បណ្តាញសហគមន៍ព្រៃឡង់ស្នើឱ្យបេក្ខជនតំណាងរាស្រ្តមកពីគណបក្សផ្សេងៗក្នុងអាណត្តិទី ៧ ជួយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងយកបញ្ហាព្រៃឈើមកឃោសនាក្នុងយទ្ធនាការបោះឆ្នោតនាពេលខាងមុននេះ។

ឈើមានរាងវែងៗកាត់រួចយ៉ាងស្អាតនៅលើគោយន្តបញ្ឍរចោលដែលសហគមន៍បានរកឃើញបទល្មើសលួចដឹកឈើជាបន្តបន្ទាប់នៅក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ កាលពីថ្ងៃ៧៣១ កក្កដាឆ្នាំ២០២២។ រូបភាព៖(ប្រភពផ្ដល់ឱ្យ)

ព្រៃឡង់ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រណិតៗច្រើនប្រភេទហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក​ ឃុត សឿម មានប្រសាសន៍ថាក្នុងនាមជាសហគមន៍បណ្តាញព្រៃឡង់តែងតែចង់ឃើញអ្នកនយោបាយឬតំណាងរាស្រ្តមកពីគណបក្សនយោបាយផ្សេងៗជួយគិតគូរនិងយកបញ្ហាការកាប់បំផ្លាញព្រៃឈើមកធ្វើជាគោលនយោបាយចំបងក្នុងយុទ្ធនាការបោះឆ្នោតអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ លោកបន្តថាបច្ចុប្បន្ននេះបញ្ហាធនធានធម្មជាតិមិនទាន់ឃើញគណបក្សនយោបាយណាយកចិត្តទុកដាក់ឱ្យខ្លាំងក្នុងការចូលរួមទប់ស្កាត់និងជួយពង្រឹងការអនុវត្តច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាពនៅឡើយទេ។

លោកថា៖«ចង់ឱ្យតំណាងរាស្រ្តមកពីគណបក្សនយោបាយយកបញ្ហាព្រៃឈើនិងធនធានធម្មជាតិមកឃោសនាបោះឆ្នោតជារឿងមួយជួយលើកកម្ពស់ក្នុងការអនុវត្តច្បាប់ការពារធនធានធម្មជាតិផងដែរនិងអាចជួយទប់ស្កាត់បញ្ហាព្រៃឈើបាន»។

លោកបន្ថែមថា៖«សព្វថ្ងៃនេះយើងឃើញហើយថាធនធានធម្មជាតិមិនទាន់ទទួលបានការការពារឱ្យម៉ត់ចត់១០០ភាគរយទេ។ ជាក់ស្តែងសហគមន៍យើងខ្ញុំនៅតែឃើញមានបទល្មើសកាប់បំផ្លាញព្រៃឈើរហូតពេលសហគមន៍ចុះល្បាត»។

ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៥ ឆ្នាំរូបនេះរាប់រៀបបន្ថែមថាបញ្ហាធនធានធម្មជាតិនៅប្រទេសកម្ពុជាកំពុងរងការកាប់ទន្រ្ទានជាច្រើនជាពិសេសនៅតំបន់ព្រៃឡង់ខាងខេត្តព្រះវិហារ។ លោកបន្ថែមថាបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើកើតមានជាហូរហែ ដូច្នេះតំណាងរាស្រ្តដែលមកពីគណបក្សនយោបាយផ្សេងៗក្នុងអាណត្តិទី ៧ ថ្មីនេះគួរតែយកបញ្ហាធនធានធម្មជាតិដាក់ជាគោលនយោបាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផង។

គោយន្តដឹកឈើជាច្រើនដែលសហគមន៍បានឃើញនៅក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ កាលពីថ្ងៃ៧៣១ កក្កដាឆ្នាំ២០២២។ រូបភាព៖(ប្រភពផ្ដល់ឱ្យ)

លោក​ ឃុត សឿម និយាយថា៖«តំណាងរាស្រ្តនៅក្នុងការបោះឆ្នោតអាណត្តិថ្មីនេះសុំដាក់បញ្ហាការការពារធនធានធម្មជាតិហ្នឹងឱ្យបានទូលំទូលាយហើយការអនុវត្តច្បាប់ហ្នឹងឱ្យបាន ១០០ភាគរយផងដែរ»។

លោកបន្ថែមថា៖«ប្រសិនបើតំណាងរាស្រ្តមួយៗយកបញ្ហារឿងការការពារធនធានធម្មជាតិឬរឿងព្រៃឈើមកដាក់ជាគោលនយោបាយនោះវាអាចថាល្អ ប៉ុន្តែសំខាន់នៅពេលដែលបោះឆ្នោតរួច ឱ្យតែមានការអនុវត្តទៅតាមគោលនយោបាយហ្នឹងផងបានល្អ»។

ការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តសម្រាប់នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួម។ ចំណែកគណបក្សភ្លើងទៀនដែលត្រូវបានគេមើលឃើញថាជាបក្សប្រឆាំងដ៏មានសក្តានុពលបំផុតនោះមិនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនោះទេដោយ គជប លើកហេតុផលកង្វះឯកសារស្របច្បាប់។

តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក  ចាន់ សារិន សង្ឃឹមថាតំណាងរាស្រ្តមកពីបក្សនយោបាយផ្សេងៗនឹងអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងការចូលរួមការពារធនធានធម្មជាតិខ្មែរឱ្យបានគង់វង្ស។ លោកបន្តថាតំណាងរាស្រ្តដែលមកកាន់អំណាចឬមកដឹកនាំនៅតំបន់ព្រៃឡង់ត្រូវគោពរតាមការសន្យារបស់ខ្លួនក្នុងការការពារព្រៃឈើឱ្យបាន កុំឱ្យពលរដ្ឋបន្តនិយាយថាតំណាងរាស្រ្តមួយចំនួនតែងតែសន្យាខ្យល់ជាមួយប្រជាពលរដ្ឋ។

លោកថា៖«បើតំណាងរាស្រ្តអនុវត្តគោលនយោបាយគាត់បានល្អ កុំឱ្យតែសន្យាប្រយោល ជួយគ្នាអនុវត្តច្បាប់ទៅព្រៃឈើយើងមិនបាត់បង់ទេ»។

លោកបន្ថែមថា៖«ខ្ញុំចង់ឃើញមន្រ្តីតំណាងរាស្រ្តដែលឡើងមកដឹកនាំថ្មី យកចិត្តទុកដាក់អំពីបញ្ហាព្រៃឈើ នោះសហគមន៍យើងមានក្តីសង្ឃឹមថាព្រៃឈើអាចគង់វង្សហើយ»។

ជាអ្នកភូមិធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ យុវជនមានវ័យ ២៣ ឆ្នាំរូបនេះបន្ថែមទៀតថាតំណាងរាស្រ្តដែលប្រកាសខ្លួនមកដឹកនាំប្រជាជនឬមកដឹកនាំសហគមន៍ក្រោយពេលជាប់ឆ្នោតនៅតាមតំបន់ព្រៃឡង់ត្រូវតែប្រាកដថាខ្លួននឹងការពារធនធានធម្មជាតិឱ្យបានក្នុងអាណត្តិខ្លួន។ លោកបន្តថាប្រជាពលរដ្ឋខំបោះឆ្នោតជូនដើម្បីឱ្យមកដឹកនាំនិងការពារសម្បត្តិធម្មជាតិរបស់ដូនតា ដូច្នេះក្នុងនាមតំណាងរាស្រ្តដែលពលរដ្ឋចាត់ទុកថាជាឪពុកម្តាយរាស្រ្តត្រូវតែគោរពកិច្ចសន្យាក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ចាន់ សារិន និយាយថា៖«ខ្ញុំសង្ឃឹមថាតំណាងរាស្រ្តដែលប្រកាសខ្លួនឯង សន្យាខ្លួនឯងថាជាអ្នកការពារធនធានធម្មជាតិត្រូវឱ្យច្បាស់»។

លោកបន្ថែមថា៖«យើងបោះឆ្នោតឱ្យបុគ្គលណា គាត់ជាអ្នកតំណាងយើង គាត់ជាម៉ែឪយើងដែលមកដឹកនាំនៅពេលដែលយើងបោះឆ្នោតឱ្យគាត់យើងត្រូវតាមដានពីគាត់ដែរថាតើគាត់ធ្វើអីខ្លះ ហើយគោលនយោបាយដែលគាត់និយាយមកបានអនុវត្តអ្វីខ្លះ»។

បន្ថែមពីនេះ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ស្រី ទីន មានប្រសាសន៍ថាលោកពិតចង់ឃើញតំណាងរាស្រ្តមកពីគណបក្សនយោបាយធំៗយកបញ្ហាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារមកឃោសនាក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ដើម្បីប្រកាសឱ្យប្រជាពលរដ្ឋនិងសហគមន៍ដឹងថាតំណាងរាស្រ្តមកពីបក្សនយោបាយពិតជាបានយកចិត្តទុកដាក់ពីរឿងបញ្ហាការកាប់បំផ្លាញព្រៃឈើនិងរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើជាពិសេសជួយពង្រឹងការអនុវត្តច្បាប់ដាក់ទោសទណ្ឌដល់ជនល្មើសដែលហ៊ានបំផ្លាញព្រៃឈើនៅកម្ពុជា។

លោកថា៖«ខ្ញុំចង់ឱ្យតំណាងរាស្រ្តយកមកពីគណបក្សទាំងអស់នៅស្រុកខ្មែរ រឿងយកបញ្ហាព្រៃឈើមកជជែកគ្នាផង ជាពិសេសក្នុងរដូវកាលឃោសនាចឹង និយាយពីការប្តេជ្ញាចិត្តការពារព្រៃឈើមើល ឱ្យសហគមន៍យើងមានសង្ឃឹមផងមើល»។

លោកបន្ថែមថា៖«គាត់ [តំណាងរាស្រ្ត] មកតំណាងពួកយើង ចឹងគាត់ត្រូវតែធ្វើការដើម្បីពួកយើងនិងដើម្បីការពារធនធានធម្មជាតិយើងទាំងអស់គ្នា របស់ដូនតាយើងតើការពារទៅ»។

យ៉ាងណាមិញ បុរសមានវ័យ ៣១ ឆ្នាំ ជាអ្នកភូមិឫស្សិស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហាររូបនេះស្នើទៅមន្រ្តីតំណាងរាស្រ្តមកពីគណបក្សនយោបាយទាំងអស់ក្នុងអាណត្តិទី ៧ ថ្មីនេះត្រូវតែរួមគ្នាពង្រឹងការអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ និងគោរពតាមគោលការណ៍របស់ខ្លួនធានានូវការការពារធនធានធម្មជាតិដែលនៅសេសសល់ឱ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោយ។

លោក ស្រី ទីន ស្នើថា៖«ជាចុងក្រោយខ្ញុំក្នុងនាមអាចថាតំណាងឱ្យសហគមន៍ព្រៃឡង់ស្នើឱ្យមន្រ្តីតំណាងរាស្រ្តទាំងអស់គិតគូរពិចារណាទៅលើបញ្ហាព្រៃឈើ បើអស់ទៅវាប៉ះពាល់អីខ្លះ! រួមគ្នាការពារព្រៃឈើទៅដើម្បីផលប្រយោជន៍ជាតិ រាស្រ្តគាំទ្រហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យមកពីគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថាបញ្ហាធនធានធម្មជាតិគណបក្សនយោបាយនីមួយៗសុទ្ធតែមានគោលនយោបាយថែរក្សាសម្បត្តិធនធានធម្មជាតិនិងដាក់ចេញនូវការពង្រឹងការអនុវត្តច្បាប់ការពារធនធានធម្មជាតិនិងបរិស្ថានហើយ។ លោកបន្តថារាល់គណបក្សនយោបាយគេមិនសំដៅតែរឿងព្រៃឡង់ទេ គេនិយាយពីកម្មវិធីនយោបាយរួមរបស់គណបក្ស ត្រូវមានគោលនយោបាយថែរក្សានិងអភិរក្សធនធានធម្មជាតិ តែបើគណបក្សណាចង់យកអីទៅឃោសនាជារឿងសិទ្ធិរបស់គណបក្សនយោបាយនោះ។

លោកថា៖«ក្នុងយុទ្ធនាការបោះឆ្នោតនេះគណបក្សនយោបាយមិននិយាយចំពោះបញ្ហានីមួយៗទេ ហើយរឿងព្រៃឡង់វាស្ថិតនៅក្នុងគោលនយោបាយរបស់គណបក្សនានានិយាយអំពីការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។

លោកបន្ថែមថា៖«គេមិនយកអារឿងព្រៃឡង់នេះមួយដោះស្រាយទេ គេនិយាយពីកម្មវិធីនយោបាយរួមរបស់គណបក្សនីមួយៗ»។

ចំណែក ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យកម្ពុជា លោក អ៊ុន វិសិទ្ធគុន មានប្រសាសន៍ថាសម្រាប់គណបក្សកម្លាំងប្រជាធិបតេយ្យមានគោលនយោបាយក្នុងការការពារធនធានធម្មជាតិនិងបរិស្ថានរួចហើយ។ លោកបន្ថែមថាគណបក្សរបស់លោក​នឹងចុះពិនិត្យមើលបញ្ហាការកាប់ទន្រ្ទានព្រៃឈើឡើវិញនិងត្រូវពង្រឹងការអនុវត្តច្បាប់ដែលមានចែងដោយត្រូវដាក់ទោសទណ្ឌចំពោះជនល្មើសណាដែលនៅតែបន្តលួចកាប់បំផ្លិចបំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារទាំងអស់នៅក្នុងប្រទេស។

លោកថា៖«ខ្ញុំក៏ត្រូវតែបំផុសឱ្យមានការការពារឱ្យបានរឹងម៉ាំផងដែរជាមួយនឹងព្រៃឡង់របស់ជាតិយើង»។

លោកបន្ថែមថា៖«ខ្ញុំនឹងចូលទៅពិនិត្យមើលទៅលើច្បាប់ដែលមានចែងពាក់ព័ន្ធជាមួយនឹងបរិស្ថាន​ដើម្បីរឹតបន្តឹងទៅលើច្បាប់ក្នុងការកាប់ទន្រ្ទានក៏ដូចជាលួចបំផ្លាញនូវធនធានធម្មជាតិទាំងអស់ហ្នឹងឡើងវិញគឺថាមិនឱ្យមានការបំផ្លិចបំផ្លាញតាមរយៈច្បាប់ដែលយើងបានរៀបចំសាជាថ្មីឱ្យមានការដាក់ទោសទណ្ឌឱ្យបានខ្លាំងជាងមុនចំពោះក្រុមដែលលួចកាប់ព្រៃឈើ»។

មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាបញ្ហាបទល្មើសការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារអាចនឹងកាត់បន្ថយប្រសិនបើតំណាងរាស្រ្តមកពីគណបក្សនយោបាយទាំងនោះយកចិត្តទុកដាក់ក្នុងការដោះស្រាយនិងពង្រឹងការអនុវត្តច្បាប់ពិតប្រាកដមែន។ លោក អូត ឡាទីន បង្ហាញពីក្តីសង្ឃឹមថាតំណាងរាស្រ្តមកពីគណបក្សនយោបាយក្នុងអាណត្តិថ្មីទី ៧ នេះនឹងយកបញ្ហាធនធានធម្មជាតិជារបៀបវារៈចំបងក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ។

លោកថា៖«ខ្ញុំសង្ឃឹមថានៅក្នុងអាណត្តិទី ៧ នេះអ្នកតំណាងរាស្រ្តក្នុងអាណត្តិថ្មីអាចនឹងជួយធ្វើកិច្ចការងារការពារធនធានធម្មជាតិបានល្អប្រសើរ ជាពិសេសកិច្ចការងារពាក់ព័ន្ធនឹងវិស័យបរិស្ថានធនធានធម្មជាតិនេះតែម្តង»។

លោកបន្ថែមថា៖«ខ្ញុំរំពឹងថាបញ្ហាធនធានធម្មជាតិនឹងក្លាយជារបៀបវារៈមុនគេនៅក្នុងការធ្វើការដោះស្រាយឬក៏ការពារឱ្យមាននិរន្តរភាពស្របតាមគោលនយោបាយរបស់គណបក្សនយោបាយ»៕