ជនជាតិដើមភាគតិចព្រៅដំបូងគេ កញ្ញា សយ ពិសី ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស បានចែករំលែកបទពិសោធន៍ទទួលបានអាហារូបករណ៍ និងជំរុញឱ្យយុវជនជាជនជាតិដើមភាគតិចតាំងចិត្តជម្នះឧបសគ្គ ដើម្បីឈានជើងរួចផុតពីភាពមិនចេះអក្សរ។
បច្ចុប្បន្ន យុវតី សយ ពីសី វ័យ ២៦ឆ្នាំ រស់នៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គឺជាមន្ត្រីទំនាក់ទំនងនៅអង្គការ សហព័ន្ធសាលារៀនពិភពលោក ដែលជាអង្គការមួយ ផ្ដោតលើវិស័យអប់រំ និងជួយផ្តល់ជំនាញដល់កម្មករ ជាពិសេសយុវជន នៅក្នុងខេត្តរតនគិរី។
មុនក្លាយខ្លួនជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយនេះ យុវតី សយ ពិសី បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ រហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស និងបានវិលមកកាន់ស្រុកកំណើតវិញដើម្បីជួយអភិវឌ្ឍសហគមន៍របស់ខ្លួន។
ពិសី និយាយថា គន្លឹះដែលនាំឱ្យនាងទទួលបានភាពជោគជ័យលើការសិក្សានេះ គឺការកំណត់នូវគោលដៅជាក់លាក់មួយក្នុងជីវីត ពោលគឺ នាងចង់ចាកចេញឱ្យរួចពីការទទួលបានការអប់រំទាប ដែលពិសីថា ជាបញ្ហារបស់ជនជាតិដើមភាគតិចកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន។
យុវតី សយ ពិសី បន្តថា៖ «បញ្ហាប្រឈមដែលយុវជនជនជាតិដើមភាគតិចកំពុងប្រឈមនឹងការកំណត់គោលដៅជីវិត! ខ្ញុំសង្កេតឃើញថា យុវជន [មិន] មានការតស៊ូក្នុងការកំណត់គោលដៅជីវិតរបស់ពួកគេ ឧទាហរណ៍ គោលដៅអាជីព»។
កញ្ញា សយ ពីសី គឺជាកូនច្បង ក្នុងចំណោមបងប្អូនចំនួន ៣នាក់ ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិដើមភាគតិចព្រៅ។ ពិសី ឱ្យដឹងថា នាងត្រូវរស់នៅជាមួយម្តាយដែលជាស្រ្តីមេម៉ាយ តាំងពីកុមារភាពមកម៉្លេះ ក្រោយពេលដែលឪពុករបស់នាងបានចែកផ្លូវគ្នា ជាមួយម្តាយ នៅពេលនាងមានអាយុ ១២ឆ្នាំ។
ក្នុងអំឡុងពេលនោះម្តាយរបស់ពិសី បានក្លាយជាស្ត្រីមេម៉ាយ និងបានធ្វើជាអ្នកបោសសម្អាតសណ្ឋាគារមួយចំនួន និងស៊ីឈ្នួលបោកគក់ខោអាវ ដើម្បីរកចំណូលបន្ថែម។
ពិសីបន្តថា៖ «ម៉ាក់របស់ខ្ញុំមិនមានការងារល្អទេ ព្រោះគាត់មិនមានការអប់រំ»។
ដោយបារម្ភពីអនាគតខ្លួន និងមិនចង់ធ្វើការងារដូចជាម្តាយ ទើប ពិសី បានខិតខំសិក្សា រហូតដល់ទទួលបានអាហារូបករណ៍ រៀនភាសាអង់គ្លេសឥតគិតថ្លៃជាបន្តបន្ទាប់។ ក្នុងអំឡុងពេលសិក្សា នាងទទួលបានការងារជាក្រុមយុវជនរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយទទួលបានប្រាក់លើកទឹកចិត្តខ្លះ ដើម្បីបានចំណូលផ្គត់ផ្គង់ការសិក្សា។
យុវតីឆ្នើមរូបនេះ ធ្លាប់ទទួលបានអាហារូបករណ៍ផ្នែកភាសាអង់គ្លេស ទៅសិក្សានៅប្រទេស ន័រវេស (Norway) ចំនួន២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ ពិសីឱ្យដឹងថា អាហារូបករណ៍នេះ គឺសម្រាប់សិស្សជាជនជាតិដើមភាគតិច ហើយគណៈកម្មការបានសម្រេចជ្រើសរើសឱ្យនាងទៅរៀនកម្រិតវិទ្យាល័យ ក្នុងថ្នាក់ទី១១ និងថ្នាក់ទី១២។
ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសន័រវេស យុវតី សយ ពិសី ក៏ទទួលបានអាហារូបករណ៍មួយទៀត គឺសិក្សាថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក រយៈពេល ៤ឆ្នាំ ក្នុងឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដោយនាងបានជ្រើសរើសយក ជំនាញរដ្ឋបាលធុរកិច្ច។
ជាអ្នករស់នៅភូមិភ្នំស្វាយ ក្នុងខេត្តរតនគិរី យុវតីរូបនេះ បានចែករំលែកបទពិសោធន៍ជីវិតថា ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនម្នាក់ៗ ត្រូវតែមានគោលដៅ ហើយចាប់ផ្តើមស្វែងរកឱកាសដែលខ្លួនចង់បាន។ ពិសីថា អ្នកសិក្សាត្រូវរកឱ្យឃើញ ពីជំនាញដែលខ្លួនពេញចិត្ត ដែលជាផ្លូវមួយនាំបេក្ខជនសម្រួចពីមុខវិជ្ជាដែលខ្លួនត្រូវប្រឹងប្រែងរៀន។
ពិសី បញ្ជាក់ថា៖ «ឧទាហរណ៍ តើអ្នកកំពុងស្វែងរកអាហារូបករណ៍ដែលសិក្សាផ្នែកវិទ្យាសាស្ត្រ ឬច្បាប់ដែរឬទេ? តើមួយណាជាចំណាប់អារម្មណ៍របស់អ្នក? ប្រសិនបើវាជាវិទ្យាសាស្ត្រ អ្នកគួរតែពង្រឹង និងផ្តោតការសិក្សារបស់អ្នកលើមុខវិជ្ជាវិទ្យាសាស្ត្រ ដូចជាគណិតវិទ្យាជាដើម»។
ជាមួយគ្នានេះ យុវតី សយ ពិសី បានជំរុញឱ្យយុវជន ជាពិសេសគឺយុវជនជាជនជាតិដើមភាគតិច ចាប់ផ្តើមកសាង ជំនាញទំនាក់ទំនង ជាមួយមនុស្សមកពីវប្បធម៌ផ្សេងៗគ្នា និងពង្រឹងភាសាអង់គ្លេស ដែលជាភាសាសម្រាប់ការទំនាក់ទំនងជាទូទៅផងដែរ។
បើតាមជនជាតិដើមភាគតិចព្រៅរូបនេះ គូសបញ្ចាក់ថា អាហារូបករណ៍ត្រូវបានផ្តល់ជូនអ្នកដែលមានជំនាញទំនាក់ទំនងល្អ និងជំនាញភាពជាអ្នកដឹកនាំ ដោយថាជំនាញទាំងនេះកើតចេញពីការចូលរួមការងារស្ម័គ្រចិត្ត ការចុះកម្មសិក្សា និងសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ពិសី ចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឱ្យបេក្ខជនម្នាក់ៗកា្លយជាបុគ្គលលេចធ្លោមួយ និងសក្តិសមទទួលបានអាហារូបករណ៍។
យ៉ាងណាក្តី ពីសី ប្រាប់ថា ការបរាជ័យជារឿងធម្មតាដែលតែងតែកើតមាន ប៉ុន្តែនាងថាការបន្តរៀបចំផែនការថ្មីៗដោយមិនបោះបង់ គឺជាគន្លឹះសំខាន់ដែលនាងបានប្រើ ដើម្បីចាប់យកភាពជោគជ័យ។
ពិសី និយាយថា៖ «ក្នុងនាមជាមនុស្សម្នាក់ដែលបានឆ្លងកាត់ការសិក្សាដ៏វែងឆ្ងាយ! ខ្ញុំសូមណែនាំដល់យុវជនឱ្យរៀនកំណត់គោលដៅជីវិត ហើយខិតខំឆ្ពោះទៅរកគោលដៅនោះ។ រៀនរៀបចំផែនការ អេ ប៊ី ស៊ី ឌី (A, B, C, D)។ ប្រសិនបើផែនការ អេ (A) បរាជ័យ ពួកគេអាចបន្តផែនការ ប៊ី (B) ដែលនេះជាវិធីសាស្ត្រដែលអាចរក្សាកម្លាំងចិត្ត និងមានក្តីសង្ឃឹមជាបន្តបន្ទាប់»។
ម្តាយរបស់យុវតី សយ ពិសី គឺអ្នកស្រី តាម ង៉ា មានវ័យ ៤៤ឆ្នាំ បច្ចុប្បន្នជាកសិករដាំស្វាយចន្ទី និងដំណាំស្រូវ។ អ្នកស្រីបង្ហាញអារម្មណ៍រីករាយក្រោយពេលកូនរបស់អ្នកស្រី បានបញ្ចប់ការសិក្សាពីក្រៅប្រទេស ហើយវិលមកជួយជ្រោមជ្រែងគ្រួសារ និងសហគមន៍របស់ខ្លួនវិញ។ អ្នកស្រីឱ្យដឹងថា ពិសី បានខិតខំរៀនសូត្រតាំងពីនៅកុមារភាព ដោយអ្នកស្រីជាអ្នកជំរុញបន្ថែម ព្រោះគាត់មិនចង់ឱ្យកូនរបស់ខ្លួនបោះបង់ការសិក្សាចោលទាំងវ័យក្មេងនោះទេ។
អ្នកស្រីនិយាយថា៖ «អត់ចង់ឱ្យវាជួយធ្វើការខ្ញុំទេ ខ្ញុំខ្លាចវាអត់ចេះ។ ចង់ឱ្យវារៀនខ្ញុំសុខចិត្តហត់នឿយ»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានផ្តល់ឯកសារឱ្យ Newsroom Cambodia តាមរយៈប្រព័ន្ធតេឡេក្រាម ជុំវិញយន្តការដែលក្រសួងបានដាក់ចេញដើម្បីគាំទ្រដល់ការអប់រំចំពោះជនជាតិដើមភាគតិចនៅកម្ពុជា។
ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញផែនការរអប់រំពហុភាសា ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងដើម្បីឱ្យជនជាតិដើមភាគតិចទទួលបានការអប់រំតាមរយៈភាសាកំណើត និងមានឱកាសសិក្សាពេញមួយជីវិត ដើម្បីចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ក្រសួងក៏មានកម្មវិធីផ្តល់អាហារូបករណ៍ដល់ជនជាតិដើមភាគតិចតាំងពីថ្នាក់បឋម រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិផងដែរ។
វិលមកនិយាយពីជនជាតិដើមភាគតិចព្រៅ យុវតី សយ ពិសី ប្តេជ្ញាបន្តការសិក្សារហូតបញ្ចប់ថ្នាក់អនុបណ្ឌិត និងចាប់ផ្តើមអាជីវកម្មមួយសម្រាប់ជួយរកចំណូលជួយជីវភាពគ្រួសារផងដែរ។
ពិសី បន្ថែមថា៖ «ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខ្ញុំគ្រោងនឹងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ និងបងប្អូនរបស់ខ្ញុំជាមួយនឹងសាលារៀនជាមុនសិន បន្ទាប់មកខ្ញុំនឹងបន្តការសិក្សារបស់ខ្ញុំដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្តើមធ្វើអាជីវកម្មដែលខ្ញុំចង់ធ្វើ»។
យុវតីដែលបញ្ចប់ការសិក្សានៅក្រៅប្រទេសរូបនេះ ចាត់ទុកការអប់រំគឺជាស្ពានសម្រាប់ឆ្លងចេញពីភាពក្រីក្រ និងធ្វើឱ្យគុណភាពជីវិតប្រសើរឡើង។ យុវតី សយ ពិសី និយាយថា ជនជាតិដើមភាគតិចកំពុងប្រឈមការបោះបង់ការសិក្សាតាំងពីក្មេង ហើយជាប់គាំងក្នុងអនក្ខរភាព និងការរៀបការវ័យក្មេង ដែលអាចកើតឡើងពីមួយជំនាន់ទៅមួយជំនាន់។ ពិសីបានជំរុញឱ្យយុវជនជនជាតិដើមភាគតិចត្រូវកំណត់គោលដៅជីវិត និងឱ្យតម្លៃលើការអប់រំ ដើម្បីចាកចេញពីអនក្ខរភាព។
ពិសីបន្តថា៖ «ដើម្បីឈានចេញពីវដ្តនៃភាពក្រីក្រ និងអនក្ខរភាព ខ្ញុំជឿថា យុវជនខ្លួនឯងត្រូវតែរៀនកំណត់គោលដៅជីវិត ជាពិសេសគោលដៅអាជីព ទើបពួកគេអាចចាប់ផ្តើមបង្កើតផែនការ និងបង្កើតផ្លូវឆ្ពោះទៅរកគោលដៅនោះ»៕