ខណៈព្រះអាទិត្យកំពុងរៀបលិច ខ្យល់ក៏ធ្លាក់មករសៀកៗនៅក្បែរមាត់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែខ្យល់នោះ ក៏អមមកជាមួយនូវក្លិនឆ្អេះឆ្អាប ចេញពីប្លុកផ្ទៃទឹកមួយកន្លែង ខាងក្រោយផ្ទះរបស់ប្រជាសហគមន៍សំរោងត្បូង ដែលកំពុងមានទំនាស់ដីធ្លីជាមួយអាជ្ញាធរផងដែរ។ អ្នកភូមិនៅទីនោះ រស់នៅដោយពឹងលើការនេសាទត្រីក្នុងបឹងខាងក្រោយផ្ទះរបស់ខ្លួន ថ្វីបើផ្ទៃបឹងភាគច្រើនត្រូវបានចាក់ដីបំពេញសម្រាប់អភិវឌ្ឍន៍ទៅហើយក្ដី។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោកមួយរូប អ្នកស្រី ស៊ា ដាវី និយាយថា ដើមហេតុបង្កឱ្យទឹកបឹងនៅក្បែរផ្ទះពួកគាត់មានក្លិនស្អុយ គឺដោយសារអាជ្ញាធរបានចាក់ដីធ្វើជាផ្លូវ កាត់លើផ្ទៃបឹងមួយផ្នែក នៅខាងក្រោយផ្ទះរបស់ពួកគាត់ ដោយទុកចរន្តទឹកហូរមួយច្រកតូច ចេញពីផ្នែកខាងលើដែលជាកន្លែងចិញ្ចឹមត្រី ចូលមកផ្នែកខាងក្រោយផ្ទះរបស់ពួកគាត់។
អ្នកស្រីបន្តថា មានពលរដ្ឋបឹងតាមោកចំនួន ៣២ផ្ទះ ក្នុងចំណោមផ្ទះសរុប ១០៨ ដែលរងផលប៉ះពាល់ បានលក់និងដោះដូរដីតាមការស្នើសុំពីអាជ្ញាធរ ដោយសារពួកគាត់ធុញទ្រាន់ចំពោះការធ្វើទុក្ខបុកម្នេញទាំងការប្រើហិង្សា និងការដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ពីមន្រ្តីខណ្ឌ។
អ្នកស្រី ស៊ា ដាវី រៀបរាប់បន្តទៀតថា បញ្ហាក្លិនស្អុយ បានបង្ខំឱ្យគ្រួសារប្អូនប្រុសរបស់អ្នកស្រីដែលស្នាក់នៅខាងក្រោមផ្ទះ នាំគ្នារើឥវ៉ាន់ទៅសម្រាកប្រច្រៀតគ្នានៅខាងលើផ្ទះជាមួយគ្រួសារអ្នកស្រីផងដែរ។
អ្នកស្រីថា៖ «អាជ្ញាធរខណ្ឌ គាត់កាយប្រឡាយបង្ហូរទឹកលើចុះមកចូលដីពួកខ្ញុំ។ ទឹកស្រះត្រី ទឹកស្អុយទម្លាក់ចូលមកទឹកស្អុយឆ្អាប […] ឥលូវមានកើតជាមូសជាអី ដោយសារទឹកស្អុយ ផ្ទះខាងក្រោមលិចអស់ហើយ[គ្រួសារប្អូនប្រុស]ឡើងមកលើ»។
បើតាមស្ត្រីរូបនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលទឹកខាងក្រោមផ្ទះរបស់ពលរដ្ឋមានក្លិនស្អុយ ក្រោយអាជ្ញាធរបង្ហូរទឹកកខ្វក់ពីផ្ទៃបឹងផ្នែកខាងលើ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អ្នកស្រី ដាវី ចាត់ទុកទង្វើរបស់អាជ្ញាធរ ថាជាការបង្ខំឱ្យពួកគាត់ចាកចេញពីលំនៅដ្ឋានដែលពួកគាត់បានរស់នៅជាច្រើនមកហើយ ហើយករណីនេះ អ្នកស្រីបានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅអាជ្ញាធរធ្វើការអភិវឌ្ឍនៅនឹងកន្លែង។
អ្នកស្រីថា៖ «បងយល់ថា អាជ្ញាធរគាត់ធ្វើបាបប្រជាសហគមន៍ ដើម្បីឱ្យយើងពិបាកក្នុងការរស់នៅហើយយើងបង្ខំចិត្តដោះដូរទៅទីតាំងថ្មីតាមដែលគាត់ចង់បាន»។
ពលរដ្ឋបឹងតាមោកមួយរូបទៀត អ្នកស្រី គង់ តឿន អាយុ ៥៨ឆ្នាំ បានលើកឡើងថា មួយរយៈចុងក្រោយនេះ កុមារៗនៅក្នុងសហគមន៍ មានអាការៈ ឈឺភ្នែក ក្អក ផ្ដាសាយ និងរមាស់ស្បែកជាដើម ក្រោយពីទឹកបឹងមានបញ្ហាឆ្អេះឆ្អាបនេះ។
អ្នកស្រីនិយាយថា៖ «គ្នានៅទំនាបក្រោមៗលិចអស់រលីង។ ផ្ទះខ្លះនៅ[មាន]ជាន់ក្រោម ជាន់លើ ដល់លិចទឹកអាជាន់ក្រោម គ្នានៅអត់កើត គ្នានៅខាងលើ ខ្លះដេកជាន់លើគ្នា»។
ក្រៅពីការតវ៉ា និងដើរដាក់ញត្តិសុំកិច្ចអន្តរាគមន៍តាមបណ្ដាស្ថាប័នរដ្ឋធំៗ ប្រជាសហគមន៍បឹងតាមោក ក៏ប្រឈមនឹងការរងបណ្ដឹងនៅតុលាការផងដែរ ក្រោមការចោទពីបទល្មើសផ្សេងៗ។ ក្រុមពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋាន គឺជាដើមបណ្ដឹងប្រឆាំងនឹងសហគមន៍នេះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានកោះហៅសកម្មជនបឹងតាមោកចំនួន ៣នាក់ ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី ឱ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ តែយ៉ាងណា ប្រជាសហគមន៍បឹងតាមោក បានច្រានចោលការចោទប្រកាន់នេះ ហើយថា អាជ្ញាធរទៅវិញទេជាអ្នកបង្កហិង្សាដាក់ពួកគេ ថែមទាំងប្ដឹងទៅស្ថាប័នតុលាការទៀត។
ដោយបារម្ភពីការចាប់ខ្លួន អ្នកស្រី ប្រាក់ សុភា ប្រជាពលរដ្ឋរស់នៅបឹងតាមោក ដែលជាសកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ ក្នុងការតវ៉ា បានគេចខ្លួនទៅកាន់ប្រទេសជិតខាងកម្ពុជា ដើម្បីស្វែងរកសិទ្ធិជនភៀសខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ។ អ្នកស្រីបាននិងកំពុងប្រឈមនឹងបណ្ដឹងនៅតុលាការចំនួន៣ រួមមាន ប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និង រារាំងញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ គិតតាំងពីឆ្នាំមុនមក។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ ខណៈអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ខលទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ អភិបាលខណ្ឌព្រែកព្នៅរូបនេះ ធ្លាប់ប្រាប់គេហទំព័រ Newsroom Cambodia ថា ប្រជាសហគមន៍សំរោងត្បូងនេះ គឺពួកគេបានមកតាំងទីលំនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ហេតុនេះអាជ្ញាធរ មិនអាចចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ លោកបន្តថា អាជ្ញាធរបានដោះស្រាយតាមនីតិវិធីច្បាប់ ដោយដោះដូរទៅទីតាំងដីថ្មី ដែលមានចម្ងាយជិត ២គីឡូម៉ែត្រ ពីទីតាំងចាស់ ហើយបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយផងដែរ។
លោកថា៖ «បើមិនព្រម [ដោះដូរដី] រស់នៅ [ទីតាំងចាស់] ហ្នឹងទៅ! ហើយបើរស់នៅ [ជាប់បឹងតាមោក]ហ្នឹង! គឺអត់មានអីស្របច្បាប់ទេ ព្រោះអត់មានលិខិតស្នាមអីផងហ្នឹង! ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មកយកដីដែលមានទំហំ [ទទឹង] ៤ [ម៉ែត្រ]កន្លះ គុណនឹង [បណ្តោយ] ១៨ [ម៉ែត្រ] ដែលមិនឆ្ងាយពីទីតាំងចាស់ទេ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក វណ្ណ សុផាត លើកឡើងថា អាជ្ញាធរ និងក្រុមហ៊ុនឯកជន កំពុងប្រើតាក់តិចដូចដែលធ្វើដាក់ប្រជាសហគមន៍បឹងទំពន់ កាលពីពេលកន្លងទៅ ដើម្បីបណ្ដេញពលរដ្ឋចេញពីតំបន់នោះ។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាល គប្បីមានដំណោះស្រាយសម្រាប់ប្រជាសហគមន៍បឹងតាមោកជុំវិញវិវាទដីធ្លីរាំរ៉ៃនេះ។
លោក សុផាត និយាយថា៖ «វាជាអំពើអមនុស្សធម៌ វាជាការមិនអាចទទួលយកបាន។ វាក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ ដែលត្រូវតែពិនិត្យសារឡើងវិញ នូវទង្វើរបស់ក្រុមហ៊ុន និងអាជ្ញាធរនេះ ហើយដោះស្រាយឱ្យប្រជាពលរដ្ឋគាត់បានរស់នៅសុខសាន្តនៅផ្ទះរបស់គាត់ ដែលបានស្នាក់នៅ និងអាស្រ័យផលពីដើមមក»។
បើតាមសមាគមធាងត្នោត គិតមកដល់ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវ ដែលកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និងស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០លើក ដែលមានផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា។
ទាក់ទិននឹងការកាត់ឆ្វៀលផ្ទៃបឹងនេះ ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ដែលរស់នៅភាគខាងជើងនៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ហើយពួកគេបានធ្វើការតវ៉ាទៅកាន់ស្ថាប័នរដ្ឋជាច្រើនរួមទាំង ក្រសួងរៀបចំដែនដី រដ្ឋសភា និងខុទ្ទកាល័យអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ។
ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បានប្រមូលផ្ដុំគ្នានៅកន្លែងពួកគេរស់នៅ ដោយប្រើជម្រើសលើកបដាស្រែកតវ៉ា សុំប្លង់កម្មសិទ្ធិ ដោយអះអាងថា ពួកគេបានរស់នៅម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរពុំទាន់ចេញប្លង់កម្មសិទ្ធិឱ្យនៅឡើយ។
ងាកទៅកាន់ពលរដ្ឋនៅបឹងតាមោកមួយរូបទៀត អ្នកស្រី សឿន ស្រីសុទ្ធ សង្ឃឹមថា រដ្ឋាភិបាល និងអាជ្ញាធរ នឹងបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែងនៅតំបន់ចាប់ផ្ដើមមានការអភិវឌ្ឍ ដោយជំនួសមកវិញនូវការអភិវឌ្ឍនៅនឹងកន្លែង និងធ្វើប្លង់កម្មសិទ្ធិឱ្យពលរដ្ឋដែលបានរស់នៅទីនោះរយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកស្រី ស្រីសុទ្ធ និយាយថា៖ «ខ្ញុំសូមស្នើឱ្យគាត់ [លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត] គិតគូរកាត់ឆ្វៀលដី[ពលរដ្ឋរងផលប៉ះពាល់]។ រាល់ការអភិវឌ្ឍកុំឱ្យមានការបណ្ដេញចេញពលរដ្ឋចេញពីលំនៅឋានខ្លួន។ [ពលរដ្ឋបឹងតាមោក] ចង់បានដំណោះស្រាយអភិវឌ្ឍនៅនឹងកន្លែង […] ចង់មានប្លង់កម្មសិទ្ធិ»៕