នៅមិន​ឆ្ងាយប៉ុន្មាន​ពី​ក្រុង​បាត់ដំបង​ ដែលអមដោយទេសភាពស្រស់បំព្រងពណ៌ខៀ​​វខ្ចីនារដូវវស្សា។មា​​​នដំ​ណាំ​​ដាំ​​​ដុះជា​​ច្រើនប្រភេទ ដូច​ជា ត្រសក់ ម្ទេស ត្រប់ និងស្ពៃជាដើម បានក្លាយជាសួនបន្លៃ​​តាម​​បែប​​ធម្ម​​ជា​​តិ និង​​បង្កើ​តបានជាចំណីអារម្មណ៍ ដែលគួរឱ្យគយគន់ និងរីករាយជាពន់ពេក។ប៉ុន្តែ ជាអកុសល ភាពស្រង់​​​បំព្រង​នៃសួន​ប​​ន្លៃ​​​​តា​​​ម​​​​​​បែ​​ប​​ធម្ម​​ជាតិ​​ទាំង​​នេះ​ មិនមែនគួរឱ្យរីករាយដូចទិដ្ឋភាព​​នៅទីនេះឡើយ។តាមពិត​​ទៅ​ ទី​​នេះហើ​​យដែ​​ល​​គេ​​ស្គា​​​​ល់ថា ជាតំបន់ដាំក្រចៅ ហើយពេញនិយមមួយស្ថិតនៅក្នុងស្រុកឯកភ្នំ ​​តាំងពី​​សម័​​​​យ​ស​​ង្គ​​​ម​​​​រាស្រ្តនិយម។

មានចំងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ៣០គីឡូម៉ែត្រ តាមបណ្តោយដងស្ទឹងសង្កែ ឆ្ពោះទៅតំបន់​​ទន្លេ​​សា​​ប ស្រុកឯកភាព ជាប់ឈ្មោះជាស្រុកមួយ ដែលអ្នកភូមិនិយមដាំដំណាំមួយប្រភេទ ឈ្មោះថា «ដំ​​ណាំ​​ក្រចៅ»។នៅក្នុងសម័យសង្គមរាស្រ្តនិយម ដំណាំប្រភេទនេះ បានផ្តល់ចំណូលឱ្យអ្នកភូមិ រស់នៅក្នុង​​ភាព​​ស​មរម្យ ដោយមិនចាំបាច់ត្រូវធ្វើចំណាក់ស្រុក។

​ដំណាំក្រចៅជាប្រភេទរុក្ខជាតិដែលមាន​​ដើមទំហំប៉ុនម្រា​​ម​​​​ដៃ ឬធំជាងនេះបន្តិច និងមានកម្ពស់ប្រហែលពី ២ទៅ៣ម៉ែត្រ សំបកស្វិត ត្រូវបានអ្នកស្រុកឯកភាព ដាំ​​ដុះ និងប្រ​​ភពចំណូលបានគួរសម នៅក្នុងស​​ម័យ​​ស​ង្គ​មរាស្រ្ត។ប៉ុន្តែ មុខរបរមួយប្រភេទនេះ បានដួ​​ល​​រលំ ក្រោ​​​​យ​​​ពីរោង​​ច​​ក្រ​ផ្គត់ផ្គង់ ក្រចៅដ៏ធំក្នុង​ខេត្ត​​មួ​យ​​នេះ​ ត្រូវបង្ខំចិត្តបិទទ្វារកាលពីជាង២០ឆ្នាំមុន។

បើ​ទោះ​បីជា ​បច្ចុប្បន្ននេះ​មានកសិផលជាច្រើនជំនួសកសិផលដែលផលិតចេញពីដំណាំមួយប្រភេទនេះក្ដី គេសង្កេតឃើញថា​ប្រជាពល​​រដ្ឋ​ ដែលរស់នៅក្នុងឃុំ​ព្រែ​នរិន្ទ​ ស្រុកឯកភ្នំ ក៏នៅ​តែ​បន្ត​ដាំ​ក្រចៅ​កូត​នេះល​​ក់ ធ្វើ​ជាមុខ​រប​​រ​​​បន្ថែម​ ក្រៅ​​​ធ្វើ​ស្រែ​ចម្ការដដែលនៅឡើយ។

​កំពុង​​អង្គុយ​អោនងើបៗ កោសសំបកក្រចៅបណ្តើរ និយាយជាមួយប្តីបណ្តើរ នៅក្រោមផ្ទះ លោកស្រី ​យ៉ាន់ យឿន លើក​ឡើង​ថា​ គ្រួសារលោកស្រី និងអ្នកភូមិក្បែរខាង នៅបន្ត​ដាំ​រុក្ខ​ជាតិ​ប្រភេទ​នេះនៅឡើយ​​សព្វ​​ថ្ងៃ​​នេះ​ ព្រោះ​វាអាចជួយផ្តល់ប្រាក់ចំណូលបានខ្លះ និងម្យ៉ាងវិញទៀតវា​ចំណាយ​ថវិកា​មិនច្រើនប៉ុន្មាន ក្នុង​​កា​​រ​ថែ​ទាំ​ និង​ទទួល​ផល​បាន​ច្រើន​ជាង​ដំណាំស្រូវ​។​

រស់នៅ ​ភូមិ​ព្រែក​ដួន​កែវ​ ឃុំ​ព្រែក​នរិន្ទ លោកសក្រីបន្តទៀតថា ថ្វី​ត្បិត​តែ​រុក្ខជាតិ​មួយប្រភេទ​នេះ​អំណោយ​ផល​ក្នុង​ការ​ដាំដុះ​ក៏​ពិត​មែន​ ​លោក​ស្រី​បាន​កាត់​បន្ថយ​ការ​ដាំហើយ​ ព្រោះ​ពុំ​សូវ​មាន​កម្លាំង​គ្រប់​គ្រាន់​ ខណៈ​​​ដែល​ខ្លួន​វ័យ​ចេះតែរំកិលទៅមុខមិនឈប់ឈរ​ រួម​នឹង​តម្លៃ​ក្រចៅនេះ នៅលើ​ទី​ផ្សារ​មិន​សូវ​ទៀង​ទាត់​​ផ​​ង​ ម្តងឡើងម្តងចុះ​។

លោក​ស្រី​បន្ត​ថា​​« ក្រចៅ​មិន​សូវ​សម្បូរ​ចេះ​ ចំណូល​បាន​គួរ​សម​ដែរ​ បើ​ថា​សម្បូរ​ក៏​តម្លៃ​វា​ថោក​ទៅ​ ក៏​យ៉ាប់​ធ្វើ​ដែរ​។ បើ​ដាំបានច្រើនទៅដល់ទៅ១រ៉ៃបាន២-៣លាន[រៀល]ដែរ» 

បើតាមលោកស្រី យ៉ាន់ យឿន តម្លៃក្រចៅកូតស្ងួតបច្ចុប្បន្នតម្លៃនៅលើទីផ្សារប្រមាណ៨ ០០០ពាន់​រៀល​​ក្នុង​មួយ​គីឡូ​ក្រាម​ បើធៀបកាលពីប្រមាណ៤ឆ្នាំមុន តម្លៃក្រចៅស្ងួតនេះប្រមាណ ១២ ០០០ រៀល​ក្នុងមួ​​យ​​​​​​គីឡូក្រាម។ប្រភពដដែលបន្តថា បើទោះជាវ័យរបស់លោកស្រីនៅពេលនេះរាងជ្រេបន្តិចក្តី ប្រសិនបើត​​ម្លៃ​​ក្រចៅនេះ នៅថេរដូចមុនមិនថាលោកស្រី ឬអ្នកភូមិផ្សេងទៀតទេ នៅតែឆ្លៀតដាំដុះ និងបន្តប្រកប​​មុខ​​រ​​ប​រនេះ មិនបោះបង់ចោលឡើយ។

​ក្រចៅ​កូដ ​ឬ​ហៅ​ថា​ ខ្សែ​ក្រចៅ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​យក​ធ្វើ​ជា​ខ្សែ​ចង​ ឬ​វេញ​ជា​ខ្សែ​ពួរ​ ត្បាញ​អង្រឹង​ កន្ទេល និង​ត្បាញ​ជា​សំបក​បាវ ជា​ដើម​។

ប្ដី​របស់​លោក​ស្រី​ យ៉ាន់ យឿន គឺលោក វឿន សាវឿត   រៀបរាប់​ថា​ ដាំ​ដំណាំ​នេះ​ដោយ​ ពលរដ្ឋ​ភាគ​ច្រើន​ដាំ​ដុះ​នៅ​ខែ​ ឧសភា ​និង​ប្រមូល​ផល​នៅ​ខែ​កញ្ញា ឬ​តុលា​។ លោក​បន្ត​ថា​ ក្រចៅ​មាន​ពីរ​ប្រភេទ គឺក្រចៅបោកប្រើសម្រាប់ត្បាញធ្វើជាសំបកបាវ និងក្រចៅកូត សម្រាប់ធ្វើខ្សែព្រាល ត្បាញកន្ទេល និងវេញជាខ្សែចំណងផ្សេងៗ។

កាលពី២ទសវត្សរ៍មុន ពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​និយម​ដាំ​ក្រចៅ​បោក​តែ​ប៉ុណ្ណោះ​ ដោយសារមានទីផ្សារនិងមានតម្លៃថ្លៃ ប៉ុន្តែ​ចាប់​តាំង​ពី​រោង​ចក្រ​ក្រចៅ​នៅ​ភូមិ​ព្រែក​តា​ច្រែង​ ត្រូវ​បាន​បិទ​ដំណើរ​ការ​ជាង ២០​ឆ្នាំ​មក​នេះ​ អ្នកស្រុក​ចាប់​ផ្ដើម​បោះបង់​ការ​ធ្វើ​ក្រចៅ​បោក​ តែ​នៅ​មាន​អ្នក​ស្រុក​មួយ​ចំនួន​តូច​បាន​ងាក​មក​ដាំ​ក្រចៅ​កូត​ជំនួស​វិញ​។ លោកសាវឿត ឱ្យដឹងថា សព្វ​ថ្ងៃ​នៅ​សល់​តែ​អ្នក​ដាំ​ក្រ​ចៅ​កូត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ព្រោះ​ក្រចៅ​ប្រភេទ​នេះ​មិន​សូវ​មាន​ទី​ផ្សារ​។

 លោក​បន្ត​ថា« [សូម​ឱ្យ​មាន]រោងចក្រ​ក្រចៅ​វិញ​មក ​ធ្វើ​ក្រចៅ​បោក ក្រ​ចៅ​ត្រាំ​វិញ​ទៅ​។ ខ្ញុំ​ទើប​តែ​នឹង​ឈប់​ធ្វើ​កាល​ឆ្នាំ៩៧នេះតើ ក្រចៅ​បោក​នេះ កាល​មុន​ធ្វើ​លក់​ឱ្យ​ឈ្មួញ​កណ្ដាល​គេ​ទិញ​ចូល​ទៅ​ថៃ​។ គេ​បិទ​រោង​ចក្រ​យើង​តាំង​ពី​[ឆ្នាំ១៩]៩២-៩៣មកហ្នុង។ បិទ​ហើយ​គេ​នៅ​តែ​ទិញ​តើ​ ខ្ញុំ​នៅ​ធ្វើ​តើ​កាល​នោះ​ ខ្ញុំ​មាន​ម៉ែ​អា​កូន​ភ្លោះ​នេះ​ កូន​ខ្ញុំ​មាន​២-៣នៅបោកតើ។ ទើបឈប់នៅឆ្នាំ២០០០គេឈប់ទិញសាច់ក្រចៅបោក។ កាល​មុន​ខ្ញុំ​បាន​លុយ​ក្រចៅ​បោក​នេះ​ឯង​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​ ខែ​ភ្ជុំ​អ៊ី​ហ្នឹង​» 

ឯកសារដែលស្រាវជ្រាវដោយរាជបណ្ឌិត្យសភាកម្ពុជា ដែលចេញកាលពីខែ តុលា ឆ្នាំ២០១៨ បង្ហាញថា រោ​​​​ង​​​​​ចក្របាវ ​ក្រ​ចៅ​ដូនទាវ​ ស្ថិត​នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំព្រែកនរិន្ទ  នេះកសាងឡើងនៅអំឡុងខែ ធ្នូ ឆ្នាំ​​១​​៩​៦​​៦ នៅក្នុងសម័យសង្គមរាស្រ្តនិយម។នៅពេលរោងចក្រនេះ ត្រូវបិទទ្វារក្នុងរយៈពេលជាង២០ឆ្នាំមកនេះ មុខរបរដាំដុះក្រចៅនេះ ក៏បន្តធ្លាក់ចុះជាបន្តបន្ទាប់។

ចំណែក​ លោកស្រី សៅ សុខ​ភា រស់នៅ​ស្រុក​ឯកភ្នំ​ អះអាងថា បើ​សិន​ជា​តម្លៃ​នៅ​ថេរ​ដូច​បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​អាច​មាន​ជីវភាព​ល្អប្រសើរ ដោយមិនបាច់ទៅធ្វើការនៅក្រៅប្រទេសទេ។ប្រភពដដែលបន្ត​ថា​ ពីមុន ពលរដ្ឋនៅភូមិរហាលសួង សម្រុកដាំដំណាំប្រភេទនេះ និងបានធ្វើ​ឱ្យ​តំបន់​លិច​ទឹក​មួយ​នេះ​ក្លាយ​ជា​វាល​ក្រចៅ ​តែ​បច្ចុប្បន្ន​នេះ ពុំ​សូវ​មាន​អ្នក​ដាំ​ដូច​មុន​ឡើយ​ ព្រោះ​គ្មាន​ទី​ផ្សារសម្រាប់​លក់។

លោក​ស្រីបន្ត​ថា​៖ «សុំថាឱ្យរាជរដ្ឋាភិបាលបើកទិញ ហើយឱ្យតម្លៃបានរៀងគ្រាន់អ៊ីចឹងហ្នា! ឱ្យមានទីផ្សារ ដើម្បី​ឱ្យ​ពួក​យើង​ធ្វើ​អ៊ីចឹង ​វា​បាន​តម្លៃ​គ្រាន់​ ក៏យើងបានតម្លៃគ្រាន់ចឹងដែរ។ ព្រោះឥឡូវដូចស្រូវឃើញស្រាប់ហើយ អ្នក​ខ្លះ​ធ្វើ​មិន​សូវ​កើត​ ហើយតម្លៃរៀងថោកអ៊ីចឹង វាពិបាកដែរអ៊ីចឹង ដូចខ្ញុំអ៊ីអត់បានធ្វើស្រូវទេ បាន​ធ្វើ​តែ​ក្រចៅ​ហ្នឹង​។ ​បើសិនជាក្រចៅមានទីផ្សារ ក៏យើងអ្នកធ្វើក៏បានគ្រាន់»

បើតាមលោកស្រី សៅ សុខភា ដើម្បី​ប្រមូល​ផល​ក្រចៅនេះ​បាន​ ​គឺគេ​ត្រូវ​កាប់​ក្រចៅ​យក​មក​ត្រាំ​ទឹកជា​​មុន​​សិ​ន បន្ទាប់មក​ទើបគេឆ្កូត​សម្បក​ និង​ហាល​វាឱ្យ​ស្ងួត​ល្អ​។ប្រភពដដែល​លើក​ឡើងទៀត​ថា​ ក្រៅពីមុខរបរសំអាងការ រូបគេក៏ដាំក្រចៅនេះមួយមុខទៀតដែរ។មុខរបរនេះ អាចជួយសម្រាលបន្ទុកបានមួយផ្នែកដែរ ដោយហេតុថាចំណូលដែលបានមកពីមុខរបរនេះ អាចទទួលបានចន្លោះពី ៥ ០០០ ទៅ ៨ ០០០ រៀល​​ក្នុ​​ង​​​​មួយគីឡូក្រាម។តម្លៃនេះលោកស្រី អះអាងថា អាស្រ័យលើគុណភាពរបស់ក្រចៅ និងតម្រូ​​វកា​​រនៅ​​លើ​​ទី​​ផ្សារ។ 

ដោយឡែក របាយការណ៍ពីក្រុមប្រឹក្សាស្រុកឯកភ្នំ បង្ហាញថាផ្ទៃដីដាំក្រចៅក្នុងស្រុក មាន​ចំនួន​ប្រមាណ​១ម៉ឺ​ន​ ៤ពាន់ ហិកតារ និងមានប្រជាពលរដ្ឋដាំដុះចំនួន ៤ឃុំ ក្នុងពេលសព្វថ្ងៃនេះ មានដូចជា ឃុំព្រែកនរិន្ទ ឃុំ​ព្រែ​​ក​លួង ឃុំពាមឯក និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។របាយការណ៍ដដែលបង្ហាញទៀតថា ឃុំ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ក្រចៅ​ច្រើន​ជាង​គេ គឺឃុំព្រែកនរិន្ទ និងឃុំព្រែកលួង។

ទាក់​ទិន​បញ្ហា​នេះ​ អភិបាល​ស្រុក​ឯកភ្នំ​ លោក​ ម៉ិល សុផល  ​ ឱ្យដឹងថា ពលរដ្ឋ​ភាគ​ច្រើន​បោះបង់​របរ​ដាំ​ក្រ​ចៅ​​​​​នេះបណ្តើរៗហើយ​ ក្រោយពីរោងចក្រក្រចៅនេះត្រូវបិទទ្វារ កាលពីជាង២០ឆ្នាំមុន។

បើតាមលោក ម៉ិល សុផល មានកត្តារួមផ្សំជាច្រើន ដែលនាំឱ្យមុខរបរមួយនេះ ត្រូវធ្លាក់ចុះ ក្នុងនោះគេ​​ស​​ង្កេ​​តឃើញ ដោយ​សារ​កំណើនៃការ​ប្រើ​ប្រាស់ ស្បោ​​​​ងការ៉ុង និងផ្លាស្ទិកកើនឡើង ហើយមាន​តម្លៃផលិត​​ទាំ​​ង​​នេះទាប​ជា​បាវដែល​ធ្វើ​ពី​ក្រចៅ។

 លោក​​​បន្ត​ថា​៖​«យើង​ពុំ​ទាន់​មាន​ផែន​ការ​ថ្មី​នៅ​ឡើយ​ទេ​ ដើម្បី​គិត​គូរ​ដល់​ការ​បង្រៀន ឬ​ការ​ស្វែង​រក​ទី​ផ្សារ​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ​។ តែ​យ៉ាង​ណា​ករណី​នេះ​ ចាប់​មើល​ការ​សម្រេច​ពី​ថ្នាក់​ខេត្ត គិត​ជា​មុន​សិន​ » 

បើតាមរបាយការណ៍របស់រដ្ឋបាលស្រុកឯកភ្នំ បង្ហាញថា នៅចំពោះមុខនេះពលរដ្ឋនៅក្នុងឃុំព្រែ​​កនរិន្ទ​​ជា​​ង​ ២០គ្រួសារទេ នៅបន្តដាំដុះដំណាំក្រចៅនេះ។ក្រៅពីនេះ អ្នកភូមិផ្សេងទៀត បានកែប្រែដាំដុះក្រចៅ ម​​ក​​ប្រកបរបរធ្វើស្រែចម្ការវិញម្តង។ក្នុងពេលជាមួយគ្នានេះដែរ​ អាជ្ញាធរ​ក៏​មិន​ទាន់​មាន​ផែន​ការ ដើម្បី​សិក្សា​ និ​​ង​​​បង្កើត​កម្មវិធី​បង្រៀន​ដល់​ពលរដ្ឋ ពី​បច្ចេកៈ​ទេស​ច្នៃ​ប្រឌិត​ផលិត​សម្ភារៈ​ដែលធ្វើ​ពី​ក្រចៅ​នៅ​ឡើយ​ដែរ​​។

ជុំវិញ​រឿង​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគមការពារសិទ្ធិមនុស្ស ​អាដ​ហុក ប្រចាំខេត្ត​បាត់ដំបង ​លោក យិន ម៉េងលី​ មើលឃើញថា ការដាំដុះក្រចៅកាន់បន្តធ្លាក់ចុះ ដោយ​សារ​តែ​តម្រូវ​ការ​ក្នុង​ទី​ផ្សារ​ថយ​ចុះ​។លោកលើកឡើងថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មាន​ភារកិច្ច​ក្នុង​ការ​រក​ទី​ផ្សារ​ក្រចៅ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ា​​ង​​ណា​ផ្សព្វផ្សាយ​ទៅ​កាន់​មហា​ជន​ឱ្យ​យល់​ដឹង​ពី​គុណតម្លៃ ព្រមទាំងអត្ថប្រយោជន៍នៃផលិតផលធម្មជាតិមួយនេះ ទើបអាចធានាបានថា ដាំណាំមួយប្រភេទនេះនៅបន្តមានជីវិតនៅលើទីផ្សារ។

 លោក​បន្ត​ថា​៖«ផ្នែក​កសិកម្ម​ក៏​ត្រូវ​តែ​ជួយ​ដែរ​អំពី​ផ្នែក​បច្ចេកៈ​ទេស​ក្នុង​ការ​ដាំ​វា​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​វា​មាន​ការ​ប្រកួត​ប្រជែង​ទៅ​លើ​តម្លៃ​​គុណ​ភាព​នៅ​លើ​ទី​ផ្សារ​ដែរ។ ពីព្រោះ​តម្លៃ​​គុណ​ភាព​វា​ជា​កត្តា​សំខាន់​ដែរ​សម្រាប់​អ្នក​ប្រើ​ប្រាស់» 

ក្រចៅ​ ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាងដែល​មាន​សារ​ធាតុ​សរសៃ​វែង ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ឱ្យទៅ​​ជា​​​​ឧ​ស្សា​​ហ​​កម្ម​ផ្សេងៗ ដូចជា បាវក្រចៅ និងសំភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត​។ ​ដំណាំ​នេះ​ត្រូវ​បាន​ដាំ​នៅ​​​​​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​ឆ្នាំ​ ១៩៦០​ មក​ម្ល៉េះ​។ ក្រោយ​មក​ ឧស្សាហកម្មក្រចៅនេះ ត្រូវបានផ្អាកដំណើ​​​​រការ ដែលធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​​ ងាក​មក​ដាំ​ស្រូវ​ និង​ដាំណាំ​ចម្ការ​ជំនួស​វិញ ព្រោះតែគ្មានតម្រូវការ និង​គ្មា​​ន​​​ទីផ្សារ​ផលិត៕​