ផ្តើមចេញពីទឹកចិត្តខ្វល់ខ្វាយចំពោះព្រៃឈើ ដែលកំពុងរងការកាប់បំផ្លាញក្រោមដៃជនល្មើស បានជំរុញឱ្យលោក អូត ឡាទីន កើតក្នុងត្រកូលកសិករ ហ៊ានចេញមុខយ៉ាងសកម្ម ដើម្បីការពារធនធានធម្មជាតិ ទោះបីជាលោករងការលាបពណ៌ពីអាជ្ញាធរថាជាក្រុមស៊ីឈ្នួលឱ្យបរទេសក្តី។

យុវជន អូត ឡាទីន វ័យ ៣១ឆ្នាំបានផុសផុលក្នុងកិច្ចការងារការពារព្រៃឈើ ក្នុងរយៈពេលជាង៣ឆ្នាំ ចុងក្រោយនេះ ពោលគឺក្នុងអំឡុងឆ្នាំ២០១៩ ជាមួយសមាគមក្រៅរដ្ឋាភិបាលមួយ។ក្នុងនាមជាសកម្មជនការពារព្រៃឈើមួយរូប លោកតែងតែចុះល្បាតផ្ទាល់ជាមួយប្រជាសហគមន៍នៅមូលដ្ឋាន ដើម្បីឃ្លាំមើលពីបទល្មើសកាប់ឈើប្រណីតៗ ហើយត្រូវបានលោករកឃើញថា មានការកាប់បំផ្លាញជាហូរហែ។

យ៉ាងណាក្តី សកម្មភាពថែរក្សាសម្បត្តិព្រៃឈើនេះ បាននាំឱ្យលោកទទួលរងការគំរាមដោយផ្ទាល់ពីអាជ្ញាធររដ្ឋាភិបាលថា រូបលោកអាចប្រឈមការជាប់ពន្ធនាគារបើនៅតែបន្តរាយការណ៍ពីការកាប់ទន្រ្ទានធនធានធម្មជាតិដោយបើកចំហបែបនេះ។

លោក ឡាទីន និយាយថា៖ «គាត់ [អាជ្ញាធរ] គំរាមដែរ! គាត់ថា ធ្វើកិច្ចការងារបែបអ៊ីចឹងៗប្រយ័ត្នជាប់គុក។ គាត់និយាយបែបអ៊ីចឹងជាមួយខ្ញុំផ្ទាល់»។

បុរសមាឌធំដំបង សម្បុរខ្មៅស្រអែមរូបនេះ ជាកូនប្រុសពៅ ក្នុងចំណោមបងប្អូនចំនួន ៧នាក់។ ក្នុងចំណោមបងប្អូនទាំងអស់គឺមានតែលោក ឡាទីន ម្នាក់គត់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ខណៈ បងប្អូនផ្សេងទៀតមិនមានលទ្ធភាពបន្តការសិក្សានោះទេ ព្រោះតែជីវភាពក្រីក្រលំបាក ទើបបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថា្នក់វិទ្យាល័យ។

មានស្រុកកំណើតនៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បុរសសំនៀងរដឺន លោក អូត ឡាទីន បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញរូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១០។ ឱកាសទទួលបានការសិក្សាបន្តនេះ ដោយសារលោកទទួលបានអាហារូបករណ៍របស់ធនាគារពិភពលោក (World Bank)​ ដែលបានជួយទំនុកបម្រុងដល់យុវជននៅតំបន់ក្រីក្រក្នុងប្រទេសកម្ពុជា។

បុរសរាងខ្ពស់ស្រឡះរូបនេះ និយាយថា បើទោះបីជាលោកបានផ្លាស់ប្តូរទ្រនំពីតំបន់ដាច់ស្រយាល មករស់នៅរាជធានីភ្នំពេញក្តី ប៉ុន្តែលោកមិនបានភ្លើតភ្លើនជាមួយនឹងភ្លើងពណ៌នោះទេ ដោយលោកបានតស៊ូឆ្លៀតពេលធ្វើការងារក្រៅម៉ោង ដើម្បីរកចំណូលទ្រទ្រង់ការសិក្សាផងដែរ។

លោកបន្តថា៖ «ការងារដំបូងដែលខ្ញុំធ្វើហ្នឹង! គឺខ្ញុំទៅធ្វើកិច្ចការងាររត់តុនៅទួលគោក នៅភោជនីយដ្ឋានមួយ។ ការរត់តុហ្នឹង! ដាក់ពាក្យទម្រាំតែបានជាប់! ហើយចង់បានការងារធ្វើហ្នឹង ជិះកង់ទៅរៀន សម្លឹងឆ្វេងស្តាំ ដើម្បីមើលស្លាកគេដាក់ដើម្បីជ្រើសរើសបុគ្គលិក ជិះមើលស្លាកគេជ្រើសរើសបុគ្គលិកទៅក៏ដាក់ខាងផ្នែកកម្ម៉ង់មុខម្ហូប»។

ក្នុងអំឡុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ យុវជន អូត ឡាទីន ក៏សកម្មខ្លាំងដែរក្នុងការងារជួយសង្គម។ លោក ឡាទីន រៀបរាប់ប្រាប់ Newsroom Cambodia ថាការងារស្ម័គ្រចិត្តដែលលោកចាប់ផ្តើមធ្វើក្នុងសង្គមជាលើកដំបូងរួមមាន ការជិះកង់អប់រំស្តីពីបរិស្ថាន សកម្មភាពមនុស្សធម៌ និងការចែករំលែកចំណេះដឹងបរិស្ថានដល់យុវជនជាដើម។

ការចូលរួមសកម្មភាពជាពលរដ្ឋសកម្មក្នុងសង្គមបែបនេះ ក៏នាំឱ្យលោកស្គាល់អ្នកវិភាគបញ្ហាសង្គមល្បី២រូប គឺលោកបណ្ឌិត កែម ឡី និងលោក បណ្ឌិត សុខ ទូច ដែលតែងតែវែកញែកអំពីបញ្ហាដែលកើតមានក្នុងប្រទេស។ លោក អូត ឡាទីន និយាយថា ការវិភាគរបស់បណ្ឌិត ២រូបនេះ គឺជាផ្នែកមួយជំរុញឱ្យលោកកាន់តែមានចិត្តឈឺឆ្អាលកាន់ខ្លាំងឡើងពីបញ្ហាប្រទេសជាតិ ជាពិសេសវិស័យបរិស្ថាន។

លុះមកដល់ឆ្នាំ២០១៥ យុវជនមកពីខេត្តឧត្តរមានជ័យរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។ ក្រោយពេលបញ្ចប់ការសិក្សា លោកក៏បានដាក់ពាក្យធ្វើជាបុគ្គលិកក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានតួនាទីជាអ្នកសម្របសម្រួលសហគមន៍ និងជាអ្នកបណ្តុះបណ្តាលការងារផ្នែកការពារធនធានធម្មជាតិប្រចាំខេត្តក្រចេះ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

រហូតមកដល់ខែមីនា ឆ្នាំ២០១៩ យុវជនកើតក្នុងត្រកូលកសិកររូបនេះ បានក្លាយជាមន្រ្តីចងក្រងសហគមន៍របស់សមាគមក្រៅរដ្ឋាភិបាលមួយទៀតគឺ សមាគមបណ្តាញយុវជនកម្ពុជា (CYN)។ លុះមកដល់ឆ្នាំ២០២១ លោកបានក្លាយជាមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដែលធ្វើការងារជិតស្និទ្ធជាមួយប្រជាសហគមន៍មូលដ្ឋាននៅតំបន់ព្រៃអភិរក្សរួមមាន ព្រៃឡង់ ព្រៃព្រះរការ និងព្រៃសង្ឃរុក្ខាវន្ត ជាដើម។

ក្នុងបទពិសោធន៍ស្រាវជ្រាវពីបទល្មើសកាប់ឈើដោយផ្ទាល់ក្នុងតំបន់ព្រៃដែលត្រូវការពារ លោក ឡាទីន សង្កេតឃើញថា​ ​ព្រៃឈើកាន់តែហិនហោចទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមស្នាដៃរបស់ជនល្មើសបានកាប់បំផ្លាញជាហូរហែ​ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរនោះទេ។

លោកនិយាយថា៖ «បច្ចុប្បន្ននេះព្រៃឈើដែលគេកាប់ច្រើនមួយចំនួនហ្នឹង វាអស់តំបន់កាប់ហើយ វានៅសល់តែតំបន់ការពារទេដែលមានឈើ។ អ៊ីចឹងក្រុមអ្នកកាប់ឈើគឺមានកន្លែងណាទៀត! ក្រៅពីទៅតំបន់ការពារទេ»។

បងស្រីបង្កើតរបស់លោក អូត ឡាទីន គឺអ្នកស្រី អូត ថារុន វ័យ ៣៦ឆ្នាំ ប្រាប់ ​Newsroom Cambodia ថា លោក អូត ឡាទីន មានអត្តចរិតស្លូតបូតសុភាពរាបសា តាំងពីនៅវ័យកុមារភាពមកម្លេះ។ ជាមួយគ្នានេះ អ្នកស្រីបង្ហាញអារម្មណ៍សប្បាយចិត្ត និងមានមោទកភាពចំពោះប្អូនប្រុសរបស់ខ្លួន ដែលបានចូលរួមការពារសម្បត្តិធម្មជាតិក្នុងនាមជាពលរដ្ឋសកម្មមួយរូបក្នុងសង្គម។

អ្នកស្រីនិយាយថា៖ «មានអារម្មណ៍ត្រេកអរជាមួយប្អូន [អូត ឡាទីន]! ប្អូនបានរៀនខ្ពង់ខ្ពស់ ហើយក៏ដូចជាប្អូនបានជួយការងារជាតិមាតុភូមិយើងនេះមានតែអរ ហើយអរគុណម៉ែដែលបានខំជំរុញឱ្យប្អូនបានរៀនបានប៉ុណ្ណេះ!»។

ប៉ុន្តែ ស្របពេលជាមួយមោទកភាពចំពោះប្អូនប្រុសរបស់ខ្លួនបែបនេះ អ្នកស្រី អូត ថារុន ក៏បង្ហាញក្តីបារម្ភពីសុវត្ថិភាពចំពោះលោក អូត ឡាទីន ផងដែរ។

អ្នកស្រីបន្តថា៖ «ប្អូនធ្វើការខាងព្រៃឈើ មានអារម្មណ៍ព្រួយបារម្ភពីគាត់ដែរ គាត់ដើរឆ្ងាយ ចុះពីខេត្តមួយទៅខេត្តមួយ។ បានតែគិតហើយប្រាប់គាត់ [លោក អូត ឡាទីន] តែគេ [លោក អូត ឡាទីន] ថា មិនអីទេ»។

យ៉ាងណាក្តី សម្រាប់អ្នកស្រាវជ្រាវពីបទល្មើសព្រៃឈើ យុវជន អូត ឡាទីន បានប្រកាសជំហរយ៉ាងរឹងមាំថា នឹងបន្តសកម្មភាពរបស់ខ្លួនដោយមិនបោះបង់កិច្ចការជួយជាតិនេះទេ ទោះបីជាជួបការគំរាមគំហែងជាបន្តបន្ទាប់ក្តី។ លោក ឡាទីន គូសបញ្ចាក់ថា ការងារដែលលោកធ្វើនេះ គឺជាកិច្ចការងារស្របច្បាប់ក្នុងសង្គមប្រជាធិបតេយ្យ ដែលមានច្បាប់បានចែងពីការការពារសិទ្ធិរបស់ពលរដ្ឋ។

មួយវិញទៀត កត្តាដែលជំរុញឱ្យលោក អូត ឡាទីន បន្តធ្វើសកម្មភាពស្រាវជ្រាវពីបទល្មើសព្រៃឈើនេះ គឺដោយកសារគំរូភាពនៃការលះបង់របស់សកម្មជនការងារសង្គមផ្សេងៗទៀតដែលបានតស៊ូរហូតមានខ្លះជាប់ពន្ធនាគារជាបន្តបន្ទាប់ក្នុងសកម្មភាពការពារបរិស្ថាននាពេលកន្លងមក។

លោកបន្ថែមថា៖ « [ការបន្តសកម្មភាពចុះល្បាតព្រៃព្រោះ] ចំណុចទី១ គឺមានមិត្តភក្តិល្អៗ ដែលគាត់អ្នកធ្វើការងារតស៊ូ ក្នុងសកម្មភាពការងារសង្គមយូរហើយ។ អ្នកខ្លះជាអ្នកមានបទពិសោធន៍ជាប់ពន្ធនាគារទៀត ដោយសារធ្វើការងារសង្គមដែរ ហើយខ្ញុំមិត្តភក្កិជាមួយនឹងគាត់ស្និទ្ធស្នាល»។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថា យុវជនដែលសកម្មក្នុងការការពារព្រៃឈើ ហាក់មិនទទួលបានការគាំទ្រពីរដ្ឋាភិបាលទេ ផ្ទុយទៅវិញពួកគេរងការលាបពណ៌ថា ជាក្រុមបំរើនយោបាយបក្សប្រឆាំទៅវិញ។ លោកកត់សម្គាល់ថា កត្តាដែលនាំឱ្យមានការចោទប្រកាន់បែបនេះ ដោយសារអាជ្ញាធរមិនព្យាយាមយល់ឱ្យបានច្បាស់ពីគោលបំណងរបស់ក្រុមយុវជនទាំងនោះ ដោយលោកថា ពួកគេគឺធ្វើដើម្បីជាតិរបស់ខ្លួន។ មួយវិញទៀត លោកថាការងារដែលសកម្មជនបរិស្ថានធ្វើនោះ​ តែងតែប៉ះពាល់ផលប្រយោជន៍របស់បុគ្គលដែលមានអំណាចក្នុងជួររដ្ឋាភិបាល ទើបមានការចោទប្រកាន់បែបនេះ។

លោកបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋជាពិសេសយុវជនក្នុងកិច្ចការងារក្នុងសង្គម​ប្រជាធិតេយ្យ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលជំរុញវិធានការរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោកថា៖ «ការការពារព្រៃឈើ និងធនធានធម្មជាតិ បើគ្មានការចូលរួមពីយុវជនពីប្រជាពលរដ្ឋ ដែលជាសហគមន៍នោះទេ ប្រសិទ្ធភាពនៃកិច្ចការពារហ្នឹងវាអត់បានគ្រប់ជ្រុងជ្រោយ អ៊ីចឹងវាអាចមានការកាប់បំផ្លាញព្រៃឈើ ឬក៏ធនធានធម្មជាតិនៅតែបន្ត។ អ៊ីចឹងបានថា ការចូលរួមអំពីយុវជន អំពីសហគមន៍ វាជារឿងសំខាន់»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ​ ទទួលស្គាល់ថា លោកពិតជាមិនបានសហការជាមួយក្រុមយុវជននៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) មិនឱ្យចុះល្បាតព្រៃឡង់ពិតមែន។ លោកថា ទោះបីជាសមាគមមួយនេះ​ បានចុះបញ្ជីស្របច្បាប់ក្នុងក្រសួងមហាផ្ទៃពិតមែន ប៉ុន្តែក្នុងពេលចុះទៅតំបន់ការពារធម្មជាតិ ត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានជាមុនសិន។

លោកថា៖ «ធ្វើការងារហ្នឹងជាមួយក្រសួងបរិស្ថានទៅ យើងរីករាយស្វាគមន៍គាត់ហើយ!»។

យ៉ាងណាក្តី Newsroom Cambodia មិនអាចសុំការឆ្លើយតប បន្ថែមពីអ្នកនាំពាក្យក្រសួងបរិសា្ថន លោក នេត្រ ភក្រ្តា បានទេក្នុងសប្តាហ៍នេះ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ ធ្លាប់ប្រាប់ Newsroom Cambodia ថា ក្នុងនាមក្រសួងបរិស្ថាន តែងតែគាំទ្រពលរដ្ឋគ្រប់និន្នាការទាំងអស់ដែលមានបំណងចូលរួមសកម្មភាពការពារព្រៃដោយមិនមានការហាមឃាត់នោះទេ ក្នុងលក្ខខណ្ឌស្របច្បាប់។

លោកថា៖ «យើងស្វាគមន៍រាល់ការចូលរួម របស់សាធារណជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍ផ្សេងៗនៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយការចូលរួមនោះឱ្យស្របតាមច្បាប់ បើស្របតាមច្បាប់យើងស្វាគមន៍»។

ទោះបីជាមានការអះអាងបែបនេះក្តី ក្រុមសកម្មជនដែលឈឺឆ្អាលបញ្ហាសង្គម ជាពិសេសបញ្ហាបរិស្ថាន មិនទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលនោះទេ ប៉ុន្តែពួកគេតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅតាមរយៈខ្នោះដៃពីអាជ្ញាធរទៅវិញ។

ជាក់ស្តែងសកម្មជនបរិស្ថានលេចធ្លោមួយចំនួនរួមមាន លោក សាន់ ម៉ាឡា លោក ស៊ីម សំណាង និង​លោក ទ្រី សុវិគា ត្រូវ​បាន​អាជ្ញាធរចាប់​វាយខ្នោះដាក់​ពន្ធនាគារ​កាលពី​ខែសីហា ឆ្នាំ២០១៥ ដោយសារ​ពួកគេ​ចេញមុខ​យ៉ាងសកម្ម​ប្រឆាំង​ទៅនឹង​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង។

ចំណែក សកម្មជន​សង្គមមួយចំនួនទៀតរួមមាន ​លោក ហ៊ុន វណ្ណៈ អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ លោក ថា ឡាវី និងលោក កើត សារ៉ាយ សុទ្ធតែកំពុងជាប់បណ្ដឹងនៅតុលាការក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ត្រឡប់ទៅកាន់លោក អូត ឡាទីន វិញ ចង់ឃើញរដ្ឋាភិបាលគាំទ្រដល់រូបលោក និងយុវជនដែលខ្វល់ខ្វាយពីបញ្ហាសង្គមផ្សេងទៀត ដោយបញ្ឈប់ការចោទថាជាក្រុមមាននិន្នាការប្រឆាំងរដ្ឋាភិបាល ឬជាក្រុមបំរើឱ្យបរទេស។ លោកថា បេសកម្មរបស់លោក មានបំណងតែមួយគត់ គឺថែរក្សាធនធានព្រៃឈើដើម្បីបន្សល់់ទុកជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយតែប៉ុណ្ណោះ។

លោកនិយាយថា៖ «រាជរដ្ឋាភិបាលគួរតែបញ្ឈប់វប្បធម៌នៅក្នុងការចោទប្រកាន់ ក្រុមអ្នកធ្វើកិច្ចការងារសង្គម ធ្វើការងារបរិស្ថានដែលជាក្រុមមនុស្សស្អាតស្អំ ដែលជាក្រុមមនុស្សមានឆន្ទៈចង់ឱ្យសង្គមសម្បូរទៅដោយព្រៃឈើ មានបរិស្ថានបៃតងល្អ»៕