បើគេធ្វើដំណើរទៅដល់ភូមិមួយនៅខាងលិចជិតប្រាសាទអង្គរ គេនឹងឃើញសំណល់ផ្ទះបែកបាក់រប៉ាត់រប៉ាយ ខ្លះប្រក់កៅស៊ូ ខ្លះបាំងស័ង្កសី និងខ្លះទៀតនៅសល់តែគ្រឹះ អមដោយដើមដូង ស្វាយ ចេក និងដើមត្នោតនៅជុំវិញ លាយឡំនិងសំណល់ប្តាស្ទីករប៉ាត់រប៉ាយ ។
ទីនោះមិនមែនជាភូមិដែលគេបោះបង់ចោលយូរឆ្នាំទៅហើយទេ តែជាភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលអ្នកភូមិបានរស់នៅតជំនាន់មកហើយ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដោយរកចំណូលពីភ្ញៀវទេសចរ ទៅទស្សនាប្រាសាទអង្គវត្ត។
តែបច្ចុប្បន្ន រដ្ឋាភិបាលតម្រូវឱ្យអ្នកភូមិនៅទីនោះ ចាកចេញទៅនៅទីតាំងថ្មី ដើម្បីអភិរក្សប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ។
អាជ្ញាធរជាតិអប្សរា កាលពីដើមខែតុលាឆ្នាំ២០២២ បានប្រាប់ឱ្យអ្នកភូមិរស់នៅជុំវិញរមណីយដ្ឋានអង្គរ រុះរើផ្ទះចេញទៅទីតាំងថ្មី ក្នុងតំបន់រុនតាឯក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីទុកទីតាំងនោះជាតំបន់អភិរក្ស ដោយផ្តល់សំណងតាមគោលនយោបាយរដ្ឋាភិបាល។
ដូចគ្នានេះដែរ រដ្ឋាភិបាល កាលពីខែតុលាឆ្នាំ២០២២ បានប្រកាសពីបំណងជម្លៀសប្រជាពលរដ្ឋចំនួន ១០០០០គ្រួសារ ចេញពីឧទ្យានអង្គរ ទៅទីទាំងពីរផ្សេងគ្នា គឺតំបន់រុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលរដ្ឋាភិបាលថា អ្នកភូមិបានមកតាំងលំនៅខុសច្បាប់ក្នុងតំបន់អង្គរ ។
តែយ៉ាងជាង១០ខែទៅនេះ ពលរដ្ឋមួយចំនួនដែលមានឈ្មោះត្រូវរុះរើផ្ទះសម្បែងដើម្បីចាកចេញ នៅមិនទាន់បានចេញនៅឡើយទេ ដោយសំអាងថា ទីតាំងថ្មីមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារការងារ មុខរបរ ដូចអ្វីដែលរដ្ឋាភិបាលធ្លាប់សន្យា ។
តាមអាជ្ញាធរអ្នកដែលមិនទាន់ចាកចេញនៅសល់១០០គ្រួសារទៀត ក្នុងចំណោមពលរដ្ឋដែលបានយល់ព្រមរួចហើយ ដើម្បីចាកចេញទៅទីតាំងថ្មី ។
កំពុងអង្គុយលើអង្រឹងកាន់ទូរស័ព្ទ លោក មិ ផល្លី រស់នៅភូមិវាល ដែលមានឈ្មោះត្រូវទៅរស់នៅតំបន់រុនតាឯកដែរនោះ បាននិយាយថា អាជ្ញាធរបានមកសួរនាំគាត់ច្រើនដងហើយ ពីការតម្រូវឱ្យចាកចេញនេះ។
ប៉ុន្តែគាត់ថា មូលហេតុដែលគាត់មិនទាន់ចាកចេញ ដោយសារគ្មានប្រាក់ធ្វើផ្ទះថ្មី ហើយកន្លែងនោះមានទឹកលិច ពេលភ្លៀង ប្រឈមនឹងបាត់មុខរបរ ដោយថា អាជ្ញាធរមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួចរាល់ដូចការសន្យារបស់រដ្ឋាភិបាលនៅឡើយ។
លោកថា៖«យើងមិនទាន់បានរើ ដោយសារតែនៅនោះមិនទាន់បានសាងសង់អី។ គេឱ្យធ្វើកិច្ចសន្យារើសពីរដងបីដងហើយ យើងចេះតែសុំពន្យារពេល»។
គាត់បាននិយាយទៀតថា អ្នកដែលបានទៅរស់នៅទីតាំងថ្មីជាង៥ខែទៅនេះ បានត្អូញត្អែរពីបញ្ហាអត់ការងារធ្វើ បញ្ហាទឹកលិចផ្ទុះពេលភ្លៀងខ្លាំងម្តងៗ និងខ្យល់ធ្វើឱ្យខូចផ្ទះទើបនឹងធ្វើហើយជាដើម ។
បញ្ហានេះលោក មិ ផល្លី ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែគិតគូរទីផ្សារការងារ មុខរបរ សម្រាប់អ្នកចាកចេញ ដើម្បីកុំឱ្យពួកគាត់បាត់មុខរបរនិងកាន់តែក្រីក្រ ។
លោកបន្តថា៖«បើដឹងថាអភិវឌ្ឍន៍ថ្មីៗមិនទាន់ឆាប់រហ័សទេ ក៏គួរណាទុកពន្យារពេលឱ្យប្រជាពលរដ្ឋគាត់រស់នៅកន្លែងចាស់សិនទៅ ចាំពេលធ្វើទីនោះស្រួលបួលចាំឱ្យប្រជាពលរដ្ឋគាត់ទៅ ដល់អ៊ីចឹងផ្ទះខ្លះធ្វើមិនទាន់រួចផងខ្យល់វាយខូចអស់»។
លោក មិ ផល្លី ឱ្យដឹងទៀតថា អ្នកទៅរស់នៅទីតាំងថ្មី បានប្រាប់គាត់ថា ពុំមានការងារធ្វើទេ បើធៀបនឹងកាលពួកគេរស់នៅទីតាំងចាស់ រកប្រាក់បានចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាប ចុងឆ្នាំ២០២២ថា តំបន់រុនតាឯក នឹងក្លាយទៅជាទីក្រុងមួយទៅថ្ងៃខាងមុខ មានផ្លូវកៅស៊ូ១៥០គីឡូម៉ែត្រ មានប្រព័ន្ធទឹក ភ្លើង បង្កើតសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងមានផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀនផងដែរ។
លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើត មណ្ឌលសុខភាព និងអគារស្នាក់នៅរបស់គ្រូពេទ្យយ៉ាងហោច២០បន្ទប់ថែមទៀត និងសាងសង់ផ្សារ។
អ្នកមិនទាន់ចាកចេញម្នាក់ទៀត គឺលោក ឧក ស៊ីនួន និយាយថា អស់រយៈពេល៤ខែហើយដែលអាជ្ញាធរឱ្យ គាត់រុះរើសផ្ទះទៅនៅតំបន់រុនតាឯក ប៉ុន្តែគាត់មិនទាន់រុះរើសនៅឡើយ ដោយសាររវល់រកស៊ី សន្សំលុយខ្លះទុក ដើម្បីយកទៅលើកផ្ទះថ្មីនៅទីនោះ។
លោក ស៊ីនួន បន្តថា អ្នកភូមិមួយចំនួន មិនសូវសប្បាយចិត្តចំពោះការផ្លាស់លំនៅឋាននេះទេ ទោះជាមានការផ្ដិតស្នាមមេដៃ ក្នុងរូបភាពស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្តែថាដោយសារតែពួកគាត់គ្មានជម្រើស ។
យ៉ាងណាលោកគិតថា ការទៅរស់នៅទីតាំងថ្មីជារឿងល្អ ដើម្បីរក្សាសោភ័ណភាពប្រាសាទអង្គរ ក៏ប៉ុន្តែការតម្រូវឱ្យចាកចេញវាគួរគិតគូរដល់ជីវភាពពលរដ្ឋជាធំដែរ ។
លោកថា៖«នេះបើនិយាយពីទំនួលខុសត្រូវឱ្យច្បាស់លាស់ ឱ្យត្រឹមត្រូវ ឱ្យធ្វើឱ្យស្អាតចាំឱ្យគេទៅនៅបានត្រឹមត្រូវ មិនមែនទៅដល់នៅជួបព្យុះភ្លៀង ផ្លូវក៏គ្មាន លំបាក ទឹកក៏លិច។ យ៉ាងហោចណាស់ក៏មានអ្វីម្យ៉ាង ផ្ដល់ក្ដីសង្ឃឹមពេលទៅដល់ឱ្យគ្នានៅបាន»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានសំអាងផ្សេងពីនេះ ដោយថា ទីតាំងថ្មីគ្មានទឹកលិច និងគ្មានការងារ និងមុខរបរ ដូចការលើកឡើងនោះទេ ។
មន្ត្រីរដ្ឋាភិបាលរូបនេះ និយាយថា ជាក់ស្ដែងពលរដ្ឋប្រកបរបរលក់ដូរ និងធ្វើកិច្ចការងារធម្មតានៅទីតាំងថ្មី ហើយថា បច្ចុប្បន្ន មានពលរដ្ឋជាង៧០ភាគរយបានរុះរើទៅរស់នៅតំបន់ភូមិធម្មជាតិ រុនតាឯក។
ដោយឡែក ចំពោះបញ្ហា ការលិចទឹកនិងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពុំទាន់បានរួចរាល់ លោកថា អាចជ្ញាធរកំពុងតែដោះស្រាយ តែលោកមិនដឹងថា នឹងបញ្ចប់នៅពេលណានោះទេ។
លោកថា៖«តាមពិតទៅតំបន់នោះ មានបរិយាកាសមួយដើម្បីឱ្យពួកគាត់មានមុខរបរ មានប្រាក់ចំណូលបានដែរ ។ បងប្អនដែលមករស់នៅទីនេះពួកគាត់ប្រកបរបរលក់ដូរ បានច្រើនចំណូលច្រើនណាស់ ហើយហេដ្ឋារចនាសម្ព័ន្ធក៏យើងបានរៀបចំបានល្អហើយ ពុំមានបញ្ហាអ្វីច្រើននោះទេ។ ចំពោះការលិចទឹក គឺអាជ្ញាធរកំពុងដោះស្រាយ ដូច្នេះយើងមិនអាចដោះស្រាយបានភ្លាមៗ តាមការចង់បានរបស់ពលរដ្ឋទេ»។
លើសពីនេះទៀត ចៅសង្កាត់គោកចក លោកស្រី ឈិន សាវី និយាយនៅថ្ងៃទី២៥ ខែកក្កដានេះថា ពលរដ្ឋនៅឃុំគោកចក ដែលជាប់តំបន់អប្សរា មានជាង៥០០០គ្រួសារ។
ចំណែកពលរដ្ឋដែលមិនទាន់ចាកចេញទៅតំបន់ថ្មី មានជាង២០០០គ្រួសារ ព្រោះនៅចាំទៅតំបន់ពាក់ស្នែង ដែលកំពុងរៀបចំ។ បែបនេះក្ដី លោកស្រីថា ចំពោះពលរដ្ឋមួយចំនួនដែលបារម្ភពីបញ្ហាជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ មិនទាន់រៀបចំបានត្រឹមត្រូវនោះ គឺថា អាជ្ញាធរពាក់ព័ន្ធកំពុងតែដោះស្រាយ ។
លោកថា៖«យើងបាននាំពាក្យនេះទៅដល់រដ្ឋបាលខេត្តដែរ ហើយរដ្ឋបាលខេត្តក៏បានទទួលពាក្យ ដែលយើងបានតំណាងប្រជាពលរដ្ឋ យើងក៏នៅចាំការឆ្លើយតបដូចគ្នា»។
រដ្ឋាភិបាលបានប្រកាសថា ដីជាង១០០០ហិកតា(១.១១២)នៅទីតាំងថ្មី សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រុនតាឯក និងសម្រាប់ចែកជូនពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់រមណីយដ្ឋានអង្គរ ។
បើតាមអាជ្ញាធរ មកដល់ពេលនេះ មានពលរដ្ឋជាច្រើនពាន់គ្រួសារបានសាងសង់ទីលំនៅ នៅតំបន់រុនតាឯក ហើយក៏មានពលរដ្ឋខ្លះទៀត មិនទាន់មានលទ្ធភាពសាងសង់លំនៅឋានដោយខ្លួនឯងនៅឡើយដែរ។
រីឯតំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលមានទំហំដី ជិត២ពាន់ហិកតា ពុំទាន់មានប្រជាពលរដ្ឋរុះរើផ្ទះដើម្បីចាកចេញនៅឡើយ ប៉ុន្តែអាជ្ញាធរគ្រោងនឹងឱ្យពលរដ្ឋទៅរស់នៅទីនោះ ប្រហែល២ខែទៀត។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) បាននិយាយក្នុងចេញសេចក្តីថ្លែងការណ៍ កាលពីចុងខែ មីនា ឆ្នាំ ២០២៣ថា មនុស្សជាច្រើនដែលរស់នៅជុំវិញតំបន់អង្គរត្រូវបានបង្ខិតបង្ខំឱ្យផ្លាស់ទីលំនៅ ទៅរស់នៅតំបន់រុនតាឯក ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និង ទឹកស្អាត ។
ស្ថាប័នអន្តរជាតិមួយនេះរកឃើញថា មនុស្សជាច្រើន ត្រូវបានបង្ខំឱ្យស្ម័គ្រចិត្ត ដើម្បីចាកចេញ ដែលធ្វើឱ្យពួកគេភ័យខ្លាច ប្រសិនបើពួកគេជំទាស់មិនព្រមចាកចេញ។
យ៉ាងណាអ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត និយាយថា អាជ្ញាធរគួរតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារសេដ្ឋកិច្ច ដែលអាចឱ្យពលរដ្ឋអាចរកចំណូលចិញ្ចឹមជីវិតសមរម្យបាន មុនតម្រូវឱ្យពួកគេទៅរស់នៅកន្លែងថ្មី។
លោកថា៖«អាជ្ញាធររដ្ឋធ្វើម៉េចបង្កើត ហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្រាន់រួចជាស្រេច រួមមានទឹក រួមមានទីលំនៅ រួមទាំងចរន្តអគ្គិសនី រួមទាំង មន្ទីរពេទ្យ ផ្សារ សម្រាប់ធានាសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់»។