ម៉ោងជាង៣រសៀលទៅហើយ គេឮសូរសំឡេងវាយស្គរបានលាន់សូររណ្តុំចេញពីខាងមុខអាគារណាហ្គាវើលដ៍២ អមដោយបដាជាច្រើនផ្ទាំង ដែលក្រុមកូដករភាគច្រើនជាស្រ្តី បានប្រើប្រាស់ដើម្បីទាមទារសិទ្ធិការងារ ដែលបានជាប់គាំងប្រមាណ២ឆ្នាំមកនេះ ដោយពុំមានដំណោះស្រាយ។
ពួកគេដែលមានគ្នាប្រមាណ៤០នាក់ បានចាប់ផ្តើមសកម្មភាពតស៊ូមតិដោយសន្តិវិធីជាថ្មីម្តងទៀត ក្រោមការឃ្លាំមើលរបស់ក្រុមសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានឯកសណ្ឋានស៊ីវិលប្រមាណ១០នាក់។
កូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៣ បានបន្តប្រមូលផ្តុំគ្នា ក៏មួយសប្តាហ៍ម្តងដែរ នៅខាងមុខក្រុមហ៊ុន ក្នុងបំណងទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសហជីពរបស់ពួកគេពីពន្ធនាគារ និងបញ្ឈប់ការរើសអើសសហជីពឯករាជ្យ ខណៈ ជម្លោះការងារនៅក្រុមហ៊ុនល្បែងមួយនេះ អូសបន្លាយពេលជិត ២ឆ្នាំមកហើយ នៅតែមិនអាចរកច្រកចេញឃើញ។
កូដករជាស្រ្តីម្នាក់ ពាក់អាវពណ៌លឿង រូបរាងស្គមស្តើង អ្នកស្រី សុខ ដាលីន ដែលកំពុងអង្គុយជាមួយកូដករផ្សេងទៀត ដោយក្នុងដៃរបស់គាត់មានកាន់ក្រដាសបដា រាងរង្វង់ពណ៌ក្រហមសរសេរអក្សថា «ឈប់ Stop» ដែលមានន័យថា បញ្ឈប់ការរើសអើងចំពោះសហជីពឯករាជ្យ។
ស្ថិតក្នុងវ័យ ៤៤ឆ្នាំ រូបនេះបានប្រាប់ Newsroom Cambodia នៅកន្លែងធ្វើកូដកម្មថា មូលហេតុ ដែលគាត់តស៊ូមកចូលរួមតវ៉ានេះក្នុងបំណងជំរុញឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បើកផ្លូវឱ្យមានក្រុមសហជីពឯករាជ្យបានចូលធ្វើការឡើងវិញ។
អ្នកស្រីបន្តថា៖ «ខ្ញុំនៅក្រាញននៀលនៅស៊ូតវ៉ា នៅជាមួយពួកគាត់ដើម្បីចង់ឱ្យថៅកែ បរទេស ដែលមករកស៊ីស្រុកខ្មែរចង់ឱ្យគាត់កុំរើសអើងសហជីព។ឱ្យគាត់ដោះស្រាយទៅ ហើយស្ថាប័នពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ សូមឱ្យគាត់ជួយដោះស្រាយ »។
ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះបានបម្រើការជាបុគ្គលិកផ្នែកចែកបៀ នៅក្នុងហ៊ុនល្បែងណាហ្គាលវើលដ៏ នេះជិត២០ ឆ្នាំមកហើយ និងមិនត្រូវបានថៅកែបញ្ឈប់ខ្លួនពីក្រុមហ៊ុនម្តងណានោះដែរ។អ្នកស្រី ដាលីននិយាយថាជីវិតធ្វើការក្នុងក្រុមហ៊ុនល្បែងប្រមាណ២០ឆ្នាំនេះ គាត់តែងតែទទួលរងការមើលងាយពីភ្ញៀវជាបន្តបន្ទាប់ ក្រោមរូបភាព ផ្លុំផ្សែងបារីដាក់មុខ ការប្រើពាក្យសម្តីជេរប្រមាទ និងការបិទសិទ្ធិមិនឱ្យតវ៉ាពីសំណាក់ថៅកែក្រុមហ៊ុន ជាដើម។ប្រភពដដែលឱ្យដឹងថា នៅពេលមានវត្តមានក្រុមសហជីពឯករាជ្យ គឺជាបង្អែកមួយក្នុងការការពារបុគ្គលិកនៅពេលជួបបញ្ហារំលោភសិទ្ធិការងារណាមួយកើតឡើង ក្នុងពេលបំពេញការងារ។
គេសង្កេតឃើញថា ភាពចម្រូងចម្រាសនៃវិវាទការងារនៅក្រុមហ៊ុនល្បែង ដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ កើតឡើង ក្រោយពេលថៅកែក្រុមហ៊ុនសម្រេចបញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១ កន្លងទៅ។ក្នុងចំណោមអ្នកដែលត្រូវបានកាត់ឈ្មោះចេញពីក្រុមហ៊ុននោះ មានចំនួន ៣៦៥នាក់ គឺជាមេដឹកនាំសហជីព និងសមាជិករបស់ សហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)។
ការផាត់បុគ្គលិកចេញទ្រង់ទ្រាយធំបែបនេះ ភាគីក្រុមហ៊ុនបានសំអាងថា ជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចំណែកក្រុមនិយោជិតវិញ មើលឃើញថា ផែនការនេះគឺជាចេតនារបស់ថៅកែដើម្បីបំបិទមិនឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនល្បែងមួយនេះទៅវិញទេ។
ជុំវិញវិវាទការងារនេះដែរ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅក្រុងព្រះសីហនុ បានចោទក្រុមកូដករណាហ្គាវើលដ៍ថា ស៊ីឈ្នួលបរទេសធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម ដើម្បីប្រឆាំងរដ្ឋាភិបាល។លោកមិនជឿទេថា កូដករដែលបន្តធ្វើកូដកម្មរាល់ថ្ងៃនេះ អាចមានថវិកាទិញអាហារដើម្បីចិញ្ចឹមជីវិត ក្នុងពេលដែលបាត់បង់ការងារបាត់ទៅហើយនោះ។
លោកបន្តថា៖«សញ្ញាសួរនៅត្រង់ថា ខ្លួនជាកម្មករសោះ ហេតុអីខ្លួនមានលុយ រស់បានរហូតមកដល់ពេលនេះ នឹងដំណើការធ្វើបាតុកម្ម សូមមិត្តភក្តិបរទេសដែលផ្តល់លុយនេះដកខ្លួនចេញ» ។
យ៉ាងណាក៏ដោយ ស្រ្តីដែលតែងតែមកចូលរួមធ្វើកូដកម្មជាប្រចាំ អ្នកស្រី សុខ ដាលីន បានចាត់ទុកថា ការចោទប្រកាន់បែបនេះ គឺជាចេតនាលាបពណ៌មកលើរូបគាត់ និងកូដករផ្សេងទៀត ដែលមិនអាចទទួលយកបានឡើយ។ផ្ទុយទៅវិញអ្នកស្រីឱ្យដឹងថា ក្នុងពេលដែលបាត់បង់ការងារ អ្នកស្រីបានទៅស៊ីឈ្នួលធ្វើជាអ្នកបោសសម្អាតផ្ទះឱ្យគេ ក្រៅម៉ោងដើម្បីបានថវិកាទ្រទ្រង់ជីវភាព និងដោះស្រាយការខ្វះខាតប្រចាំថ្ងៃ។ហើយបើទទួលបានលុយពីការស៊ីឈ្នួលធ្វើកូដកម្មមែននោះគាត់នឹងហៅក្រុមគ្រួសារគាត់មកចូលរួមជាមួយគ្នាដើម្បីបានលុយកាន់តែច្រើន។
អ្នកស្រីបន្តថា៖«បើសិនជា មានគេមកជួលឱ្យធ្វើកូដកម្ម! ខ្ញុំហៅម៉ែឪបងប្អូនខ្ញុំមកធ្វើបាត់ហើយ មិនមែនសុខចិត្តស៊ីអត់ស៊ីឃ្លាន ជិះម៉ូតូជួនកាលអត់មានសាំង! ដើរសុំលុយគេយកមកចាក់សាំង ដើម្បីមកបានធ្វើដំណើរធ្វើកូដកម្ម »។
បើទោះការតស៊ូមតិដោយសន្តិវិធីនេះ បានបន្តអូសបន្លាយប្រមាណជិត២ឆ្នាំមកហើយក្តី សម្រាប់ក្រុមកូដករ នៅតែដាក់ក្តីសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរមេដឹកនាំថ្មី ក្រោយការបោះឆ្នោតនេះ វិបត្តិការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ អាចនឹងរកច្រកចេញបាន។ពួកគេមិនជឿថា នាយករដ្ឋមន្រ្តីថ្មី ដែលនាំដោយគណបក្សប្រជាជនកម្ពុជា ទុកបញ្ហានេះឱ្យនៅបន្តរ៉ាំរ៉ៃដូចសព្វថ្ងៃនេះទៀតឡើយ។
ពាក់វែនតាខ្មៅ និង អាវដៃវែងពណ៌ខៀវ កញ្ញា សៀក បញ្ញា វ័យ ៣៤ឆ្នាំ បង្ហាញក្តីរំពឹងថា ក្បាលម៉ាស៊ីនដែលនឹងឡើងកាន់ដំណែងដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងអាចបញ្ចប់ជម្លោះការងាដែលអូសបន្លាយពេលរាប់ឆ្នាំនេះឱ្យបានឆាប់។កញ្ញាថា វិវាទការងារនេះ គឺជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិការងារ ដែលថៅកែក្រុមបនហ៊ុនល្បែងមួយនេះ មានចេតនាកម្ទេចក្រុមសហជីពចោលដើម្បីបំបិទមាត់បុគ្គលិកមិនឱ្យងើបតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិការងារនៅកន្លែងការងារ។
អ្នកស្រីថា៖«ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីដែលឡើងមកកាន់ដំណែងថ្មីនេះ នាយករដ្ឋមន្រ្តីនឹងប្រើវិជ្ជាជីវៈ នឹងប្រើចំណេះចំនាញ នឹងប្រើឧត្តមគតិ នឹងប្រើច្បាប់ផ្តល់យុត្តិធម៌ ជាពិសេសវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។សូមក្រឡេកមកមើលពីឬសគល់ ហើយដោះស្រាយឱ្យកម្មករ»។
បើតាម កញ្ញា សៀក បញ្ញា បុគ្គលិកជាស្រ្តីដែលបម្រើការងារក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ តែងរងការរំលោភបំពានជាបន្តបន្ទាប់ក្រោមរូបភាព ជះទឹកពីភ្ញៀវ ការជេប្រមាទ និងការបៀតបៀនលើរាងកាយ ជាដើម។កញ្ញាចាត់ទុកថា វត្តមានក្រុមសហជីពឯករាជ្យគឺបានជួយការពារបុគ្គលិកពីការរំលោភបំពានផ្សេងៗ ក្នុងពេលពួកគេបំពេញការងារ ជាពិសេសនៅក្នុងក្រុមហ៊ុនល្បែងនេះតែម្តង។
ចំណែក កូដករម្នាក់ទៀត អ្នកស្រី សាង សុផល វ័យ ៣៥ឆ្នាំ និយាយដែរថា គាត់ចង់ឱ្យមានក្រុមសហជីពឯករាជ្យ នៅក្នុងក្រុមហ៊ុន ណាហ្គាលដ៍ ឡើងវិញ មិនមែនសហជីពដែលជិតស្និទ្ធនិងថៅកែក្រុមហ៊ុននោះទេ។ធ្លាប់បំពេញការងារអស់ពេលប្រមាណ ២៥ឆ្នាំមកនេះ សាង សុផល ទទូចឱ្យអ្នកបន្តវេនដឹកនាំរដ្ឋាភិបាលអាណត្តីថ្មី ដោះស្រាយជម្លោះការងារមួយនេះ ប្រកបដោយតម្លាភាព។
អ្នកស្រីបន្តថា៖ «ខ្ញុំមានម្រាមដៃ១០ ជ្ញើជូនលោកនាយករដ្ឋមន្រ្តីថ្មី ដែលឡើងកាន់តំណែងនេះ សូមមេត្តាយកច្បាប់ការងារដោះស្រាយ វិវាទការងារដោះស្រាយនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលជិត២ឆ្នាំនេះ។ហើយជួយដោះស្រាយដើម្បីឱ្យពួកខ្ញូំបានចូលធ្វើការវិញទាងអស់គ្នា ពួកខ្ញូំចង់បានសិទ្ធិការងារត្រឹមត្រូវនៅកន្លែងធ្វើការ »។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ។ប្រភពដដែល រកឃើញថា សហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល ជាបន្តបន្ទាប់។
បន្ថែមលើនេះ អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះញង់» «បទបរិហារកេរ្តិ៍» «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បីធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា។
ពាក់ព័ន្ធវិវាទការងារនៅក្រុមហ៊ុនល្បែង ណាហ្គាវើលដ៍នេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះអតីតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។ក្នុងចំណោមមេដឹកនាំសហជីពទាំង៩នាក់នោះ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវជាប់ពន្ធនាគារ ក្រោយកញ្ញាត្រូវបានចាប់ខ្លួនជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទល្មើសបម្រាមតុលាការមិនឱ្យចេញទៅក្រៅប្រទេស។ដោយឡែក ថ្នាក់ដឹកនាំសហជីព៨នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការតាមដានរបស់តុលាការ។
ទាក់ទិននឹងវិវាទការងារនៅក្នុងក្រុមហ៊ុន ល្បែងមួយនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ប្រតិកម្មម្តងដែរ និងទាមទារក្នុងបំណងដើម្បីឱ្យមានដំណោះស្រាយ ក៏ប៉ុន្តែកិច្ចការអន្តរាគមន៍នេះ ត្រូវបរាជ័យទៅវិញ ដោយមិនដឹងមូលហេតុ។ក្រៅពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការងារ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏ធ្លាប់ស្វែងរកកិច្ចអន្តរាគមន៍ដែរ ប៉ុន្តែលទ្ធផលគឺហាក់ដូចអ្វីដែលលោក ស ខេង ធ្លាប់បង្ហាញជំហរនឹងដោះបញ្ចប់វិបត្តិការងារនេះដែរ។
ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូសង្កេតឃើញថាកត្តាចម្បងក្នុងការស្វែងរកដំណោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៏ ដោយសារតែឥទ្ធិពលរបស់មានអ្នកមានអំណាច នៅពីក្រោយខ្នង ដែលលោកថា គឺជាឧបសគ្គនៅក្នុងដំណើរការស្វែងរកយុត្តិធម៍។
បន្ថែមលើនេះ លោកថា សកម្មភាពតវ៉ា ទាមទាររបស់កូដករណាហ្គាវើលដ៍នេះ ជាសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងច្បាប់ស្តីពីការងារ មិនមែនមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាននោះទេ។ជាមួយគ្នានេះលោកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គួរមានយន្តការដោះស្រាយដើម្បីបញ្ចប់វិវាទការងារដែលកំពុងជាប់គាំងមួយនេះផង។
លោកបន្តថា៖«រដ្ឋាភិបាលអាណត្តិថ្មី គួរមានសំណើរសុំឲ្យមានការកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារ ថ្មី ឬ តំណាងអង្គការនីតិប្រតិបត្តិ ដើម្បីឆ្លើយសំណួរផ្សេងៗក្នុងរដ្ឋសភា ដើម្បីបានចម្លើយផ្លូវការពីសមាជិកគណៈរដ្ឋមន្ត្រីចូលក្នុង កំណត់ហេតុ និង ជាមូលដ្ឋានសម្រេចរបស់រដ្ឋសភា និង ពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញ និងយន្តការ អភិបាលកិច្ចរដ្ឋតាមរបបសភានិយម »។
គេរំពឹងថា សមាជិកសភាសម្រាប់អាណត្តិថ្មីនេះដែលចូលរួម ពីអ្នកតំណាងរាស្រ្តកូតាគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អាចនឹងជួយស្វែងរកដំណោះស្រាយ ចំពោះវិបត្តិការងារដែលកើតឡើងជិត២ឆ្នាំមកនេះបាន។
ឆ្លើយតបរឿងនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ Newsroom Cambodia ថា ក្រុមតំណាងរាស្រ្តមកពីគណបក្សរាជានិយមមួយនេះបានប្តេជ្ញាចិត្តរួលរាល់ហើយ ដើម្បីគិតគូរដោះស្រាយបញ្ហានានាដែលកើតមានក្នុងសង្គមកម្ពុជារួមទាំងវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គានេះផងដែរ។
លោកបន្តថា៖ «ទិសដៅគនបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាការងារប្រជារាស្រ្តខ្មែរ និងឧត្តមប្រយោជន៍ជាតិ ហើយបន្តបន្ទាប់ហ្នឹង យើងនឹងពិនិត្យមើល [ជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍] បន្ទាប់ពីយើងទទួលបានការចូលរួមក្នុងសភានឹងជជែកគ្នា »។
ឯកសារដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បានបង្ហាញថា លោក Chen Lip Keong ជានាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជាជនជាតិម៉ាឡេស៊ី កាត់ចិន។ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិឈរលំដាប់លេខរៀងទី៧នៅក្នុងប្រទេសម៉ាឡេស៊ី លោក Chen Lip Keong ក៏ធ្លាប់បានឈ្នះក្តីនៅក្នុងឆ្នាំ១៩៩៤ នៅក្នុងប្រទេសកម្ពុជា ដែលអាចជួយឱ្យលោកបន្តប្រតិបត្តិការ បើកបនល្បែងរបស់ខ្លួនដ៏ធំ ចំកណ្តាលទីក្រុងភ្នំពេញបានរហូតមកដល់សព្វថ្ងៃនេះ។
ត្រលប់មកអ្នកស្រី សុខ ដាលីន វិញ ដែលបានចាប់ផ្តើមការងារនៅក្រុមហ៊ុនណាហ្គាវើល៍នេះជិត ២០ឆ្នាំមកហើយនោះ បានប្រកាសជំហរថា បើមិនមានក្រុមសហជីពឯករាជ្យនៅក្រុមហ៊ុន ណាហ្គាវើលដ៍ទេ រូបគេនឹងធ្វើកូដកម្ម លុះត្រាមានដំណោះស្រាយ ទោះបីជាត្រូវប្រឈមបញ្ហាជីវភាពក្តី។
អ្នកស្រីបន្តថា៖«ខ្ញុំនៅតែធ្វើរហូតទាល់តែមានដំណោះស្រាយ គេទុកដល់មួយឆ្នាំ ទៀតក៏ខ្ញុំសុចចិត្តនៅមួយឆ្នាំទៀតដែរ »។