ម៉ោងជាង៣រសៀលទៅហើយ គេឮសូរសំឡេងវាយស្គរបានលាន់សូររណ្តុំចេញ​​ពីខាងមុខអា​​គារណាហ្គា​​វើ​​​ល​​​ដ៍២ អមដោ​យបដាជាច្រើនផ្ទាំង​ ដែលក្រុមកូដករភាគច្រើនជាស្រ្តី បានប្រើប្រាស់ដើម្បីទាម​​ទារសិទ្ធិកា​​រ​​ងា​​​រ ដែលបានជាប់គាំងប្រមាណ២ឆ្នាំមកនេះ ដោយពុំមានដំណោះស្រាយ។

ពួកគេដែលមានគ្នាប្រមាណ៤០នាក់ បានចាប់ផ្តើមសកម្មភាពតស៊ូមតិដោយសន្តិវិធីជាថ្មីម្តងទៀ​​ត ក្រោមកា​​រឃ្លាំមើលរបស់ក្រុមសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានឯកសណ្ឋានស៊ីវិលប្រមា​​​ណ​១​​០​​​នាក់។

កូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៣ បានបន្តប្រមូលផ្តុំគ្នា ក៏មួ​​យ​សប្តាហ៍ម្តងដែរ នៅខា​​ង​មុខក្រុមហ៊ុន ក្នុងបំណងទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសហជីពរបស់ពួកគេពីពន្ធនាគារ និងប​ញ្ឈប់ការរើសអើសសហជីពឯករាជ្យ ខណៈ ជម្លោះការងារនៅក្រុមហ៊ុនល្បែងមួយនេះ អូសបន្លាយពេលជិ​​ត ​២ឆ្នាំមកហើយ នៅតែមិនអាចរកច្រកចេញឃើញ។

អ្នកស្រី សុខ ដាលីនកំពុងអង្គុយផ្តល់ធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព ៖ ទួក ពិសិដ្ឋ)

កូដករជាស្រ្តីម្នាក់ ពាក់អាវពណ៌លឿង រូបរាងស្គមស្តើង អ្នកស្រី សុខ ដាលីន ដែល​កំពុងអង្គុយជាមួយកូ​​​ដ​ករ​​ផ្សេ​​ង​ទៀត ដោយក្នុងដៃរបស់គាត់មានកាន់ក្រដាសបដា រាងរង្វង់ពណ៌ក្រហមសរសេរអក្សថា «ឈប់ Stop» ដែ​​លមានន័យថា បញ្ឈប់ការរើសអើងចំពោះសហជីពឯករាជ្យ។

ស្ថិតក្នុងវ័យ ៤៤ឆ្នាំ រូបនេះបានប្រាប់ Newsroom Cambodia នៅកន្លែងធ្វើកូដកម្មថា មូលហេតុ ដែលគា​​​​​​ត់តស៊ូមកចូលរួមតវ៉ានេះក្នុងបំណងជំរុញឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បើកផ្លូវឱ្យមានក្រុមសហជីពឯ​​ករាជ្យបានចូលធ្វើការឡើងវិញ។

អ្នកស្រីបន្តថា៖ «ខ្ញុំនៅក្រាញននៀលនៅស៊ូតវ៉ា នៅជាមួយពួកគាត់ដើម្បីចង់ឱ្យថៅកែ បរទេស ដែលមករកស៊ីស្រុកខ្មែរចង់ឱ្យគាត់កុំរើសអើងសហជីព។ឱ្យគាត់ដោះស្រាយទៅ ហើយស្ថាប័នពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ សូមឱ្យគាត់ជួយដោះស្រាយ »។

ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះបានបម្រើការជាបុគ្គលិកផ្នែកចែកបៀ នៅក្នុងហ៊ុនល្បែងណាហ្គាលវើលដ៏ នេះ​​​​​ជិត​២០ ឆ្នាំ​មកហើយ និងមិនត្រូវបានថៅកែបញ្ឈប់ខ្លួន​ពីក្រុមហ៊ុនម្តងណានោះដែរ។អ្នកស្រី ដាលីននិ​​យា​​យ​ថាជីវិតធ្វើការក្នុងក្រុមហ៊ុនល្បែងប្រមាណ២០ឆ្នាំ​នេះ គាត់តែងតែទទួលរងការមើលងាយពីភ្ញៀវជាបន្តប​​​​ន្ទាប់ ក្រោមរូបភាព ផ្លុំផ្សែងបារីដាក់មុខ ការប្រើពាក្យសម្តីជេរប្រមាទ និងការបិទសិទ្ធិមិនឱ្យតវ៉ាពីសំ​​ណាក់​ថៅកែក្រុមហ៊ុន ជាដើម។​ប្រភពដដែលឱ្យដឹងថា នៅពេលមានវត្តមានក្រុមសហជីពឯករាជ្យ គឺជាបង្អែកមួយក្នុងការការពារបុគ្គលិកនៅពេលជួបបញ្ហារំលោភសិទ្ធិការងារណាមួយកើតឡើង ក្នុងពេលបំពេ​​ញ​​​ការងារ។

គេសង្កេតឃើញថា ភាពចម្រូងចម្រាសនៃវិវាទការងារនៅក្រុមហ៊ុនល្បែង ដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ កើតឡើង ក្រោយពេលថៅកែក្រុមហ៊ុនសម្រេចបញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១ កន្លងទៅ។ក្នុងចំណោម​អ្នកដែលត្រូវបានកាត់ឈ្មោះចេញពីក្រុមហ៊ុននោះ មានចំនួន ៣​​៦​៥នាក់ គឺជាមេដឹកនាំសហជីព និងសមាជិករបស់ សហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ នៃក្រុ​​​ម​ហ៊ុនណាហ្គាវើលដ៍ (LRSU)។

ការផាត់បុគ្គលិកចេញទ្រង់ទ្រាយធំបែបនេះ ភាគីក្រុមហ៊ុនបានសំអាងថា ជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចំណែកក្រុមនិយោជិតវិញ មើលឃើញថា ផែនការនេះគឺជាចេតនារបស់ថៅកែដើម្បីបំបិទមិ​ន​​ឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនល្បែងមួយនេះទៅវិញទេ។

ជុំវិញវិវាទការងារនេះដែរ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅក្រុងព្រះសីហនុ បានចោទក្រុមកូដករណាហ្គាវើលដ៍ថា ស៊ីឈ្នួលបរទេសធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម ដើម្បីប្រឆាំងរដ្ឋាភិបាល។លោកមិនជឿទេថា កូដករដែលបន្តធ្វើកូដកម្មរាល់ថ្ងៃនេះ អាចមានថវិកាទិញអាហារដើម្បីចិញ្ចឹមជីវិត ក្នុងពេលដែលបាត់បង់ការងារបាត់ទៅហើយនោះ។

លោកបន្តថា៖«សញ្ញាសួរនៅត្រង់ថា ខ្លួនជាកម្មករសោះ ហេតុអីខ្លួនមានលុយ រស់បានរហូតមកដល់ពេលនេះ នឹងដំណើការធ្វើបាតុកម្ម សូមមិត្តភក្តិបរទេសដែលផ្តល់លុយនេះដកខ្លួនចេញ»

យ៉ាងណាក៏ដោយ​ ស្រ្តីដែលតែងតែមកចូលរួមធ្វើកូដកម្មជាប្រចាំ អ្នកស្រី សុខ ដាលីន បានចាត់ទុកថា ការចោ​​ទប្រកាន់បែបនេះ គឺជាចេតនាលាបពណ៌មកលើរូបគាត់ និងកូដករផ្សេងទៀត ដែលមិនអាចទទួលយ​​ក​បានឡើយ។ផ្ទុយទៅវិញអ្នកស្រីឱ្យដឹងថា ក្នុងពេលដែលបាត់បង់ការងារ អ្នកស្រីបានទៅស៊ីឈ្នួលធ្វើជាអ្នកបោ​​ស​​​​ស​​ម្អាតផ្ទះឱ្យគេ ក្រៅម៉ោងដើម្បីបានថវិកាទ្រទ្រង់ជីវភាព និងដោះស្រាយកា​​រខ្វះខាតប្រ​ចាំថ្ងៃ​​។​ហើយបើទទួ​​លបានលុយពីការស៊ីឈ្នួលធ្វើកូដកម្មមែននោះគាត់នឹងហៅក្រុមគ្រួសារគាត់មកចូលរួមជាមួយគ្នាដើម្បី​​​បា​​​​នលុយកាន់តែច្រើន។

អ្នកស្រីបន្តថា៖«បើសិនជា មានគេមកជួលឱ្យធ្វើកូដកម្ម! ខ្ញុំហៅម៉ែឪបងប្អូនខ្ញុំមកធ្វើបាត់ហើយ មិនមែនសុខចិត្តស៊ីអត់ស៊ីឃ្លាន ជិះម៉ូតូជួនកាលអត់មានសាំង! ដើរសុំលុយគេយកមកចាក់សាំង ដើម្បីមកបានធ្វើដំណើរធ្វើកូដកម្ម »។

បើទោះការតស៊ូមតិដោយសន្តិវិធីនេះ បានបន្តអូសបន្លាយប្រមាណជិត២ឆ្នាំមកហើយក្តី សម្រាប់ក្រុមកូ​​ដ​​ករ នៅតែដាក់ក្តីសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរមេដឹកនាំថ្មី ក្រោយការបោះឆ្នោតនេះ វិបត្តិការងារនៅ​​ក្នុង​​​ក្រុ​មហ៊ុន ណាហ្គាវើលដ៍ អាចនឹងរកច្រកចេញបាន។ពួកគេមិនជឿថា នាយករដ្ឋមន្រ្តីថ្មី ដែលនាំដោយគ​​ណ​​បក្សប្រជាជនកម្ពុជា ទុកបញ្ហានេះឱ្យនៅ​​បន្ត​​រ៉ាំរ៉ៃដូចសព្វថ្ងៃនេះទៀតឡើយ។

ពាក់វែនតាខ្មៅ និង អាវដៃវែងពណ៌ខៀវ កញ្ញា សៀក បញ្ញា វ័យ ៣៤ឆ្នាំ ប​​ង្ហា​​​ញក្តី​​រំពឹងថា ក្បាលម៉ាស៊ីនដែ​ល​​​​នឹងឡើងកាន់ដំណែងដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងអាចបញ្ចប់ជម្លោះកា​​រងាដែលអូសបន្លាយពេ​​​ល​រាប់ឆ្នាំនេះឱ្យបានឆាប់។កញ្ញាថា វិវាទការងារនេះ គឺជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិការងារ ដែលថៅ​​​កែក្រុមបនហ៊ុនល្បែងមួយនេះ មានចេតនាកម្ទេចក្រុមសហជីពចោលដើម្បីបំបិទមាត់បុគ្គលិកមិនឱ្យងើបតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិការងារនៅកន្លែងការងារ។

អ្នកស្រីថា៖«ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីដែលឡើងមកកាន់ដំណែងថ្មីនេះ  នាយករដ្ឋមន្រ្តីនឹងប្រើវិជ្ជាជីវៈ នឹងប្រើចំណេះចំនាញ នឹងប្រើឧត្តមគតិ នឹងប្រើច្បាប់ផ្តល់យុត្តិធម៌ ជាពិសេសវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។សូមក្រឡេកមកមើលពីឬសគល់ ហើយដោះស្រាយឱ្យកម្មករ»

បើតាម កញ្ញា សៀក បញ្ញា បុគ្គលិកជាស្រ្តីដែលបម្រើការងារក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ តែងរងការរំ​​​លោ​​ភ​​បំពានជាបន្តបន្ទាប់ក្រោមរូបភាព ជះទឹកពីភ្ញៀវ ការជេប្រមាទ និងការបៀតបៀនលើរាងកាយ ជាដើម។ក​​​ញ្ញា​ចាត់ទុកថា វត្តមានក្រុមសហជីពឯករាជ្យគឺបាន​ជួយ​ការពារបុគ្គលិកពីការរំលោភបំពានផ្សេងៗ ក្នុងពេ​​ល​​ពួកគេបំពេញការងារ ជាពិសេសនៅក្នុងក្រុមហ៊ុនល្បែងនេះតែម្តង។

ចំណែក កូដករម្នាក់ទៀត អ្នកស្រី សាង សុផល  វ័យ ៣៥ឆ្នាំ និយាយដែរថា គាត់ចង់ឱ្យមានក្រុមសហជីពឯ​​ករាជ្យ នៅក្នុងក្រុមហ៊ុន ណាហ្គាលដ៍ ឡើងវិញ មិនមែនសហជីពដែលជិតស្និទ្ធនិងថៅកែក្រុមហ៊ុននោះទេ​។​ធ្លាប់បំពេញការងារអស់ពេលប្រមាណ ២៥ឆ្នាំមកនេះ សាង សុផល ទទូចឱ្យអ្នកបន្តវេនដឹកនាំរដ្ឋា​​ភិបាល​​អាណត្តីថ្មី ដោះស្រាយជម្លោះការងារមួយនេះ ប្រកបដោយតម្លាភាព។

អ្នកស្រីបន្តថា៖ «ខ្ញុំមានម្រាមដៃ១០ ជ្ញើជូនលោកនាយករដ្ឋមន្រ្តីថ្មី ដែលឡើងកាន់តំណែងនេះ សូមមេត្តាយកច្បាប់ការងារដោះស្រាយ វិវាទការងារដោះស្រាយនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលជិ​​​​២ឆ្នាំនេះ។ហើយ​ជួយដោះស្រាយដើម្បីឱ្យពួកខ្ញូំបានចូលធ្វើការវិញទាងអស់គ្នា ពួកខ្ញូំចង់បានសិទ្ធិកា​​រងារ​​​ត្រឹ​​មត្រូវនៅកន្លែងធ្វើការ »។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២​១ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ។ប្រភពដដែល រកឃើញថា សហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំ​​ពា​ក់ និងទេសចរណ៍ ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល ជាប​ន្ត​​បន្ទាប់។

បន្ថែមលើនេះ អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបាន​ពេញលេញនូវកាត​​ព្វកិ​ច្ចជា​​អន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោ​​ល​មាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​ ដូ​ចជា «បទញុះញង់»  «បទបរិហារកេរ្តិ៍»  «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេ​​រ្តិ៍​​មន្ត្រីសាធារណៈ​​​»​ ​ដើ​​​ម្បី​ធានា​ដល់​ការ​ការ​ពារ​សិទ្ធិមនុស្សនៅកម្ពុជា។

ពាក់ព័ន្ធវិវាទការងារនៅក្រុមហ៊ុនល្បែង ណាហ្គាវើលដ៍នេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ​​​​កុម្ភៈ ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះអតីតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែ​​ល​ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម »។​​ក្នុង​ចំណោ​ម​មេដឹកនាំសហជីពទាំង៩នាក់នោះ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវជាប់ពន្ធនាគារ ក្រោយកញ្ញាត្រូវបា​ន​ចាប់ខ្លួនជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទល្មើសបម្រាមតុលាការមិនឱ្យចេញទៅ​​​​​ក្រៅប្រទេស។ដោយឡែក ថ្នាក់ដឹកនាំសហជីព៨នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមកា​​រ​​តា​មដានរបស់តុលាការ។

ទាក់ទិននឹងវិវាទការងារនៅក្នុងក្រុមហ៊ុន ល្បែងមួយនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ប្រតិ​​ក​ម្ម​​ម្តងដែរ និងទាមទារក្នុងបំណងដើម្បី​ឱ្យមានដំណោះស្រាយ ក៏ប៉ុន្តែកិច្ចការអន្តរាគមន៍នេះ ត្រូវបរាជ័យ​​ទៅ​​​វិញ ដោយមិនដឹងមូលហេតុ។ក្រៅពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការងារ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏ធ្លាប់ស្វែងរកកិច្ចអន្តរាគមន៍ដែរ ប៉ុន្តែលទ្ធផលគឺហាក់ដូ​​ចអ្វីដែ​ល​​លោ​​​​​​​ក ស ខេង ធ្លាប់បង្ហាញជំហរនឹងដោះបញ្ចប់វិបត្តិការងារនេះដែរ។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូសង្កេតឃើញថាកត្តាចម្បងក្នុងកា​រស្វែងរក​​ដំណោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៏ ដោយសារតែឥទ្ធិពលរបស់មានអ្ន​​ក​​មានអំ​​​ណា​ច នៅពីក្រោយខ្នង ដែលលោកថា គឺជាឧបសគ្គនៅក្នុងដំណើរការស្វែងរកយុត្តិធម៍។

បន្ថែមលើ​​នេះ លោ​​កថា សកម្មភាពតវ៉ា ទាមទាររបស់កូដករណាហ្គាវើលដ៍នេះ ជាសិទ្ធិស្របច្បាប់ ដែលមា​ន​​ចែងក្នុងច្បាប់ស្តីពីការងារ មិនមែនមាន​បំណងចង់​ផ្តួលរំលំរដ្ឋាភិបាននោះទេ។ជាមួយគ្នានេះលោកបានជំរុ​​​ញឱ្យ​​មន្រ្តី​​​​រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គួរមានយន្តការដោះស្រាយដើម្បីបញ្ចប់វិ​​​វា​​ទ​​ការងារដែលកំពុងជា​​ប់​​គាំងមួយនេះផង។

លោកបន្តថា៖«រដ្ឋាភិបាលអាណត្តិថ្មី គួរមានសំណើរសុំឲ្យមានការកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារ ថ្មី ឬ តំណាងអង្គការនីតិប្រតិបត្តិ ដើម្បីឆ្លើយសំណួរផ្សេងៗក្នុងរដ្ឋសភា ដើម្បីបានចម្លើយផ្លូវការពីសមាជិកគណៈរដ្ឋមន្ត្រីចូលក្នុង កំណត់ហេតុ និង ជាមូលដ្ឋានសម្រេចរបស់រដ្ឋសភា និង ពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញ និងយន្តការ អភិបាលកិច្ចរដ្ឋតាមរបបសភានិយម»។

គេរំពឹងថា សមាជិកសភាសម្រាប់អាណត្តិថ្មីនេះ​ដែលចូលរួម ពីអ្នកតំណាងរាស្រ្តកូតាគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អាចនឹងជួយស្វែងរកដំណោះស្រាយ ចំពោះវិបត្តិការងារដែលកើត​​ឡើងជិត២ឆ្នាំ​​មកនេះ​​បាន​​។

ឆ្លើយតបរឿងនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ Newsroom Cambodia ថា ក្រុមតំ​​ណា​ងរាស្រ្តមកពីគណបក្សរាជានិយមមួយនេះបានប្តេជ្ញាចិត្តរួលរាល់ហើយ ដើម្បីគិតគូរដោះស្រា​​​យប​ញ្ហា​​​​នានាដែ​​លកើតមានក្នុងសង្គមកម្ពុជារួមទាំងវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គានេះផងដែ​រ។

លោកបន្តថា៖ «ទិសដៅគនបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាការងារប្រជារាស្រ្តខ្មែរ និងឧត្តមប្រយោជន៍ជាតិ ហើ​​​​បន្តបន្ទាប់ហ្នឹង យើងនឹងពិនិត្យមើល [ជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍] បន្ទាប់ពីយើងទទួលបា​​ការចូលរួមក្នុងសភានឹងជជែកគ្នា »។

ឯកសារដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បានបង្ហាញថា លោក Chen Lip Keong ជានាយកប្រតិ​​បត្តិ​​ជា​ន់​ខ្ពស់ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជាជនជាតិម៉ាឡេស៊ី កាត់ចិន។ជាមហាសេដ្ឋីដែលមាន​​ទ្រព្យស​​ម្បត្តិ​​​ឈរ​​លំដាប់លេខរៀង​​ទី​​៧នៅក្នុងប្រទេសម៉ាឡេស៊ី លោក Chen Lip Keong ក៏ធ្លាប់បានឈ្នះ​​ក្តីនៅ​​ក្នុង​​ឆ្នាំ​​១​​​​៩​​​៩៤ នៅក្នុងប្រទេសកម្ពុជា ដែលអាច​​ជួយឱ្យ​លោកបន្ត​​ប្រ​​តិបត្តិការ បើកបនល្បែងរបស់ខ្លួនដ៏ធំ ចំក​​ណ្តា​​ល​​ទី​​ក្រុ​​​​ង​​ភ្នំពេញបានរហូតមកដល់សព្វថ្ងៃនេះ។

ត្រលប់មកអ្នកស្រី សុខ ដាលីន វិញ ដែលបានចាប់ផ្តើមការងារនៅក្រុមហ៊ុនណាហ្គាវើល៍នេះជិត ២០ឆ្នាំម​ក​ហើយនោះ បានប្រកាសជំហរថា បើមិនមានក្រុមសហជីពឯករាជ្យនៅក្រុមហ៊ុន ណាហ្គាវើលដ៍ទេ រូប​​គេ​​​​នឹ​​ងធ្វើកូដកម្ម លុះត្រាមានដំណោះស្រាយ ទោះបីជាត្រូវប្រឈមបញ្ហាជីវភាពក្តី។

អ្នកស្រីបន្តថា៖«ខ្ញុំនៅតែធ្វើរហូតទាល់តែមានដំណោះស្រាយ គេទុកដល់មួយឆ្នាំ ទៀតក៏ខ្ញុំសុចចិត្តនៅមួ​​យ​​ឆ្នាំទៀតដែរ »។