សម្លេងបន្លឺតាមឧគ្ឃោសនាស័ព្ទ រៀបរាប់ពីស្ថានភាពជូរចត់របស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម បានលាន់ឮកងរំពងក្នុងវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ក្នុងថ្ងៃខួប៧៤ឆ្នាំ ដែលបារំាងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម ខណៈ ព្រះសង្ឃ យុវជន និងពលរដ្ឋដើមកំណើតខ្មែរក្រោមប្រមាណ៣០០ នាក់បានចូលរួមក្នុងពិធីមួយនេះ។

«អាជ្ញាធរអាណានិគមកុម្មុយនីស្តវៀតណាមបាននិងកំពុងធ្វើឱ្យប្រជារាស្រ្តខ្មែរកម្ពុជាក្រោម ក្លាយទៅជាជនជាតិភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន និងក្លាយទៅជាជនគ្មានចំណេះមិនចេះអក្សរសាស្រ្តរបស់ខ្លួន»។ នេះជាការថ្លែងរបស់លោក សឺន យឿង ប្រធានប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម។

ក្នុងថ្ងៃរំឭកខួប៤ មិថុនា នៃថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមត្រួតត្រាបន្តនោះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានលាតត្រដាងពីស្ថានភាពអាប់អួនៅលើទឹកដីកំណើត និងបានទាមទារឱ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ក្រោយប្រទេសកុម្មុយនីស្តមួយនេះបានកៀបសង្កត់សិទ្ធិពលរដ្ឋខ្មែរក្រោមជាបន្តបន្ទាប់។

ប្រធានប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សឺន យឿង បានថ្លែងក្នុងអង្គពិធីបន្តថា ស្ថានភាពសិទ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម រស់នៅលើដែនដីកម្ពុជាក្រោមមិនបានធានាដោយច្បាប់វៀតណាមនោះទេ។ លោកថា ការសិក្សាប្រវត្តិសាស្រ្តខ្មែរ សិទ្ធិក្នុងការគោរពជំនឿសាសនា និងសិទ្ធិបញ្ចេញមតិជាដើម គឺត្រូវបានអាជ្ញាធរវៀតណាមហាមឃាត់មិនឱ្យពលរដ្ឋខ្មែរក្រោមមានសេរីភាពពេញលេញនោះទេ។ លោកកត់សម្កាល់ថា រដ្ឋាភិបាលវៀតណាមបានរៀបចំយុទ្ធសាស្រ្ត ដើម្បីរុញច្រានឱ្យពលរដ្ឋខ្មែរក្រោមក្លាយជាជនជាតិភាគតិចនៅលើដែនដីកំណើតរបស់ខ្លួន។

លោកមានប្រសាសន៍ថា ៖«សាលារៀនអក្សរសាស្រ្តខ្មែរមាននៅតែវត្តអារាមបន្តិចបន្តួច ក្រោមការតាមដាន និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីអាជ្ញាធរអាណានិគមកុម្មុយនីស្តវៀតណាម វិញ្ញាសាភូមិសាស្រ្ត [ខ្មែរ] ប្រវត្តិសាស្រ្ត [ខ្មែរ] ត្រូវបានហាមឃាត់ជាដាច់ខាត»។

លោក សឺន យឿង បានរំឭកទៅអតីតកាលថា ការបាត់បង់ដែនដីកម្ពុជាក្រោមនេះ ដោយសារអាណានិគមបារាំងបានគប់គិត ជាមួយស្តេចយួនឈ្មោះ បាវ ដាយ លួចកាត់ទឹកដីប៉ែកខាងក្រោម (កម្ពុជាក្រោម) ដែលបារាំងហៅថា កូសាំងស៊ីន ទៅឱ្យអាជ្ញាធរយួន ក្នុងឆ្នាំ១៩៤៩ ដោយមិនបានសួរយោបល់ពលរដ្ឋខ្មែរនៅសម័យនោះឡើយ។ លោកបន្តថា អំឡុងពេលនោះ គឺជាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់ និងជាការនិរាសព្រាត់ប្រាស់សម្រាប់ប្រជារាស្រ្តខ្មែរ ដែលនៅក្រោមការត្រួតត្រារបស់អាណានិគមវៀតណាម ដែលបន្តពីអាណានិគមបារាំង។

លោកថ្លែងថា៖ «សោកនាដកម្ម ដ៏សែនឈឺចាប់រាប់មិនអស់បានកើតឡើងចំពោះប្រជារាស្រ្តខ្មែរ និងព្រះសង្ឃខ្មែរ ដែលជាម្ចាស់ទឹកដីគ្មានស្រាកស្រាន្ត។ ទឹកភ្នែកក្លាយជាឈាម ឪពុកព្រាត់កូន ជីដូនព្រាត់ចៅ ប្តីព្រាត់ប្រពន្ធ គ្រូព្រាត់សិស្ស»។

ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

ពលរដ្ឋខ្មែរម្នាក់កញ្ញា តូច ស្រី​និច វ័យ ៣១ឆ្នាំ ដែលធ្វើដំណើរមកពីខេត្តកណ្តាល ចូលរួមពិធីរំឭកខួប៤ មិថុនា នេះ ប្រាប់ Newsroom Cambodia ថា នេះ​ជាលើកទីមួយដែលកញ្ញាបានចូលរួមពិធីរំឭកខួបនៃការបាត់បង់ដែនដីកម្ពុជាក្រោមនេះ។ កញ្ញាបង្ហាញការសោកស្តាយចំពោះការបាត់បង់ទឹកដីមួយផ្នែករបស់កម្ពុជា ហើយថាការចូលរួមរបស់កញ្ញានេះ គឺដើម្បីបង្ហាញពីឈាមជ័រខ្មែរតែមួយដែលនៅតែនឹករឭកចំពោះពលរដ្ឋខ្មែរក្រោមជានិច្ច។

កញ្ញា តូច ស្រីនិច ចូលរួមពិធីរំឭកខួប៧៤ឆ្នាំ នៃថ្ងៃបារាំងប្រគល់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រាបន្ត ថតថ្ងៃទី៤ មិថុនា ឆ្នាំ២០២៣ ។ (រូបភាព៖ ទួក ពិសិដ្ឋ)

កញ្ញាថា៖ «ខ្ញុំមានឧត្តមគតិ មានការឈឺចាប់នឹង [ការបាត់បង់ទឹកដី] កម្ពុជាក្រោម ហើយនាងខ្ញុំជាកម្ពុជាកណ្តាលនេះ អត់ចង់​ឱ្យដូចទៅជាកម្ពុជាក្រោម ដូចប្រវត្តិសាស្រ្តមុនទេ គឺចង់ឱ្យយើងដឹងពីការឈឺចាប់ [ការបាត់បង់ទឹកដី] កម្ពុជាក្រោមនេះ ឱ្យយើងប្រុងប្រយ័ត្ន។ អ៊ីចឹងហើយ យើងចូលរួមគ្នា អត់ប្រកាន់គ្នាថា កម្ពុជាក្រោម កម្ពុជាកណ្តាលទេ ឱ្យស្រលាញ់គ្នា ព្រោះយើងជាខ្មែរតែមួយ ឈាមតែមួយ ជាដែនដីខ្មែរ»។

ចំណែក ពលរដ្ឋម្នាក់ទៀត អ្នកស្រី ជា ដាវី វ័យ ៤២ឆ្នាំ ដែលធ្វើដំណើរមកពីខេត្តកណ្តាល និងមានម្តាយជាខ្មែរកម្ពុជាក្រោមផងនេះ ប្រាប់ Newsroom Cambodia ថា ការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ បានកាត់ផ្តាច់ទំនាក់ទំនងគ្រួសាររបស់អ្នកស្រី​។ អ្នកស្រីថា សាច់ញ្ញាតិរបស់អ្នកស្រីដែលរស់នៅទឹកដីកម្ពុជាក្រោមក្នុងពេលបច្ចុប្បន្នកំពុងរងការកៀបសង្កត់ពីអាជ្ញាធរវៀតណាមជាបន្តបន្ទាប់ ទោះបីជាការបាត់បង់ដែនដីនេះ មានពេលវេលាកន្លងទៅជាង៧០ឆ្នាំហើយក្តី។

អ្នកស្រីរៀបរាប់ទាំងសម្លេងអួលដើមកថា៖ បង! មានជីដូនមួយ ជីទួតមួយ យើងនៅឆ្ងាយឃ្លាតឆ្ងាយពីគ្នា ពួកគាត់ពិបាកច្រើនដីស្រែអី ត្រូវគេរឹបអូសយក គ្មានសិទ្ធិសេរីភាពដូចជាខ្មែរយើងទេ សូម្បីតែបុណ្យទានអីផ្សេងៗ ក៏មានការបិទសិទ្ធិសេរីភាពដែរ»។

បន្ថែមលើនេះ អ្នកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម បើកសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម ស្របតាបច្បាប់អន្តរជាតិដែលបានធានាសិទ្ធិរបស់ជនជាតិដើមក្នុងនាមជាម្ចាស់ស្រុក។

អ្នកស្រីថា៖ «ជាការអំពាវនាវដល់រដ្ឋាភិបាល [វៀតណាម] សូមបញ្ឈប់ការរំលោភបំពានដូចជាសិទ្ធិរស់នៅ សេរីភាពក្នុងការបញ្ចេញមតិ រាល់ថ្ងៃបងតាមសង្កេតមើលទៅកន្លែងខ្លះក៏មានការរឹបអូសយកដីស្រែ»

បើតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ បញ្ជាក់ថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀម​ទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។

ជាមួយគ្នានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃរំឭកខួប ៤ មិថុនា ដោយអះអាងថាប្រជាជាតិខ្មែរក្រោម គឺជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ប៉ុន្តែត្រូវបានជនបរទេសចូលឈ្លានពាន និងបន្តវេនគ្នាធ្វើអាណានិគមពីរបបមួយទៅរបបមួយ។

សេចក្តីថ្លែងការណ៍កម្រាស់៤​ទំព័រ បាន​បន្តថា បារាំងបានធ្វើអាណានិគមលើដែនដីកម្ពុជាក្រោមអស់ ៩០ឆ្នាំមក (១៨៥៩ ដល់ ១៩៤៩) ក្រោយមកក៏បានផ្ទេរអាណានិគមឱ្យវៀតណាមបន្តវេនត្រួតត្រាលើជនជាតិដើមខ្មែរក្រោមរហូតមកសព្វថ្ងៃ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលសរសេររៀបរាប់ថា ខ្មែរក្រោមបានតស៊ូ ដើម្បីបានរំដោះខ្លួនចេញពីរបបអាណានិគមវៀតណាម ដោយបង្កើតជា «សមាគមខ្មែរកម្ពុជាក្រោម» នៅ ឆ្នាំ១៩៨៥ ក្រោយមក ប្ដូរឈ្មោះទៅជា «សភាខ្មែរកម្ពុជាក្រោម» នៅឆ្នាំ១៩៩០។ រហូតដល់ឆ្នាំ១៩៩៦ ក៏ប្ដូរឈ្មោះទៅជា «សហព័ន្ធខ្មែរកម្ពុជាក្រោម»។ ប្រភពដដែលបន្តថា ការតស៊ូក្រោកឈររបស់ប្រជាពលរដ្ឋខ្មែរក្រោមមកពីគ្រប់ទិសទីនៅជុំវិញពិភពលោកនេះ គឺដើម្បីទាមទារ «សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង» សម្រាប់ប្រជាជាតិខ្មែរក្រោមទាំងមូល។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនជាតិដើមចំនួន ៧ស្ថាប័ន បានរួមគ្នាផ្ញើ «លិខិតចោទប្រកាន់» កំណត់ពេល ៦០ថ្ងៃ ឱ្យវៀតណាមបំភ្លឺករណីធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម។ ប៉ុន្តែរដ្ឋាភិបាលវៀតណាមមិនឆ្លើយតបចំពោះលិខិតចោទប្រកាន់នេះទេ។

ក្រោយមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានយកបញ្ហានេះថ្លែងនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNFPII) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣  ទើប វៀតណាមចេញលិខិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ច្រានចោលការចោទប្រកាន់នេះ​ ដោយមិនទទួលស្គាល់ថា បានរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមនោះទេ។

ទោះជាបែបណាក្តី ក្នុងសេចក្តីថ្លែងការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសជំហរ ក្រោកឈរទាមទារសិទ្ធិជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោម ដែលរដ្ឋាភិបាលវៀតណាមបានគ្រប់គ្រង់ក្នុងពេលបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍សរសេរថា៖ «ទោះបី ៩០ ឆ្នាំ នៅក្រោមអាណានិគមបារាំង និង ៧៤ ឆ្នាំ នៅក្រោមអាណានិគមយួន ត្រូវប្រឈម នឹងការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិ និងការរំលាយពូជសាសន៍ពីបរទេសដោយវិធីក្ដៅ និងត្រជាក់យ៉ាងណាក៏ដោយ តែពលរដ្ឋខ្មែរក្រោមនៅតែឈរយ៉ាងរឹងមាំ និងចាក់ឫសយ៉ាងជ្រៅនៅលើទឹកដីកម្ពុជាក្រោម រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ភាសា និងពុទ្ធសាសនាថេរវាទខ្មែរ ឱ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ»

ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជានៅថ្ងៃទី៥ ខែមិថុនា នេះ មិនអាចសុំការឆ្លើយតបបានទេ ដោយសារលេខទូរសព្ទនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតវៀតណាម ត្រូវបានហៅចូលជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខឃឿន ក៏មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃទី៥ ខែមិថុនាដោយទូរសព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។

ចំណែក ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ ប្រាប់ ​Newsroom Cambodia ថា ប្រទេសកម្ពុជាមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមនោះទេ ដោយថាទឹកដីកម្ពុជាក្រោម គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលនៃប្រទេសវៀតណាម។

លោកបញ្ជាក់ថា៖ «ការទាមទារ [សិទ្ធិសេរីភាព] អាហ្នឹង! ជារឿងដាច់ដោយឡែកដែលមិនមែនជាសមាសភាព ឬសមត្ថកិច្ចរបស់ខ្មែរដែលរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ននោះទេ ព្រោះយើងមានគោលការណ៍នយោបាយបរទេសមួយ។ យើងគោរពនូវអ្វីទៅដែលជាសន្ធិសញ្ញាដែលយើងចូលទៅសមាជិកអង្គការសហប្រជាជាតិ»។

ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅមិនតិចជាង ៧ លាននាក់នោះទេ បើទោះជារដ្ឋាភិបាលវៀតណាមថាមានប្រមាណ​តែ ១លាន៣សែននាក់ក្តី។

នៅទឹកដីកម្ពុជាក្រោម មានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ ជាទីកន្លែងថែរក្សា ការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។

បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោក លន់ នល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិបាលរបស់ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕