គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចំពោះការលើកឡើងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដោយចាត់ទុកថាការអះអាងដែលគំរាមទៅដល់អង្គបោះឆ្នោតអំពីគ្មានសុវត្ថិភាពនៅពេលបោះឆ្នោតនោះ គឺមិនមែនជាការពិតទេ ហើយក៏គ្មានចំណាត់ការណាមួយ ទៅតាមនីតិវិធីច្បាប់ប្រឆាំងការបង្កចលនាដែលផ្ទុយពីច្បាប់បែបនេះដែរ។
ការច្រានចោលរបស់មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ នៅបន្ទាប់ពីលោក ខាន់ ចាន់សុផល ដែលគេស្គាល់ជាទូទៅថាជាអ្នកគាំទ្របក្សប្រជាជនកម្ពុជាដ៏ឆ្អិនឆ្អៅមួយរូប បានធ្វើ វីដេអូ ឃ្លីបដែលមានប្រវែងជាង១១នាទី កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ២០២៣។តាមរយៈ វីដេអូ ឃ្លីបរបស់ខ្លួន សកម្មជនគណបក្សកាន់អំណាចរូបនេះ គំរាមថា អ្នកដែលគូសខ្វែងលើសន្លឹឆ្នោត ដែលនាំទៅដល់ការខូចប្រយោជន៍ ចៀសមិនផុតនឹងទទួលទោសទៅតាមច្បាប់នោះឡើយ។
ឆ្លើយតបចំពោះការថ្លែងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបដិសេធថា គ.ជ.ប មិនបានរៀបចំការងារសម្ងាត់អ្វីទាំងអស់នៅអំឡុងពេលបោះឆ្នោត ដូចជាឧបករណ៍ផ្តិតមេដៃដើម្បីទុកស្កែនក្រយ៉ៅដៃ សម្រាប់ផ្ទៀងផ្ទាត់រកអ្នកដែលគូសខ្វែងលើសន្លឹកឆ្នោត។អ្នកនាំពាក្យរូបនេះ ចាត់ទុកថា ការផ្សព្វផ្សាយដំណឹងបែបនេះ វាផ្ទុយនឹងនីតិវិធីរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលធានាទៅដល់កិច្ចការសម្ងាត់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតហើយ។
លោកបន្តថា«ខ្ញុំគ្រាន់តែបំភ្លឺថានៅក្នុងបន្ទប់សម្ងាត់មិនមានឧករណ៍អេឡិចត្រូនិចណាមួយមិនមានការឃ្លាំមើលការគូសសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ។ពាក្យថាបន្ទប់សម្ងាត់គឺជារឿងសម្ងាត់ហើយណាបាទ..[…]..ការលើកឡើងនេះគឺមិនត្រឹមត្រូវទៅតាមនីតិវិធីនៃការបោះឆ្នោតនោះទេ »។
បើទោះជាមានការអះអាងបែបនេះរបស់អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធថាខ្លួនមិនមានមធ្យោបាយ ដើម្បីដាក់ទោសទណ្ឌចំពោះការបង្កាច់បង្កូច អំពីភាពស្អំស្អាតរបស់ គ.ជ.ប នេះទេ។បើតាមលោក ហង្ស ពុទ្ធា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តទៅបាន ដរាបណាមានពាក្យបណ្តឹង តែបើក្នុងករណីគ្មានបណ្តឹងតវ៉ា នោះការលើកឡើងរបស់លោក ខាន់ ចាន់សុផល នេះគ្មានវិធីផ្សេងណាដែលអាចចាប់បង្ខំឱ្យអនុវត្តទោសបានទេ។
លោកបន្តថា«ទីមួយខ្ញុំអត់ទាន់បានឃើញជាក់ស្តែងយ៉ាងម៉េចនៅឡើយទេ។ប៉ុន្តែបើមានពាក្យបណ្តឹងទើបធ្វើការស្រាវជ្រាវ »។
តាមរយៈ វីដេអូ ឃ្លីប ដែលក្នុងដៃមានគំរូសន្លឹកឆ្នោតព្រាងមួយសន្លឹក អមដោយដៃស្តាំពាក់ស្រោមដៃពណ៌សផង លោក ខាន់ ចាន់សុផល និយាយថា អ្នកដែលទៅឆ្នោតហើយបំផ្លាញសន្លឹកឆ្នោតដោយព្យាយាមគូសខ្វែង ប្រាកដណាស់នឹងនឹងទទួលទោសតាមផ្លូវច្បាប់។ជាអ្នកលេងបណ្តាញសង្គមដែលសកម្មម្នាក់ និងគាំទ្របក្សប្រជាជនកម្ពុជាដែលលេចធ្លោម្នាក់ផង លោកអះអាងថា ថ្វីបើការបោះឆ្នោតត្រូវចាត់ទុកជាការសម្ងាត់ ផ្ទុយទៅវិញបើអ្នកបោះឆ្នោតគូសខ្វែងលើសន្លឹកឆ្នោត គ.ជ.ប នៅតែអាចដឹងថាអ្នកណាគូសសន្លឹកឆ្នោតខ្វែងបានដែរ។
បើតាមលោក ខាន់ ចាន់សុផល វិធីដែលគេអាចរកឃើញបានដោយងាយ គឺគេត្រូវផ្ទៀងផ្ទាត់ស្នាមមេដៃដែលផ្តិតលើសន្លឹកប័ណ្ណ ជាមួយនឹងការស្កែនក្រយ៉ៅដៃនៅលើសន្លឹកឆ្នោតដែលគូសខ្វែងចោលនោះ។
លោកបន្តថា«នៅកន្លែងហ្នឹងគេបត់សន្លឹកឆ្នោតឱ្យយើងដោយសម្ងាត់ តែបើអ្នកឯងគូសខ្វែងចោលមិនមែនជាសម្ងាត់ទេ គឺគេនឹងយកសន្លឹកឆ្នោតដែលអ្នកឯងគូសហ្នឹង លុះត្រាតែអ្នកឯងពាក់ស្រោមដៃ ទើបគេរកក្រយ៉ៅដៃអ្នកឯងអត់ឃើញ។តែបើក្នុងករណីអ្នកឯងទៅគឺទៅបោះឆ្នោតគជប កន្លែងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបត់ឱ្យហើយ គេឱ្យផ្តិតមេដៃ ផ្តិតមេដៃទទួលស្គាល់សន្លឹកប័ណ្ណបោះឆ្នោត បោះលើហ្នឹង។ហើយបងប្អូនដឹងទេ បើបងប្អូនគូសខ្វែងចោលអញ្ចឹងស្នាមមេដៃបងប្អូនហ្នឹងគេធ្វើកោសល្យវិច័យទៅឃើញឈ្មោះបងប្អូនលើគោក។អញ្ចឹងបងប្អូនថា ចុម!មែនហ្អាលោក សុផល និយាយត្រូវអាញ់បិះៗជាប់ទោសព្រហ្មទណ្ឌដោយសារតែរឿងដែលយើងគិតថាស្មានថាការបោះឆ្នោតហ្នឹងយើងគូសសញ្ញាត្រូវអត់បញ្ហា តែបើយើងចូលទៅគូសសញ្ញាខ្វែងយើងនឹងមានទោសព្រហ្មទណ្ឌអូតូម៉ាទិច »។
បើទោះជាបែបណា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញត្តិមាត្រា៧៦ នៅក្នុងវិធានចុងក្រោយនៃកឋាខណ្ឌទី២ បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវអនុវត្តតាមវិធីជ្រើសរើសជាសម្ងាត់។ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត គឺបានផ្តល់សិទ្ធិឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ជាអ្នកទទួលខុសត្រូវ និងរៀបចំដំណើរការនៃការបោះឆ្នោត ដែលធានាបាននូវការសម្ងាត់នេះ នៅក្នុងការិយាល័យបោះឆ្នោត។
ដូចគ្នាដែរ សម្រាប់បញត្តិមាត្រា ១៧១ ថ្មីនៃវិសោធនកម្មច្បាប់បោះឆ្នោត កឋាខណ្ឌទី៧ លើកឡើងថា ការធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោតនេះ គឺ គ.ជ.ប ត្រូវផាក់ពិន័យជននោះជាប្រាក់ពី ៥.០០០.000 ទៅ ២០.០០០.០០០រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោត យល់ឃើញថា អ្វីដែលអ្នកគាំទ្របក្សកាន់អំណាច ផ្សព្វផ្សាយពីនីតិវិធីដែលថាគ.ជ.បនឹងមានមធ្យោបាយដឹងបាន អ្នកគូសខ្វែងលើសន្លឹកឆ្នោត ឬមិនខ្វែងនេះ មានតែស្ថាប័នជាតិកំពូលមួយនេះទេ ទើបដឹងថាតើនេះអាចចាត់ទុកជាការធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចការសម្ងាត់ នៃដំណើរការបោះឆ្នោតដែរឬយ៉ាងណា។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការ ខុមហ្វ្រែល ចាត់ទុកថា នៅចំពោះមុខនេះ អ្នកដែលអាចរកខុសត្រូវបានគឺមានតែស្ថាប័នជាតិរៀបចំការបោះឆ្នោតទេ។
មួយវិញទៀត បើគេពិនិត្យគ្រប់នីតិវិធី គឺគ្មានបញត្តិមាត្រាច្បាប់ណាមួយ ដែលមិនបានធានាពីកិច្ចការសម្ងាត់សម្រាប់អង្គបោះឆ្នោតឡើយ។ផ្ទុយទៅវិញប្រសិនបើមានភាពចន្លោះប្រហោងដូចការអះអាងរបស់អ្នកគាំទ្របក្សប្រជាជនកម្ពុជានេះមែន លោកចាត់ទុកថា នោះវាជារបៀបឃោសនាតាមរូបភាពនយោបាយច្រើនជាង។ក្នុងន័យនេះ ទំនងជាយុទ្ធសាស្រ្តបំភ័យអង្គបោះឆ្នោតនៅមុនការបោះឆ្នោតកើតឡើង ឱ្យស្របគ្នាទៅនឹងសារព្រមានរបស់លោក ហ៊ុន សែន ក្នុងពេលកន្លងទៅផងក៏ថាបានដែរ។
លោកបន្តថា«ទីមួយយើងគួរតែជជែកជាមួយស្ថាប័ន គ.ជ.បថាតើរឿងហ្នឹងបែបម៉េច។នៅក្នុងផ្លូវច្បាប់ការបោះឆ្នោតគឺជារឿងសម្ងាត់របស់អ្នកបោះឆ្នោត។ហើយគ្មាននរណាម្នាក់ដឹងថាអ្នកបោះឆ្នោតគូសជ្រើសរើសគណបក្សនយោបាយមួយទេ..[…]..វាមិនឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងទេ ចង់និយាយថាការបោះឆ្នោតជាសម្ងាត់ ហើយបើគេដឹងពីភាពសម្ងាត់ វាមិនមែនជារឿងសម្ងាត់ទេ។អញ្ចឹងនេះវាគ្រាន់តែជាសារនយោបាយមួយ។វាគ្រាន់តែជាការបង្កើតនូវការភាន់ច្រឡំមួយ »។
គេសង្កេតឃើញថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជា ហាក់ប្រឹងប្រែងជាងអាណត្តិមុនៗទៅទៀត។នៅមុនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ស្ទើរគ្រប់វេទិកាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់បានផ្ញើសារផង និងគំរាមផងទៅដៃគូប្រឆាំងរបស់លោក ដែលលោកសំដៅទៅដល់លោក សម រង្ស៊ី។
ចាប់តាំងពីលោក ហ៊ុន សែន ដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយ ធ្វើឱ្យអតីតមេបក្សជំទាស់ នៅឯកោះមក គេសង្កេតឃើញ ទាំងក្បាលម៉ាស៊ីនដឹកនាំ និងជើងក្រោមនៃគណបក្សភ្លើងទៀន ត្រូវបង្ខំចិត្តចុះចូល ជាមួយគណបក្សកាន់អំណាចមិនដែលលោះថ្ងៃម្តងណាទេ។ក្រៅពីនេះ គណបក្សភ្លើងទៀន ក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បិទផ្លូវមិនឱ្យចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតលើកនេះ ក្រោមហេតុផលខុសនីតិវិធីថែមទៀត។
ស្របពេលយុទ្ធនាការស្វែងរកការគាំទ្រ នៅមុនការបោះឆ្នោតមកដល់ ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះបញ្ជីប្រកួតប្រជែងទាំង ១៨ គណបក្ស គឺបក្សកាន់អំណាចហាក់មានប្រៀបក្នុងការឃោសនាច្រើនជាងគេទាំងមធ្យោបាយ និងវិធីសាស្រ្ត បើធៀបនឹងបក្សនយោបាយដទៃទៀត។
ក្រៅពីនេះ នៅមានរូបថតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចែកចាយជារៀងរាល់ថ្ងៃ ដែលបង្ហាញពីការខិតខំរបស់សកម្មជនបក្សប្រជាជនកម្ពុជា ដើរបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត មិនថានៅក្នុងផ្សារ វាលស្រែ ឬនៅក្នុងមុងទេ។
មិនតែប៉ុណ្ណោះ នៅនាទីចុងក្រោយ អ្វីដែលកាន់តែធ្វើឱ្យក្រុមបក្សជំទាស់ និងមិនជំទាស់គ្មានផ្លូវជ្រើសរើសនោះ គឺវិសោធនកម្មច្បាប់បោះឆ្នោត។ច្បាប់ដែលរដ្ឋសភាមកពីគណបក្សអំណាចអនុវត្តដោយគ្មានការដេញដោល និងប្រើពេលប្រមាណ១០ថ្ងៃនេះ ត្រូវបានអ្នកជំនាញផ្នែកគោលនយោបាយ ធ្លាប់លើកឡើងថាវាហាក់ដូចជាការដកសិទ្ធិរបស់ពលរដ្ឋ និងចាប់បង្ខំចំពោះអង្គបោះឆ្នោត ដែលគ្រប់អាយុត្រូវទៅបោះឆ្នោតយ៉ាងដូច្នោះដែរ។
ការដែលគេចាត់ទុកថាវិសោធនកម្មច្បាប់បោះឆ្នោត មិនបានជួយការពារផលប្រយោជន៍ពលរដ្ឋនេះ គឺច្បាប់ចំនួន៤ ដែលក្រសួងយុត្តិធម៌ យកមកកែប្រែនោះ បានកំណត់ឱ្យមនុស្សម្នាក់ ត្រូវឆ្លងកាត់ការបោះឆ្នោតលើកចុងក្រោយចំនួន ២លើក ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន ប្រសិនបើមានបំណងចង់ក្លាយជាអ្នកនយោបាយ ទៅថ្ងៃក្រោយ។
ជាងនេះទៀត ក្រៅពីបានកំណត់អំពីទោសបញ្ញត្តិ និងការផាក់ពិន័យក្នុងទំហំទឹកប្រាក់កម្រិតខ្ពស់ហើយ វិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏បានដកសិទ្ធិចូលរួមបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតដល់ទៅ ២៥ឆ្នាំថែមទៀតផង ប្រសិនបើជនណាម្នាក់រកឃើញថាបានអុកឡូក ឬធ្វើឱ្យរំខានដល់ដំណើរការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងការពារកាលពីថ្ងៃទី ២០ កក្កដា ថាការបង្រៀនគូសន្លឹកឆ្នោតនេះ គឺវាស្របទៅតាមច្បាប់ តែការសម្រេចចិត្តបែបណានោះ វាជាសិទ្ធិរបស់ម្ចាស់ឆ្នោត។ក្នុងនាមជាមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច លោក សុខ ឥសាន មានសុទិដ្ឋិនិយមថាយុទ្ធសាស្រ្តដែលគណបក្សប្រជាជនកំពុងតែដើរនេះមិនផ្ទុយពីច្បាប់ និងក៏មិនធ្វើឱ្យខកបំណងដែរ។
លោកបន្តថា«យើងមិនអាចទាយទុកបានទេ កុំរំលោភឆន្ទះប្រជាពលរដ្ឋ ទុកឱ្យប្រជាពលរដ្ឋលោកអ្នកសម្រេចឆន្ទៈរបស់លោក តាមរយៈគូសសន្លឹកឆ្នោតគាំទ្រយ៉ាងណាចំពោះគណបក្សប្រជាជនកម្ពុជា។ក៏ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកនាំពាក្យគណបក្សប្រជាជនខ្ញុំមានជំនឿទុកចិត្ត១០០ភាគរយថា គណបក្សនឹងទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស» ។
បើទោះបែបណា សម្រាប់អ្នកវិភាគសង្គម និងនយោបាយ ចាត់ទុកថា ការបន្តទុកឱកាសឱ្យភាគីម្ខាង មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្សព្វផ្សាយខុសពីការពិត ដូចអ្វីដែលស្ថាប័ន គ.ជ.ប បដិសេធនេះ បង្ហាញឱ្យឃើញការអនុវត្តស្តង់ដារពីរ នៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់អភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកថា ការដោះស្រាយរបស់ស្ថាប័នជាតិ ដែលជាសេនាធិការរបស់រដ្ឋាភិបាល កម្រឃើញឈរលើគោលការណ៍សមធម៌ និងតម្លាភាពម្តងណាទេ។មិនតែប៉ុណ្ណោះ ប្រសិនបើកិច្ចការនេះទាំងរដ្ឋាភិបាល និងគ.ជ.ប នៅបន្តទុកដោយមិនចាត់ការទៀត នោះមានន័យថាអ្វីដែលអ្នកគាំទ្របក្សកាន់អំណាចអាចធ្វើបាន នៅតែបន្តបំពានដោយគ្មានគោលការណ៍។ក្រៅពីនេះ សង្គមនឹងលែងមានសណ្តាប់ធ្នាប់ ជាពិសេសដំណើរការបោះឆ្នោតមួយ ដែលធានាដោយច្បាប់ល្អឯក ក្នុងទម្រង់ខ្លឹមសារ ការបោះឆ្នោតត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌ វានឹងបាត់បង់តម្លៃ។
លោកបន្តថា«ការពិតទៅពាក់ព័ន្ធនឹងបញ្ហាហ្នឹងវាមិនមែនជាលើកទី១ទេ ក៏មិនមែនជារឿងដែលថ្មីដែរ។យើងដឹងហើយបាតុភាពទាំងឡាយណាដែលបំពានទៅលើច្បាប់ទាក់ទងការបំពានដោយប្រយោលតាមរយៈបណ្តាញសង្គម ឬក៏តាមរយៈសារជា វីដេអូ ឬជាសំឡេងអីហ្នឹងយើងឃើញថាចំណាត់ការទាំងអស់នេះត្រូវបានទម្លាក់ចោល ឬក៏ត្រូវបានបំបាត់ចោល ដោយមិនយកករណីហ្នឹងមកវិនិច្ឆ័យត្រឹមត្រូវទៅតាមផ្លូវច្បាប់ទេ។ហើយបញ្ហានេះទៀតសោត គឺជាគំរូមួយដ៏អាក្រក់ដែលបើកដៃឱ្យជនដែលគ្មាមនសិការត្រឹមត្រូវបំភិតបំភ័យទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត » ។
គេសង្កេតឃើញថា ករណីលោក ខាន់ ចាន់សុផល នេះអាចទំនងរួចខ្លួន មិនចាត់ការ ដូចសំណុំរឿងគំរាមបាញ់សម្លាប់មកលើមេដឹកនាំបក្សជំទាស់លោក កឹម សុខា ដោយគណនេយ្យហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ដែរ។តែក្រោយមក អ្នករិះគន់ដោយមិនសំចៃមាត់នៅលើបណ្តាញសង្គម និងជាមនុស្សរបស់គណបក្សកាន់អំណាច លោក ផែង វណ្ណៈ ចេញមុខការពារថា គណនេយ្យហ្វេសប៊ុករបស់ខ្លួន ត្រូវបានជនអនាម័កទាញយកទៅប្រើប្រាស់។
ងាកមកសំណុំរឿងលោក ខាន់ ចាន់សុផល វិញ មន្រ្តីស្ថាប័នជាតិរៀបចំការបោះឆ្នោតបានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ខ្លួននៅបន្តរក្សាភាពស្ងប់ស្ងាត់ចំពោះបញ្ហានេះ ដោយអះអាងថា គ.ជ.បអាចធ្វើការទៅបានដោយផ្អែកលើបណ្តឹង។
ដោយឡែកបើគេពិនិត្យ គណបក្សនយោបាយដែលមានឱកាសចូលរួមការបោះឆ្នោតទាំង ១៧គណបក្សនយោបាយវិញ គ្មានគណបក្សណាមួយចេញប្រតិកម្ម ចំពោះការឃោសនាដែលធ្វើឡើងដោយអ្នកគាំទ្របក្សប្រជាជនកម្ពុជានេះនៅឡើយដែរ។ យ៉ាងនេះក្តី អ្នកការពារសិទ្ធិមនុស្ស នៃសមាគម អាដហុក លោក ស៊ឹង សែនករុណា លើកឡើងនៅលើបណ្តាញសង្គម នៅថ្ងៃនេះថា លោកចង់ឃើញស្ថាបនមានសមត្ថកិច្ច គួរចាត់វិធានការចំពោះករណីនេះ ដោយសមស្រប ដើម្បីផ្តល់យុត្តិធម៌ និងភាពត្រឹមត្រូវទៅដល់អង្គបោះឆ្នោត។លើសពីនេះទៅទៀត វាក៏ជាការព្រមានផងដែរដើម្បីធានាថាប្រព័ន្ធបោះឆ្នោតមួយ អាចនឹងនៅរក្សាការសម្ងាត់បាន សម្រាប់ពលរដ្ឋម្ចាស់ឆ្នោត៕