«អត់ចប់ត្រឹមហ្នឹងទេ ទោះខ្ញុំអត់មានលុយប្តឹងផ្តល់ដល់តុលាការ ក៏ខ្ញុំទៅស្រែកយំ។ ពូជខ្ញុំ ម៉ាពូជខ្ញុំ ទៅស្រែកយំមុខសម្តេច ហ៊ុន សែន សម្តេច ស ខេង ក៏ខ្ញុំស្រែកដែរ។ ធ្វើម៉េចរកយុត្តិធម៌ឱ្យខ្ញុំ ឱ្យបងខ្ញុំស្លាប់បិទភ្នែកជិត»។

នេះជាសំឡេងទាមទាររកយុត្តិធម៌ របស់អ្នកស្រី មន សុខគា ជាប្អូនរបស់បុរសម្នាក់ដែលស្រ្តីរូបនេះអះអាងថាបានស្លាប់ក្នុងពេលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោយពីមន្រ្តីជំនាញខេត្តនេះ អះអាងថា ជនដែលជាប់ឃុំ បានគាំងបេះដូងស្លាប់។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន ដោយអះអាងថា ជនជាប់ចោទម្នាក់ឈ្មោះ មន មឿន វ័យ ៤២ឆ្នាំ បានបាត់បង់ជីវិតនៅលើឡានសង្រ្គោះបន្ទាន់ ដោយសារគាំងបេះដូង ក្រោយពេលរអិលដួលក្នុងបន្ទប់ទឹកក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

អ្នកស្រី មន សុខគា វ័យ ៤០ឆ្នាំ ជាប្អូនស្រីសាកសព ចាត់ទុក ការសន្និដ្ឋានពីមន្ត្រីជំនាញថា  បងរបស់ខ្លួនបានគាំងបេះដូងរហូតបាត់បង់ជីវិតបែបនេះ គឺជាការប្រឌិតរបស់សមត្ថកិច្ច។ អ្នកស្រីថា អំឡុងពេលអ្នកស្រីពិនិត្យមើលសាកសព លោក មន មឿន គឺមានសភាព​ជាំនៅលើដើមទ្រូង និងរបួសលើផ្ទៃមុខជាច្រើនកន្លែង។ អ្នកស្រីដាក់ការសង្ស័យថា របួសលើរាងកាយសាកសពគឺជាការប្រើទារុណកម្មធ្ងន់ធ្ងរ ទើបបណ្តាលឱ្យបងប្រុសរបស់ខ្លួនដាច់ខ្យល់ស្លាប់បែបនេះ។

អ្នកស្រីថា៖ «ជាក់ស្តែងបងខ្ញុំបែកមាត់ បាក់ថ្គាម ដើមទ្រូងជាំទាំងអស់។ សាកសព ខ្ញុំទទួលស្គាល់ អ្នកខ្លះអាចមានចេញខ្មៅ អ្នកខ្លះមាន អ្នកខ្លះអត់ចេញទេ ប៉ុន្តែជាក់ស្តែងបងខ្ញុំស្នាមនេះ គឺមិនមែនស្នាមចេញពីខ្លួនទេ គឺស្នាមវាយដំ ទារុណកម្ម ពួកខ្ញុំទទួលយកអត់បានទេ»

សេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដដែល ឱ្យដឹងថា លោក មន មឿន ដែលមានទីលំនៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរងពាក្យបណ្តឹង ប៉ុនប៉ងរំលោភ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពដដែលបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក លឹម មករន្ទ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន លោក មន មឿន ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២៣។

ប្អូនស្រីជនរងគ្រោះ អ្នកស្រី មន សុខគា ប្រាប់ Newsroom Cambodia ថា​ ករណីចោទថា លោក មន មឿន ប៉ុនប៉ងរំលោភនេះ គឺមន្រ្តីសមត្ថកិច្ចមិនទាន់បានបើកការស្រាវជ្រាវឱ្យបានច្បាស់នៅឡើយទេ។ យ៉ាងណា អ្នកស្រីថាដើមបណ្តឹងបានទាមទារសំណងជំងឺចិត្តចំនួន ៥០០០ ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែគ្រួសាររបស់អ្នកស្រីមិនមានលទ្ធភាព ដោយសុំសម្របសម្រួលត្រឹម ​១០០០ ដុល្លារ ប៉ុន្តែដើមបណ្តឹងមិនព្រម។ ក្រោយមកទើបសមត្ថកិច្ចបានបញ្ជូនលោក មន មឿន ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

អ្នកស្រី មន សុខគា រំឭកថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា មានអ្នកហៅទូរសព្ទឱ្យអ្នកស្រីទៅមើលលោក មន មឿន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយថា លោក មន មឿន មានអាការឈឺធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់។ អ្នកស្រីថា ពេលទៅដល់មន្ទីរពេទ្យ មានមន្រ្តីសុខាភិបាលប្រាប់ថា មិនបានទទួលអ្នកជំងឺនោះទេ គឺមានតែទទួលសាកសព ដែលដឹកចេញពីពន្ធនាគារតែម្តង។

អ្នកស្រីនិយាយថា៖ «ខាងគ្រូពេទ្យគេឆែកឈ្មោះមើល! ឆែកឈ្មោះមើល ឈ្មោះបងខ្ញុំហ្នឹងហើយស្លាប់នោះ ខ្ញុំសួរថា​បញ្ជូនតាំងម៉ោងប៉ុន្មានមក គាត់ថា សាកសពហ្នឹងមកដល់ម៉ោង ៥ភ្លឺ»

អ្នកស្រី មន សុខគា និយាយថា ក្នុងពេលឃុំខ្លួនក្នុងពន្ធនាគារបានមួយថ្ងៃ ជនត្រូវចោទបានស្លាប់យ៉ាងអាណោចអាធម ដោយបន្សល់ទុកស្នាមជាំ និងរបួសលើផ្ទៃមុខជាច្រើនកន្លែង។

ប្អូនស្រីជនរងគ្រោះរូបនេះ ថាគាត់មិនអាចទទួលយកបានចំពោះករណីស្លាប់នេះទេ ដោយថា ហាក់លឿនពេក ព្រោះបងរបស់អ្នកស្រី មិនដែលមានប្រវត្តិជំងឺគាំងបេះដូង ឬប្រកាច់ជាញឹកញាប់ដូចការសន្និដ្នានរបស់មន្រ្តីពន្ធនាគារនោះទេ។

អ្នកស្រីបន្ថែមថា៖ «មនុស្សយកទៅល្អចែស យកមកវិញជាសាកសព។ អារម្មណ៍ប្អូនយ៉ាងម៉េច! ម៉ែខ្ញុំស្រែកយំទ្រហ៊ោរាល់ថ្ងៃ ស្រមៃឃើញរូបភាពកូន គេវាយមិនដឹងឈឺចាប់ម៉េច»

ប្រភពដដែលឱ្យដឹងថា ក្នុងអំឡុងពេលទៅទទួលសាកសព គឺសមត្ថកិច្ចមិនព្រមឱ្យអ្នកស្រីថតរូបសាកសពនោះទេ ដោយតម្រូវឱ្យអ្នកស្រីផ្តិតមេដៃលើក្រដាសទទួលសពជាមុនសិនទើបប្រគល់សាកសពឱ្យយកទៅធ្វើបុណ្យ។ នៅក្នុងថ្ងៃដដែលអ្នកស្រីព្រមព្រៀងផ្តិតមេដៃលើឯកសារទទួលសព ដោយថា គាត់អត់ជម្រើស និងចង់ឃើញមុខបងប្រុសរបស់ខ្លួន ទើបគាត់ព្រមផ្តិតមេដៃទាំងបង្ខំចិត្ត។

ជុំវិញករណីនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺលោកសម សាមួន ឆ្លើយតបខ្លីថា ករណីស្លាប់នេះ ជាការទទួលខុសត្រូវរបស់មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺ ដូចនេះលោកមិនមានអ្វីបញ្ជាក់បន្ថែមទេ។

លោកថា៖ «បើស្លាប់លើដៃនគរបាលអាហ្នឹង ស្រួលខ្ញុំបំភ្លឺ។ នេះ​ស្លាប់នៅខាងពន្ធនាគារ ខ្ញុំបកស្រាយខ្លាចវាខុស»

ចំណែក ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ លោក ទីន សុវណ្ណនី និយាយថា លោកមិនមានអ្វីបកស្រាយបន្ថែមជុំវិញ ការស្លាប់ជនត្រូវចោទ ឈ្មោះ មន មឿន នេះទេ។លោកប្រាប់ឱ្យអ្នកសារព័ត៌មាន អានសេចក្តីបំភ្លឺ ដែលមាននៅលើទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួចលោកបានចុចផ្តាច់ទូរសព្ទតែម្តង។

លោកថា៖ «ម្នាក់ៗតេមក ខ្ញុំគ្មានពេលវេលាលើក [ទូរសព្ទ] ឱ្យទេ»។

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ករណីស្លាប់បុរសក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនេះ មានភាពស្រដៀងគ្នាទៅនឹងករណីដែលមានមនុស្សស្លាប់ក្នុងពេលជាប់ឃុំដោយបន្យល់ទុកស្នាមរបួសលើដងខ្លួនដែលកើតមាននាពេលកន្លងមក។ លោកបន្តថា ច្បាប់ក្នុងពន្ធនាគារបានចែងថា មិនឱ្យមានការប្រើប្រាស់ទារុណកម្ម ឬហិង្សា គ្រប់រូបភាពចំពោះអ្នកត្រូវបានឃុំខ្លួននោះទេ។

លោកបានជំរុញឱ្យមន្រ្តីជំនាញបើកការស៊ើបអង្កេតបន្ថែមជុំវិញការស្លាប់ជនជាប់ឃុំនេះ ប្រកបដោយតម្លាភាព ដើម្បីឱ្យសាច់ញាតិជនរងគ្រោះអាចទទួលយកបាន និងទប់ស្កាត់កុំឱ្យកើតមានអំពើទារុណកម្មក្នុងពេលឃុំខ្លួន។

លោកថា៖ «ករណីនេះ គួរតែមានការស៊ើបអង្កេត និងការស្រាវជ្រាវបន្ថែមទៅលើបញ្ហាស្លាប់នៃអ្នកជាប់ឃុំហ្នឹង ដើម្បីស្វែងរកការពិត និងយុត្តិធម៌សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ។ ពីព្រោះបើសិនជាហេតុផល នៃការបញ្ជាក់វាមិនសមរម្យ និងអាចទទួលយកបានទេ ជាពិសេសក្រុមគ្រួសារគាត់ធ្វើម៉េចទទួលយកបានទៅលើបញ្ហាទាំងអស់ហ្នឹង»។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ​២០២១ ក៏មានករណីស្រដៀងគ្នានេះដែរ គឺមានបុរសម្នាក់បានស្លាប់នៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបង ដោយបន្សល់ទុកស្នាមជាំ និងរបួសលើខ្លួនប្រាណជាច្រើនកន្លែង។ ក្រុមគ្រួសារសព បានចោទមន្ត្រីនគរបាលពាក់ព័ន្ធថាបានធ្វើទារុណកម្ម ប៉ុន្តែក្រោយការបើកការស៊ើបអង្កេតរយៈពេលជិត ២ឆ្នាំ មន្រ្តីជំនាញសន្និដ្ឋានថា ជាការស្លាប់ដោយជំងឺគាំងបេះដូង។

អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយកាលពីឆ្នាំ២០១៤ ស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកជាប់ឃុំ និងអ្នកដែលទើបដោះលែង ជាង១១ ០០០នាក់ ក្នុងនោះមាន៥០០នាក់ ប្រាប់ថា ពួកគេទទួលរងការធ្វើទារុណកម្មក្នុងពេលឃុំឃាំង។ ប្រភពដដែលបន្តថា អំពើហិង្សានៅពេលជាប់ឃុំ បង្កឡើងដោយការបំពានពីអ្នកជាប់ឃុំដូចគ្នា នៅក្រោមការបញ្ជាផ្ទាល់ និងដឹងឮពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពទប់ស្កាត់ និងស៊ើបអង្កេតឱ្យបានច្បាស់នោះទេ។

របាយការណ៍ដដែលបង្ហាញទៀតថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលសំណុំរឿងជាង៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា រួមមានការប្រើអំពើហិង្សាលើអ្នកទោសជាស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។ ក្នុងនោះនៅ៤ខែដំបូង នៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន៤៩ករណី អំពីការធ្វើទារុណកម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។

ទិន្នន័យរបស់អង្គការលីកាដូ រកឃើញថា មនុស្សភាគច្រើនបានរាយការណ៍អំពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក រៀបរាប់ថា ពួកគេត្រូវបានវាយ ទាត់ ទះ ឬដាល់ រហូតដល់ហូរឈាម ហើយបាត់បង់ស្មារតី។ ក្នុងនោះមានមនុស្ស ជាច្រើនត្រូវបានវាយគ្រប់កន្លែងលើខ្លួនរបស់ពួកគាត់ ព្រមទាំងក្បាល និងក ហើយអ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំងជាដើម។

ទោះជាបែបណា សម្រាប់អ្នកស្រី មន សុខគា ដែលត្រូវជាប្អូនស្រីបង្កើតរបស់បុរសដែលស្លាប់ក្នុងដៃមន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺ និយាយថា គាត់នឹងបន្តដាក់ពាក្យបណ្តឹងទៅភាគីពាក់ព័ន្ធ​ ដោយរំពឹងថា នឹងទទួលបានភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់គាត់។

អ្នកស្រីថា៖ «មិនទាន់បានស្រាវជ្រាវមិនទាន់បានកាត់ក្តីទេបងខ្ញុំស្លាប់បាត់ ឥលូវមានឈ្មោះថា បងខ្ញុំប៉ុនប៉ងរំលោភគេស្លាប់ក្នុងគុក។ រងភាពអយុត្តិធម៌ណាស់ ជួយបងខ្ញុំផង! រង[ភាពអយុត្តិធម៌] ខ្លាំងណាស់ បើស្លាប់ធម្មតាមិនអីទេ ឥលូវគេយកទៅជាប់គុកងាប់នៅក្នុងគុក»