បើ​គេ​ធ្វើ​​ដំ​​​ណើ​​​រ​​ទៅដល់​​​ភូមិ​​មួ​​យនៅ​​​​ខា​ង​លិ​ចជិត​ប្រា​សា​ទ​អ​ង្គរ គេ​នឹ​ង​​​ឃើ​​ញ​​សំណល់ផ្ទះបែកបាក់រប៉ាត់​រប៉ាយ ខ្លះប្រក់កៅស៊ូ ខ្លះបាំងស័ង្កសី និងខ្លះទៀតនៅសល់តែគ្រឹះ អមដោយដើ​មដូ​ង ​​​ស្វាយ ​​ចេ​ក​​ និងដើម​​​ត្នោតនៅជុំវិញ ​​លាយឡំនិងសំ​ណល់​ប្តា​ស្ទីករ​ប៉ា​ត់រ​ប៉ាយ ។

ទី​នោះមិនមែន​ជាភូមិ​ដែលគេ​បោះប​ង់ចោលយូ​រឆ្នាំ​ទៅ​ហើយទេ ​តែជាភូមិ​វាល សង្កាត់​គោក​ចក​ ក្រុងសៀ​​មរាប ដែល​អ្នកភូមិបាន​រ​ស់នៅតជំនាន់មកហើយ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដោយរក​ចំណូ​​​​​លពីភ្ញៀវទេសច​រ ​​ទៅទស្ស​នាប្រាសាទអង្គវត្ត។

ផ្ទះពលរដ្ឋមួយចំនួននៅសង្កាត់គោកចពុំទាន់រុះរេីចេញពីតំបន់អង្គរ រូបភាពថតកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ Newsroom Cambodia)

តែបច្ចុប្បន្ន រដ្ឋាភិបា​លតម្រូវឱ្យអ្នកភូមិនៅទីនោះ ចាកចេញទៅនៅទីតាំងថ្មី ​ដើម្បីអភិរក្សប្រា​សា​ទអង្គរ ដែលជាសម្បត្តិបេ​​តិក​​​ភ​ណ្ឌជាតិ។

​អា​ជ្ញា​ធរ​ជាតិអប្សរា​ កាល​ពី​ដើមខែ​តុ​លា​ឆ្នាំ២០​២២ បានប្រា​ប់ឱ្យ​អ្ន​កភូ​មិរស់នៅ​ជុំវិញរ​មណីយ​​​ដ្ឋានអង្គរ រុះរើផ្ទះ​ចេញ​ទៅ​​​​​ទីតាំងថ្មី ក្នុងតំបន់រុនតាឯក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីទុកទី​តាំ​ងនោះជាតំបន់អភិរក្ស ដោយផ្តល់សំណងតា​មគោលនយោបាយរដ្ឋាភិបាល។

ដូ​ចគ្នានេះដែរ រដ្ឋាភិបាល កាល​ពី​ខែ​តុលា​ឆ្នាំ​២០២២ បានប្រកាសពីបំណង​ជម្លៀស​ប្រ​ជា​ពល​រដ្ឋចំនួន ​១០០០០​​​​គ្រួសារ ចេ​ញ​​ពីឧទ្យានអង្គរ ទៅទីទាំងពីរផ្សេងគ្នា គឺតំបន់រុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុ​​​កអង្គរធំ ខេត្តសៀមរាប ដែ​​​ល​រដ្ឋា​ភិបាលថា អ្នកភូមិបានមកតាំងលំនៅ​ខុស​ច្បាប់ក្នុងតំ​បន់​​អ​ង្គរ ។​ 

តែយ៉ាងជាង១០ខែទៅនេះ ពលរដ្ឋមួយចំនួនដែលមានឈ្មោះត្រូវរុះរើផ្ទះសម្បែងដើម្បីចាកចេញ នៅមិនទាន់បានចេញនៅឡើយទេ ដោយសំអាងថា ទីតាំងថ្មីមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារការងារ មុខរបរ ដូចអ្វីដែលរដ្ឋាភិបាលធ្លាប់សន្យា ។

តាមអាជ្ញាធរ​​អ្នកដែលមិនទាន់ចាកចេញនៅសល់​១០០គ្រួសារទៀត ក្នុងចំណោមពលរដ្ឋដែលបានយល់ព្រមរួចហើយ ដើម្បីចាកចេញទៅទីតាំងថ្មី ។

កំពុងអង្គុយលើអង្រឹងកាន់ទូរស័ព្ទ លោក មិ ផល្លី រស់នៅភូមិវាល ដែលមានឈ្មោះត្រូវទៅរស់នៅតំបន់រុនតាឯកដែរនោះ បាននិយាយថា អាជ្ញាធរបានមកសួរនាំគាត់ច្រើនដងហើយ ពីការតម្រូវឱ្យចាកចេញនេះ។

លោក មិ ផល្លី

ប៉ុន្តែគាត់ថា មូលហេតុដែលគាត់​មិន​ទាន់ចាកចេញ ​ ដោយសារគ្មាន​ប្រាក់​ធ្វើ​ផ្ទះ​ថ្មី ហើយកន្លែងនោះមាន​ទឹកលិច ពេលភ្លៀង ប្រឈមនឹងបាត់មុខរបរ ដោយថា អាជ្ញាធរមិនទាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួចរាល់ដូចការស​ន្យា​រប​ស់រដ្ឋាភិបាលនៅឡើយ។

លោក​ថា៖«យើងមិនទាន់បានរើ ដោយ​សារ​តែ​នៅ​នោះ​មិន​ទាន់​បាន​សាងសង់​អី។ គេឱ្យធ្វើកិច្ចសន្យារើសពីរដងបីដងហើយ យើង​ចេះ​តែ​សុំ​ពន្យារ​ពេល​»

គាត់បាននិយាយទៀតថា អ្នកដែលបានទៅរស់នៅទីតាំងថ្មីជាង៥ខែទៅនេះ បានត្អូញត្អែរពីបញ្ហាអត់ការ​ងា​រ​ធ្វើ បញ្ហាទឹកលិចផ្ទុះពេលភ្លៀងខ្លាំងម្តងៗ និងខ្យល់ធ្វើឱ្យខូចផ្ទះទើបនឹងធ្វើហើយជាដើម​ ។

បញ្ហានេះលោក មិ ផល្លី ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែគិតគូរទីផ្សារការងារ មុខរបរ សម្រាប់អ្នកចាកចេញ ដើម្បីកុំឱ្យពួកគាត់បាត់មុខរបរនិងកាន់តែក្រីក្រ ។

លោក​បន្ត​ថា៖«បើ​ដឹង​ថា​អភិវឌ្ឍន៍​ថ្មីៗ​មិន​ទាន់​ឆាប់​រហ័ស​ទេ ក៏​គួរ​ណា​ទុក​ពន្យារ​ពេល​ឱ្យ​ប្រជាពលរដ្ឋ​គាត់​រស់នៅ​កន្លែង​ចាស់​សិន​ទៅ ចាំ​ពេល​ធ្វើ​ទីនោះ​ស្រួល​បួល​ចាំ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ទៅ​ ដល់​អ៊ីចឹង​ផ្ទះ​ខ្លះ​ធ្វើ​មិន​ទាន់​រួច​ផងខ្យល់​វាយខូច​អស់»

លោក មិ ផល្លី ឱ្យដឹងទៀតថា អ្នកទៅរស់នៅទីតាំងថ្មី បានប្រាប់គាត់ថា ពុំមានការងារធ្វើទេ បើធៀបនឹងកាលពួកគេរស់នៅទីតាំងចាស់ រកប្រាក់បានចន្លោះពី២០០ ទៅ៣០០ដុល្លារក្នុងមួយខែ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងក្នុងពិធីមួយនៅខេត្តសៀមរាប ចុងឆ្នាំ២០​២២​ថា តំបន់រុនតាឯក ​នឹងក្លាយទៅ​​ជាទីក្រុ​ងមួ​យ​ទៅ​ថ្ងៃខាង​មុខ មាន​ផ្លូវកៅស៊ូ១៥០គី​​ឡូ​ម៉ែត្រ មានប្រ​ព័​ន្ធទឹក ភ្លើង បង្កើតសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងមានផ្ទះស្នាក់នៅ​សម្រាប់គ្រូប​ង្រៀ​ន​​ផ​ងដែរ។

លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើត មណ្ឌលសុខភាព និង​អគារស្នាក់​នៅរបស់​គ្រូពេទ្យយ៉ាងហោច២០បន្ទប់ថែមទៀត និងសាងសង់ផ្សារ។

អ្នកមិនទាន់ចាកចេញម្នាក់ទៀត គឺលោក ឧក ស៊ីនួន​ និយាយថា អស់រយៈពេល៤ខែ​ហើយ​ដែល​អាជ្ញាធរ​ឱ្យ គាត់រុះរើសផ្ទះទៅនៅតំបន់រុនតាឯក ប៉ុន្តែគាត់មិនទាន់រុះរើសនៅ​ឡើយ​ ​ដោយសាររវល់រកស៊ី សន្សំ​លុយ​ខ្លះ​ទុក​ ដើម្បី​យក​ទៅ​លើក​ផ្ទះ​ថ្មី​នៅ​ទី​នោះ​។

លោក ស៊ីនួន បន្តថា អ្នកភូមិមួយចំនួន មិនសូវសប្បាយចិត្តចំពោះការផ្លាស់លំនៅឋាននេះទេ ទោះ​ជា​មានការផ្ដិតស្នាមមេដៃ ក្នុងរូបភាពស្ម័គ្រចិត្តក៏ពិតមែន ប៉ុន្តែថាដោយសារតែពួកគាត់គ្មាន​ជម្រើស​ ។

យ៉ាងណាលោកគិតថា ការទៅរស់នៅទីតាំងថ្មីជារឿងល្អ ដើម្បីរក្សាសោភ័ណភាពប្រាសាទអង្គរ ក៏ប៉ុន្តែការត​ម្រូ​វឱ្យចាកចេញវាគួរ​គិត​គូរ​ដល់​ជីវភាព​ពលរដ្ឋ​ជា​ធំដែរ ។

លោក​ថា៖«នេះបើនិយាយពីទំនួលខុសត្រូវឱ្យច្បាស់លាស់ ឱ្យ​ត្រឹម​ត្រូវ ​ឱ្យធ្វើឱ្យស្អាតចាំឱ្យគេទៅនៅបានត្រឹមត្រូវ មិន​មែន​ទៅ​ដល់​នៅ​ជួប​ព្យុះ​ភ្លៀង​ ផ្លូវក៏គ្មាន លំបាក ទឹកក៏លិច។ យ៉ាងហោចណាស់ក៏មានអ្វីម្យ៉ាង ផ្ដល់​​​ក្ដី​សង្ឃឹម​ពេល​ទៅ​ដល់​ឱ្យ​គ្នា​នៅ​បាន​»

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានសំអាងផ្សេងពីនេះ ដោយថា ទីតាំងថ្មីគ្មានទឹកលិច និងគ្មានការងារ និងមុខរបរ ដូចការលើកឡើងនោះទេ ។

មន្ត្រីរដ្ឋាភិបាលរូបនេះ និយាយថា ជាក់ស្ដែងពលរដ្ឋប្រកបរបរលក់ដូរ និងធ្វើកិច្ចការងារធម្មតានៅទីតាំងថ្មី ហើយថា បច្ចុប្បន្ន មានពលរដ្ឋជាង៧០ភាគរយបានរុះរើទៅរស់នៅតំបន់ភូមិធម្មជាតិ រុនតាឯក។​

ដោយឡែក ចំពោះបញ្ហា ការលិចទឹកនិងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពុំទាន់បានរួចរាល់ លោកថា អាចជ្ញាធរកំពុងតែដោះស្រាយ តែលោកមិនដឹងថា នឹងបញ្ចប់នៅពេលណានោះទេ។

លោកថា៖«តាមពិតទៅតំបន់នោះ មានបរិយាកាសមួយដើម្បីឱ្យពួកគាត់មានមុខរបរ មានប្រាក់ចំណូលបា​ន​ដែរ ។ បងប្អនដែលមករស់នៅទីនេះពួកគាត់ប្រកបរបរលក់ដូរ បានច្រើនចំណូលច្រើនណាស់ ហើយហេដ្ឋា​រចនាសម្ព័ន្ធក៏យើងបានរៀបចំបានល្អហើយ ពុំមានបញ្ហាអ្វីច្រើននោះទេ។ ចំពោះការលិចទឹក គឺអា​ជ្ញាធរកំពុងដោះស្រាយ ដូច្នេះយើងមិនអាចដោះស្រាយបានភ្លាមៗ តាមការចង់បានរបស់ពលរដ្ឋទេ»

លើសពីនេះទៀត​ ចៅសង្កាត់គោកចក លោកស្រី ឈិន សាវី និយាយ​​​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ​ថា ពលរដ្ឋនៅឃុំគោកចក ដែលជាប់តំបន់អប្សរា មាន​ជាង​៥០០០​គ្រួសារ​​។

ចំណែកពលរដ្ឋដែលមិនទាន់ចាកចេញទៅតំបន់ថ្មី មាន​ជាង​២០០០​គ្រួសារ​ ព្រោះ​នៅ​ចាំ​ទៅ​តំបន់​ពាក់​ស្នែង ដែលកំពុងរៀបចំ។ បែបនេះក្ដី លោកស្រីថា ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បារម្ភ​ពី​បញ្ហា​ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ មិនទាន់​រៀបចំ​បាន​ត្រឹម​ត្រូវ​នោះ​ គឺថា អាជ្ញាធរពាក់ព័ន្ធកំពុងតែដោះស្រាយ ។

លោក​ថា៖«យើង​បាន​នាំ​ពាក្យ​នេះ​ទៅ​ដល់​រដ្ឋបាល​ខេត្ត​ដែរ​ ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​ទទួល​ពាក្យ​ ដែល​យើ​ង​បាន​តំណាង​ប្រជា​ពលរដ្ឋ​ យើង​ក៏​នៅ​ចាំ​ការ​ឆ្លើយ​តប​ដូច​គ្នា»

 រដ្ឋាភិបាលបានប្រកាសថា ដីជាង១០០០ហិកតា(១.១១២)នៅទីតាំងថ្មី សម្រាប់កសាងហេដ្ឋារចនាសម្ព័​​ន្ធ​​នៅតំបន់រុនតាឯក និង​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀសចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ​។

 បើតាមអាជ្ញាធរ មក​ដល់​ពេល​នេះ​ មាន​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​បាន​សាង​សង់​ទី​លំនៅ នៅ​តំបន់​រុនតាឯក ហើយក៏មានពលរដ្ឋខ្លះទៀត មិនទាន់​មាន​លទ្ធភាព​សាង​សង់​លំនៅឋាន​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ដែរ​។

 រីឯតំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលមានទំហំដី ជិត២​ពាន់​ហិកតា ពុំទាន់មានប្រជាពលរដ្ឋរុះរើផ្ទះដើម្បីចាកចេញនៅឡើយ ​ ប៉ុន្តែអាជ្ញាធរគ្រោងនឹងឱ្យពលរដ្ឋទៅរស់នៅទីនោះ ប្រហែល​២ខែ​ទៀត​។

 អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) បាន​និយាយក្នុងចេ​ញ​​​សេចក្តី​ថ្លែង​ការណ៍ កាលពីចុងខែ មីនា ឆ្នាំ ២០២៣ថា មនុស្សជា​ច្រើន​ដែល​រស់​នៅ​ជុំវិញ​តំបន់​អង្គរ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឱ្យ​ផ្លា​ស់​ទី​លំនៅ ទៅរស់នៅតំបន់រុនតាឯក ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង ទឹកស្អាត ។

ស្ថា​ប័ន​អន្តរជាតិ​មួយ​នេះ​រក​ឃើញថា មនុស្ស​ជា​ច្រើន ត្រូវបានបង្ខំឱ្យ​ស្ម័គ្រ​ចិត្ត​ ដើម្បីចាកចេញ ដែលធ្វើឱ្យពួកគេភ័យ​ខ្លាច​ ប្រសិនបើពួកគេជំទាស់មិន​ព្រម​ចាក​ចេញ​។

យ៉ា​ងណា​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក វណ្ណ សុផាត និយាយថា អាជ្ញាធរ​គួរ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ទីផ្សារសេដ្ឋកិច្ច ដែលអាចឱ្យ​ពលរដ្ឋ​អាច​រក​​​ចំ​ណូល​ចិញ្ចឹ​ម​ជីវិត​សមរម្យបាន មុនតម្រូវឱ្យពួកគេទៅរស់នៅកន្លែងថ្មី។

លោក​​ថា«អាជ្ញាធររដ្ឋធ្វើម៉េចបង្កើត ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​បាន​គ្រប់​គ្រាន់​រួចជាស្រេច រួមមានទឹក រួមមានទីលំនៅ រួមទាំងចរន្តអគ្គិសនី រួមទាំង មន្ទីរពេទ្យ​ ផ្សារ សម្រាប់ធានាសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់»