រ៉ឺម៉កជើងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកដំណើរទាំងភ្លៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរទស្សនាបា្រសាទនៅលើដងផ្លូវវង់តូច និងវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ។

សម្រាប់រ៉ឺម៉កជើងនេះ ដែលកូនខ្មែរមានគំនិតច្នៃប្រឌិត បង្កើតវាឡើងនេះ ពុំមែនជារឿងថ្មីទេ វាធ្លាប់មានពីមុនមកហើយ តែដោយសារវិបត្តិសង្គ្រាមរាំរៃ ក៏ខ្មែរយើងបានបោះបង់បំភ្លេចវាចោល ទើបតែពេលថ្មីៗនេះ កូនខ្មែរដែលស្រឡាញ់របស់ចាស់ និងចូលចិត្តរក្សាទុករបស់របរចាស់មានគំនិតច្នៃប្រឌិតបង្កើតវាឡើងវិញ។

មគ្គុទេសចរណ៍ទេសចរណ៍ងពីររូប ដែលជាអ្នកនាំភ្លៀវនៅតំបន់អង្គរនិងថ្នាក់ជាតិផង បានកែច្នៃរ៉ឺម៉កជើងខាងសម័យដើមមកប្រើប្រាស់ជាមធ្យោបាយដឹកភ្ញៀវទេសចរណ៍ ដើម្បីរកប្រាក់ចំណូល ហើយក៏មានបំណងចង់អភិរក្សររ៉ឺម៉កជើងនេះ និងថែរក្សាបរិស្ថានផងនោះ។

មគ្គុទេសចរណ៍ដែលមានមាឌតូច រហ័សរហួន រួសរាយរាក់ទាក់ សម្បុរសណ្តែកបាយ សម្តីរដឺនគួរឱ្យចាប់អារម្មណ៍ លោក បូ សុភា កំពុងត្រួតពិនិត្យ និងសាកអាគុយរ៉ឺម៉កជើង ដែលបម្រុងនឹងទៅដឹកចៅហ្វាយខេត្តសៀមរាប លោក ទៀ សីហា និងក្រុមគ្រួសារ នៅប្រមាណម៉ោង៤-៥ល្ងាច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ទាំងទឹកមុខស្រស់បស់ ក្នុងអាជីវកម្មថ្មីថ្មោងនេះ។

ស្ថិតនៅក្នុងវ័យ ៣៣ឆ្នាំ បុរសរូបនេះ ដែលរស់ភូមិថ្នល់ ឃុំស្រង៉ែ សុ្រកសៀមរាប ខេត្តសៀមរាប បានប្រាប់ Newsroom Cambodia នូវប្រវត្តិរ៉ឺម៉ក ឬរ៉ឺម៉កជើងនេះ ដោយផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តខ្មែរ ដែលនៅប្រាសាទបាយ័ន ចម្លាក់ខាងកើត ការដឹកជញ្ជូនស្បៀងមានខ្នាតតូចៗ អូសដោយគោ ក្របី នៅសតវត្សទី១២។

លោកបន្តថា «នៅសម័យអាណានិគមបារាំង ពីឆ្នាំ១៨៦៣ មក បាននាំចូលបច្ចេកវិទ្យាថ្មី មានទោចក្រយាន ហៅថាកង់ ក្រោយមកខ្មែរយើងមានគំនិតកែច្នៃជារបស់អូសទាញបាន ជារទេះ ឬហៅថារ៉ឺម៉ក»។

បុរសមគ្គុទេសចរណ៍នេះមានចំណេះដឹងទាំងភាសាអង់គ្លេស និងបារាំង ព្រមទាំងប្រវត្តិសាស្ត្រខ្មែរ បានបកស្រាយពាក្យថា រ៉ឺម៉ក គឺជាភាសាកម្ចីមកពីបារាំង (La remorque) បើតាមវចនានុក្រមសម្ដេច ជួន ណាត ថា រទេះឬក៏សណ្តោង។

លោក បូ សុភា និយាយថា រូបភាពរ៉ឺម៉កចាស់ៗសម័យបារាំង ឆ្នាំ១៩២០-១៩២៩ មានក្រុមរ៉ឺម៉កមួយក្រុមដឹកទាហ៊ានខ្មែរយើង ដែលអង្គុយលើរ៉ឺម៉កនោះ ហើយសម័យសង្គមរាស្រ្តនិយមឆ្នាំ១៩៥៣ មក គេនៅបន្តច្នៃឥតឈប់ឈរ ទៅជាប្រភេទម៉ូតូ ម៉ូប៊ីឡែត ដោយប្រើម៉ាស៊ីនវិញ។ តែជាអកុសលសម័យ លន់ នល់ និង ប៉ុល ពត ខ្មែរយើ

មានវិបត្តិសង្គ្រាមក៏បាត់បង់ឈប់ប្រើរហូតមកដល់ឆ្នាំ២០០០ជាង មធ្យោបាយដឹកជញ្ជូនទំនើប ដាក់ភ្ញៀវបានច្រើន មានល្បឿនលឿន ប្រជាប្រិយភាពរ៉ឺម៉កបាត់បង់លែងប្រើ ហើយក្មេងសម័យក្រោយលែងស្គាល់។

ក្រោយពីបញ្ចប់ការសិក្សាមគ្គុទេសចរណ៍ឆ្នាំ២០១២មក លោក បូ សុភា បានដើរនាំភ្ញៀវគ្រប់ខេត្តក្រុងប្រទេសកម្ពុជា បានប្រទះឃើញរ៉ឺម៉កនេះមួយចំនួននៅខេត្តបាត់ដំបង កំពង់ចាម កំពត ក៏មានគំនិតបង្កើតវា ដោយសារក្នុងចិត្តស្រឡាញ់របស់បុរាណ ចង់អភិរក្ស គួបផ្សំនឹងអភិវឌ្ឍន៍ហើយធ្វើបច្ចុប្បន្នភាពវាដំណើរការទៅព្រមគ្នា។

ក្នុងគោលបំណងបង្កើតរ៉ឺម៉កជើងនេះ គឺពុំទាន់ក្លាយជាអាជីវកម្មធំដុំទេ គ្រាន់តែជាមុខរបរបន្ទាប់បន្សំ និងសាកល្បងឱ្យភ្ញៀវបានស្គាល់ ជិះកំសាន្តធម្មតាប៉ុណ្ណោះ។ លោកបន្ថែមថា «វាស្អាតដូចកូនក្រមុំតុបតែងខ្លួន» បើទោះបីដំបូងឡើយពិបាកក្នុងការបង្គុំវា ព្រោះផ្នែកខ្លះ ច្រេះ បាក់បែក ត្រូវដុសខាត់វា រកគ្រឿងបន្លះ និងលាប បាញ់ថ្នាំវាឡើងវិញ។

ទោះជាយ៉ាងណាលោកសប្បាយចិត្ត ដែលមហាជនសាទរ មានការគាំទ្រ រំភើប ដែលវត្ថុមួយត្រូវបានកប់ក្នុងធរណីអស់ជាច្រើនឆ្នាំបានរកឃើញវិញ វាដូចឆ្លងភពអ៊ីចឹង វាដូចរស់ម្តងទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិសរសើរគ្រប់គ្នា ឯមិត្តរបស់លោកបានជិះក៏លាន់ម៉ាត់ថា «គេមើលមកខ្ញុំគ្រប់គ្នាដូចតារាអ៊ីចឹង»។

ងាកមកចាប់អារម្មណ៍មគ្គុទេសចរណ៍ដែលមានរាងស្គមល្មម សម្បុរ ស ស្រអែម ពាក់វែនតាខ្មៅ ពាក់ទ្រនាប់ជើងផ្ទាត់ លោក ព្រេក ព្រី រស់នៅខេត្តសៀមរាប ជាជាង ខាងបច្ចេកទេស ខាងកែច្នៃប្រឌិតដំឡើងនិងរៀបចំរ៉ឺមកជើង។

ជាហ្គាយជិះកង់នាំភ្លៀងផង និងជាអ្នកធាក់រ៉ឺម៉ក់ជើងផង លោកថា «វាជាមុខរបរទីពីរអាចរកចំណូលបានទ្វេដង» ថ្វីត្បិតការចាប់ផ្តើមបានពីរខែ សន្ទុះការគាំទ្រកាន់តែមានច្រើនឡើងពីភ្ញៀវជាតិ និងអន្តរជាតិលោកមានគំនិតស្រដៀងគ្នា ដើម្បីអភិរក្ស ជួយថែរក្សាបរិស្ថាន ក្នុងការប្រើប្រាស់រ៉ឺម៉កជើងនេះ ដែលបំពាក់ថាមពលអគ្គិសនីជំនួយ ពុំមានផ្សែងពុលឡើយ។

លោកបន្ថែមថា វាទើបចាប់ផ្តើមមិនទាន់រីកផុសផុល ក្នុងសហគមន៍ទេ ដោយសាររ៉ឺម៉ក់មានចំនួនតិចតួច តែទោះជាយ៉ាងណាក្នុងថ្ងៃអនាគត មានបំណងពង្រីកវា ដើម្បីសម្រួលការងាររកប្រាក់ចំណូលដល់សហគមន៍បានកាន់តែច្រើនតាមវិស័យមួយនេះ។

ចំណែកឯលោក ហ៊ឹម អាន ជាអថិតិជន មានចិត្តរីករាយ អារម្មណ៍ស្រស់ថ្លា ក្នុងការជិះរ៉ឺម៉កជើងទស្សនាតំបន់អង្គរ។ លោកថា «ធ្លាប់ជិះកង់បី (Pass App) តែងាកមកជិះរ៉ឺម៉កជើងវាប្លែក» មានភ្ញៀវបរទេសមើលច្រើន ចាប់អារម្មណ៍ និងថតរូបលោកច្រើនផងដែរ។

លោកបន្តថា ទោះបីអ្នកធាក់រ៉ឺម៉កជើងហត់ បែកញើសហូរសស្រាក់ក៏ដោយ វាបានរួមចំណែកចូលរួមថែរក្សាវប្បធម៌ មិនបំពុលបរិយាកាស សម្លេងស្ងាត់មិនរំខានដល់ភ្ញៀវឯទៀត វាល្អមែនទែន។ បើធៀបនិងម៉ូតូឡាន ការជិះរ៉ឺម៉កជើងខុសគ្នាដាច់ វាមានអរម្មណ៍ប្លែកត្រជាក់ចិត្ត ក្នងការមើលទេសភាពស្អាតៗ។

លោកលើកឡើងស្រដៀងគ្នា ចង់ឱ្យប្រជាពលរដ្ឋចូលរួមគាំទ្ររ៉ឺម៉កជើងខ្មែរ ធាក់ដោយកូនខ្មែរ ដែលបានបង្កើតថ្មីថ្មោង ខ្ញុំបានជិះ «ពិតជាមានអារម្មណ៍រំភើបមែនទែនបាទ! »។

គួររំលឹកថាលោក បូរ សុភា ជាមគ្គុទេសចរណ៍ដ៏ឆ្នើមមួយរួបមានគំនិតផ្តួចផ្តើម អភិរក្ស និងអភិវឌ្ឍនូវរ៉ឺម៉កជើង ដែលគេបោះបង់ចោលជាយូរលង់ណាស់មកហើយ។ ហើយលោកមានឆន្ទៈដើម្បីបន្តដោយក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត ក្នុងការបន្តបេសកម្មរបស់ខ្លួន ដើម្បីជម្រុញសហគមន៍លោក រកប្រាក់កម្រៃបន្ថែម ជួយដល់សង្គម និងបរិសា្ថន គ្មានផ្សែង ដោយការប្រើប្រាស់រ៉ឺម៉ក ដើម្បីចង់ឱ្យបងប្អូនសាកនូវរសជាតិថ្មី និងរំលឹកនូវអនុស្សាវរីយ៍ចាស់ៗ ដែលបានកន្លងផុតជាង៤ ទសវត្សមកហើយ។

លោកចង់បង្ហាញទៅកាន់សាធារណៈជនថា «រ៉ឺម៉កជើងរស់ឡើងវិញហើយ» ដើម្បីបម្រើវិស័យទេសចរណ៍សម្រាប់បងប្អូនទស្សនានៅតំបន់អង្គរ៕