ពេលព្រឹកព្រលឹមស្រាងៗ នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង គេសង្កេតឃើញផ្ទៃមេឃហាក់ចុះអ័ព្ទបន្តិច ហើយអាកាសប្រែត្រជាក់ដូចសព្វមួយដងបន្ទាប់ពីមានភ្លៀងមួយមេឃធំកាលពីយប់ថ្ងៃទី០៧ ខែតុលា រំលងអាធ្រាត្រ។ ស្របពេលគ្នានោះ ក្នុងភូមិគេក៏បានឮសំឡេងមាន់រងាឆ្លើយឆ្លងគ្នា ហាក់ដូចជាការដាស់មនុស្សម្នាឱ្យភ្ញាក់ពីដំណេក។
លុះពេលថ្ងៃចាប់ផ្តើមរះ ក្នុងភូមិហាក់មានសភាពស្ងប់ស្ងាត់ទៅវិញ ខណៈផ្ទះអ្នកភូមិមានសភាពនៅដាច់ៗពីគ្នា និងខណ្ឌចែកដោយដើមឈើតូចធំចន្លោះពី ៥០ម៉ែត្រ ទៅ២០០ម៉ែត្រ។ នៅក្នុងភូមិក្បាលរមាសនេះ មានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងរស់នៅចំនួន ៥៣គ្រួសារ។
តែយ៉ាងណា ប្រជាពលរដ្ឋនៅទីនោះភាគច្រើន ពុំសូវមានជីវភាពល្អនោះទេ ព្រោះពុំសូវមានដីធ្លីអាស្រ័យផលដូចមុន ក្រោយពីដីស្រែ និងផ្ទះសម្បែងរបស់ពួកគាត់នៅភូមិចាស់ដែលនៅក្បែរនោះ ត្រូវបានបំផ្លិចបំផ្លាញអស់កាលពីឆ្នាំ២០១៧ បន្ទាប់ពីមានការអភិវឌ្ឍវារីអគ្គិសនីសេសានក្រោម២។
ជនជាតិដើមភាគតិចព្នងម្នាក់ កំពុងអង្គុយនៅក្នុងផ្ទះរបស់ខ្លួន ដែលធ្វើអំពើឈើចាស់ទ្រុឌទ្រោម នៅក្នុងភូមិក្បាលរមាស លោក ដំា សំណាង និយាយថា ចាប់តាំងពីពលរដ្ឋបានសម្រេចចិត្តមករស់នៅលើភូមិថ្មីទាំងបង្ខំមក ពួកគាត់មិនសប្បាយចិត្តឡើយ ដោយសារតែការរកស៊ីប្រចាំថ្ងៃខ្វះខាតច្រើន ខណៈដីស្រែពួកគាត់ និងកន្លែងចិញ្ចឹមមាន់ទា គោ ក្របី ត្រូវទឹកលិចអស់។
បុរសសម្បុរស្រអែមរូបនេះ បន្តថា ប្រជាពលរដ្ឋទាំងនោះ ត្រូវខាំធ្មេញសង្កត់ចិត្ត ចាប់ផ្ដើមធ្វើស្រែចម្ការលើដីថ្មីដែលមានទំហំដីតូច និងងាកមកចិញ្ចឹមគោក្របីឡើងវិញ គ្រាន់ទុកលក់បានថវិកាខ្លះដោះស្រាយជីវភាព។
លោកនិយាយដោយសម្ដីមួយៗថា៖ «យើងឃើញថា ផលលំបាកការចិញ្ចឹមសត្វរបស់ពួកគាត់ធ្លាប់ទូលំទូលាយ ឥឡូវមានការរឹតត្បិតខ្លាំង ដោយសារតែមានការវិនិយោគប៉ះពាល់ដីកសិកម្ម ដីព្រៃជំនឿរបស់ពួកគាត់ និងដីផ្សេងៗទៀតសម្រាប់ចិញ្ចឹមសត្វ ដោយសារតែមានក្រុមហ៊ុនវិនិយោគផ្នែកកៅស៊ូ ដែលធ្វើឱ្យប៉ះពាល់ដីពួកគាត់»។
ជនជាតិដើមភាគតិចព្នងរូបនេះ អះអាងថា ចាប់តាំងពីប្រជាពលរដ្ឋរងគ្រោះដោយសារការបើកទំនប់វារីអគ្គិសនីអស់រយៈពេលជាង៥ឆ្នាំមកនេះ ពេលនេះពលរដ្ឋក៏កំពុងបារម្ភរឿងថ្មីមួយទៀត គឺការផ្ដល់ដីសម្បទានឱ្យទៅក្រុមហ៊ុនចិន ដើម្បីដាំដើមកៅស៊ូ។ លោក ដាំ សំណាង បន្តថា ការផ្ដល់ដីសម្បទាននេះ កំពុងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋ ខណៈដីស្រែចម្ការរបស់ពួកគាត់ត្រូវប្រឈមបាត់បង់ទៅឱ្យក្រុមហ៊ុនជាបណ្ដើរៗ។
លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែពិនិត្យពីផលប៉ះពាល់មកលើប្រជាពលរដ្ឋជាមុនសិន មុននឹងផ្ដល់ដីសម្បទានសេដ្ឋកិច្ចទាំងនោះដល់ក្រុមឈ្មួញ ឬអ្នកមានលុយមានអំណាច។
លោកថា៖ «អាជ្ញាធរពាក់ព័ន្ធគាត់គួរតែសិក្សាពីតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋជាមុនសិន ថាតើតម្រូវការរបស់ប្រជាជនត្រូវការបែបម៉េច? ហើយសេវាកម្មប្រើប្រាស់របស់ប្រជាជននឹងគ្រប់គ្រាន់ហើយឬនៅ? ល្អជាជាងដែលផ្ដល់ការវិនិយោគដល់ក្រុមហ៊ុន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋបែបនេះ»។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤អាចផលិតថាមពលអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ និងមានទួរបីនសរុបចំនួន១០។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់ក្រុមហ៊ុន៣បញ្ចូលគ្នា ក្នុងនោះមាន ក្រុមហ៊ុនរូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង, ក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាងអ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន និងក្រុមហ៊ុន អីវីអិនអ៊ីនធើណាសិនណល ចញស្តុក (EVN International Joint Stock Company) របស់វៀតណាម។ ការកសាងសង់វារីអគ្គិសនីខ្នាតធំនេះ បានបង្កផលប៉ះពាល់ដល់ដីធ្លីផ្ទះសម្បែង មុខរបរ និងប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ១ ០០០គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៤ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើទោះបីជាមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋភាគច្រើន បានសម្រេចចិត្តទទួលយកសំណង និងព្រមចាកចេញទៅរស់នៅទីតាំងថ្មី ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ នៅភូមិក្បាលរមាសនេះ នៅមិនទាន់ទទួលយកសំណងនៅឡើយ ដោយពួកគាត់ស៊ូទ្រាំរស់នៅក្បែរតំបន់នោះដដែល។
ជនជាតិដើមភាគតិចព្នងម្នាក់ទៀត ដែលរស់នៅភូមិក្បាលរមាសដែរនោះលោក ហៀង សុខម៉ា បានឱ្យដឹងថា មុនពេលមានការអភិវឌ្ឍទំនប់សេសាន២ គ្រួសាររបស់លោកមានដីសម្រាប់ធ្វើស្រែចម្ការចំនួន ៥ហិកតាប៉ុន្តែក្រោយអាជ្ញាធរជម្លៀសពលរដ្ឋទៅទីតាំងថ្មីនៅក្នុងភូមិក្បាលរមាសដដែលនោះ គឺគ្រួសារលោកនៅសល់ដីតែ ១ហិកតាប៉ុណ្ណោះ។ លោកថាចំនួនដីដែលនៅសល់ដ៏តិចតួចនេះហើយ ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ កាន់តែធ្លាក់ចុះជាលំដាប់។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋពុំដែលចង់មានបានអ្វីទេ គឺពួកគាត់ចង់បានតែការរស់នៅធម្មតាដូចដើម ប្រកបមុខរបរចិញ្ចឹមជីវិត។ ក៏ប៉ុន្តែអស់រយៈពេលជាង៥ឆ្នាំនេះ យើងមិនដែលមានក្ដីសុខផ្លូវចិត្តម្ដងណាឡើយ ខណៈកូនក៏ច្រើន ត្រូវទទួលខុសត្រូវមើលថែពួកគាត់»។
បើតាមពលរដ្ឋរូបនេះ ដីស្រែចម្ការនៅតំបន់ភូមិចាស់បានលិចទឹកអស់ហើយ ហើយការរស់នៅរបស់ពួកគាត់នៅភូមិថ្មី ក៏ជួបការលំបាក ដោយសារតែខ្វះដីធ្វើស្រែចម្ការ ខណៈពលរដ្ឋក៏មិនមានមុខរបរអ្វីផ្សេងក្រៅពីនេះ។
តែយ៉ាងណា មេឃុំក្បាលរមាស លោក ប៉ែន សុបុល មានប្រសាសន៍ថាការរស់នៅរបស់ប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ នៅភូមិក្បាលរមាស នាពេលបច្ចុប្បន្ន មិនមានបញ្ហាអ្វីនោះទេ ហើយប្រជាពលរដ្ឋអាចប្រកបរបរធ្វើស្រែចម្ការ និងចិញ្ចឹមគោក្របី បានជាធម្មតា។ លោកបន្តថា ចំពោះការលំបាករបស់ពលរដ្ឋមួយចំនួន ដោយសារតែពួកគាត់ខ្លួនឯងមិនព្រមទទួលយកសំណងទៅកន្លែងថ្មីដែលអាជ្ញាធរបានដោះស្រាយជូនពួកគាត់។
ចំពោះក្ដីបារម្ភរបស់ប្រជាពលរដ្ឋជុំវិញដីសម្បទានថ្មីៗវិញ លោកថា ខាងក្រសួងពាក់ព័ន្ធបានព្យាយាមសម្របសម្រួលជាមួយនឹងពលរដ្ឋជាបន្តបន្ទាប់ហើយ ប៉ុន្តែពួកគាត់មិនព្រមទទួលយកការដោះស្រាយរបស់អាជ្ញាធរ។
លោកមានប្រសាសន៍ថា៖ «ករណីប្រជាពលរដ្ឋជនជាដើមភាគតិចព្នងនេះ អាជ្ញាធរពាក់ព័ន្ធបានជួយសម្រួលដោះស្រាយរួចរាល់ហើយ។ប្រជាពលរដ្ឋភាគច្រើនមានទីលំនៅត្រឹមត្រូវ ពុំមានការលំបាក ឬក្ដីបារម្ភណាមួយដូចការលើកឡើងនោះទេ»។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ប្រាប់ Newsroom Cambodia យ៉ាងខ្លីថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិក្បាលរមាសពុំមានបញ្ហាអ្វីនោះទេ ហើយការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ក៏អាជ្ញាធរបានដោះស្រាយរួចរាល់ហើយដែរ។
លោកមានប្រសាសន៍ថា៖ «ពុំមានបញ្ហាអ្វីទេ កុំចេះតែថា អាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់លើពួកគាត់គ្រប់ៗគ្នា និងដោះស្រាយបញ្ហារួចរាល់ហើយ»។
ចំណែកខាងក្រុមហ៊ុនសេសានក្រោម២វិញ កាលពីពេលកន្លងមក ក៏ធ្លាប់បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនសន្យាប្ដេជ្ញាចិត្តគោរពតាមច្បាប់ និងបទបញ្ញត្តិវិនិយោគក្នុងប្រទេស គោរពទំនៀមទម្លាប់វប្បធម៌ក្នុងស្រុក គាំទ្រលើកកម្ពស់គំនិតអភិវឌ្ឍសុខដុមរមនា អនុវត្តការទទួលខុសត្រូវសេដ្ឋកិច្ចសហគ្រាស ទទួលខុសត្រូវសង្គម និងបរិស្ថាន។
យ៉ាងណា លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) ដែលបានចុះទៅពិនិត្យផ្ទាល់នៅភូមិក្បាលរមាសថ្មី សង្កេតឃើញថា ការរស់នៅរបស់ប្រជាពលរដ្ឋហាក់ខ្វះភាពកក់ក្ដៅពីសំណាក់អាជ្ញាធរ ដោយសារនៅតំបន់នោះពុំមានមន្ទីរពេទ្យ សាលារៀន ប្រព័ន្ធភ្លើង ទឹកស្អាត និងផ្លូវថ្នល់បានត្រឹមត្រូវនោះទេ។
ចំណែក ការប្រកបរបរធ្វើស្រែចម្ការរបស់ពលរដ្ឋវិញ លោកក៏សង្កេតឃើញថា ពុំមានច្រើននោះដែរ ដោយសារតែពលរដ្ឋទាំងនោះ មិនមានដីស្រែចម្ការច្រើនដូចមុន។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ខ្ពស់លើជីវភាពពលរដ្ឋ តាមរយៈផ្តល់កិច្ចគាំពារមកឱ្យបានត្រឹមត្រូវ។
លោកលើកឡើងថា៖« អាជ្ញាធរពាក់ព័ន្ធពុំអាចព្រងើយកន្តើយចំពោះជីវភាពប្រជាពលរដ្ឋបែបនេះ គឺគួរតែផ្ដល់កិច្ចគាំពារសង្គម ហើយធានាបានថាប្រជាពលរដ្ឋទាំងនោះ ពួកគាត់មានសិទ្ធិសេរីភាពជនជាតិដើមភាគតិចពេញលេញ ជាពិសេសមានជីវភាពល្អ និងទទួលបានយន្តការដោះស្រាយបញ្ហាដីធ្លីពួកគាត់ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ»៕