ព្រៃស្រោងមួយកន្លែងស្ថិតនៅភាគពាយ័ព្យប្រទេសលាតសន្ធឹងជិត១០ម៉ឺនហិកតា កំពុងប្រឈមនឹងបាត់បង់បន្តិចម្តងៗ ពីសកម្មភាពលួចកាប់ឈើជាហូរហែ ទោះតំបន់នោះត្រូវបានរដ្ឋាភិបាលចាត់វិធាន ដាក់ជាតំបន់ព្រៃការពារជិត៨ឆ្នាំហើយក្តី នោះគឺព្រៃព្រះរការ។
ព្រៃព្រះរការជាប់ប្រជុំស្រុក៣ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ដែលស្រុកទាំងនោះស្ថិតក្នុងដែនរដ្ឋបាលរបស់ខេត្តព្រះវិហារ។
ព្រៃដ៏ធំមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ៩៦០០០ហិកតា ត្រូវរដ្ឋាភិបាលដាក់ជាដែនជម្រកសត្វព្រៃត្រូវការពារ ចាប់ពីខែឧសភា ឆ្នាំ២០១៦។
ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ លោក ស៊ុត សាវ៉ន និយាយកាលថ្ងៃទី១៧ កក្កដាថា គាត់ចូលដងជ័រច្បោះម្តងៗក្នុងព្រៃព្រះរការ តែងតែប្រទះឃើញគោយន្តលួចចូលដឹកឈើ និងគំនរឈើដែលគេលាក់ទុកនៅទីនោះ បម្រុងដឹកចេញ។
លោកថា៖«ម្សិលមិញពេលល្ងាចគេដឹកចេញពីរបីគោយន្តដែរចេញពីតំបន់ព្រៃព្រះរការ»[…]។ពេលបណ្តាញសហគមន៍ ខ្ញុំចុះទៅដងជ័រ ឮរណារ អាឈើពេញព្រៃ។ ពេលចេញមកវិញឃើញប៉ុន្មានគោយន្តចូលដឹកឈើ »។
ជនជាតិដើមភាគតិចម្នាក់ទៀត គឺលោក ថាប់ សុខឃី និយាយថា បទល្មើសលួចកាប់ឈើដឹកចេញពីព្រៃព្រះរការ កើតជាហូរហែច្រើនឆ្នាំមកនេះ ទោះរដ្ឋាភិបាលដាក់ព្រៃនេះជាតំបន់ការពារក្តី តែលោកមិនឃើញមានវិធានការទប់ស្កាត់ពីអាជ្ញាធរទេ តែផ្ទុយទៅវិញលោកសង្កេតឃើញមន្ត្រី បែជាសកម្មទប់ស្កាត់សកម្មជន មិនឱ្យចូលល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើទៅវិញ ។
លោកថា៖«និយាយពីបទល្មើសលួចដឹកឈើមិនខ្វះទេ ឱ្យតែអត់មានអ្នកចុះល្បាត។ ពួកហ្នឹងគេខ្លាចយុវជនដឹងរឿងច្រើន អាចយកទៅផ្សព្វផ្សាយ តៗគ្នា។អ៊ីចឹងគេព្យាយាមហាមឃាត់យុវជនមិនឱ្យឃើញហេតុការណ៍ចឹងទេ»។
ជនជាតិដើមភាគតិរូបនេះ លើកជាចម្ងល់ថា តើអ្នកលួចកាប់ឈើដឹកចេញទៅបានដោយរៀបណា បើតំបន់ ព្រៃការពារមានមន្ត្រីច្រើនស្ថាប័នការពារ និងប៉ូស្តិ៍ប្រចាំការទៀតផងនោះ។
លោកថា៖«មន្រ្តីអាជ្ញាធរហាក់គ្មានឆន្ទៈក្នុងការពារព្រៃឈើទេ បានជាបណ្តែតបណ្តោយឱ្យជនល្មើសហ៊ានលួចដឹកឈើអ៊ីចឹង។ ប៉ុន្តែពួកខ្ញុំចង់ចុះល្បាតការពារព្រៃរារាំងផង ហាមឃាត់ផង យប់ឡើងដាក់អាជ្ញាធរឃ្លាំមើលពួកខ្ញុំទៀត ធ្វើដូចពួកខ្ញុំឧក្រិដ្ឋជន»។
យ៉ាងណាសក្មជនបរិស្ថាន លោក គីម ជីលីន ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ការពារនេះ ឱ្យមានប្រសិទ្ធភាពសម្រាប់ជាមរតកទុកឱ្យកូនចៅជំនាន់ក្រោយ វាទាល់តែមន្ត្រីបើកចិត្តទូលាយ ឱ្យគ្រប់ភាគីមានក្រុមយុវជន ព្រះសង្ឃ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលស្រឡាញ់ធម្មជាតិ អាចចូលរួមចុះល្បាតបានដោយគ្មានការរារាំង ។
លោកថា៖«អាជ្ញាធរ មន្រ្តីឧទ្យានុរក្សគួរណាស់តែដល់ពេលរួមគ្នាការពារ និងទប់ស្កាត់បទល្មើសព្រៃឈើហើយ។ពេលបាត់បង់ព្រៃឈើប៉ះពាល់ទាំងអស់គ្នា ទី១បម្រែបម្រួលអាកាស កើនឡើងកម្តៅ ព្យុះកន្តាក់ ទឹកជំនន់ជាដើម ដូច្នេះត្រូវរួមគ្នាការពារធនធានធម្មជាតិរបស់ដូនតាដើម្បីកូនចៅជំនាន់ក្រោយ»។
មេឃុំប្រមេរុ លោក ស៊ឹម លាម ថ្លែងថា មិនបានដឹងករណីលួចដឹកឈើចេញពីព្រៃការពារព្រះរការនេះទេ ដោយថា លោកភាគច្រើនប្រចាំការនៅសាលាឃុំផ្ទាល់ ។ តែថា ឃើញតែពលរដ្ឋដឹកឧសតិចតួចទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។
លោកថា៖«ខ្ញុំមិនដឹងទេក្មួយ ខ្ញុំនៅតែសាលាឃុំ។ […] ដូចអត់ឃើញអីទេ ឃើញតែពលរដ្ឋយើងដឹកអុសតិចតួចប៉ុណ្ណឹង»។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង ច័ន្ទសុជាតិ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ជុំវិញបទល្មើសកាប់ឈើក្នុងតំបន់ការពារ ដែលសហគមន៍ជនជាតិដើមភាគតិចកួយអះអាងនេះបានទេ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺនៅអាណត្តិទី៦នៃរដ្ឋាភិបាលឯកបក្ស សកម្មជនព្រៃឈើនិងបរិស្ថានត្រូវបានបិទខ្ទប់ដោយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធក្រោមហេតុផលថាពួកគេមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ តបតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលវិធាននេះខុសពីអាណត្តិទី៥ដែលមានសភាពហុបក្ស។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន និយាយថា បើអាជ្ញាធរពិតជាមានឆន្ទៈទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រូវតែអនុញ្ញាតឱ្យសហគមន៍ ក្រុមយុវជន និងព្រះសង្ឃអាចចុះល្បាតការពារព្រៃដោយសេរី និងត្រូវរួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងអស់ នោះបានសមជាមន្រ្តីគោរពច្បាប់ពិតៗ។
លោកថា៖« ប្រសិនបើពួកគាត់មានឆន្ទៈមែនម្លេះអនុញ្ញាតឱ្យសហគមន៍ យុវជន ព្រះសង្ឃអាចរួមចុះល្បាតបានហើយ។ តែផ្ទុយទៅវិញបែរជាបណ្តែតបណ្តោយឱ្យជនល្មើសនៅតែបន្តដឹកឈើចេញបានដដែល»។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។
លើសពីនេះ អង្គការដដែល បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។