គ្រឿងចក្រជាច្រើនគ្រឿង កំពុងមមារញឹកចាក់ដីលុបបឹងនៅលើទំនប់៩៤ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ដើម្បីបន្តសាងសង់ព្រលានយន្តហោះខា្នតអន្តរជាតិថ្មីមួយ ដែលកំពុងមានវិវាទដីធ្លីជាមួយអ្នកភូមិរាប់រយហិកតា។ សំឡេងគ្រឿងចក្រលាន់ឭកងរំពងទាំងនោះ បានបង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងជាសញ្ញាមួយប្រាប់ថា ពួកគេនឹងត្រូវចាកចេញពីទីកំណើតដែលធ្លាប់រស់នៅក្នុងពេលខ្លីខាងមុខនេះ។
ស្រ្ដីពពោះជិតសម្រាលកូនម្នាក់ និយាយថា៖ «ខ្ញុំខ្លាចគ្មានផ្ទះនៅ គ្មានសាលារៀនឱ្យកូនរៀន។ កូនខ្ញុំត្រូវបោះបង់ការសិក្សាទាំងវ័យក្មេង ខ្ញុំខ្លាចជាងគេបំផុត។ រាល់ថ្ងៃខ្ញុំមានតែផ្ទះចាស់មួយហ្នឹងទេ នៅជុំគ្រួសារ បើគេបណ្ដេញខ្ញុំចេញ ខ្ញុំមិនដឹងទៅណាទេ!»។
ស្រ្ដីពពោះរូបនេះមានឈ្មោះថា ង៉ោ គឹម ។ អ្នកស្រីបានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាំងការភ័យខ្លាច ពីការបណ្ដេញចេញទាំងបង្ខំ និងគ្មានសំណង។ អ្នកស្រីឱ្យដឹងថា គាត់បានមករស់នៅក្នុងភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចាប់តាំងពីដឹងក្ដីមកម្ល៉េះ ពោលគឺជាង៣០ឆ្នាំមកហើយ តាំងពីមិនមានផ្លូវត្រឹមត្រូវ មានសុទ្ធតែព្រៃ និងជាតំបន់លិចទឹក។
ពាក់រ៉ូបមានផ្កាពណ៌ក្រហម អ្នកស្រី ង៉ោ គឹម កំពុងអង្គុយលើគ្រែឈើ ដោយពីក្រោយខ្នងមានស្លាកពណ៌ក្រហមជាប់ជញ្ជាំងផ្ទះដែលបុគ្គលិកព្រលានយន្តហោះថ្មី ទើបចុះបាញ់ថ្នាំជាសញ្ញាសម្គាល់ថាត្រូវរុះរើផ្ទះចេញ។
ស្រ្តីវ័យ ៣៣ឆ្នាំ រូបនេះ បន្តរៀបរាប់ទៀតថា គាត់កំពុងព្រួយបារម្ភជាខ្លាំង ក្រោយពេលអាជ្ញាធរ និងសន្ដិសុខក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះ បានដើរបាញ់ថ្នាំសម្គាល់លេខផ្ទះ ធ្វើឱ្យអ្នកស្រីដេកមិនលក់ និងតែងតែបារម្ភពីរូបភាពនៃការបណ្ដេញទាំងបង្ខំដោយគ្មានសំណង ដូចតំបន់ផ្សេងៗទៀតដែរ។ អ្នកស្រីថា បើសិនជាគ្មានសំណង គ្មានទីជម្រកពិតប្រាកដនោះទេ គឺគ្រួសារអ្នកស្រីនឹងគ្មានអ្វីជាទីពឹងឡើយ។
អ្នកស្រី ង៉ោ គឹម ជាអ្នកលក់ដូរគ្រឿងទេសបន្ដិចបន្ដួចក្នុងភូមិ ហើយស្វាមីរបស់អ្នកស្រី ជាអ្នកធ្វើការងារសំណង់ខ្លះ និងដើរនេសាទខ្លះ គ្រាន់ចឹញ្ចឹមជីវិត។ អ្នកស្រីមានកូនក្នុងបន្ទុកចំនួន ២នាក់ និងត្រៀមសម្រាលកូនម្នាក់ទៀត។ អ្នកស្រីថា ទោះបីជាជីវភាពមិនសូវធូរធារក៏ដោយ ប៉ុន្ដែគាត់ពេញចិត្តរស់នៅក្នុងផ្ទះសង់ពីសង្ក័សីចាស់ទ្រុឌទ្រោមរបស់គាត់ ដោយថាគាត់អាចធ្វើការនៅក្បែរផ្ទះ មានសាលារៀន និងមន្ទីរពេទ្យ ជាហេតុធ្វើឱ្យអ្នកស្រីមិនចង់ចាកចេញទៅណានោះទេ។
អ្នកស្រីថា៖ «ពួកខ្ញុំ [រស់នៅ] ភូមិឃុំដឹងឮតើ! ពួកខ្ញុំមានសៀវភៅគ្រួសារ និងអត្ដសញ្ញាណបណ្ណគ្រប់ៗគ្នា។ ខ្ញុំភ័យព្រោះគេចាក់ដីលុបសងខាងអស់ហើយ ផ្ទះចង់អាលំហើយ។ ភ័យមួយទៀតឱ្យចេញអត់ទីលំនៅពិតប្រាកដ ឱ្យចេញដោយអត់សំណងឱ្យគ្នាចេញម៉េច? ចាកចេញវាអត់កើតហ្មង។ ខ្ញុំចង់ឱ្យអភិវឌ្ឍន៍នៅនឹងកន្លែង»។
នៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អ្នកស្រី ង៉ោ គឹម ពោលគឺចម្ងាយប្រមាណ១គីឡូម៉ែត្រ មានវត្ដមួយមានឈ្មោះថា ទួលតាម៉ក់ ដែលក្នុងវត្តនេះមានព្រះសង្ឃកំពុងគង់នៅចំនួន៧អង្គ។
បុរសវ័យចំណាស់ម្នាក់ដែលជាអាចារ្យប្រចាំវត្តនេះ បានប្រាប់ Newsroom Cambodia ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា គ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រុមហ៊ុនព្រលានយន្ដហោះថ្មី បានមកឈូសឆាយ និងតម្រូវឱ្យព្រះសង្ឃចាកចេញ ប៉ុន្ដែព្រះសង្ឃ និងប្រជាពលរដ្ឋ បានតវ៉ាមិនឱ្យមានការរុះរើចេញឡើយ។ អាចារ្យប្រចាំវត្តនេះ បន្តថា ខាងក្រុមហ៊ុនបានអះអាងថា វត្ត ទួលតាម៉ក់ ជាទីតាំងប៉ះចំកន្លែងសាងសង់ព្រលានយន្តហោះ។
បុរសចំណាស់រូបនេះថា៖ «មិនមែនម្ដងទេអាអូន ច្រើនដងណាស់ វាយកគ្រឿងចក្រមកកាយដើមឈើក្នុងវត្ដអស់ កុំតែបានលោកតា [ចៅអធិការវត្ដ] ខ្លាំង និងពលរដ្ឋមកជួយកុំអីគ្មានបាននៅទេអាអូន មិនដឹងលោកត្រូវទៅគង់ណាទេ»។
ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ហ៊ី ស្រីស្រស់ វ័យ៣១ឆ្នាំ ជានាយិការរង នៃសាលាបឋមសិក្សា «ទន្លេជីវិត» ស្ថិតនៅភូមិអំពៅព្រៃ ដែលជាទីតាំងត្រូវបណ្ដេញចេញដែរនោះ ក៏កំពុងបារម្ភផលប៉ះពាល់ដល់ការសិក្សារបស់កុមារផងដែរ ពេលដឹងថាទីតាំងសាលាត្រូវខាងព្រលានយន្ដហោះបាញ់ស្លាកលេខនឹងតម្រូវឱ្យរុះរើចេញ។ អ្នកស្រីបានប្រាប់ថា សាលាដែលគាត់គ្រប់គ្រងមានពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី៦ ដែលកុមារក្នុងភូមិតែងតែមករៀនជាប្រចាំ ហើយថា បើមានការរុះរើមែន កុមារនៅទីនោះនឹងប្រឈមការបោះបង់ការសិក្សា។
អ្នកស្រីថា៖ «ខ្ញុំព្រួយបារម្ភខ្លាំង ហើយខ្ញុំក៏ជាអតីតសិស្សដែលកើតចេញពីនេះដែរ។ បើសិនជាសាលាទីនេះបានរុះរើ ឬក៏មានបញ្ហាអី ក្មេងៗនឹងបាត់បង់ការសិក្សា ដោយសារសាលាផ្សេងវានៅឆ្ងាយមែនទែន»។
សម្រាប់ផ្ទះរបស់អ្នកស្រីផ្ទាល់ ក៏ត្រូវបានរងនូវការបណ្ដេញចេញផងដែរ។ អ្នកស្រី ហ៊ី ស្រីស្រស់ បាននិយាយថា គាត់ពិតជាមិនចង់ចាកចេញទៅណាទេ និងចង់បង្រៀននៅសាលាក្នុងស្រុកកំណើតរបស់គាត់តែម្ដង។
អ្នកស្រីយល់ឃើញថា ពិតណាស់ប្រទេសត្រូវការអភិវឌ្ឍ ប៉ុន្ដែរាល់ការអភិវឌ្ឍក៏ត្រូវគិតគូរការរស់នៅរបស់ប្រជាពលរដ្ឋដែរ។ អ្នកស្រីចង់ឱ្យរដ្ឋាភិបាលគិតគូរ និងសុំកុំឱ្យមានការបណ្ដេញពលរដ្ឋចេញពីស្រុកកំណើត និងលំនៅឋានដែលធ្លាប់រស់ជាច្រើនឆ្នាំមកហើយ និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យពលរដ្ឋនៅតំបន់នោះផងដែរ។
អ្នកស្រីបន្ដថា៖ «តើពួកគេនឹងមានគោលនយោបាយដោះស្រាយ ឬក៏គិតគូរយ៉ាងដូចម្តេច ទៅកាន់ប្រជាពលរដ្ឋក្នុងភូមិនេះ។ គេមកដល់គេដើរយកតែម្ដង អត់មានប្រាប់ប្រជាជនអីទេ ហើយសួរនាំក៏អត់បានដែរ។ ពួកយើងកំពុងខ្វល់ខ្វាយថានឹងមានរឿងអ្វីកើតឡើង។ ខ្ញុំចង់ឱ្យផ្ដល់ប្លង់រឹងស្របច្បាប់ និងអភិវឌ្ឍន៍នៅនឹងកន្លែងដើម្បីឱ្យពលរដ្ឋ និងសិស្សសាលាអាចបន្ដការសិក្សាបាន»។
កាលពីពេលថ្មីៗនេះ ពលរដ្ឋចំនួន ៤៧៤គ្រួសារ មកពីឃុំចំនួន២ គឺឃុំកណ្ដោក និងសង្កាត់កំពង់សំណាញ់ នាំគ្នាឡើងតវ៉ានៅមុខសាលាខេត្ដកណ្ដាល ដោយស្នើសុំជួបលោក គង់ សោភ័ណ្ឌ អភិបាលខេត្ដ ដើម្បីឱ្យបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងការបាញ់ស្លាកតាមផ្ទះ ប៉ុន្ដែមិនបានជួបដូចការគ្រោងទុក។ ក្រោយមក ក្រុមអ្នកភូមិ ក៏បានទៅប្រមូលផ្តុំនៅមុខសាលាខេត្តនោះម្តងទៀត ដោយបានស្នើអាជ្ញាធរចេញចេញបណ្ណកម្មសិទ្ធិស្របច្បាប់ និងឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្ដែមកដល់ពេលនេះ ពលរដ្ឋបានអះអាងថា គ្មានការឆ្លើយតបណាមួយពីរដ្ឋបាលខេត្ដកណ្ដាលនៅឡើយ។
យ៉ាងណា ពួកគាត់អះអាងបន្ដថា ប្រសិននៅតែគ្មានដោះស្រាយជូនពួកគាត់ទេ ពួកគាត់នឹងនាំគ្នាបន្ដទៅក្រសួងរៀបចំដែនដី ខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រសួងមហាផ្ទៃ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍។
ជុំវិញករណីនេះ លោក ហេង ចាន់ មេឃុំកណ្ដោក បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២០ ខែឧសភា ដោយលោកទទួលស្គាល់ថា ពលរដ្ឋទាំងអស់សុទ្ធតែមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ្ណស្របច្បាប់មែន ហើយអ្នកភូមិបានរស់នៅតំបន់ទំនប់៩៤ ក្នុងឃុំកណ្តោកនេះ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ តែយ៉ាងណា លោកថា ការរស់នៅលើដីនេះ គឺនៅលើតំបន់អាណាធិបតេយ្យរបស់រដ្ឋទេ ដូច្នេះមិនអាចមានប្លង់កម្មសិទ្ធិឡើយ។
លោកថា៖ «ចេញប្លង់រឹងម៉េចកើត បើដីរដ្ឋហ្នឹង ហើយពួកគាត់ក៏ដឹងថាដីរដ្ឋដែរ។ រឿងបាញ់ស្លាកលេខផ្ទះហ្នឹង ខ្ញុំក៏អត់ដឹងដែរ ព្រោះខាងស្រុក និងខេត្ដទេ ខ្ញុំបំពេញតួនាទីជាអាជ្ញាធរមូលដ្ឋានទេ។ កន្លងមក ពួកគាត់អត់ស្នើធ្វើប្លង់កម្មសិទ្ធិតាមរយៈឃុំទេ តែបើទៅខេត្ដខ្ញុំអត់ដឹងដែរ»។
ចំណែកលោក ជីវ កុកសាយ ប្រធានផ្នែកដោះស្រាយទំនាស់ដីធ្លីនៃក្រុមហ៊ុនព្រលានយន្តហោះថ្មី បានឆ្លើយតបយ៉ាងខ្លីថា រដ្ឋាភិបាលមានតួនាទីជាអ្នកដោះស្រាយបញ្ហានេះ ចំណែកក្រុមហ៊ុនគ្រាន់តែទទួលសិទ្ធិសាងសង់តែប៉ុណ្ណោះ។
លោកថា៖ «ខាងខ្ញុំអត់ដឹងទេ រដ្ឋអ្នកដោះស្រាយ ខាងក្រុមហ៊ុនគឺដឹងតែសាងសង់ទេ»។
ជុំវិញករណីនេះដែរ អភិបាលខេត្ដកណ្ដាល លោក គង់ សោភ័ណ្ឌ បានលើកឡើងថា រដ្ឋបាលខេត្ដកណ្ដាល កំពុងតែគិតគូរដោះស្រាយវិវាទដីធ្លីនេះហើយ ប៉ុន្ដែចំណាត់ការយ៉ាងណានោះ គឺរងចាំថ្នាក់លើគិតគូរបន្ត។ បន្ថែមពីនេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរផងដែរ ព្រោះគម្រោងនេះគឺគម្រោងរដ្ឋ ពេលសម្រេចបានគឺជាមុខមាត់ប្រជាជនកម្ពុជាទាំងអស់គ្នា។
លោកថា៖ «គេកំពុងគិតគូរដោះស្រាយហើយរឿងហ្នឹង មិនមែនគេទុកចោលទេប្អូន»។
មិនមែនមានតែប្រជាពលរដ្ឋរស់នៅលើតំបន់ទំនប់៩៤នោះទេ ដែលព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំ ជាក់ស្តែងកន្លងមកក៏មានប្រជាពលរដ្ឋនៅឃុំចំនួន៤ ក្នុងស្រុកបាទី ខេត្ដតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានរងនូវផលប៉ះពាល់ដីស្រែជាច្រើនហិកតា និងផ្ទះចំនួនរាប់សិបខ្នង ពីគម្រោងសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីនេះដែរ។ ជម្លោះដីធ្លីនេះ បាននាំឱ្យពលរដ្ឋទាំងនោះតែងតែនាំគ្នាតវ៉ា រហូតមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងពលរដ្ឋ និងមានការចាប់ខ្លួនដាក់ពន្ធនាគារជាដើម។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា រដ្ឋគួរតែគិតគូររកដំណោះស្រាយសមស្របណាមួយសម្រាប់ពលរដ្ឋ ទោះបីជាពួកគាត់រស់នៅស្របច្បាប់ ឬមិនស្របច្បាប់ក្តី។ លោកថា អ្នកភូមិទាំងនេះ គឺមានលិខិតបញ្ជាក់ថាពួកគាត់គឺជាជនជាតិខ្មែរ និងគួរទទួលបានសិទ្ធិស្របច្បាប់ដូចពលរដ្ឋផ្សេងទៀតដែរ។
លោកយល់ឃើញថា រដ្ឋាភិបាលមានដីសម្បទានច្រើន ដូច្នេះគួរតែផ្ដល់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានកន្លែងរស់នៅសមរម្យ ជាជាងទុកដីចោលដោយមិនធ្វើការអភិវឌ្ឍអ្វីលើដីទាំងនោះ។
លោកថា៖ «ខ្ញុំគិតថា ពួកគាត់រស់នៅស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ រដ្ឋគួរតែគិតគូរដោះស្រាយជូនពួកគាត់ទៅ។ ពលរដ្ឋគ្រប់រូបមានសិទ្ធិរស់នៅដូចពលរដ្ឋដទៃដែរ ហើយរដ្ឋអាចកាត់ឆ្វៀលដីខ្លះឱ្យពលរដ្ឋខ្លួនឯងរស់នៅបានព្រោះដីនៅសល់ច្រើនណាស់»។
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលលាតសន្ធឹងលើឃុំចំនួន៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុងកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ក្នុងស្រុកបាទី ខេត្តតាកែវ។
គម្រោងនេះ ត្រូវបានទទួលសិទ្ធសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧញ្ញា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ដែលត្រូវចំនាយទឹកប្រាក់ជាងមួយពាន់លានដុល្លារ (១ ៥០០លានដុល្លារ)។
ពាក់ព័ន្ធជម្លោះដីធ្លីក្រោមគម្រោងសង់ព្រលានយន្តនេះ ភាគីក្រុមហ៊ុនបានចេញថ្លៃសំណងឱ្យប្រជាពលរដ្ឋចំនួន ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមានការដោះដូរដី ដោយមានការយល់ព្រមពីពលរដ្ឋមួយចំនួន ប៉ុន្តែពួកគេមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់នៅឡើយទេ។ ចំណែកប្រជាពលរដ្ឋខ្លះទៀត មិនព្រមដោះដូរដីនេះទេ ដោយថាតម្លៃនេះមិនសមរម្យតាមទីផ្សារ។
ទោះយ៉ាងណាក្តី ការចុះបាញ់ថ្នាំលើផ្ទះរបស់ពលរដ្ឋជាថ្មី ដែលរួមមានផ្ទះ អ្នកស្រី ង៉ោ គឹម ផងនោះ បានបង្កក្តីបារម្ភពីការបណ្តេញចេញពីទាំងបង្ខំ ដូចករណីអ្នកភូមិផ្សេងទៀតដែលរងគ្រោះក្រោមការអភិវឌ្ឍព្រលានយន្តហោះថ្មី នាពេលកន្លងទៅ។
អ្នកស្រី ង៉ោ គឹម និយាយថា ការទុកដីឱ្យប្រជាពលរដ្ឋរស់នៅដោយទទួលបានការអភិវឌ្ឍនៅនឹងកន្លែង គឺជាជម្រើសមួយដែលអ្នកភូមិចង់បាន។
ស្រ្ដីសម្បុរខ្មៅស្រអែមរូបនេះ បន្តថា៖ «ខ្ញុំរស់នៅតាំងពីតូចៗ និយាយទៅធំដឹងក្ដីគឺនៅហ្នឹង។ ស្លាកហ្នឹងគឺខាងអាជ្ញាធរ ខាងសន្ដិសុខព្រលានគេចុះបាញ់ ពេលពួកខ្ញុំសួរនាំគេឱ្យកូពីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្ដសញ្ញាណបណ្ណ គេថាពួកខ្ញុំត្រូវរើចេញ។ ពួកខ្ញុំអត់ចង់ចាកចេញទេ ព្រោះនៅជិតបឹង ជិតអី វាស្រួលរកស៊ី សាលារៀនកូនរៀនជិត មន្ទីរពេទ្យជិត ពួកខ្ញុំអត់ចង់ទៅណាទេ!»៕