បែរជាគេមកសួររកយើង ទៅណា! វាហួសចិត្តនៅត្រង់ចំណុចហ្នឹង!»។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០១ ចែងថា សកម្មភាព ដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋបាលព្រៃឈើ ដូចជាផ្តល់ការអនុញ្ញាតដល់អាជីវកម្មឈើខុសច្បាប់ ការចូលរួមដោយផ្នែកឬទាំងស្រុងក្នុងអាជីវកម្មព្រៃឈើខុសច្បាប់។ ការអនុគ្រោះចំពោះបទល្មើសណាមួយ ការមិនព្រមរាយការណ៍ ឬដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើ ក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា ព្រមទាំងការធ្វេសប្រហែសក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មាននូវរបាយការណ៍ក្លែងបន្លំជាដើមនោះ ត្រូវបានចាត់ទុកថាជាបទល្មើស។
បទល្មើសទាំងនេះត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីរដ្ឋបាលព្រៃឈើជាប់គុកពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី១០លានរៀល ទៅ១០០លានរៀល។
ចំណែក រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា យល់ឃើញថា បទល្មើសដែលកំពុងកើតមាននៅក្នុងព្រៃអភិរក្ស មិនថា តំបន់ព្រៃព្រះរកា ព្រៃឡង់ និងព្រៃផ្សេងៗទៀត នោះទេ គឺកើតមានឡើងដោយសារតែអំពើពុករលួយរបស់មន្រ្តីនៅមូលដ្ឋានដែលបានទទួលលុយពីឈ្មួញរកស៊ីឈើជាថ្នូរនឹងការបើកដៃឱ្យជនល្មើសដឹកឈើចេញដោយចំហ។
លោកថ្លែងថា «បើសិនគ្មានអំពើពុករលុយ ពួកហ្នឹង [ជនល្មើស] មិនអាចដឹកឈើចេញពីព្រៃស្រួលបានទេ! ព្រោះដឹកឈើ គឹមិនមែនច្រកតាមហោប៉ៅទេ! ដឹកតាមគោយន្តដឹកតាម[រថយន្ត]យីឌុបជាដើម!»។
លោកបានផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព គឺត្រូវការមន្រ្តីដែលមានឆន្ទៈពិតប្រាកដគិតប្រយោជន៍ជាតិជាធំ និងការបង្កើតក្រុមចុះត្រួតពិនិត្យឯករាជ្យក្នុងព្រៃដោយផ្ទាល់ ជាពិសេសគឺ ការបើកសិទ្ធិឱ្យបានទូលំទំលាយសម្រាប់សកម្មជនព្រៃឈើបានចុះល្បាតព្រៃឡើងវិញផងដែរ។
លោកបន្ថែមថា៖ «ការបើកសិទ្ធិសេរីភាពឱ្យសាធារណៈ ឬក៏សហគមន៍មូលដ្ឋានហ្នឹង! បានចុះល្បាតព្រៃ ជាការរួមចំណែក សំខាន់ណាស់ក្នុងការកាត់បន្ថយ ការកាប់បំផ្លាញព្រៃឈើ»។
Newsroom Cambodia បានព្យាយាមសុំការឆ្លើយតបពី អភិបាលខេត្តព្រះវិហារ លោក គឹម ភារិទ្ធិ ប៉ុន្តែលោកអះអាងថា រវល់ប្រជុំ។ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងជាបន្តបន្ទាប់ ប៉ុន្តែលេខទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុង ច័ន្ទសុជាតិ មិនអាចសុំការឆ្លើយតបបានឡើយដោយទូរសព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
យ៉ាងណាក្តីប្រធានមន្ទីបរិស្ថានរូបនេះតែងតែច្រានចោល ដោយមិនទទួលស្គាល់របាយការណ៍រកឃើញបទល្មើសកាប់ឈើពីប្រជាសហគមន៍ ដោយថា គ្មានមូលដ្ឋានច្បាស់លាស់។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បង្ហាញថា ព្រៃឈើចំនួន៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរកា។ ប្រភពដដែលរកឃើញថា អាជ្ញាធរពាក់ព័ន្ធ មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យកម្លាំងអាវុធហត្ថ ១៥០នាក់ ប្រតិបត្តិការបង្ក្រាបដោយប្រើកាំភ្លើង និងឈានដល់ការប្រើប្រាស់រថពាសដែក បាញ់តបទៅក្រុមជនល្មើសកាប់ព្រៃនៅតំបន់ព្រៃឡង់ ដោយគ្មានការលើកលែង ។
ចំណាត់ការនេះធ្វើឡើង ក្រោយមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមាន គោយន្តរាប់សិបគ្រឿងតម្រៀបជូរគ្នាដឹកឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ ប្រៀបដូចក្បូនដង្ហែអង្គកថិនទាន។
ជាមួយគ្នានេះ បណ្តាញសហគន៍ព្រៃព្រះរកា បានចេញសេចក្តីថ្លែងការណ៍មួយ សាទរចំពោះចំណាត់ការរបស់លោក សៅ សុខា ដែលបានបង្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។បន្ថែមលើនេះសេចក្តីថ្លែងការណ៍ដដែល បានស្នើឱ្យរដ្ឋាភិបាលបើកចំហសិទ្ធិឱ្យទូលាយសម្រាប់សកម្មជនបរិស្ថាន ជាពិសេសជនជាតិដើមភាគតិចចូលរួមការពារព្រៃព្រះរកាជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាឱ្យព្រៃឈើកាន់តែនៅគងវង្ស។
ជុំវិញការស្នើសុំនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានឆ្លើយតបតយ៉ាងខ្លីថា ក្រសួងបរិស្ថាន តែងតែគាំទ្រពលរដ្ឋគ្រប់និន្នាការដែលមានបំណងចូលរួមសកម្មភាពការពារព្រៃដោយមិនមានការហាមឃាត់នោះទេ។
លោកថា៖ «យើងស្វាគមន៍រាល់ការចូលរួម របស់សាធារណជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍ផ្សេងៗនៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយការចូលរួមនោះឱ្យស្របតាមច្បាប់ បើស្របតាមច្បាប់យើងស្វាគមន៍»។
ទោះបីជាបែបណាក្តី សម្រាប់សកម្មជនការពារព្រៃឈើ លោក ម៉ា ចិត្រា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបន្តសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើជាអចិន្ត្រៃយ៍ជៀសវាងការធ្វើសកម្មភាពតែមួយពេលៗ ជាពិសេសដើម្បីទាក់ទាញសន្លឹកឆ្លោតមុនការបោះឆ្នោតមកដល់។ មូយវិញទៀតលោកថា ត្រូវចាប់បុគ្គលដែលនៅពីក្រោយបទល្មើសកាប់ឈើនេះរួមមានមន្រ្តីទទួលសំណូក និងឈ្មួញឈើធំៗ ជាជាងចាប់បានតែពលរដ្ឋតូចតាចដែលគ្រាន់តែស៊ីឈ្នួលដឹកឈើ ប៉ុណ្ណោះ។
លោកថ្លែងថា៖ «ត្រូវរកអ្នកដែលទិញ ត្រូវរកឈ្មួញកណ្តាល! វាអាចថា ជាអ្នកមានអំណាច ក៏បុគ្គលដែលមានលុយមួយចំនួនជាអ្នកបញ្ជាពួកគាត់ទៅ។ អ៊ីចឹងត្រូវរកអ្នកហ្នឹងមកកាត់ទោស បានអាចកាត់បន្ថយការ កាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃបាន»៕