​ពេល​ព្រឹក​ព្រលឹម​ស្រាងៗ​ ​នៅ​​ភូមិ​ក្បាល​រមាស​​ ​​ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង គេ​សង្កេត​ឃើញ​ផ្ទៃ​មេឃ​​ហាក់​ចុះ​អ័ព្ទ​បន្តិច ​ហើយ​អាកាស​ប្រែ​ត្រជាក់​ដូច​សព្វ​មួយ​ដង​បន្ទាប់​ពី​មាន​ភ្លៀង​មួយ​មេឃ​ធំ​កាល​ពី​​យប់​ថ្ងៃ​ទី​០៧ ខែ​តុលា ​រំលង​អាធ្រាត្រ​​។ ស្រប​ពេល​គ្នា​នោះ ក្នុង​ភូមិ​គេ​ក៏​បាន​ឮ​សំឡេង​មាន់​រងា​ឆ្លើយ​ឆ្លង​គ្នា​ ហាក់​ដូច​ជា​ការ​ដាស់​មនុស្ស​ម្នា​ឱ្យ​ភ្ញាក់​ពី​ដំណេក​។

លុះ​ពេល​ថ្ងៃ​ចាប់​ផ្តើម​រះ ក្នុង​ភូមិ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​ ខណៈ​ផ្ទះ​អ្នក​ភូមិ​មាន​សភាព​​នៅ​ដាច់ៗ​ពី​គ្នា​ និង​ខណ្ឌ​ចែក​ដោយ​ដើម​ឈើ​តូច​ធំចន្លោះ​ពី​ ៥០ម៉ែត្រ​ ទៅ​២០០​ម៉ែត្រ​។ នៅ​ក្នុង​ភូមិ​ក្បាល​រមាស​នេះ​ មាន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ចំនួន​ ៥៣​គ្រួសារ​​។

តែ​​យ៉ាង​ណា​ ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ភាគ​ច្រើន​ ពុំ​សូវ​មាន​ជីវភាព​ល្អ​នោះ​ទេ​ ព្រោះ​​ពុំ​សូវ​​មាន​ដីធ្លី​អាស្រ័យ​ផល​ដូច​មុន​ ក្រោយ​ពី​ដី​ស្រែ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​នៅ​ភូមិ​​ចាស់ដែលនៅក្បែរ​នោះ​​ ត្រូវ​បាន​​បំផ្លិចបំផ្លាញ​អស់​កាល​ពី​ឆ្នាំ​២០១៧​ បន្ទាប់​ពី​មាន​ការ​អភិវឌ្ឍ​វារីអគ្គិសនី​​សេសាន​​ក្រោម​២​។ 

​​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​ម្នាក់ ​​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ដែល​​ធ្វើ​អំពើ​ឈើ​​ចាស់​​ទ្រុឌទ្រោម ​នៅក្នុង​ភូមិ​ក្បាល​រមាស លោក ដំា សំណាង​ និយាយ​​​ថា​ ចាប់​​តាំង​​ពី​​ពលរដ្ឋ​បាន​សម្រេច​​​ចិត្ត​មក​រស់​នៅ​លើ​ភូមិ​ថ្មី​ទាំង​បង្ខំ​មក ពួក​គាត់​មិន​សប្បាយ​ចិត្ត​ឡើយ​ ដោយ​សារ​តែ​ការ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ខ្វះខាត​ច្រើន​ ខណៈ​ដី​ស្រែ​ពួក​គាត់​ និង​កន្លែង​ចិញ្ចឹម​មាន់​ទា ​គោ ​ក្របី ត្រូវ​ទឹក​លិច​អស់​។

​​បុរស​សម្បុរ​ស្រអែម​រូប​នេះ ​បន្ត​ថា​ ប្រជាពលរដ្ឋ​ទាំង​នោះ ត្រូវ​ខាំ​ធ្មេញ​សង្កត់​ចិត្ត ចាប់​ផ្ដើម​ធ្វើ​ស្រែ​​ចម្ការ​លើ​ដី​ថ្មី​ដែល​មាន​ទំហំ​ដី​​តូច​ និង​​ងាក​​មក​ចិញ្ចឹម​គោ​ក្របី​ឡើង​វិញ​ គ្រាន់​ទុក​លក់​បាន​ថវិកា​ខ្លះ​ដោះស្រាយ​ជីវភាព​។​

លោក​និយាយ​ដោយ​សម្ដី​មួយៗ​​​ថា​៖ «យើង​ឃើញ​ថា ​ផល​លំបាក​ការ​ចិញ្ចឹម​សត្វ​របស់​ពួក​គាត់​ធ្លាប់​ទូលំ​ទូលាយ ឥឡូវ​មាន​ការ​រឹត​ត្បិត​ខ្លាំង ​ដោយ​សារ​តែ​មាន​ការ​វិនិយោគ​ប៉ះពាល់​ដី​កសិកម្ម​ ដី​ព្រៃ​ជំនឿ​របស់​ពួក​គាត់​ និង​ដី​ផ្សេងៗ​ទៀត​សម្រាប់​ចិញ្ចឹម​សត្វ ដោយ​សារ​តែ​មាន​ក្រុម​ហ៊ុន​វិនិយោគ​ផ្នែក​កៅស៊ូ​ ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​ដី​ពួក​គាត់​»​

​​ជន​ជាតិ​ដើម​ភាគ​តិច​​ព្នង​​រូប​នេះ ​អះអាង​​ថា ចាប់​តាំង​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​បើក​​ទំនប់​វារីអគ្គិសនី​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​នេះ ពេល​នេះ​ពលរដ្ឋ​ក៏​កំពុង​បារម្ភ​រឿង​ថ្មី​មួយ​ទៀត​ គឺ​ការ​ផ្ដល់​ដី​សម្បទាន​ឱ្យ​ទៅ​​ក្រុម​ហ៊ុន​ចិន​ ដើម្បី​ដាំ​ដើម​កៅស៊ូ​។​ លោក ដាំ សំណាង ​បន្ត​ថា​ ការ​ផ្ដល់​ដីសម្បទាន​នេះ ​កំពុង​​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ ខណៈ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ត្រូវ​ប្រឈម​បាត់បង់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ជា​បណ្ដើរៗ​។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​តែ​ពិនិត្យ​ពី​ផល​ប៉ះពាល់​មក​លើ​ប្រជា​ពលរដ្ឋ​ជា​មុន​សិន​ មុន​នឹង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​​ដល់​ក្រុម​ឈ្មួញ​ ឬ​អ្នក​មាន​លុយ​មាន​អំណាច​។​

លោក​ថា​៖ ​«អាជ្ញាធរ​ពាក់​ព័ន្ធ​គាត់​គួរ​តែ​សិក្សា​ពី​តម្រូវ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជា​មុន​សិន​ ថា​តើ​តម្រូវ​ការ​របស់​ប្រជា​​ជន​​ត្រូវ​ការ​បែប​ម៉េច​ហើយ​សេវា​កម្ម​ប្រើ​ប្រាស់​របស់​ប្រជាជន​នឹង​គ្រប់​គ្រាន់​ហើយ​ឬ​នៅ​ល្អ​ជា​ជាង​ដែល​ផ្ដល់​ការ​វិនិយោគ​ដល់​ក្រុម​ហ៊ុន ដែល​​​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​បែប​នេះ​» ​

ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម​២ ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤​​​អាច​ផលិត​ថា​ម​ពល​​​អគ្គិសនី​ចំនួន ​៤០០​មេហ្គាវ៉ាត់ និង​​មាន​ទួរបីន​សរុប​ចំនួន​១០។ ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោម​២​ ​ជា​គម្រោង​វារីអគ្គិសនី​ដ៏​ធំ​បំផុត​របស់​ក្រុម​ហ៊ុន​៣បញ្ចូលគ្នា ក្នុង​នោះ​​​មាន ក្រុមហ៊ុន​រូយ៉ាល់ គ្រុប (Royal Group) របស់​អ្នក​ឧកញ៉ា គិត ម៉េង, ក្រុម​ហ៊ុន​ ហួរ​នឹង​ ហាយ​​ដ្រូឡាន​ឆាងអ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់​ចិន និង​ក្រុម​ហ៊ុន អីវី​អិន​​អ៊ីន​ធើណា​សិន​ណល​ ចញ​ស្តុក (EVN International Joint Stock Company) របស់​វៀតណាម​។ ​ការ​កសាង​សង់​វារីអគ្គិសនី​ខ្នាត​ធំ​នេះ​ បាន​​បង្ក​ផល​ប៉ះពាល់​ដល់​ដីធ្លីផ្ទះសម្បែង មុខរបរ និង​ប្រពៃណី​ទំនៀម​ទំលាប់​របស់​​​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ជាង​ ១ ០០០​គ្រួសារ​​នៅ​ភូមិ​ចំនួន​៧​ ក្នុង​ឃុំ​ចំនួន​៤​ នៃ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង។

បើ​ទោះ​បី​ជា​មក​ដល់​បច្ចុប្បន្ន​​ មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ បាន​សម្រេច​​ចិត្ត​ទទួល​​យក​សំណង​​​ និង​ព្រម​ចាក​ចេញ​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​ ប៉ុន្តែ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន ​៥៣គ្រួសារ នៅ​ភូមិ​ក្បាលរមាស​នេះ​ ​នៅ​មិន​ទាន់​ទទួល​យក​សំណង​នៅ​ឡើយ ​ដោយ​ពួក​គាត់​ស៊ូ​ទ្រាំ​រស់​នៅ​ក្បែរ​តំបន់​នោះ​ដដែល។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់ទៀត ដែល​រស់​នៅ​ភូមិ​ក្បាល​រមាស​ដែរ​នោះ​លោក ហៀង សុខម៉ា បាន​ឱ្យ​ដឹង​ថា​ មុនពេលមានការអភិវឌ្ឍទំនប់​សេសាន២ គ្រួសារ​របស់​លោក​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ចំនួន ៥ហិកតាប៉ុន្តែ​ក្រោយ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ទៅ​ទី​តាំង​ថ្មី​នៅ​ក្នុង​ភូមិ​ក្បាល​រមាស​ដដែល​នោះ​ គឺ​គ្រួសារ​លោក​នៅ​សល់​ដី​តែ​ ១ហិកតា​ប៉ុណ្ណោះ។ លោក​ថា​ចំនួន​ដី​ដែល​នៅ​​សល់​ដ៏​តិច​តួច​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​ កាន់​តែ​ធ្លាក់​ចុះ​ជា​លំដាប់​។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រជាពលរដ្ឋ​ពុំ​ដែល​ចង់​មាន​បាន​អ្វី​ទេ​ គឺ​ពួក​គាត់​ចង់​បាន​តែ​ការ​រស់​នៅ​ធម្មតា​ដូច​ដើម ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត។ ក៏ប៉ុន្តែអស់រយៈពេលជាង៥ឆ្នាំនេះ យើង​មិន​ដែល​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត​ម្ដង​ណា​ឡើយ ខណៈ​កូន​ក៏​ច្រើន​ ត្រូវ​ទទួល​ខុស​ត្រូវ​មើល​ថែ​ពួក​គាត់​»។​

 បើ​តាម​ពលរដ្ឋ​រូប​នេះ​ ដី​ស្រែ​ចម្ការ​នៅ​តំបន់​ភូមិ​ចាស់​បាន​លិច​ទឹក​អស់​ហើយ​ ហើយ​ការ​រស់​នៅ​របស់​ពួក​គាត់​នៅ​ភូមិ​ថ្មី​ ក៏​ជួប​ការ​លំបាក ដោយ​សារ​តែ​ខ្វះ​ដី​ធ្វើ​ស្រែចម្ការ ខណៈ​ពលរដ្ឋ​ក៏​មិន​មាន​មុខ​របរ​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​។

តែ​យ៉ាង​ណា​​ មេ​ឃុំ​ក្បាល​រមាស លោក ប៉ែន សុបុល មានប្រសាសន៍​ថា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន ​៥៣​គ្រួសារ ​នៅ​ភូមិ​ក្បាល​រមាស​ នា​ពេល​បច្ចុប្បន្ន​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ហើយ​ប្រជាពលរដ្ឋ​អាច​​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​គោក្របី​ បានជា​ធម្មតា​។ ​លោក​បន្ត​ថា​ ចំពោះ​​​ការ​លំបាក​របស់​ពលរដ្ឋ​មួយ​ចំនួន​ ដោយ​សារ​តែ​ពួក​គាត់​ខ្លួន​ឯង​​មិន​ព្រម​ទទួល​យក​សំណង​ទៅ​កន្លែង​ថ្មី​ដែល​​អាជ្ញាធរ​បាន​ដោះស្រាយ​ជូន​ពួក​គាត់​។​

ចំពោះ​ក្ដី​បារម្ភ​របស់​​ប្រជាពលរដ្ឋ​​ជុំ​វិញ​ដី​សម្បទាន​ថ្មីៗ​វិញ លោក​ថា​ ខាង​ក្រសួង​ពាក់ព័ន្ធ​បាន​​ព្យាយាម​​សម្រប​​សម្រួល​​ជា​មួយ​​នឹង​​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​ហើយ​ ប៉ុន្តែ​ពួកគាត់​​មិន​ព្រម​ទទួល​យក​​​ការ​​ដោះស្រាយ​​របស់​អាជ្ញាធរ​។

លោក​មាន​ប្រសាសន៍​ថា​៖ ​«ករណី​ប្រជាពលរដ្ឋ​ជន​ជា​ដើម​ភាគ​តិច​ព្នង​នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួយ​សម្រួល​ដោះស្រាយ​រួច​រាល់​ហើយ​។ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​ទី​លំនៅ​ត្រឹម​ត្រូវ​ ពុំ​មាន​ការ​លំបាក ឬ​ក្ដី​បារម្ភ​ណា​មួយ​ដូច​ការ​លើក​ឡើង​នោះ​ទេ​»​

​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​ លោក ស្វាយ សំអ៊ាង ប្រាប់ Newsroom Cambodia យ៉ាង​​​ខ្លី​ថា​ ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល​រមាស​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ហើយ​ការ​​​​​ផ្ដល់​​ដី​សម្ប​ទាន​​​សេដ្ឋកិច្ច​ ក៏​​អាជ្ញាធរ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​ដែរ​។

លោក​មាន​ប្រសាសន៍​ថា​៖​ «ពុំ​មាន​បញ្ហា​អ្វី​ទេ​ កុំ​ចេះ​តែ​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់​គ្រប់ៗ​គ្នា​ និង​ដោះស្រាយ​បញ្ហា​រួច​រាល់​ហើយ​»​ ​​

ចំណែកខាង​​ក្រុមហ៊ុន​សេសាន​ក្រោម​២វិញ កាល​ពី​ពេល​កន្លង​មក ក៏​ធ្លាប់​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​សន្យា​ប្ដេជ្ញា​ចិត្ត​គោរព​តាម​ច្បាប់ និង​បទបញ្ញត្តិ​វិនិយោគ​ក្នុង​ប្រទេស គោរព​ទំនៀម​ទម្លាប់​វប្បធម៌​ក្នុង​ស្រុក គាំទ្រ​លើក​កម្ពស់​គំនិត​អភិវឌ្ឍ​សុខដុមរមនា អនុវត្ត​ការ​ទទួល​ខុស​ត្រូវ​សេដ្ឋកិច្ច​សហគ្រាស ទទួល​ខុស​ត្រូវ​សង្គម និង​បរិស្ថាន។

យ៉ាងណា លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​​​យុវជន​កម្ពុជា​(CYN) ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ភូមិ​ក្បាល​រមាស​ថ្មី​​ សង្កេត​ឃើញ​ថា ការរស់នៅ​របស់​ប្រជា​​ពលរដ្ឋ​​ហាក់​ខ្វះ​ភាព​កក់​ក្ដៅ​ពី​សំណាក់​អាជ្ញាធរ ដោយ​សារ​នៅ​តំបន់​នោះ​ពុំ​មាន​មន្ទីរ​​ពេទ្យ សាលា​រៀន​ ប្រព័ន្ធ​​ភ្លើង ទឹក​​ស្អាត​ និង​ផ្លូវ​ថ្នល់​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។

ចំណែក ការ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​វិញ លោក​ក៏​សង្កេត​ឃើញ​ថា​ ពុំ​មាន​ច្រើន​នោះ​​​ដែរ​ ដោយ​សារ​តែ​ពលរដ្ឋ​ទាំង​នោះ​ ​មិន​មាន​ដី​ស្រែ​ចម្ការ​ច្រើន​ដូច​មុន​។​ លោក​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ជីវភាព​ពលរដ្ឋ​ តាម​រយៈ​ផ្តល់​កិច្ច​គាំពារ​មក​ឱ្យ​បាន​ត្រឹម​ត្រូវ​។ 

លោក​លើក​ឡើង​ថា​៖​«​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​អាច​ព្រងើយ​កន្តើយ​ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​បែប​នេះ​ គឺ​គួរ​តែ​ផ្ដល់​កិច្ច​គាំពារ​សង្គម ហើយ​ធានា​បាន​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​ ពួក​គាត់​មាន​សិទ្ធិ​សេរីភាព​ជន​ជា​តិ​ដើម​ភាគ​តិច​ពេញ​លេញ​​ ជា​ពិសេស​​មាន​ជីវភាព​ល្អ​ និង​ទទួល​បាន​យន្ត​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់​ប្រកប​ដោយ​យុត្តិធម៌ ត្រឹម​ត្រូវ​»