នៅមិនឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបង ដែលអមដោយទេសភាពស្រស់បំព្រងពណ៌ខៀវខ្ចីនារដូវវស្សា។មានដំណាំដាំដុះជាច្រើនប្រភេទ ដូចជា ត្រសក់ ម្ទេស ត្រប់ និងស្ពៃជាដើម បានក្លាយជាសួនបន្លៃតាមបែបធម្មជាតិ និងបង្កើតបានជាចំណីអារម្មណ៍ ដែលគួរឱ្យគយគន់ និងរីករាយជាពន់ពេក។ប៉ុន្តែ ជាអកុសល ភាពស្រង់បំព្រងនៃសួនបន្លៃតាមបែបធម្មជាតិទាំងនេះ មិនមែនគួរឱ្យរីករាយដូចទិដ្ឋភាពនៅទីនេះឡើយ។តាមពិតទៅ ទីនេះហើយដែលគេស្គាល់ថា ជាតំបន់ដាំក្រចៅ ហើយពេញនិយមមួយស្ថិតនៅក្នុងស្រុកឯកភ្នំ តាំងពីសម័យសង្គមរាស្រ្តនិយម។
មានចំងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ៣០គីឡូម៉ែត្រ តាមបណ្តោយដងស្ទឹងសង្កែ ឆ្ពោះទៅតំបន់ទន្លេសាប ស្រុកឯកភាព ជាប់ឈ្មោះជាស្រុកមួយ ដែលអ្នកភូមិនិយមដាំដំណាំមួយប្រភេទ ឈ្មោះថា «ដំណាំក្រចៅ»។នៅក្នុងសម័យសង្គមរាស្រ្តនិយម ដំណាំប្រភេទនេះ បានផ្តល់ចំណូលឱ្យអ្នកភូមិ រស់នៅក្នុងភាពសមរម្យ ដោយមិនចាំបាច់ត្រូវធ្វើចំណាក់ស្រុក។
ដំណាំក្រចៅជាប្រភេទរុក្ខជាតិដែលមានដើមទំហំប៉ុនម្រាមដៃ ឬធំជាងនេះបន្តិច និងមានកម្ពស់ប្រហែលពី ២ទៅ៣ម៉ែត្រ សំបកស្វិត ត្រូវបានអ្នកស្រុកឯកភាព ដាំដុះ និងប្រភពចំណូលបានគួរសម នៅក្នុងសម័យសង្គមរាស្រ្ត។ប៉ុន្តែ មុខរបរមួយប្រភេទនេះ បានដួលរលំ ក្រោយពីរោងចក្រផ្គត់ផ្គង់ ក្រចៅដ៏ធំក្នុងខេត្តមួយនេះ ត្រូវបង្ខំចិត្តបិទទ្វារកាលពីជាង២០ឆ្នាំមុន។
បើទោះបីជា បច្ចុប្បន្ននេះមានកសិផលជាច្រើនជំនួសកសិផលដែលផលិតចេញពីដំណាំមួយប្រភេទនេះក្ដី គេសង្កេតឃើញថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំព្រែនរិន្ទ ស្រុកឯកភ្នំ ក៏នៅតែបន្តដាំក្រចៅកូតនេះលក់ ធ្វើជាមុខរបរបន្ថែម ក្រៅធ្វើស្រែចម្ការដដែលនៅឡើយ។
កំពុងអង្គុយអោនងើបៗ កោសសំបកក្រចៅបណ្តើរ និយាយជាមួយប្តីបណ្តើរ នៅក្រោមផ្ទះ លោកស្រី យ៉ាន់ យឿន លើកឡើងថា គ្រួសារលោកស្រី និងអ្នកភូមិក្បែរខាង នៅបន្តដាំរុក្ខជាតិប្រភេទនេះនៅឡើយសព្វថ្ងៃនេះ ព្រោះវាអាចជួយផ្តល់ប្រាក់ចំណូលបានខ្លះ និងម្យ៉ាងវិញទៀតវាចំណាយថវិកាមិនច្រើនប៉ុន្មាន ក្នុងការថែទាំ និងទទួលផលបានច្រើនជាងដំណាំស្រូវ។
រស់នៅ ភូមិព្រែកដួនកែវ ឃុំព្រែកនរិន្ទ លោកសក្រីបន្តទៀតថា ថ្វីត្បិតតែរុក្ខជាតិមួយប្រភេទនេះអំណោយផលក្នុងការដាំដុះក៏ពិតមែន លោកស្រីបានកាត់បន្ថយការដាំហើយ ព្រោះពុំសូវមានកម្លាំងគ្រប់គ្រាន់ ខណៈដែលខ្លួនវ័យចេះតែរំកិលទៅមុខមិនឈប់ឈរ រួមនឹងតម្លៃក្រចៅនេះ នៅលើទីផ្សារមិនសូវទៀងទាត់ផង ម្តងឡើងម្តងចុះ។
លោកស្រីបន្តថា« ក្រចៅមិនសូវសម្បូរចេះ ចំណូលបានគួរសមដែរ បើថាសម្បូរក៏តម្លៃវាថោកទៅ ក៏យ៉ាប់ធ្វើដែរ។ បើដាំបានច្រើនទៅដល់ទៅ១រ៉ៃបាន២-៣លាន[រៀល]ដែរ» ។
បើតាមលោកស្រី យ៉ាន់ យឿន តម្លៃក្រចៅកូតស្ងួតបច្ចុប្បន្នតម្លៃនៅលើទីផ្សារប្រមាណ៨ ០០០ពាន់រៀលក្នុងមួយគីឡូក្រាម បើធៀបកាលពីប្រមាណ៤ឆ្នាំមុន តម្លៃក្រចៅស្ងួតនេះប្រមាណ ១២ ០០០ រៀលក្នុងមួយគីឡូក្រាម។ប្រភពដដែលបន្តថា បើទោះជាវ័យរបស់លោកស្រីនៅពេលនេះរាងជ្រេបន្តិចក្តី ប្រសិនបើតម្លៃក្រចៅនេះ នៅថេរដូចមុនមិនថាលោកស្រី ឬអ្នកភូមិផ្សេងទៀតទេ នៅតែឆ្លៀតដាំដុះ និងបន្តប្រកបមុខរបរនេះ មិនបោះបង់ចោលឡើយ។
ក្រចៅកូដ ឬហៅថា ខ្សែក្រចៅ ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមយកធ្វើជាខ្សែចង ឬវេញជាខ្សែពួរ ត្បាញអង្រឹង កន្ទេល និងត្បាញជាសំបកបាវ ជាដើម។
ប្ដីរបស់លោកស្រី យ៉ាន់ យឿន គឺលោក វឿន សាវឿត រៀបរាប់ថា ដាំដំណាំនេះដោយ ពលរដ្ឋភាគច្រើនដាំដុះនៅខែ ឧសភា និងប្រមូលផលនៅខែកញ្ញា ឬតុលា។ លោកបន្តថា ក្រចៅមានពីរប្រភេទ គឺក្រចៅបោកប្រើសម្រាប់ត្បាញធ្វើជាសំបកបាវ និងក្រចៅកូត សម្រាប់ធ្វើខ្សែព្រាល ត្បាញកន្ទេល និងវេញជាខ្សែចំណងផ្សេងៗ។
កាលពី២ទសវត្សរ៍មុន ពលរដ្ឋនៅស្រុកឯកភ្នំខេត្តបាត់ដំបងនិយមដាំក្រចៅបោកតែប៉ុណ្ណោះ ដោយសារមានទីផ្សារនិងមានតម្លៃថ្លៃ ប៉ុន្តែចាប់តាំងពីរោងចក្រក្រចៅនៅភូមិព្រែកតាច្រែង ត្រូវបានបិទដំណើរការជាង ២០ឆ្នាំមកនេះ អ្នកស្រុកចាប់ផ្ដើមបោះបង់ការធ្វើក្រចៅបោក តែនៅមានអ្នកស្រុកមួយចំនួនតូចបានងាកមកដាំក្រចៅកូតជំនួសវិញ។ លោកសាវឿត ឱ្យដឹងថា សព្វថ្ងៃនៅសល់តែអ្នកដាំក្រចៅកូតបន្តិចបន្តួចប៉ុណ្ណោះ ព្រោះក្រចៅប្រភេទនេះមិនសូវមានទីផ្សារ។
លោកបន្តថា« [សូមឱ្យមាន]រោងចក្រក្រចៅវិញមក ធ្វើក្រចៅបោក ក្រចៅត្រាំវិញទៅ។ ខ្ញុំទើបតែនឹងឈប់ធ្វើកាលឆ្នាំ៩៧នេះតើ ក្រចៅបោកនេះ កាលមុនធ្វើលក់ឱ្យឈ្មួញកណ្ដាលគេទិញចូលទៅថៃ។ គេបិទរោងចក្រយើងតាំងពី[ឆ្នាំ១៩]៩២-៩៣មកហ្នុង។ បិទហើយគេនៅតែទិញតើ ខ្ញុំនៅធ្វើតើកាលនោះ ខ្ញុំមានម៉ែអាកូនភ្លោះនេះ កូនខ្ញុំមាន២-៣នៅបោកតើ។ ទើបឈប់នៅឆ្នាំ២០០០គេឈប់ទិញសាច់ក្រចៅបោក។ កាលមុនខ្ញុំបានលុយក្រចៅបោកនេះឯងបានធ្វើបុណ្យធ្វើទាន ខែភ្ជុំអ៊ីហ្នឹង» ។
ឯកសារដែលស្រាវជ្រាវដោយរាជបណ្ឌិត្យសភាកម្ពុជា ដែលចេញកាលពីខែ តុលា ឆ្នាំ២០១៨ បង្ហាញថា រោងចក្របាវ ក្រចៅដូនទាវ ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ នេះកសាងឡើងនៅអំឡុងខែ ធ្នូ ឆ្នាំ១៩៦៦ នៅក្នុងសម័យសង្គមរាស្រ្តនិយម។នៅពេលរោងចក្រនេះ ត្រូវបិទទ្វារក្នុងរយៈពេលជាង២០ឆ្នាំមកនេះ មុខរបរដាំដុះក្រចៅនេះ ក៏បន្តធ្លាក់ចុះជាបន្តបន្ទាប់។
ចំណែក លោកស្រី សៅ សុខភា រស់នៅស្រុកឯកភ្នំ អះអាងថា បើសិនជាតម្លៃនៅថេរដូចបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាចមានជីវភាពល្អប្រសើរ ដោយមិនបាច់ទៅធ្វើការនៅក្រៅប្រទេសទេ។ប្រភពដដែលបន្តថា ពីមុន ពលរដ្ឋនៅភូមិរហាលសួង សម្រុកដាំដំណាំប្រភេទនេះ និងបានធ្វើឱ្យតំបន់លិចទឹកមួយនេះក្លាយជាវាលក្រចៅ តែបច្ចុប្បន្ននេះ ពុំសូវមានអ្នកដាំដូចមុនឡើយ ព្រោះគ្មានទីផ្សារសម្រាប់លក់។
លោកស្រីបន្តថា៖ «សុំថាឱ្យរាជរដ្ឋាភិបាលបើកទិញ ហើយឱ្យតម្លៃបានរៀងគ្រាន់អ៊ីចឹងហ្នា! ឱ្យមានទីផ្សារ ដើម្បីឱ្យពួកយើងធ្វើអ៊ីចឹង វាបានតម្លៃគ្រាន់ ក៏យើងបានតម្លៃគ្រាន់ចឹងដែរ។ ព្រោះឥឡូវដូចស្រូវឃើញស្រាប់ហើយ អ្នកខ្លះធ្វើមិនសូវកើត ហើយតម្លៃរៀងថោកអ៊ីចឹង វាពិបាកដែរអ៊ីចឹង ដូចខ្ញុំអ៊ីអត់បានធ្វើស្រូវទេ បានធ្វើតែក្រចៅហ្នឹង។ បើសិនជាក្រចៅមានទីផ្សារ ក៏យើងអ្នកធ្វើក៏បានគ្រាន់»។
បើតាមលោកស្រី សៅ សុខភា ដើម្បីប្រមូលផលក្រចៅនេះបាន គឺគេត្រូវកាប់ក្រចៅយកមកត្រាំទឹកជាមុនសិន បន្ទាប់មកទើបគេឆ្កូតសម្បក និងហាលវាឱ្យស្ងួតល្អ។ប្រភពដដែលលើកឡើងទៀតថា ក្រៅពីមុខរបរសំអាងការ រូបគេក៏ដាំក្រចៅនេះមួយមុខទៀតដែរ។មុខរបរនេះ អាចជួយសម្រាលបន្ទុកបានមួយផ្នែកដែរ ដោយហេតុថាចំណូលដែលបានមកពីមុខរបរនេះ អាចទទួលបានចន្លោះពី ៥ ០០០ ទៅ ៨ ០០០ រៀលក្នុងមួយគីឡូក្រាម។តម្លៃនេះលោកស្រី អះអាងថា អាស្រ័យលើគុណភាពរបស់ក្រចៅ និងតម្រូវការនៅលើទីផ្សារ។
ដោយឡែក របាយការណ៍ពីក្រុមប្រឹក្សាស្រុកឯកភ្នំ បង្ហាញថាផ្ទៃដីដាំក្រចៅក្នុងស្រុក មានចំនួនប្រមាណ១ម៉ឺន ៤ពាន់ ហិកតារ និងមានប្រជាពលរដ្ឋដាំដុះចំនួន ៤ឃុំ ក្នុងពេលសព្វថ្ងៃនេះ មានដូចជា ឃុំព្រែកនរិន្ទ ឃុំព្រែកលួង ឃុំពាមឯក និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។របាយការណ៍ដដែលបង្ហាញទៀតថា ឃុំដែលមានផ្ទៃដីដាំក្រចៅច្រើនជាងគេ គឺឃុំព្រែកនរិន្ទ និងឃុំព្រែកលួង។
ទាក់ទិនបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ឱ្យដឹងថា ពលរដ្ឋភាគច្រើនបោះបង់របរដាំក្រចៅនេះបណ្តើរៗហើយ ក្រោយពីរោងចក្រក្រចៅនេះត្រូវបិទទ្វារ កាលពីជាង២០ឆ្នាំមុន។
បើតាមលោក ម៉ិល សុផល មានកត្តារួមផ្សំជាច្រើន ដែលនាំឱ្យមុខរបរមួយនេះ ត្រូវធ្លាក់ចុះ ក្នុងនោះគេសង្កេតឃើញ ដោយសារកំណើនៃការប្រើប្រាស់ ស្បោងការ៉ុង និងផ្លាស្ទិកកើនឡើង ហើយមានតម្លៃផលិតទាំងនេះទាបជាបាវដែលធ្វើពីក្រចៅ។
លោកបន្តថា៖«យើងពុំទាន់មានផែនការថ្មីនៅឡើយទេ ដើម្បីគិតគូរដល់ការបង្រៀន ឬការស្វែងរកទីផ្សារជូនប្រជាពលរដ្ឋឡើងវិញ។ តែយ៉ាងណាករណីនេះ ចាប់មើលការសម្រេចពីថ្នាក់ខេត្ត គិតជាមុនសិន » ។
បើតាមរបាយការណ៍របស់រដ្ឋបាលស្រុកឯកភ្នំ បង្ហាញថា នៅចំពោះមុខនេះពលរដ្ឋនៅក្នុងឃុំព្រែកនរិន្ទជាង ២០គ្រួសារទេ នៅបន្តដាំដុះដំណាំក្រចៅនេះ។ក្រៅពីនេះ អ្នកភូមិផ្សេងទៀត បានកែប្រែដាំដុះក្រចៅ មកប្រកបរបរធ្វើស្រែចម្ការវិញម្តង។ក្នុងពេលជាមួយគ្នានេះដែរ អាជ្ញាធរក៏មិនទាន់មានផែនការ ដើម្បីសិក្សា និងបង្កើតកម្មវិធីបង្រៀនដល់ពលរដ្ឋ ពីបច្ចេកៈទេសច្នៃប្រឌិតផលិតសម្ភារៈដែលធ្វើពីក្រចៅនៅឡើយដែរ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មើលឃើញថា ការដាំដុះក្រចៅកាន់បន្តធ្លាក់ចុះ ដោយសារតែតម្រូវការក្នុងទីផ្សារថយចុះ។លោកលើកឡើងថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មានភារកិច្ចក្នុងការរកទីផ្សារក្រចៅជូនប្រជាពលរដ្ឋ និងធ្វើយ៉ាងណាផ្សព្វផ្សាយទៅកាន់មហាជនឱ្យយល់ដឹងពីគុណតម្លៃ ព្រមទាំងអត្ថប្រយោជន៍នៃផលិតផលធម្មជាតិមួយនេះ ទើបអាចធានាបានថា ដាំណាំមួយប្រភេទនេះនៅបន្តមានជីវិតនៅលើទីផ្សារ។
លោកបន្តថា៖«ផ្នែកកសិកម្មក៏ត្រូវតែជួយដែរអំពីផ្នែកបច្ចេកៈទេសក្នុងការដាំវាធ្វើម៉េចដើម្បីឱ្យវាមានការប្រកួតប្រជែងទៅលើតម្លៃគុណភាពនៅលើទីផ្សារដែរ។ ពីព្រោះតម្លៃគុណភាពវាជាកត្តាសំខាន់ដែរសម្រាប់អ្នកប្រើប្រាស់» ។
ក្រចៅ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ក្នុងការផលិតឱ្យទៅជាឧស្សាហកម្មផ្សេងៗ ដូចជា បាវក្រចៅ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ ដំណាំនេះត្រូវបានដាំនៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ក្រោយមក ឧស្សាហកម្មក្រចៅនេះ ត្រូវបានផ្អាកដំណើរការ ដែលធ្វើឱ្យកសិករមួយចំនួន ងាកមកដាំស្រូវ និងដាំណាំចម្ការជំនួសវិញ ព្រោះតែគ្មានតម្រូវការ និងគ្មានទីផ្សារផលិត៕