សំណុំរឿងក្តីជនដៃដល់វាយទៅលើសកម្មជនបក្សប្រឆាំងជាច្រើនរូបមុនការបោះឆ្នោតមកដល់ បានបន្សល់ទុកភាពឈឺចាប់ដល់ជនរងគ្រោះ និងជាការគំរាមគំហែងដល់សិទ្ធិម្ចាស់ឆ្នោត ក្នុងការសម្តែងមតិជ្រើសរើសមេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យ ​ក្រោយពេលអាជ្ញាធររដ្ឋាភិបាលមិនអាចរកមុខជនល្មើសឃើញ។

ក្នុងខែមេសា ឆ្នាំ២០២៣ នៅកណ្តាលចំណោមមនុស្សជាច្រើនក្នុងរាជធានីភ្នំពេញសកម្មជនគណបក្សភ្លើងទៀនម្នាក់ គឺលោក ធន ច័ន្ទថា ត្រូវបានជនដៃដល់ ៤នាក់វាយនឹងដំបងឈើជ្រុង បណ្តាលឱ្យរងរបួសបែកក្បាល និងដាច់រលាត់ស្បែក មានស្នាមជាំជាច្រើនកន្លែងលើដងខ្លួន។ ក្រោយកើតហេតុ សកម្មជនបក្សភ្លើងទៀនរូបនេះ បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានដើម្បីចាប់ជនល្មើស ប៉ុន្តែលោកថា​ យុត្តិធម៌ហាក់នៅសែនឆ្ងាយហៅលែងឮសម្រាប់ពលរដ្ឋដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលដូចជារូបលោក។

លោក ច័ន្ទថា និយាយថា៖ «យើងដាក់ពាក្យប្តឹងនៅកន្លែងដែលកើតហេតុ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់ចេញលទ្ធផលអីនៅឡើយទេ! រឿងក្រុមពួកខ្ញុំ [សកម្មជនបក្សភ្លើងទៀន] មិនថាខ្ញុំមិនថាអ្នកណាទេ គឺលទ្ធផលចុងក្រោយ មិនដែលរកជនដៃដល់ឃើញទេ»

អំពើហិង្សានេះមិនមែនជាលើកទី១ នោះទេ សម្រាប់សកម្មជនបក្សប្រឆាំងរូបនេះ។ លោកធ្លាប់បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនមិនស្គាល់មុនបានបើកម៉ូតូបំបុកលោកចំនួន ២ដង ក្នុងឆ្នាំ២០២២ កន្លងទៅ។ លុះក្រោយមកក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅម៉ោងជាង ១០យប់ មានជនមិនស្គាល់មុខជិត ១០នាក់ បានវាយលើរូបលោកដោយប្រើប្រាស់មួកសុវត្ថិភាពបង្កឱ្យមានរបួសបែកក្បាល និងជាំពេញដងខ្លួន។ លោកថា ក្នុងពេលនោះជនដៃដល់ទាំងនោះ បានគំរាមរូបលោកឱ្យឈប់រិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម និងបញ្ឈប់រាល់សកម្មភាពដែលប្រឆាំងបក្សកាន់អំណាចបើលោកចង់មានជីវិតរស់នៅបន្ត។ ប៉ុន្តែសកម្មជនបក្សជំទាស់រូបនេះ នៅតែបន្តសកម្មភាពរបស់ខ្លួនគាំទ្របក្សប្រឆាំងជាធម្មតា ដោយលោកគិតថាជារឿងត្រឹមត្រូវក្នុងសង្គមប្រជាធិបតេយ្យ។

ក្នុងពេលថ្មីៗនេះ មានជនអនាមិកស្លៀកឈុតខ្មៅចំនួន ៤នាក់ ប្រដាប់ដោយឈើជ្រុង និងដែកបំពង់ទីប បានវាយប្រហាររូបលោកសាជាថ្មី ទាំងកណ្តាលថ្ងៃត្រង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចបុរីព្រីមៀរអង្គរភ្នំពេញ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ធន ច័ន្ទថា បានឱ្យដឹងថា ជនល្មើសបានសំឡុតគំរាមរូបលោកថា ពួកគេស្តាយដែលមិនអាចសម្លាប់រូបលោកបានសម្រេចតាមការគ្រោងទុក ដោយពេលនោះមានពលរដ្ឋជាច្រើនធ្វើដំណើរទៅវិញទៅមក និងមានមនុស្សជួយពេលដែលលោកត្រូវដួលផ្ទប់នឹងថ្នល់។

លោកបន្តថា៖ «គ្នាវា៤នាក់ ក៏ជិះម៉ូតូ [ចេញ] ទៅ! វាថាឱ្យយើងហ្នឹង វាប្រើសម្តីថា យើងហ្នឹងសំណាងហើយថ្ងៃហ្នឹងអត់ងាប់»។

ក្នុងវ័យ៤៦ឆ្នាំ លោក ធន ច័ន្ទថា គឺជាសមាជិកគណបក្សភ្លើងទៀន និងជាបេក្ខភាពឈរឈ្មោះលេខរៀងទី២ ក្រុមប្រឹក្សាឃុំសង្កាត់ នៅសង្កាត់ផ្សារដេប៉ូ២ ក្នុងខណ្ឌទួ​​ល​គោ​ក។ សកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ ក្រោមបទចោទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ក្រោយពេលរូបលោករិះគន់ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដែលជាជំនួយរបស់ប្រទេសចិនផ្តល់ឱ្យប្រទេសកម្ពុជា។

លោក ធន ច័ន្ទថា បានចាត់ទុកថា រាល់អំពើហិង្សាដែលកើតមានលើសកម្មជនបក្សប្រឆាំងមុនការបោះឆ្នោតកាន់តែខិតមកដល់ គឺជាការរៀបចំទុករបស់អាជ្ញាធររដ្ឋាភិបាលដើម្បីគំរាមកំហែងដល់ម្ចាស់ឆ្នោតក្នុងបំណងកាន់អំណាចបន្តទៀត។

លោកថា៖ «និយាយទៅទិដ្ឋភាពទាំងអស់ហ្នឹង គឺគេរៀបចំគម្រោងមុន»។

សមាគមអាដហុក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឱ្យដឹងថាក្នុងរយៈពេលប្រមាណ ៣ខែ នៅដើមឆ្នាំ២០២៣ មាន​​សកម្មជន​គណបក្ស​នយោបាយ ជាពិសេសសកម្មជនបក្សភ្លើងទៀន​ចំនួន ១០នាក់ បានរងការ​វាយប្រហារ​ដោយក្រុមជន​មិនស្គាល់មុខ​ បណ្តាលឱ្យរងរបួស​ និងខ្លះរហូត​ដល់ពិការ​ភាព។

ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្សនយោបាយជាង ៤០នាក់ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ហើយមាន ម្នាក់ស្លាប់ កាលពីឆ្នាំ២០២២។ ទម្រង់នៃអំពើហិង្សាទាំងនោះ កើតឡើងនៅក្នុងរូបភាពដូចជា ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ ការវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម។

សេចក្តីថ្លែងការណ៍ដដែល ចាត់ទុកការយាយីលើរាងកាយសកម្មជនបក្សជំទាស់ ខណៈអាជ្ញាធរមិនដែលបានរកជនល្មើសឃើញ នឹងបង្កឱ្យមានអំពើនិទណ្ឌភាព និងប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនរបស់ពលរដ្ឋ ដែលបានដើរផ្ទុយពីរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ នៃប្រទេសកម្ពុជា។

ករណីស្រដៀងគ្នានេះដែរ គឺអនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន នៅខណ្ឌ​ពោធិ៍សែនជ័យ លោក នល់ ពង្ស​ធិរិទ្ធ ត្រូវ​បាន​​​ជនអនាមិកមួយក្រុម​លប​​​វាយ ទាំងកណ្តាលថ្ងៃត្រង់ ​​​​កាល​ពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២២ បណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដេរចំនួន១២ថ្នេរ។ លោក នល់ ពង្សធិរិទ្ធ ឱ្យដឹងថា ជន​ដៃដល់មាន​​​គ្នា​​​​៦នាក់ស្លៀកឈុតខ្មៅ ជិះមូតូ៤គ្រឿង ​ប្រដាប់ដោយ​​ដែក​​រលាស់​​​បានព្រួត​​​វាយ​​​រូបលោក ​នៅ​​​ភូមិ​​ព្រៃ​​​ជី​​​សាក់ សង្កាត់​​ចោម​​​ចៅ​ទី៣ ខណ្ឌ​​ពោធិ៍​​​សែន​​​ជ័យ ​​បណ្តាលឱ្យ​​បែក​ក្បាល ​​ហូរ​ឈាម​ស្រោច​​ពេញ​​ខ្លួន។ លោកបន្តថា កន្លងទៅលោកមិនដែលបង្កទំនាស់ផ្សេងៗជាមួយបុគ្គលណាម្នាក់ក្នុងសង្គមឡើយ ក្រៅតែពីធ្វើសកម្មភាពនយោបាយស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋានរួចរាល់ករណីហិង្សានេះ ប៉ុន្តែលោកថាជិតមួយឆ្នាំមកនេះ សំណុំរឿងក្តីរបស់លោកស្ងាត់សូន្យឈឹងរកពន្លឺយុត្តិធម៌មិនឃើញទេ។

លោកថា៖ «ខ្ញុំអត់មានសង្ឃឹមអីទេ សង្ឃឹមមួយក៏អត់ដែរក្នុងដប់ សង្ឃឹមតែមួយក៏គ្មានផង យើងអត់មានសង្ឃឹមទេ»។

ទម្រង់អំពើហិង្សាដូចគ្នានេះ បានកើតលើមន្រ្តីសន្តិសុខរបស់បក្សភ្លើងទៀនម្នាក់ទៀត គឺ​លោក ឃុន ស៊ីថា វ័យ ៤៧ឆ្នាំ​ បានទទួលរងការព្រួតវាយពីមនុស្សមិនស្គាល់អត្តសញ្ញាណ ២នាក់ បណ្តាលឱ្យរូបលោករងរបួស ដៃខាងឆ្វេងធ្ងន់ធ្ងរ។ ករណីមន្រ្តីសន្តិសុខម្នាក់នេះ បានកើតឡើង គឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ម៉ោងប្រហែល៤ រសៀល ដោយជនបង្ក២នាក់ បានយកដែករលាស់ព្រួតវាយលើរាងកាយរបស់លោក។ ជាមួយគ្នានេះលោក ឃុន ស៊ីថា ក៏បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធររួចរាល់ហើយដែរ ប៉ុន្តែលោកហាក់គ្មានសង្ឃឹមលើសមត្ថកិច្ចក្នុងការវែកមុខជនបង្កហេតុយកមកផ្តន្ទាទោសបានទេ។ លោកបានចាត់ទុកថា ករណីនេះជាចេតនាគំរាមផ្នែកនយោបាយដែលមានិន្នាការផ្ទុយបក្សកាន់អំណាច។

លោកថា៖ « [អំពើហិង្សាជា] រឿងនយោបាយ ដឹងស្រាប់ហើយ ចូល៦០ ​[ទៅ] ៧០នាក់ ទាំងបង! [អាជ្ញាធរមិន] ដែលទៅរកណាឱ្យឃើញ បើវាអ្នកបញ្ជាឱ្យវាយពួកយើង! ទៅរកណាឱ្យយើង! មានតែយើងប្រុងប្រយ័ត្នខ្លួនឯង ប្រយ័ត្នប៉ុណ្ណឹងហើយ នៅតែត្រូវរបស់គេទៀត»។

Newsroom Cambodia បានព្យាយាមទំនាក់ទំនង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា នៅថ្ងៃទី២១, ២២, ២៣ និង​២៤ ខែឧសភា ប៉ុន្តែប្រព័ន្ធទូរសព្ទត្រូវបានចុចផ្តាច់ជាបន្តបន្ទាប់។

ចំណែកលោក ម៉ែន ប៊ុនរិទ្ធ អគ្គលេខាធិការរង​ និងជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃ បដិសេធផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ដោយថា លោកមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយជុំវិញហិង្សាលើសកម្មជនបក្សប្រឆាំងនោះទេ។

លោកថា៖ «ប្អូន! សួរទៅអ្នកនាំពាក្យ ឯកឧត្តម ខៀវ សុភ័គ វិញគាត់ក្តាប់បានរឿងហ្នឹង ខ្ញុំក្តាប់អត់បានទេ»។

ជុំវិញករណីនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានលើកឡើងថា អំពើហិង្សាតែងតែកើតមានលើប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងសង្គមជារឿងធម្មតា មិនមែនសំដៅតែលើសកម្មជនបក្សប្រឆាំងនោះទេ។ លោកថា គ្រប់ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងសង្គមគឺតែងតែជួបករណីអសន្តិសុខផ្ទាល់ខ្លួន រួមទាំងសមាជិកបក្សកាន់អំណាចផងដែរ។ លោកបន្តទៀតថា ការចោទប្រកាន់ថា រាល់អំពើហិង្សាមានតែទៅលើសមាជិកបក្សជំទាស់នោះគឺជារឿងមិនសមហេតុផល ហើយថា ករណីហិង្សានេះគឺសមត្ថកិច្ចជំនាញត្រូវការពេលវេលាស្រាវជ្រាវបន្ថែមទៀត។

លោកថា៖ «កន្លងទៅយើងឃើញហើយតាំងពីគ្រោះថ្នាក់ចរាចរណ៍តាំងពីការរំលោភបំពាន លើរាងកាយ ដូចជាការដេញកាប់គ្នាដោយក្មេងទំនើង វាកើតឡើងមិនចំពោះតែសមាជិក សមាជិការបស់គណបក្សណាមួយទេ។ គណបក្សកាន់អំណាច ក៏មានបងប្អូនមួយចំនួន ទទួលរងគ្រោះដោយអំពើហិង្សា ដែលជាបាតុភាពអសកម្មនៅក្នុងសង្គមដែរ។ សូមឱ្យបងប្អូន ជាសកម្មជនបក្សប្រឆាំងកុំរើសដាក់ខ្លួនកុំយករឿងដោយឡែកសម្រាប់តែខ្លួនយកមកធ្វើជារឿងរួម មិនបានទេ»

ទោះជាយ៉ាងណាសម្រាប់ លោក ស៊ឹង សែនករុណា យល់ឃើញថា អាជ្ញាធររដ្ឋាភិបាលហាក់កំពុងអនុវត្តច្បាប់ដែលមានលក្ខណៈជាស្តង់ដារ២លើអំពើហិង្សាចំពោះសកម្មជនបក្សប្រឆាំង។ លោកថា ការលបវាយលើពលរដ្ឋដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល គឺជនដៃដល់តែងតែគេចខ្លួនដោយសុវត្ថិភាព ខណៈករណីដូចគ្នាលើពលរដ្ឋទូទៅផ្សេងទៀត គឺសមត្ថកិច្ចបានស្វែងរកជនបង្កហេតុយកមកផ្តន្ទាទោសបានជារឿយៗផងដែរ។

លោកថា៖ «យើងឃើញថា [សមត្ថកិច្ច[ ហាក់ដូចជាមិនមានភាពប្រាកប្រជា ក្នុងការចាប់ខ្លួន ចាត់វិធានការទៅលើជនទាំងអស់នោះទេ ទោះបីមើលឃើញថា មានទីតាំងមួយចំនួនថតបាន ស្លាកលេខ ថតបានរូបភាពវីដេអូ ជនបង្កបានផ្តល់ [បន្សល់] ទុកជាភស្តុតាងទាំងអស់នេះក៏ដោយ»។

លោកបានបន្ថែមថា ការបន្តទុកសំណុំរឿងអំពើហិង្សាលើសកម្មជនបក្សប្រឆាំងចោល ដោយមិនចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជារូបភាពមួយជំរុញឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ដែលនាំឱ្យមានការគុំកួនពីជនរងគ្រោះ ព្រោះពួកគេមិនទទួលបានយុត្តិធម៌ពិតប្រាកដ។

លោកថា៖ «កាលណាសង្គមមានច្បាប់មិនអនុវត្តធ្វើឱ្យបញ្ហាអ្នកទាំងអស់នោះគាត់រងការឈឺចាប់ គាត់អាចអស់ជំនឿជាមួយនឹងប្រព័ន្ធអនុវត្តច្បាប់ ដូច្នេះគាត់អាចមានការគុំកួន អាចប្រព្រឹត្តត្រលប់អ៊ីចឹងទៅ អាចធ្វើឱ្យអាចប៉ះពាលដល់ភាពអសន្តិសុខក្នុងសង្គម អាចមានបញ្ហាអនាធិបតេយ្យក្នុងការអនុវត្តច្បាប់»។

មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

ត្រលប់ទៅកាន់អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន នៅខណ្ឌពោធិ៍សែន លោក នល់ ពង្សធិរិទ្ធ ដែលត្រូវជនអនាមិកមួយក្រុមលបវាយ បណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរត្រូវដេរចំនួន១២ថ្នេរ និយាយថា រូបភាពហិង្សានេះជាអំពើព្រៃផ្សៃ នៅតែដក់ក្នុងការចងចាំរបស់គាត់ជានិច្ច។ លោកថា លោកស្អប់អំពើអយុត្តិធម៌ ការជិះជាន់ ការរំលោភបំពានគ្រប់រួបភាព ហើយលោកនៅតែបន្តធ្វើសកម្មភាពប្រឆាំងអំពើទាំងនោះបន្តទៀតទោះប្រឈមបញ្ហាសុត្ថិភាពផ្ទាល់ខ្លួនក្តី ។

លោកនិយាយថា៖ «អំពើទាំងអស់នេះ ជាអំពើថោកទាប ធ្វើឱ្យយើងកាន់តែផុសផុលកាន់តែឈឺចាប់ ការគិតរបស់យើង សតិអារម្មណ៍របស់យើង គឺអត់ចុះញម អត់មានសិទ្ធិខ្លាចអីទេ»