នៅពីខាងក្រោយអាគារ២ខ្នងដែលធ្វើដោយឈើ ព្រៃប្រឹក្សាដុះត្រឈឹងត្រឈៃ ជាពិសេសមានចម្ការរបស់អ្នកភូមិនៅក្បែរទីតាំងនេះ ដែលមានបន្លែបង្ការចម្រុះគ្រប់ភេទថែមទៀត។ អាគារ២ខ្នងដែលមានសភាពច្រាស់ទ្រុឌទ្រោមបន្តិចទៅហើយត្រូវស្មៅដុះស្ទើរជុំជិត និងមានព្រៃរបោះអមជាមួយផង។ តាមពិតទៅ ទីនេះហើយ ដែលគេស្គាល់ថាជាសាលារៀនកម្រិតបឋមសិក្សាមួយកន្លែង ហើយសិស្សានុសិស្ស យូរៗទើបចូលរៀនម្តង ដែលជំរុញឱ្យសាលា២ខ្នងនេះស្ទើរតែត្រូវគេបោះបង់ចោល ហើយបានក្លាយទៅជាកន្លែងចងគោរបស់អ្នកភូមិសុខសាន្ត ជំនួសដោយការរៀនសូត្ររបស់សិស្សនុសិស្សទៅវិញ។

ពលរដ្ឋដែលបានផ្តល់សម្ភាសន៍ឱ្យគេហទំព័រ Newsroom Cambodia បានឱ្យដឹងថាសាលាបឋមសិក្សានេះសាងសង់អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយគំនិតផ្អូចផ្ដើមរបស់អ្នកភូមិ ចំនួនពីរភូមិ គឺភូមិរំចេក និងភូមិ អូរក្រញូង។ភូមិទាំងពីរនេះស្ថិតនៅក្នុងឃុំសុចិត្រ នៃស្រុកសណ្តាន ខេត្តកំពង់ធំ។
ប្រភពបន្តថា សាលារៀន២ខ្នងនេះ ទទួលបានការបរិចាកថវិកាដែលពួកគេមាន និងប្រមែប្រមូលឈើដែលមានស្រាប់នៅក្នុងសហគមន៍សាងសង់សាលានេះឡើង ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ក្មេងៗនៅក្នុងសហគមន៍បានរៀនសូត្រ ដោយពុំមានជំនួយថវិកាពីរដ្ឋាភិបាលទេ។នៅចំពោះមុខនេះ កុមារដែលនៅបន្តតស៊ូរៀននៅក្នុងសាលារៀននេះប្រមាណ៥០នាក់ស្របពេលដង់ស៊ីតេប្រជាជននៅក្នុងសហគមន៍នេះមានជាង២០០គ្រួសារ។
លោកស្រី ហ៊ុន យៀន ដែលរស់នៅជាប់នឹងសាលាបឋមសិក្សាភូមិរំចេក ថ្លែងថា លោកស្រីបារម្ភពីអនាគតកូនៗ ខ្លាចមិនចេះដឹងដោយសារពួកគេខកខានរៀនសូត្រជាង៣ឆ្នាំមកហើយ ចាប់តាំងពីសាលារៀននេះទ្រុឌទ្រោម ហើយគ្មានគ្រូមកបង្រៀនទៀងទាត់ថែមទៀត។លោកស្រីបន្តថា ចន្លោះខែមករា ឬខែកុម្ភៈ ទើបឃើញគ្រូមកបង្រៀនម្ដង។
លោកស្រីបន្តថាចាប់តាំងពីបង្កើតសាលារៀននេះដំបូងៗមានសិស្សមករៀនជាង១០០នាក់ ហើយកុមារទាំងនោះអាចរៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ក៏ប៉ុន្តែបច្ចុប្បន្នពុំមានគ្រូបង្រៀនទៀងទាត់ ធ្វើឱ្យសិស្សឈប់រៀនប្រមាណ៥០ភាគរយទៅហើយ។ប្រភពដដែលបន្តថា នៅក្នុងរដូវវស្សានេះ សិស្សបន្តបោះបង់ថ្នាក់រៀនបន្ថែមទៀត ព្រោះតែសាលាបន្តទ្រុឌទ្រោម និងទឹកស្រកចូលក្នុងបន្ទប់រៀន ដែលរំខានដល់ការបង្រៀនរបស់គ្រូៗ។
លោកស្រីបន្តថា៖«កូនខ្ញុំវារៀនៗ គ្រូឈប់ៗរហូតអ៊ីចឹងទៅ វាលែងចង់ទៅរៀន។ បើជូនទៅឆ្ងាយខ្ញុំវាអត់មានពេលខ្ញុំរវល់រកស៊ីខ្ញុំដែរ បើខែមុនរៀនបាន១០ថ្ងៃអ៊ីចឹងទៅ ១៥ថ្ងៃអ៊ីចឹងទៅ បាត់គ្រូបាត់ទៅ» ។
មិនខុសគ្នាទេ លោក ប្រាក់ រូន ដែលរស់នៅជិតនឹងសាលាបឋមសិក្សារំចេកនេះដែរ លើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែសាលាមានសភាពបាក់បែក និងធ្លុះធ្លាយ ហើយពុំសូវឃើញគ្រូមកបង្រៀន សិស្សមួយចំនួនដែលគ្រួសារមានជីវភាពសមរម្យ ពួកគេបានបញ្ជូនកូនទៅរៀននៅភូមិផ្សេងទៀត ស្ថិតក្នុងឃុំសុចិត្រ ព្រោះនៅទីនោះមានសាលាបឋម ដល់អនុវិទ្យាល័យ ហើយមានគ្រូបង្រៀនទៀងទាត់។
ក្រៅពីនេះ ប្រសិនបើពួកគេជ្រើសរើសរៀនសាលាថ្មីនេះ គឺត្រូវធ្វើដំណើរក្នុងរយៈចម្ងាយជាង១២គីឡូម៉ែត្រពីផ្ទះ ហើយនៅអមសង្ខាងផ្លូវពោរពេញដោយចម្ការស្វាយចន្ទី និងព្រៃឈើស្តុកដែលអាចមានហេតុកើតអាក្រក់កើតឡើង ចំពោះកុមារដោយយថាហេតុណាមួយ។បើតាមលោក ប្រាក់ រូន ទោះបីជាករណីនេះ ប្រជាពលរដ្ឋតែងទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយសាងសង់សាលាថ្មី និងរកគ្រូមកបង្រៀនឱ្យបានទៀងទាត់ក៏ដោយ ក៏សំណើរនេះ មិនដែលទទួលបានការឆ្លើយតបពីអាជ្ញាធរក្នុងមូលដ្ឋានដែរ។
លោកបន្តថា៖«បើចុះជួយដូចជាសាលាថ្មអ៊ីទៅ អាចមានគ្រូបង្រៀនដិតដល់ ហើយក្មេងៗអាចចូលរៀនវិញ។ នេះវាខុសគ្រូជួនកាលរៀន១ថ្ងៃបាត់កន្លះខែទាំងកូនខ្ញុំកូនអ៊ី រាល់ថ្ងៃឈប់រៀននៅនេះអស់ទៅរៀននៅខាង៩០។ ខ្ញុំសូមសំណូមពរឱ្យខាងមេភូមិ ខាងឃុំជួយដាស់តឿនគ្រូឱ្យបានបង្រៀនទៀងទាត់ឱ្យសិស្សបានគ្រប់ពេល»។
គេសង្កេតឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំចេក និងភូមិអូរក្រញូង ស្រុកសណ្ដាន់ ជាង២០០គ្រួសារ ភាគច្រើនជាអ្នកធ្វើស្រែចម្ការដាំដំឡូង និងស្វាយចន្ទី លក់យកប្រាក់ដើម្បីចិញ្ចឹមជីវិត។ពួកគេលើកឡើងថា ជារៀងរាល់ឆ្នាំ ភូមិ២នេះ ពុំដែលមានកុមារ ឬយុវជនអាចបន្តការសិក្សាបានថ្នាក់ខ្ពស់ ដល់កម្រិតវិទ្យាល័យនោះទេ ភាគច្រើនក្មេងៗទាំងនោះ រៀនបានខ្ពស់ត្រឹមថ្នាក់បឋមសិក្សា ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ហើយកង្វះសាលារៀន និងគ្រូបង្រៀនមកបង្រៀនមិនបានដិតដល់។
ចំណែក អភិបាលស្រុកសណ្ដាន់ លោក អ៊ុក វណ្ណរ៉ា លើកឡើងថា បញ្ហាការបង្រៀនពុំបានដិតដល់ ធ្វើឱ្យសិស្សមួយចំនួនបោះបង់ការសិក្សានេះ លោកពុំមានដំណោះស្រាយឡើយ។
លោកបន្តថា៖«ខ្ញុំពុំដឹងរឿងទាំងនេះទេ ហើយគ្មានដំណោះស្រាយអ្វីដែរ ប្អូនអាចសួរទៅខាងមន្ទីរអប់រំខេត្ត គេអាចដឹង»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ទទួលស្គាល់ថា មានសាលាមួយចំនួននៅតំបន់ដាច់ស្រយាលមានបញ្ហាទាំងនេះ ប៉ុន្តែលោកថាខាងមន្ទីរអប់រំយុវជន និងកីឡាកំពុងតែខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាបណ្ដើរៗហើយ។
លោកបន្តថា៖ «ករណីបញ្ហាសាលាមឋប ភូមិរំចេកនេះ យើងពិបាកដោះស្រាយ ដោយសារតែមានសិស្សតិច ហើយអាជ្ញាធរពុំទាន់មានថវិកាគ្រប់គ្រាន់ ដើម្បីរៀបចំអគារសិក្សាឡើងវិញ តែយ៉ាងនឹងមានដោះស្រាយឆាប់» ។
ចំណែកអនុភូមិរំចេក កូតាមកពីគណបក្សប្រជាជនកម្ពុជា លោក ពោត យ៉ា លើកឡើងថា បញ្ហាកង្វះអគាសិក្សា និងខ្វះគ្រូបង្រៀននេះ លោកបានស្នើអាជ្ញាធរឃុំជាច្រើនលើកហើយ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ ដោយសារអាជ្ញាធរគ្មានលុយសម្រាប់សាងសង់សាលាថ្មី និងគ្មានលទ្ធភាពអាចរកគ្រូថ្មីមកបង្រៀនបាន។
លោកបន្តថា ថ្មីៗនេះ អាជ្ញាធរពាក់ព័ន្ធកំពុងផ្ដោតលើការសាងសង់ផ្លូវ ជាអាទិភាព ចំណែក សាលាបឋមសិក្សាភូមិរំចេកនេះនឹងចាប់ផ្ដើមសាងសង់ថ្មីនៅឆ្នាំ២០២៥ ដែលជាគម្រោងរបស់អាជ្ញាធរថ្នាក់ខេត្ត។ ទោះយ៉ាងណា លោកថា អាជ្ញាធរពាក់ព័ន្ធមិនទាន់មានផែនការដើម្បីជួសជុលសាលាចាស់នេះ និងស្វែងរកគ្រូថ្មីមកបង្រៀន នៅឡើយទេ។
លោកបន្តថា៖«បើយោងទៅតាមខ្ញុំប្រជុំនៅសាលាឃុំ អភិវឌ្ឍន៍តែគម្រោងផ្លូវដូច្នេះហើយសំណើយកជាសាលាវិញ។សាលាហ្នឹង២០២៥ បាន បាន [សាងសង់] មួយខ្នង តែវាសិស្សវាតិចពេក មួយខ្នងហ្នឹងបានតែ៣បន្ទប់» ។
គេហទំព័រ Newsroom Cambodia មិនទាន់អាចស្វែងរកប្រភពដើម្បីបញ្ជាក់បន្ថែម ពីនាយកសាលាបឋមសិក្សារំចេកនេះ បានភ្លាមៗនៅឡើយទេ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង លើកឡើងថា ករណីកុមារពុំសូវទទួលបានការសិក្សាពេញលេញ ដោយសារកង្វះសាលារៀន ឬគ្រូបង្រៀនមិនគ្រប់នេះ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន។លោកបន្តថា បើសិនបញ្ហានេះអាជ្ញាធរមិនអើពើដោះស្រាយជាបន្ទាន់ទេ គឺជាការរំលោភសិទ្ធិពលរដ្ឋ ស្ដីពីសិទ្ធិទទួលបានការអប់រំដោយស្មើភាពគ្នា។
លោកបន្តថា៖«ជាដំណោះស្រាយក្រសួងអប់រំ និងកីឡាលោកគួរតែទៅពិនិត្យមើលជាក់ស្ដែងថាតើបញ្ហានេះកើតមានពិតប្រាកដដូច ការលើកឡើងទេបើសិនជាមានពិតប្រាកដដូចការលើកឡើង ត្រូវតែមានការដោះស្រាយឱ្យបានទាន់ពេលវេលា ហើយធានាដល់ការអប់រំរបស់កុមារ កុំឱ្យកុមារបន្តបោះបង់ការសិក្សា ហើយអាចធ្វើឱ្យពួកគាត់នឹងប្រថុយប្រថានធ្វើចំណាកស្រុកផ្សេងៗ» ។
អង្គការ យូនីសេហ្វ (unicef) ចេញរបាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២២ បង្ហាញថា នៅពេលបច្ចុប្បន្ននេះ កុមារនៅតាមជនបទ ការសិក្សារបស់ពួកគេមិនទាន់មានស្តង់ដារ ដែលស្របទៅតាមអាយុរបស់ពួកគេនៅឡើយ។របាយការណ៍បង្ហាញទៀតថា នៅកម្រិតបឋមសិក្សាកុមាររៀនថ្នាក់ទី៣ ជិត២៥ ភាគរយមិនចេះសរសេរអក្សរសូម្បីពាក្យមួយម៉ាត់ ពេលសរសេរតាមអាន។
បន្ថែមពីលើនេះ កុមារអាយុពី៣ ទៅ៥ឆ្នាំ ប្រមាណ២៧ ភាគរយ រកឃើញថាមានការអភិវឌ្ឍន៍ចំណេះដឹងផ្នែកអក្សរ និងលេខស្របទៅតាមអាយុរបស់ពួកគេ។ទន្ទឹមនឹងនេះ ក្មេងជំទង់ចំនួន៥៥ ភាគរយ ត្រូវបោះបង់ការសិក្សា មុនពេលពួកគេមានអាយុ ១៧ឆ្នាំ៕