សហគមន៍ព្រៃឡង់ខេត្តព្រះវិហារថាបទល្មើសព្រៃឈើនៅតែបន្តកើតមាន បើទោះជាមានបទបញ្ជាពីនាយករដ្ឋមន្រ្តីហើយក៏ដោយ។

ព្រៃឡង់ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រណិតៗច្រើនប្រភេទហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

«ព្រៃឈើយើងវាមិនយូរទេ គង់តែអស់ក្នុងពេលដ៏ខ្លីនេះជាក់ជាមិនខាន បើសិនជាការអនុវត្តច្បាប់ឬមន្រ្តីពាក់ព័ន្ធគាត់នៅតែធ្វើការមិនអស់ពីចិត្ត ជាក់ស្តែងបទល្មើសព្រៃឈើវាមិនចេះស្ងប់ទេ ព្រះឥន្ធព្រះព្រហ្មណា៎ហាមឃាត់បទល្មើសព្រៃឈើក៏មិនបានដែរ ព្រោះអំពើពុករលួយវាជាប្រព័ន្ធទៅហើយ»។

នេះជាសម្តីរបស់បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ឃុត សឿម បាននិយាយរៀបរាប់ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី ១៦ ខែមិថុនា​ ថាបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ខាងខេត្តព្រះវិហារកើតមានជាបន្តបន្ទាប់ ហាក់គ្មានចំណាត់ការណាមួយនោះទេ។ លោកបញ្ជាក់ថាជាក់ស្តែងគិតត្រឹមរយៈពេល ៤ ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែមិថុនា កន្លងទៅបណ្តាញសហគមន៍ព្រៃឡង់បានចុះល្បាតរកឃើញបទល្មើសរហូតទៅដល់ ២៥០ ករណី ក្នុងនោះដែរមានម៉ូតូចំនួន ៦គ្រឿង គោយន្ត ៦គ្រឿង រណាយន្តចំនួន ៧គ្រឿងនិងអាវុធកែច្នៃចំនួន ៨ដើមដែលជនល្មើសទុកសម្រាប់ប្រើប្រាស់។ បើតាមលោក ឃុត សឿម បទល្មើសទាំងនោះសហគមន៍បានរកឃើញនៅត្រង់ចំណុចប្រសព្វនៃភូមិសាស្ដ្រតំបន់ព្រៃឡង់ ៣ខេត្តគឺ ខេត្ដព្រះវិហារ ខេត្ដកំពង់ធំ និងខេត្ដស្ទឹងត្រែង។

ជាអ្នកភូមិឫស្ស៊ីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៥ ឆ្នាំដែលតែងតែចូលរួមល្បាតនិងការពារព្រៃឡង់អស់រយៈកាលជាច្រើនឆ្នាំរូបនេះ​យល់ឃើញថាបទបញ្ជាឬសេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលដាក់ចេញកន្លងទៅហាក់មិនទាន់មានប្រសិទ្ធភាពនោះទេ ដោយសារមន្រ្តីថ្នាក់ក្រោមមួយចំនួនចេះតែបណ្តែតបណ្តោតឱ្យជនល្មើសលួចចូលកាប់និងដឹកឈើចេញពីតំបន់ព្រៃឡង់ដដែល។

លោក ឃុត សឿម និយាយថា៖ «ខ្ញុំយល់ថាគាត់បញ្ជាដែរ ប៉ុន្តែមន្រ្តីថ្នាក់ក្រោមនៅតែមិនស្តាប់បង្គាប់គាត់ [នាយករដ្ឋមន្រ្តី] មិនធ្វើការ ប្រសិនបើមិនអនុវត្តតាមគោលការណ៍ច្បាប់តឹងរ៉ឹងធ្វើឱ្យបទល្មើសនឹងវាចេះតែកើតមានឡើងអ៊ីចឹង»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក ចាន់ សារិន បានឱ្យដឹងថាសហគមន៍ព្រៃឡង់មានគ្នាប្រមាណ ២០ នាក់ នាំគ្នាចុះល្បាតការពារព្រៃឈើនៅក្នុងភូមិសាស្រ្តតំបន់ការពារព្រៃឡង់បានប្រទះឃើញបទល្មើសកាប់ឈើនិងដឹកឈើជាច្រើនកន្លែង។​​ លោកបន្តថាឃើញដូច្នេះសហគមន៍ហាក់មិនមានជំនឿចំពោះបទបញ្ជារបស់រដ្ឋាភិបាលដែលដាក់ចេញឱ្យមន្រ្តីថា្នក់ក្រោមជាតិនិងមន្រ្តីជំនាញចុះបង្រ្កាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅតាមតំបន់ព្រៃការពារនោះទេ។

លោកថា៖ «ឮតែបញ្ជានិងចុះបង្រ្កាបជាក់ស្តែងបទល្មើសនៅតែមានអ៊ីចឹង ខ្ញុំមិនដឹងគិតយ៉ាងណា។ មិនដឹងថាប្រសិទ្ធភាពយ៉ាងម៉េច! បើបទល្មើសនៅតែមានអ៊ីចឹង»។

ជាអ្នកភូមិធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ យុវជនមានវ័យ ២៣ ឆ្នាំរូបនេះលើកឡើងថាដើម្បីឱ្យបទបញ្ជារបស់រដ្ឋាភិបាលមានប្រសិទ្ធភាព និងបទល្មើសព្រៃឈើលែងបន្តកើតមាន រដ្ឋាភិបាលត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ ស្វែងរកនិងវែកមុខជនពាក់ព័ន្ធនៅខាងក្រោយខ្នងយកមកដាក់ទោសទណ្ឌ ជាពិសេសបិទរោងចក្រអាជីកម្មឈើទាំងអស់នៅជុំវិញតំបន់ព្រៃឡង់នោះប្រសិទ្ធភាពនិងបទបញ្ជារបស់រដ្ឋាភិបាលនឹងទទួលបានការគាំទ្រពីសំណាក់សហគមន៍ហើយជាពិសេសព្រៃឈើនៅតំបន់ការពារមួយចំនួនអាចនឹងគង់វង្សបាន។

លោក ចាន់ សារិន និយាយថា៖«ខ្ញុំយល់ថាបើគាត់ [សម្តេច] អនុវត្តតាមច្បាប់មែនទែន ខ្ញុំគិតថាវាមិនពិបាករកទេអ្នកនៅពីខាងក្រោយខ្នង ស្រួលបំផុត បើគាត់អនុវត្តមែនបញ្ហាបទល្មើសព្រៃឈើវាអាចគង់វង្សនៅរហូត វាមិនបាត់ទៅណាទេ»។

លោកបន្ថែមថា៖ «បើសម្តេចចង់បង្រ្កាបបទល្មើសនិងទប់ស្កាត់បទល្មើសព្រៃឈើមែន រឹតបន្តឹងច្បាប់ឱ្យខ្លាំងជាងនេះ ជាពិសេសពិនិត្យមើលមន្រ្តីថ្នាក់ក្រោមតិចទៅ បទល្មើសវាអាចគង់ហើយ»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ស្រី ទីន មានប្រសាសន៍ថាបច្ចុប្បន្ននេះករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារនៅតែបន្តកើតមានជាហូរហែ និងមិនទាន់ឃើញមានចំណាត់ការរបស់រដ្ឋាភិបាលដែលដាក់ចេញកន្លងទៅមានប្រសិទ្ធភាពនៅឡើយ។ លោកបន្ថែមថាបញ្ហាបទល្មើសព្រៃឈើប្រសិនបើមិនមានការទប់ស្កាត់និងចុះបង្រ្កាបឱ្យទាន់ពេលវេលានោះទេ ព្រៃឈើនៅតំបន់ការពារព្រៃឡង់អាចនឹងរងការវិនាសនាពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាន។

លោកថា៖«វិនាសកម្មព្រៃឈើអាចនឹងកើតមាន ប្រសិនបើមន្រ្តីរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យបទល្មើសចេះតែកើតមានចឹងនោះ។

លោកបន្ថែមថា៖«សម្តេចនាយកប្រកាសក្តាំងៗ តែបទល្មើសលួចកាប់ឈើនៅតែមាន មិនដឹងមន្រ្តីថ្នាក់ក្រោមគាត់គិតយ៉ាងម៉េច!»។

យ៉ាងណាមិញ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហាររូបនេះបានស្នើទៅរាជរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ឡើងវិញ វែកមុខជនខិលខួចដែលតែងតែលួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋ និងចាប់ជនល្មើសដាក់ពន្ធនាគារ ជាពិសេសត្រូវបើកសិទ្ធិឱ្យសហគមន៍ព្រៃឡង់ យុវជន អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតការពារព្រៃឈើទាំងអស់គ្នា។

លោក ស្រី ថី ស្នើថា៖«ដើម្បីឱ្យព្រៃឈើមានការគង់វង្សសម្តេចនាយកត្រូវតែពង្រឹងការអនុវត្តច្បាប់ ចាប់ជនល្មើសទាំងនោះដាក់ពន្ធនាគារ និងវែកមុខជនពាក់ព័ន្ធនៅខាងក្រោយខ្នង ជាពិសេសអនុញ្ញាតឱ្យសហគមន៍ យុវជន អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតព្រៃឡើងវិញដើម្បីចូលរួមការពារព្រៃទាំងអស់គ្នា នោះព្រៃឈើយើងនឹងគង់វង្សដល់ក្មេងជំនាន់ក្រោយ»។

ពាក់ព័ន្ធនឹងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ឆ្លើយតបថាក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍របស់ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសកម្មជនព្រៃឈើទេ។ លោកបន្តថារបាយការណ៍របស់ពួកគេមានតម្លៃសម្រាប់តែម្ចាស់ជំនួយរបស់ពួកគេនិងសម្រាប់ស្វែងរកថវិកាបន្តជីវិតរស់របស់ចលនារបស់គេប៉ុណ្ណោះ។

លោកថា៖«ក្រសួងបរិស្ថានសូមគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដោយប្រកាន់ខ្ជាប់នូវវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ និងការដាក់ចុះនូវវិធានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ»។

លោកបន្ថែមថា៖«បច្ចុប្បន្ននេះ ស្ថានភាពនៃការអភិរក្សមានភាពល្អប្រសើរ កម្ពុជាបានឈានចូលរបត់ថ្មីដែលរកបានចំណូលពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ»។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ មិនអាចសុំការបកស្រាយបន្ថែមបានទេជុំវិញរឿងនេះ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។   

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាបញ្ហាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារហាក់កើតមានស្ទើររាល់ថ្ងៃ បើតាមការរកឃើញរបស់បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត។ លោកបន្តថាបញ្ហាបទល្មើសព្រៃឈើទាំងនេះជាសញ្ញាមួយបញ្ជាក់ថាបទបញ្ជារបស់រដ្ឋាភិបាលដែលប្រកាសក្តែងៗឱ្យមន្រ្តីថ្នាក់ក្រោមអនុវត្តការចុះបង្រ្កាប់និងទប់ស្កាត់បទល្មើសព្រៃឈើហាក់ឆ្ងាយដូចជើងមេឃ។

លោកថា៖«ជាសញ្ញាបង្ហាញថាចំណាត់ការរបស់រាជរដ្ឋាភិបាលនៅមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសទូទាំងប្រទេស»។

លោកបន្ថែមថា៖«ប្រសិនបើមិនមានការយកចិត្តទុកដាក់ឱ្យបានល្អប្រសើរហើយមិនធ្វើការអនុវត្តច្បាប់ឱ្យមានភាពប្រាដកប្រជានិងឱ្យបានម៉ឹងម៉ាត់ បញ្ហាការកាប់បំផ្លាញព្រៃឈើនៅនឹងតែបន្តកើតមានហើយនិងជាបញ្ហាធំនៅថ្ងៃក្រោយ»។

បន្ថែមពីនេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ផ្តល់ជាអនុសាសន៍ថារដ្ឋាភិបាលត្រូវបើកទូលាយឱ្យសហគមន៍ យុវជន អង្គការសង្គមស៊ីវិលចូលរួមចុះល្បាតជាមួយមន្រ្តីបរិស្ថានឡើងវិញដើម្បីរួមគ្នាស្វែងរកជនល្មើសនិងទប់ស្កាត់បទល្មើសព្រៃឈើរួមគ្នា នោះបញ្ហាព្រៃឈើលែងជាកង្វល់តទៅទៀតហើយ​នៅក្នុងសង្គមកម្ពុជា។

កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជាស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យមន្ត្រីថ្នាក់ក្រោមជាតិនិង​អ្នកមាន​អំណាច​មួយ​ចំនួន​ដែល​ប្រើ​ពលរដ្ឋឱ្យកា​ប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឆាប់ដកខ្លួន​ចេញ​ភ្លាម កុំ​អាង​ជិត​បោះ​ឆ្នោត​មក​ដល់នាំ​គ្នា​ធ្វើ​ឱ្យ​មាន​បញ្ហាកើតឡើងបែបនេះ។ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាការ​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​មិន​មាន​តែ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មាន​មន្ត្រី និង​អ្នកធំ​ អ្នកមានលុយនៅ​ពីក្រោយ​ខ្នងផង​ដែរ ដោយ​ពួក​គេ​បាន​ប្រើ​ពលរដ្ឋ​ឱ្យ​ទៅ​កា​ប់​ទន្ទ្រានយកដីរដ្ឋ ដូច្នេះរដ្ឋាភិបាលនឹងមិនអត់ឱនឱ្យជនខិលខូចទាំងនោះជាដាច់ខាត។

លោកនាយករដ្ឋមន្រ្តីថ្លែងថា៖«ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋដែលជាធនធានសម្បត្តិធនធានរបស់ជាតិ យើងតែងសង្កេតឃើញថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោតខិតជិតមក អំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងកាត់យកទន្ទ្រានព្រៃឈើនិងយកដីគឺតែងតែកើតមាន»

លោក ហ៊ុន សែន បន្ថែមថា៖«ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃយកដីកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លីត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេលហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឱ្យកើតឡើងសាជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃនិងដីធ្លីរបស់រដ្ឋនោះឡើយ»