«ខ្ញុំនៅតែបន្តរំលឹកខួបលោកបណ្ឌិត កែម ឡី រហូតទាល់តែអាចទទួលបានយុត្តិធម៌ ក្នុងនាមនាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។
នេះជាការរៀបរាប់ របស់នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលអង្គការសិទ្ធិមនុស្សកម្ពុជា គឺលោកស្រី ចក់ សុភាព។ប្រាប់ក្រុមអ្នកសារព័ត៌មានដោយទឹកមុខស្រពោនលោកស្រី អះអះថាក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល នឹងនៅតែបន្តរៀបចំកម្មវីធីបង្សុកូលរបៀបនេះ ដើម្បីឧទ្ទិលកុសលជូនលោកបណ្ឌិត កែម ឡី ជាដរាប ប្រសិនបើយុត្តិធម៌សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមមួយនេះ នៅតែមិនទាន់មានតម្រុយណាមួយ ដែលអាចជឿទុកចិត្តបានថា ឃាតករពិត និងអ្នកបញ្ជានៅពីក្រោយ ត្រូវបានផ្តាន្ទាទោសនៅឡើយទេនោះ។
អ្នកស្រីបន្តថា៖«អយុត្តិធម៌ណាស់ឃាតករឃោឃៅបានលួចបាញ់ប្រហារឆក់យកជីវិតបណ្ឌិតពិតរបស់ខ្មែរ។ខ្ញុំពិតជាសោកស្តាយដែលបាត់បង់វិរៈភាពលោបណ្ឌិត។ដូច្នេះហើយយើងនៅតែចងចាំនិងគោរពនឹងរំលឹកគាត់រហូត ទាល់តែរដ្ឋាភិបាលបង្ហាញមុខឃាតករពិត»។
បើតាមលោកស្រី ចក់ សុភាព អំពើឃាតកម្មនេះ វាបានបន្សល់ទុកនូវការឈឺចាប់ឱ្យមនុស្សគ្រប់គ្នា ដែលមានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី មិនថាតែក្រុមគ្រួសារ និងសាច់ញាតិទេ។ជាងនេះទៀត អ្វីដែលអ្នកវិភាគសង្គម និងនយោបាយដ៏លេចធ្លោរូបនេះ បានបូជាជីវិតរបស់លោក វាគឺជាវីរៈភាពដែលគ្មានអ្នកណាម្នាក់អាចធ្វើបានដូចលោកឡើយ។មួយវិញទៀត អ្វីដែលោកធ្វើនេះ ក្នុងន័យដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលជាគំរូសម្រាប់មនុស្សជំនាន់ក្រោយទៀត។
គេសង្កេតឃើញថា សម្រាប់វិធិបង្សុកូល ដែលរៀបចំឡើងនៅទីតាំងនៃការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ កក្កដា ឆ្នាំ២០២៣ តំណាងអង្គការ សមាគមជាតិ និងអន្តរជាតិប្រមាណ ៣០នាក់ បានចូលរួម ហើយនេះក៏ជាការំលឹកដល់ការចង់ចាំចំពោះការលះបង់សបបែបយ៉ាងរបស់លោក កែម ឡី ផង និងជាការឧទ្ទិសបុណ្យកុសលមួយផ្នែកថែមទៀតដែរ។
សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licado) ដែលបានចូលរួមក្នុងវិធីបង្សុកូល នេះដែរ យល់ឃើញថា អ្វីដែលតុលាការសម្រេចចោទប្រកាន់ទណ្ឌិតឈ្មោះ អឿត អាង ថាជាឃាតករ គឺមជ្ឈដ្ឋានទូទៅគេពិតជាពិបាកទទួលយក ហើយវារឹតតែមិនអាចទៅរួចទៅទៀត បើពិនិត្យទៅលើអង្គហេតុ និងភស្តុតាង។បន្ថែមពីលើនេះ ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល នៅតែទទូចឱ្យសមត្ថកិច្ច និងស្ថាប័នជំនាញ ស្រាវជ្រាវស្វែងរកមុខឃាតករពិតនៅពីក្រោយ នៃអំពើឃាតកម្មនេះដើម្បីឱ្យក្រុមគ្រួសារ និងពលរដ្ឋអស់ចិត្តចំពោះឃាតកម្មមួយនេះ។
លោកបន្តថា៖«ខ្ញុំនាមយើងជាអង្គការសង្គមស៊ីវិលនៅតែទទួចចង់ឱ្យរដ្ឋាភិបាលវែកមុខរកឃាតករពិតនៅពីខាងក្រោយខ្នង។យើងមិនជឿថាលោកបណ្ឌិតជំពាក់លុយគេរហូតឈានដល់បាញ់សម្លាប់ទេ បើខ្ញុំមើលឃាតករហាក់មានជីវភាពខ្សត់ខ្សោយជាងលោកបណ្ឌិតផង រឿងនេះយើងទទួលយកមិនបានទេ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ដែលលេចធ្លោគឺលោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ទាំងព្រឹកព្រលឹម កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត នៃបរិវេណកាហ្គារ៉ាស់ប្រេងឥន្ទនៈ កាល់តិច ស្តុបបូកគោ ដែលស្ថិតក្នុងខណ្ឌចំការ ក្រុងភ្នំពេញ។
គិតត្រឹមថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣នេះ អំពើបាញ់ប្រហារទាំងកណ្តាលទីក្រុងភ្នំពេញនេះ មានរយៈពេល ៧ឆ្នាំហើយ។ក្នុងរយៈពេលនេះ មានតែជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ម្នាក់ទេ ដែលត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោមបទ«អំពើឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត »។
បើទោះជាបែបណា មកដល់ពេលនេះ ទាំងយុវជន និងក្រុមអង្គការមិនមែនរដ្ឋាភិបាល មិនជឿថាទណ្ឌិតឈ្មោះ អឿត អាង ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាត របស់ហ្គារ៉ាស់សាំងកាល់តិច ម្តុំស្តុបបូកគោនោះ គឺជាឃាតករពិតប្រាកដនោះទេ។
ចំណែក យុវជនសង្គមយុវជនដែលចូលរួមសម្រាប់វិធីបង្សុកូល ដែលរៀបចំឡើងនៅការិយាល័យ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ៧ កក្កដា ដែរ លោក ជីន ជូលីន បង្ហាញការសោកស្តាយដែលមិនចូលរួមសកម្មភាពដោយផ្ទាល់ជាមួយលោកបណ្ឌិត កែម ឡី កាលលោកនៅមានជីវិត។
ប្រភពដដែលបន្តថា ដើមឡើយរូបគេមិនដែលដឹងថាតើលោកបណ្ឌិត កែម ឡី ជាអ្នកណាទេ ប៉ុន្តែក្រោយពីខ្លួនបានផ្លាស់ប្តូរការសិក្សានៅភ្នំពញមក ទើបដឹងថាអ្នកវិភាគសង្គមដែលល្បីល្បាញរូបនេះ គឺជាអ្នកផ្តល់ការវិភាគដែលមិនសំចៃមាត់ និងហ៊ានរិះគន់ដោយមិនខ្លាចញញើត បើទោះជាដឹងថាមានគ្រោះដល់អាយុជីវិតលោកយ៉ាងណាក្តី។
លោកបន្តថា៖«ខ្ញុំទើបតែស្គាល់កេរ្តិ៍នាមលោកបណ្ឌិត អំឡុងពេលគាត់ត្រូវបានគេបាញ់សម្លាប់។ខ្ញុំចេះតែឆ្ងល់ថាលោកបណ្ឌិតកែម ឡីជាអ្នកណា!ហេតុអ្វីគេត្រូវបាញ់សម្លាប់គាត់! ដល់ពេលខ្ញុំមករៀននៅភ្នំពេញខ្ញុំបានសួរគេសួរឯងរឿងលោកបណ្ឌិតបន្ថែមនិងបានស្រាវជ្រាវ និងស្តាប់ការវិភាគរបស់លោក បានយល់ថាគាត់ហ៊ាននិយាយពីការពិតពីរឿងសង្គមអ៊ីចឹងសោះ»។
ក្នុងនាមជាយុវជនជំនាន់ក្រោយ លោក ជីន ជូលីន ស្នើឱ្យុរដ្ឋាភិបាល និងសមត្ថកិច្ចជំនាញ់បើកការស៊ើបអង្កេត ដើម្បីស្វែងរកឃាតករពិតនៅពីក្រោយ នៃអំពើឃាតកម្មនេះ។មិនតែប៉ុណ្ណោះ រូបសំណាក់មួយគួរត្រូវបានសាងសង់ឡើង នៅបរិវេណស្តុបបូកគោ ដើម្បីឱ្យពលរដ្ឋបានឃើញ និងទុកជាការចងចាំជានិរន្តរ៍។
លោកបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូបនៅចង់ស្នើឱ្យរដ្ឋាភិបាលស្វែងរកមុខឃាតករពិតនិងជួយស្វែងរកយុត្តិធម៌ជូនមហាជននិងចង់ឱ្យរដ្ឋាភិបាលធ្វើរូបសំណាក់លោកបណ្ឌិតនៅចំកណ្តាលទីក្រុងដើម្បីឱ្យពលរដ្ឋបានស្គាល់និងនៅតែចង់ចាំលោកបណ្ឌិតរហូត»។
Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ ពីលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
យ៉ាងនេះក្តី មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថាការប្រារព្ធកម្មវិធីបង្សុកូលឧទ្ទិសកុសលជូនលោកបណ្ឌិតនេះជាការបញ្ជាក់មួយផងដែរថាអង្គការសង្គមស៊ីវិល ព្រះសង្ឃ ពលរដ្ឋខ្មែរនៅតែមិនអាចបំភ្លេចនូវវីរភាពនៃការលះបង់អាយុជីវិត និងសេចក្តីសុខផ្ទាល់របស់លោកបណ្ឌិតទេ។
លោកបន្តថាគុណតម្លៃរបស់លោកបណ្ឌិតបានដិតនៅជាប់អារម្មណ៍របស់ពលរដ្ឋគ្រប់រូប ដែលលោកបានរូតវាំងននសង្គម និងបានវិភាគពីព្រឹត្តិការណ៍សង្គមចែកឱ្យពលរដ្ឋខ្មែរឱ្យបានដឹងនៅក្នុងសង្គមកម្ពុជានេះ។
លោកបន្តថា៖«ការលះបង់របស់បងបណ្ឌិតកែម ឡី បានធ្វើកិច្ចការងារចំពោះជាតិមាតុភូមិដែលវីរៈភាពរបស់បងធ្វើឱ្យមានការគោរពការកោតសរសើរនិងផ្តល់តម្លៃដោយពលរដ្ឋខ្មែរគ្រប់រូបដូច្នេះយើងនៅតែចូលរួមរំលឹកខួបលោករហូត។ដែលយើងដឹងហើយថាភាពអយុត្តិធម៌របស់លោកនៅតែមិនទាន់រកបាន»។
ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះកើតឡើងតែ២ថ្ងៃ បន្ទាប់ពីលោកអត្ថាធិប្បាយជុំវិញរបាយការណ៍ដែលរកឃើញដោយអង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា »។
របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកនៅកម្ពុជា។តាមរយការវិភាគនៃរបាយការណ៍នេះ លោកបណ្ឌិត កែម ឡី ចាត់ទុកថា វានឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។
សម្រាប់លោក អំ សំអាត នៅតែយល់ឃើញថា ដើម្បីដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាង រាល់សកម្មភាពរបស់អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញរូបនេះ គួរត្រូវបានចាក់ផ្សាយឡើងវិញតាមរយៈ ឃ្លីប វីដេអូ ដែលកន្លងហូសទៅហើយដូចជាលោកចុះតាមព្រំដែន បេសកកម្ម ១០០រាត្រី និងឃ្លីបវីដេអូ ដែលលោកផ្តល់សម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយនានា ជាដើម។
បើតាមលោក អំ សំអាត ការធ្វើដូចនេះ វាគឺជារំលឹក និងកុំឱ្យភ្លេចពីស្មារតីលោកបណ្ឌិត កែម ឡី។ លោកបន្តថា៖«យើងមិនអាចបំភ្លេចបានទេនូវវីរៈភាពលោកបណ្ឌិត ត្បិតលោកបានបាត់បង់ជីវិតហើយក៏ពិតមែន ប៉ុន្តែភាពក្លាហាននិងភាពឆ្លាតវៃរបស់លោកបានធ្វើឱ្យពលរដ្ឋខ្មែរបានចង់ចាំទុកជានិច្ច» ៕