គ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មី បានចាក់ដីលុបផ្ទះរបស់អ្នកភូមិដែលរស់នៅលើទំនប់៩៤ ក្នុងខេត្តកណ្តាល ដើម្បីបង្ខំឱ្យពួកគេចាកចេញពីតាំងនេះទាំងមិនទាន់ទទួលដំណោះស្រាយ ខណៈសង្គមស៊ីវិលចាត់ទុកថា សកម្មភាពនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋម្នាក់គឺ លោក ស៊ីម ផាន់នី​ អាយុ ៤៥ឆ្នាំ រស់នៅលើទំនប់៩៤ ក្នុងស្រុកកណ្ដាលស្ទឹង បានប្រាប់ Newsroom Cambodia ថា មុននឹងមានការចាក់ដីលុបផ្ទះប្រជាពលរដ្ឋនេះ ក្រុមហ៊ុនព្រលានយន្ដហោះបានឱ្យក្រុមសន្ដិសុខដើរបាញ់លេខផ្ទះដើម្បីឱ្យពលរដ្ឋចាកចេញម្ដងរួចមកហើយ។ លោកថា ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅមុខសាលាខេត្ដកណ្ដាល ដើម្បីរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្ត ប៉ុន្តែគ្មានដំណោះស្រាយនោះទេ។

លោកឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលកំពុងរស់នៅលើទំនប់៩៤ សរុបចំនួន ៤៧៤គ្រួសារ គ្រោងដាក់ញត្ដិនៅក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀតដើម្បីរកដំណោះស្រាយ ប៉ុន្តែនៅថ្ងៃទី៨ ខែមិថុនា បែរជាមានគ្រឿងចក្រជាច្រើនគ្រឿងមកចាក់ដីលុបផ្ទះប្រជាពលរដ្ឋកំពុងរស់នៅតែម្តង។ លោកបន្ថែមថា ភាគីក្រុមហ៊ុនបានបញ្ជាឱ្យក្រុមសន្ដិសុខជាច្រើននាក់មកទប់ស្កាត់ពលរដ្ឋដែលឃាត់គ្រឿងចក្រមិនឱ្យចាក់ដី ក៏មានការប៉ះទង្គិចគ្នា ប៉ុន្ដែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

យ៉ាងណា លោក ផាន់នី ចាត់ទុកថា ការកាយដីលុបផ្ទះរបស់លោកនេះ គឺជាចេតនាបង្ខំឱ្យពលរដ្ឋចាកចេញទាំងបង្ខំ ដោយមិនទាន់ទូទាត់សំណងសមរម្យណាមួយនៅឡើយទេ។

លោកថា៖ «គេចាក់ដីហ្នឹងគឺបង្ខំពួកខ្ញុំឱ្យចាកចេញហ្មង។ ពេលពួកខ្ញុំទៅឃាត់គ្រឿងចក្របែរជាមានខាងក្រុមសន្ដិសុខព្រលានមករារាំងពួកខ្ញុំ។ ពួកខ្ញុំដាច់ខាតមិនព្រមចាកចេញឡើយ ព្រោះពួកខ្ញុំបានរស់នៅយូរហើយ។ អ្នកណាចង់ចាកចេញពីកន្លែងកំណើត។ ខ្ញុំឈឺចិត្ដណាស់អូន!»

បើតាម លោក ស៊ីម ផាន់នី បានឱ្យដឹងបន្ដថា ក្រុមហ៊ុនបានធ្វើសកម្មភាពចាក់ដីនេះ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៣ មកម្លេះ ប៉ុន្ដែមិនទាន់ប៉ះដល់ផ្ទះរបស់ពួកគាត់នោះទេ ទើបតែក្នុងថ្ងៃទី៨ ខែមិថុនា ស្រាប់តែគ្រឿងចក្រទាំងនេះ ចាប់ផ្ដើមចាក់ដីលុបផ្ទះអ្នកភូមិតែម្ដង។

ចំណែក ពលរដ្ឋម្នាក់ទៀត អ្នកស្រី ង៉ោ គឹម វ័យ៣៣ឆ្នាំ រស់នៅភូមិអំពៅព្រៃ ក្នុងឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ដែលមានផ្ទះត្រូវខាងព្រលានយន្ដហោះចាក់ដីលុបដែរនោះ បាននិយាយថា ការចាក់លុបនេះធ្វើឱ្យពលរដ្ឋទាំងអស់មានការភិតភ័យជាខ្លាំង ព្រោះមិនមានការជូនដំណឹងជាមុន។ អ្នកស្រីតាំងចិត្ដថា សម្រាប់ខ្លួនអ្នកស្រី​ និងពលរដ្ឋទាំងអស់មិនព្រមចាកចេញនោះទេ បើគ្មានដំណោះស្រាយសមស្របដែលអ្នកស្រីអាចទទួលយកបាន។ អ្នកស្រីបានចាត់ទុកថា វាជាការគំរាមកំហែងធ្ងន់ធ្ងរពីក្រុមហ៊ុនព្រលានយន្តហោះ និងជាការបំភិតបំភ័យមនុស្សទាំងស្រុង ដែលជាចេតនាបង្ខំពលរដ្ឋឱ្យចាកចេញទាំងគ្មានដំណោះស្រាយ។

អ្នកស្រីថា៖ «ខ្ញុំភ័យណាស់គេមកដល់ចាក់ដីលុបយកហ្មង។ ខ្ញុំដេកអត់លក់ទេអូន មិនដឹងថាគេគិតម៉េចបានជាគេមកធ្វើចឹង។ ពួកខ្ញុំតវ៉ារហូតដល់ខេត្ដទៀត ប៉ុន្ដែគ្មានខាងណាអើពើទេ។មិនមែនទើបមករស់នៅណា ម្នាក់ៗយូរឆ្នាំហើយ។ ខ្ញុំពិបាកចិត្ដណាស់ មិនដឹងទៅរស់នៅកន្លែងណា កន្លែងណីទេ»

កាលពីពេលថ្មីៗនេះ ពលរដ្ឋ ៤៧៤ គ្រួសារ រស់នៅលើទំនប់៩៤ មកពីឃុំកណ្ដោកក្នុងស្រុកកណ្តាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បាននាំគ្នាតវ៉ានៅមុខសាលាខេត្ដកណ្ដាល ស្នើសុំជួបអភិបាលខេត្ដកណ្តាល លោក គង់ សោភ័ណ្ឌ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងការបាញ់ថ្នាំផ្ទះពលរដ្ឋ ប៉ុន្ដែមិនបានជួបដូចការគ្រោងទុក។ ក្រោយមក អ្នកភូមិបានស្នើឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ និងឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង រហូតមកដល់ពេលនេះ ពលរដ្ឋអះអាងថា គ្មានការឆ្លើយតបណាមួយពីរដ្ឋបាលខេត្ដកណ្ដាលនៅឡើយ។

ជុំវិញករណីនេះ លោក ហេង ចាន់ មេឃុំកណ្ដោក បានទទួលស្គាល់ថាពិតជាមានការចាក់ដីពិតមែន ប៉ុន្តែលោកបដិសេធពន្យល់បន្ថែមពីករណីនេះ។

លោកថា៖ «ពូអត់ដឹងរឿងហ្នឹងផងក្មួយ។ វាជាចំណាត់ការថ្នាក់លើក្មួយ! ពូអត់ដឹងដែរ»

ប្រធានផ្នែកដោះស្រាយទំនាស់ដីធ្លីនៃក្រុមហ៊ុនព្រលានយន្តហោះថ្មី លោក ជីវ កុកសាយនិយាយថា ដំណោះស្រាយសម្រាប់ពលរដ្ឋនៅលើទំនប់ ៩៤ គឺមានរួចហើយ ប៉ុន្ដែលោកថាពួកគាត់មិនព្រមទទួលយក។ យ៉ាងណា លោកមិនបានបញ្ជាក់អំពីដំណោះស្រាយច្បាស់លាស់ណាមួយឡើយជាមួយអ្នកសារព័ត៌មាននោះទេ។

លោកថា៖ «គេមានតើ [ដំណោះស្រាយ] ណាស់តែពួកគាត់មិនព្រមទទួល ហើយចេះចង់បាននេះ ចង់បាននោះមិនឈប់។ អាហ្នឹងយើងក៏មិនដឹងធ្វើម៉េចដែរ»

Newsroom Cambodia មិនអាចសុំការបំភ្លឺបន្ថែមពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងលោក គ្រុយ ម៉ាឡែន​ អ្នកនាំពាក្យសាលាខេត្ដកណ្ដាលជុំវិញចំណាត់ការរបស់រដ្ឋបាលខេត្ដបានទេ នៅថ្ងៃទី៩ និងទី១០ ខែមិថុនា ដោយទូរសព្ទចូលជាច្រើនលើកប៉ុន្ដែមិនមានអ្នកទទួល។

មន្ត្រីសម្របសម្រួល និងធុរៈកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត លើកឡើងថា ការចាក់ដីលុបផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនេះ គឺជាការរំលោភទាំងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងច្បាប់អស្សាមិករណ៍ ដែលចែងថា រាល់ការអភិវឌ្ឍទាំងអស់ត្រូវទូទាត់សំណងឱ្យបានសមរម្យជាមុនសិន។ ​លោកសង្កេតឃើញថា ភាគីក្រុមហ៊ុនបានប្រើប្រាស់អំណាចរបស់ខ្លួនទាំងបំពានផ្លូវច្បាប់ ដែលជាសកម្មភាពមិនគួរកើតមាននោះទេ។

លោកថា៖ «ការចាក់ដីលើផ្ទះប្រជាពលរដ្ឋជាការគំរាមកំហែង វាជាការបង្ខំដោយផ្ទាល់តែម្ដង។វាជាការរំលោភច្បាប់ហើយ។ រឿងនេះគឺត្រូវអាជ្ញាធរខេត្ដ ឬអាជ្ញាធរមូលដ្ឋានត្រូវមានវិធានការ។ វាជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ វាខុសនឹងនីតិវិធីនៃការដោះស្រាយទំនាស់ដីធ្លីទៀត»

ច្បាប់អស្សាមិករណ៍ មាត្រា២២ ចែងថា៖ «ប្រាក់សំណងដែលត្រូវផ្តល់ទៅឱ្យម្ចាស់អចលនវត្ថុនិង /ឬ ម្ចាស់សិទ្ធិ ត្រូវគិតតាមថ្លៃទីផ្សារ ឬថ្លៃជំនួសទៅតាមកាលបរិច្ឆេទ នៃការចេញសេចក្តីប្រកាស ស្តីពីគម្រោងអស្សាមិករណ៍។ ថ្លៃទីផ្សារ ឬថ្លៃជំនួសត្រូវកំណត់ដោយគណៈកម្មការ ឬភ្នាក់ងារឯករាជ្យមួយ តាមការជ្រើសរើសរបស់គណៈកម្មាធិការអស្សាមិករណ៍»

យ៉ាណាក្តី មិនមែនមានតែប្រជាពលរដ្ឋរស់នៅលើទំនប់៩៤ នោះទេ ដែលត្រូវរងការបណ្តេញចេញ។ កន្លងមកក៏មានប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅស្រុកបាទី ខេត្ដតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានរងនូវផលប៉ះពាល់ដីជាច្រើនហិកតា​ និងផ្ទះសំបែងចំនួនរាប់សិបខ្នងពីគម្រោងសាងសង់ព្រលានយន្ដហោះអន្ដរជាតិតេជោក្នុងតាខ្មៅនេះដែរ។ប្រជាពលរដ្ឋទាំងនោះតែងតែនាំគ្នាតវ៉ារហូតមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងពលរដ្ឋ និងមានការចាប់ខ្លួនដាក់ពន្ធនាគារថែមទៀតផង។

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយឡៃ បានលើកឡើងថា មុននឹងអាជ្ញាធរធ្វើសកម្មភាពចាក់ដីលុបផ្ទះអ្នកភូមិ គឺត្រូវពន្យល់ និងផ្សព្វផ្សាយដល់ពួកគាត់សិនដើម្បីឱ្យមានកិច្ចសហការល្អប្រសើរ រវាងពលរដ្ឋនិងអាជ្ញាធរ។ លោកបន្ដថា ពលរដ្ឋមានសិទ្ធិរស់នៅដោយស្របច្បាប់លើដីកំណើតរបស់ខ្លួន​ និងទទួលបាននូវកិច្ចគាំពារពីរដ្ឋបន្ថែមទៀត។

លោកថា៖ «កាលណាគ្មានសំណង ហើយមកចាក់ដីនេះគឺចាត់ទុកថាជាការបណ្ដេញចេញបង្ខំហើយ។ វាខុសគោលការណ៍សិទ្ធិដែលកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ក៏ដូចជាគោលការណ៍ទាក់ទងនឹងការបណ្ដេញចេញដែលគេបានការពារ និងបានបញ្ជាក់ច្បាស់ៗមុននឹងការដោះដូរទីតាំងថ្មីត្រូវធ្វើម៉េចកុំឱ្យវាត្រូវទម្រង់បណ្ដេញចេញដោយបង្ខំ»

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) បានបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដីសរុប២៦០០ហិកតា ដោយគម្រោងសាងសង់មាន៣ដំណាក់កាល។

ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១ ៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕