«ខ្ញុំដេកអត់លក់ទេ! ចាប់តាំងពីខ្ញុំកម្ចីលុយពីអង្គការ [ធនាគារ] ដើម្បីធ្វើផ្ទះ និងមើលជំងឺមក។ ថ្ងៃណាក៏ខ្ញុំដេកមិនលក់ដែរ។ មួយខែត្រូវបង់៤៣៥ដុល្លារ។ ខ្ញុំរត់លែងរួចគ្មានចំណូល ទើបខ្ញុំសម្រេចចិត្ដដាក់លក់ផ្ទះ ដើម្បីយកលុយសងទៅអង្គការ សល់ [លុយខ្លះ] ទុកគ្រាន់មើលជំងឺ»

នេះជាការរៀបរាប់របស់ អ្នកស្រី ផាត សុខុម វ័យ៥៤ឆ្នាំ រស់នៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលអះអាងថា កំពុងជាប់បំណុលធនាគារឯកជនមួយ ក្នុងទំហំទឹកប្រាក់ចំនួន ២៥ ០០០ដុល្លារ ដែលគាត់បានខ្ចីយកមកសាងសង់ផ្ទះ អំឡុងឆ្នាំ២០២០។

កំពុងអង្គុយលើអង្រឹងក្រោមដើមស្វាយខាងលិចផ្ទះដែលមានជញ្ជាំងពណ៌ក្រហម មានសរសេរអក្សរថា លក់ផ្ទះ ស្រ្តីវ័យ ៥៤ឆ្នាំរូបនេះ បន្តរៀបរាប់ថា អ្នកស្រីពិតជាមិនចង់ឱ្យមានការប្ដឹងផ្ដល់វែងឆ្ងាយ ទើបបង្ខំចិត្តដាក់លក់ផ្ទះនៅស្រុកកំណើតមួយនេះ ក្នុងតម្លៃ ៧ម៉ឺនដុល្លារ ដើម្បីដោះបំណុលធនាគារឯកជនមួយ។

ស្រ្តីវ័យចំណាស់រូបនេះឱ្យដឹងថា អំឡុងពេលអ្នកស្រីខ្ចីលុយពីធនាគារឯកជននោះ គឺគាត់រំពឹងលើចំណូលរបស់កូនប្រុសរបស់គាត់ ដែលដើរស៊ីឈ្នួលបើកឡានដឹកអីវ៉ាន់តាមពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ។​ ចំណែកប្តីរបស់អ្នកស្រី មានមុខរបរជាអ្នកឡើងកៀបទឹកត្នោតធ្វើជាស្ករ ដោយក្នុងមួយថ្ងៃៗ អាចរកប្រាក់ចំណូលបាន ចន្លោះពី១០ម៉ឺនទៅ១៥ម៉ឺនរៀល។

ប៉ុន្ដែក្រោយពីមានការផ្ទុះរាលដាលជំងឺកូវីដ-១៩មក ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ របស់អ្នកស្រី ផាត សុខុម ត្រូវធ្លាក់ចុះទាំងស្រុង ដោយកូនរបស់គាត់មិនអាចចេញរកចំណូលដូចមុនបានឡើយ ខណៈ ប្ដីរបស់អ្នកស្រីក៏ធ្លាក់ខ្លួនឈឺមិនអាចឡើងត្នោតបាន ទើបបណ្តាលឱ្យជីវភាពក្រុមគ្រួសាររបស់គាត់គ្មានប្រាក់ចំណូលទាល់តែសោះ។

អ្នកស្រីនិយាយថា៖ «មុនកូវីដបានកូនចេញរោងអីគ្រាន់មានលុយបង់ [ធនាគារ] ហើយប្ដីខ្ញុំគាត់ឡើងត្នោត បានប្រាក់ចំណូលគួរសម ទើបខ្ញុំខ្ចីលុយគេធ្វើផ្ទះតែម្ដង។ តែក្រោយមកប្ដីធ្លាក់ខ្លួនឈឺ កូនក៏មិនសូវបានចេញរោងទើបខ្ញុំសម្រេចចិត្ដដាក់លក់ដើម្បីសងគេឱ្យអស់»។

អ្នកស្រីបន្ថែមថា៖ «រាល់ថ្ងៃអាអូនអើយ! ដេកមិនដែលលក់ទេ ដោយរឿងបំណុលហ្នឹង ខែខ្លះសុំគេយឺតទៅគេអនុគ្រោះខ្លះទៅ ខែខ្លះចង់លើសខែគេក៏មាន ពិបាកណាស់អូនអើយ! បានមីងដាក់លក់ផ្ទះទៅ»។

បើតាម អ្នកស្រី ផាត សុខុម ក្នុងពេលបច្ចុប្បន្នផ្ទះរបស់គាត់នៅមិនទាន់លក់ចេញបាននៅឡើយទេ។ ទំហំដីដែលអ្នកស្រីដាក់លក់នេះ គឺជាប្រភេទដីលំនៅឋាន ដែលមានទទឹង ៣៤ម៉ែត្រ និងបណ្ដោយមានប្រវែង៤០ម៉ែត្រ។

ក្នុងទឹកមុខស្រងូតស្រងាត់អ្នកស្រីរៀបរាប់ទាំងក្តីបារម្ភថា ភាគីធនាគារអាចនឹងប្រើប្រាស់វិធានការច្បាប់ដើម្បីរឹបអូសផ្ទះរបស់គាត់ ខណៈមន្រ្តីឥណទានតែងតែមកផ្ទះរបស់អ្នកស្រីជាប្រចាំដើម្បីទាមទារឱ្យគាត់ដោះស្រាយបំណុលដែលជំពាក់។ ជាមួយគ្នានេះ អ្នកស្រីក៏បានបង្ខំចិត្តចងការលុយរបស់អ្នកភូមិជាមួយគ្នា ដើម្បីដោះស្រាយសងទៅភាគីធនាគារវិញ ដែលធ្វើឱ្យបំណុលរបស់គាត់កាន់តែបន្តកើនឡើង ទើបគាត់សម្រេចចិត្តដាក់លក់ផ្ទះតែម្តង។

អ្នកស្រីថា៖ «មីងភ័យណាស់អាអូនអើយ! ព្រោះមីងមិនចង់ឱ្យវាវែងឆ្ងាយ និង [ជំពាក់] តដល់កូនដល់ចៅទៀត។ មីងជំពាក់ឯកជនទៀត ព្រោះពេលមីងឈឺ ឬដល់ថ្ងៃបង់គេ គឺត្រូវដើរខ្ចីអ្នកចងការក្នុងភូមិការថ្លៃយកមកបង់អាធំ។ ចឹងហើយបានជាលុយកាន់តែជំពាក់គេច្រើនទៅៗហ្នឹង»

ជំងឺកូវីដ-១៩ គឺជាមេរោគកាចសាហាវមួយដែលនាំឱ្យសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះ បន្ទាប់ពីរីករាលដាលជុំវិញសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានផ្ទុះចេញពីប្រទេសចិន កាលពីចុងឆ្នាំ២០១៩។

នៅកម្ពុជាការឆ្លងយ៉ាងរហ័សនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះគឺចាប់ពីមានការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី២០ ខែកុម្ភះ ក្នុងឆ្នាំ២០២១ ដែលជាការរាលដាលចូលក្នុងសហគមន៍លើកទី៣។ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍លើកចុងក្រោយនេះ ធ្វើឱ្យមានអ្នកជំងឺឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ ហើយបានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការហាមមនុស្សចេញពីផ្ទះ ដើម្បីកាត់បន្ថយការឆ្លងនៃវីរុសនេះ។ ហេតុការណ៍នេះ បានបង្កអោយពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដែលធ្វើឱ្យពួកគេប្រឈមការជំពាក់បំណុលធនាគារកាន់តែវ័ណ្ឌកថែមទៀត។

ករណីលក់ផ្ទះដោះបំណុលនេះដែរ មានពលរដ្ឋម្នាក់ទៀតគឺ លោក ជាវ សម្បត្ដិ អាយុ ៤៣ឆ្នាំ បានសម្រេចចិត្តដាក់លក់ទាំងផ្ទះ និងទាំងដីលំនៅឋាន ដែលស្ថិតនៅភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

លោក សម្បត្ដិ បានប្រាប់​ Newsroom Cambodia ថា មូលហេតុដែលលោកសម្រេចចិត្ដដាក់លក់ដីនិង ផ្ទះចោលនេះ គឺដោយសារ លោកត្រូវសងទៅកាន់ភាគីធនាគារមួយ ប៉ុន្ដែលោកសុំមិនបញ្ចេញឈ្មោះស្ថាប័ននោះទេ។ លោកថា ផ្ទះរបស់លោកដាក់លក់ក្នុងតម្លៃ ៦៥ ០០០ដុល្លារ ខណៈលោកនៅជំពាក់បំណុលធនាគារចំនួនប្រមាណ ៣០​​ ០០០ដុល្លារ។ លោកបន្ថែមថា ថវិកាដែលលោកខ្ចីនោះ គឺដើម្បីពង្រីកមុខរបរ រកស៊ីឱ្យប្រពន្ធដាក់លក់ខោអាវមុខរោងចក្រ កាលពីនៅមុនពេលមានផ្ទុះជំងឺកូវីដ-១៩មកដល់។ ប៉ុន្ដែលោកថា អាជីវកម្មរបស់លោកបានដួលរលំទាំងស្រុងក្នុងអំឡុងជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១ កន្លងទៅ។

លោកបន្តថា៖ «រាល់ខែបានប្រពន្ធគ្រាន់ធ្វើការរោងចក្របង់ [ធនាគារ] ប៉ុន្ដែឥឡូវគឺខាងរោងចក្របានបិទទ្វារ ហើយប្រពន្ធលើសអាយុទៀត ខាងរោងចក្រផ្សេងគេអត់យកទេ។ និយាយរួមទៅមិនថាខ្ញុំមិនថាគេ ដេកភ័យរឿងគ្មានលុយបង់ធនាគារហ្នឹង។ ខ្ញុំដាក់លក់ [ផ្ទះ] ជាង១ខែហើយ តែគ្មានអ្នកមកសួរនាំសោះ​ មិនដឹងគិតយ៉ាងណាទៀតទេ ខ្ញុំពិបាកចិត្ដណាស់»។​

ក្រសួង​​សហ​ព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​)​ បានចេញរបាយការណ៍សិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយបង្ហាញថា មានប្រជាពលរដ្ឋកម្ពុជា ជិត ១៧ម៉ឺននាក់ (១៦៧ ០០០នាក់) បានលក់ដី និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបញ្ជាក់ថា គិតជាមធ្យមរយៈពេល ១៦នាទីម្តងមានពលរដ្ឋខ្មែរ ១គ្រួសារបានលក់ដីដើម្បីសងទៅម្ចាស់បំណុល។

ក្នុងរបាយការណ៍សរសេរថា៖ «ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី នៅសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវសុំការអនុគ្រោះពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំរឹបអូសទ្រព្យសម្បត្តិ របស់ពលរដ្ឋដែលកំពុងជួបបញ្ហាធ្លាក់ចំណូលពិតប្រាកដ ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលលោក។ ប៉ុន្តែលោកបញ្ជាក់ថា​ ចំពោះប្រជាពលរដ្ឋដែលនៅមានលទ្ធភាពបង់ទៅភាគីធនាគារ គួរតែទទួលខុសត្រូវបង់សងបន្ត ដោយពុំគួរគេចវេះនោះទេនាំឱ្យការប្រាក់នៃបំណុលនេះកាន់តែកើនឡើង។

លោកថា៖ «រដ្ឋាភិបាលសុំការអនុគ្រោះរៀបចំឥណទានឡើងវិញ ចំពោះអ្នកជំពាក់ធនាគារ ហើយយោគយល់ចំពោះការលំបាកក្នុងការសងយឺត ក្នុងការ [បង់ត្រលប់] ស្អីៗហ្នឹង អាចប្រើប្រាស់រយៈពេលខ្លះ ប៉ុន្តែមិនមែនផ្អែកទៅលើបញ្ហាហ្នឹងមិនសងធនាគារ មានលុយហើយមិនសងទេ សូមបញ្ជាក់ឡើងវិញកន្លែងហ្នឹងបន្តិច»

យ៉ាងណាក្តី មន្ដ្រីឥណទានម្នាក់ដែលកំពុងបំរើការក្នុងស្ថាប័នផ្តល់កម្ចីឯកជនមួយ បានប្រាប់ Newsroom Cambodia ដោយមិនបញ្ចេញឈ្មោះថា មុនផ្ទុះជំងឺកូវីដ-១៩ អតិថិជនរបស់លោកមិនសូវជាយឺតយ៉ាវក្នុងការបង់សងត្រឡប់មកវិញនោះទេ។ ប៉ុន្តែ លោកថា ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ អតិថិជនបានបង់យឺតជាប្រចាំ ដោយពួកគេអះអាងថា មិនមានការងារធ្វើ។

យ៉ាងណាមិញ លោកបានបញ្ជាក់ថា ពេលឃើញអតិថិជនគ្មានប្រាក់ចំណូលដើម្បីបង់មកកាន់ស្ថាប័នបែបនេះ លោកក៏មានការអាណិតដែរ ប៉ុន្ដែលោកថានេះជាតួនាទីដែលស្ថាប័នតម្រូវ បើមិនធ្វើទេ លោកត្រូវប្រឈមនឹងអត់ការងារធ្វើដែរ។

មន្រ្ដីឥណទានរូបនេះថា៖ «ពីមុន [អតិថិជនបង់] មិនសូវមានយឺតទេបង ដល់ថ្ងៃបង់ៗ ប៉ុន្ដែឥឡូវយ៉ាប់ណាស់បងអើយ អ្នកខ្លះដាក់លក់ផ្ទះ អ្នកខ្លះរត់ពួន អ្នករត់ចោលផ្ទះ។ ខ្ញុំដឹងតែការងារខ្ញុំទេបង បើយើងមិនទៅទារលុយពីពួកគាត់យើងក៏មិនដឹងធ្វើម៉េច បើយើងធ្វើការខាងហ្នឹង»

កាលពីខែមេសា ឆ្នាំ២០២១ អង្គការលីកាដូ បានចេញផ្សាយវីឌីអូមួយ ដែលផ្សព្វផ្សាយពីសិទ្ធិកូនបំណុល។ ក្នុងវីឌីអូបានពន្យល់ថា កូនបំណុល មិនមែនមានន័យថាត្រូវធ្វើតាមគ្រប់អ្វីដែលម្ចាស់បំណុលបង្ខំធ្វើនោះទេ។ ប្រភពដដែលបន្តថា កូនបំណុលមានសិទ្ធិចរចាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានខ្ចីប្រាក់ និងដាក់ពាក្យបណ្ដឹងទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើមានអំពើរំលោភបំពានណាមួយ ពីភាពមិនប្រក្រតីលើលិខិតខ្ចីប្រាក់ ឬឥរិយាបថមិនសមរម្យពីមន្ត្រីឥណទាន។​

ក្នុងវីឌីអូបានលើកឡើងថា៖ «អ្នក​ត្រូវ​ចាំ​ថា​ ​គ្មាន​នរណា​ម្នាក់​​អាច​បង្ខំ​​អ្នក​ឱ្យ​លក់​ដី​​ក្រៅ​​ប្រព័ន្ធ​តុលាការ​​ ដើម្បី​​បង់​សង​​បំណុល​​ឡើយ»​។

ជាមួយគ្នានេះ កាលពីខែមេសា ឆ្នាំ២០២២ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានរួមគ្នាចេញក្រមប្រតិបត្តិមួយ ដែលចែងពីក្រមសីលធម៌របស់បុគ្គលិកធនាគារ និងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនឱ្យមានការគំរាមកំហែងដល់អតិថិជនទេ។​

ក្នុងក្រមប្រតិបត្តិក៏បានណែនាំឱ្យអតិជនដែលរងការគំរាមកំហែងពីមន្ត្រីឥណទានគឺអាចប្តឹងថ្នាក់ដឹកនាំស្ថាប័នដែលគាត់ខ្ចីនោះ ប្តឹងទៅសមាគម ប្តឹងទៅធនាគារជាតិ និងអាចប្តឹងទៅតុលាការតែម្តង។​​

​បន្ថែមលើនេះ អ្នក​នាំ​ពាក្យ​សមាគមគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា ជាទូទៅការផ្តល់ឥណទានរបស់ធនាគារ គឺក្នុងគោលដៅបង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកជំរុញឱ្យប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការសងត្រលប់ ជជែកជាមួយភាគីធនាគាដែលបានខ្ចីដោយផ្ទាល់ដើម្បីរកដំណោះស្រាយ។

លោកបន្ថែមថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាទូទៅគេមាន លក្ខខណ្ឌផ្សេងៗ ដែលអាចសម្រួលដល់ការសងរបស់អតិថិជនដោយពុំចាំបាច់ឱ្យអតិថិជនត្រូវការលក់ទ្រព្យធានារបស់ខ្លួននោះទេ»។

យ៉ាងណាក្តី នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់ Newsroom Cambodia ថា ករណីពលរដ្ឋដាក់ផ្ទះលក់ដើម្បីសងធនាគារ គឺជាបញ្ហាដែលប្រជាពលរដ្ឋខ្មែរកំពុងតែប្រឈមខ្លាំង ជាពិសេសក្រោយវិបត្ដិនៃជំងឺកូវីដ-១៩ ជាហេតុធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ចំណូល។ លោកបន្ថែមថា បើពលរដ្ឋមិនលក់ដី និងផ្ទះនោះទេ គឺអាចមានបញ្ហាតាមផ្លូវច្បាប់ ដែលមានចែងក្នុងកិច្ចសន្យាដែលអ្នកខ្ចីបានព្រមព្រៀងជាមួយខាងភាគីម្ចាស់បំណុល។

ជាមួយគ្នានេះ លោកបានបន្ថែមថា កន្លងមកអង្គការលីកាដូក៏បានចេញរបាយការណ៍ជាច្រើនបង្ហាញពីបញ្ហាប្រឈមរបស់ពលរដ្ឋលើបញ្ហានេះ ក្នុងចេតនាឱ្យស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីកុំឱ្យប្រជាពលរដ្ឋមានបញ្ហាកាន់តែច្រើនលើបញ្ហាកម្ចីប្រាក់ទាំងអស់នេះ។

លោកថា៖ «រឿងនេះជាបញ្ហាធំណាស់សម្រាប់ពលរដ្ឋខ្មែរ​។ ពួកគាត់តែងតែព្រួយបារម្ភ ពីព្រោះតែពួកគាត់ខ្លាចបញ្ហាផ្លូវច្បាប់ ពេលដែលឃើញខាងធនាគារចេញលិខិតណាមួយគឺពួកគាត់ភ័យខ្លាចតែម្ដង។ កន្លងមកលីកាដូក៏បានចេញរបាយការណ៍អំពីរឿងហ្នឹងដែរ ដើម្បីឱ្យរដ្ឋាភិបាលជួយពិនិត្យ គិតគូរពីបញ្ហាទាំងអស់ហ្នឹងផង។ ខ្ញុំគិតថាបញ្ហានេះគ្មានអ្នកណាក្រៅតែអំពីរដ្ឋាភិបាលទេ ក្នុងការជួយជម្រុញឱ្យស្ថាប័នទាំងនេះជួយបន្ធូរបន្ថយដល់ពលរដ្ឋទេ»

ត្រលប់មកអ្នកស្រី ផាត សុខុម  ដែលកំពុងជាប់បំណុលវ័ណ្ឌកជាមួយធនាគារឯកជន និងបំណុលក្រៅប្រព័ន្ធជាមួយអ្នកភូមិផងនោះ បានស្នើឱ្យរដ្ឋាភិបាលដាក់ចេញវិធានការសមស្របមួយ​ សម្រួលដល់ការបង់សងទៅភាគីធនាគារដែលគាត់កំពុងជំពាក់ ដើម្បីអាចបញ្ចៀសការលក់ផ្ទះរបស់គាត់បាន។

​​អ្នកស្រីថា៖ «បើរដ្ឋាភិបាលគាត់ជួយគិតគូរខ្លះក៏វាល្អដែរ ព្រោះគ្មានអ្នកណាចង់ជំពាក់គេទេអូនអើយ! បើគាត់ជួយបន្ធូរបន្ថយខ្លះកុំឱ្យគេប្ដឹងផ្ដល់ និងជួយពន្យារពេលដល់មីងក៏បានដែរ»