ខណៈព្រះអាទិត្យកំពុងរៀបលិច ខ្យល់ក៏ធ្លាក់មករសៀកៗនៅក្បែរមាត់បឹងតាមោក ក្នុងសង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែខ្យល់នោះ ក៏អមមកជាមួយនូវក្លិនឆ្អេះឆ្អាប ចេញ​ពីប្លុក​ផ្ទៃទឹកមួ​យកន្លែង ខាង​ក្រោយផ្ទះរបស់ប្រជាសហគមន៍សំរោង​ត្បូង ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ផង​ដែរ។ អ្នក​ភូមិ​នៅ​ទី​នោះ ​រស់​នៅ​ដោយ​ពឹង​លើការនេសាទត្រី​ក្នុង​បឹង​​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ថ្វី​បើ​ផ្ទៃ​បឹង​ភាគ​ច្រើន​ត្រូវ​បាន​ចាក់​ដី​បំពេញ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ហើយ​ក្ដី​។​ 

ប្រជាពលរដ្ឋ​រស់នៅតំបន់​​បឹងតាមោកមួយរូប អ្នកស្រី ស៊ា ដាវី និយាយថា ដើមហេតុ​បង្កឱ្យ​ទឹក​បឹង​​នៅក្បែរ​ផ្ទះ​ពួកគាត់​​មាន​ក្លិនស្អុយ គឺដោយសារអាជ្ញាធរបានចាក់ដីធ្វើជាផ្លូវ កាត់​លើ​ផ្ទៃ​បឹង​មួយ​ផ្នែក នៅខា​ង​ក្រោយ​ផ្ទះរបស់​ពួកគាត់ ដោយទុកចរន្តទឹកហូរមួយច្រកតូច​ ចេញ​ពី​ផ្នែក​ខាង​លើដែ​ល​​​ជា​​កន្លែង​ចិញ្ចឹម​ត្រី ចូលមក​ផ្នែកខាងក្រោយផ្ទះរបស់ពួកគាត់។

ប្រជាបឹងតាមក អ្នកស្រី ស៊ា ដាវី កំពុងចង្អុលទឹកបឹងតាមោកមានក្លិនស្អុយហូរចូលក្រោមផ្ទះរបស់គាត់ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ វ៉ា សុភានុត)

អ្នកស្រីបន្តថា មានពលរដ្ឋបឹងតាមោកចំនួន ៣២ផ្ទះ ក្នុងចំណោមផ្ទះសរុប ១០៨ ដែលរង​ផល​ប៉ះ​ពាល់ បានលក់​និងដោះដូរដីតាមការស្នើសុំពីអាជ្ញាធរ ដោយសារពួក​គាត់​ធុញ​ទ្រាន់​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ការ​ប្រើ​ហិង្សា និងការដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ពីមន្រ្តី​ខណ្ឌ។

អ្នកស្រី ស៊ា ដាវី រៀបរាប់បន្តទៀតថា បញ្ហាក្លិនស្អុយ បានបង្ខំឱ្យគ្រួសារ​ប្អូន​ប្រុស​របស់​អ្នក​ស្រីដែល​ស្នាក់​នៅ​ខាង​ក្រោម​ផ្ទះ នាំគ្នារើឥវ៉ាន់ទៅសម្រាក​ប្រច្រៀតគ្នានៅ​ខាងលើផ្ទះ​ជាមួយ​គ្រួសារ​​អ្នក​ស្រីផង​ដែរ។

អ្នកស្រីថា៖ «អាជ្ញាធរខណ្ឌ គាត់កាយប្រឡាយបង្ហូរទឹកលើចុះមកចូលដីពួកខ្ញុំ។ ទឹកស្រះត្រី​ ទឹកស្អុយ​ទម្លាក់​ចូល​មក​ទឹក​ស្អុយ​ឆ្អាប […] ឥលូវមានកើតជាមូសជាអី ដោយសារទឹកស្អុយ ផ្ទះខាងក្រោម​លិចអស់​ហើយ​[គ្រួសារ​ប្អូន​ប្រុស]​ឡើង​​មក​​លើ»។

បើតាមស្ត្រីរូបនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលទឹកខាងក្រោមផ្ទះរបស់ពលរដ្ឋ​​មាន​ក្លិន​​ស្អុយ ក្រោយអាជ្ញាធរបង្ហូរទឹកកខ្វក់ពីផ្ទៃបឹងផ្នែកខាងលើ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អ្នកស្រី ដាវី ចាត់ទុក​ទង្វើរបស់អាជ្ញាធរ ថា​ជា​ការ​បង្ខំ​ឱ្យពួក​គាត់​ចាក​ចេញ​ពី​លំនៅដ្ឋាន​​ដែល​ពួក​គាត់​បាន​រស់នៅជាច្រើនមកហើយ ហើយករណីនេះ អ្នកស្រីបានស្នើដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ជួយអន្តរាគមន៍ទៅអាជ្ញាធរ​ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។

អ្នកស្រីថា៖ «បងយល់ថា អាជ្ញាធរគាត់ធ្វើបាបប្រជាសហគមន៍ ដើម្បីឱ្យយើងពិបាកក្នុងការរស់នៅ​ហើយយើងបង្ខំចិត្ត​ដោះ​ដូរ​ទៅទីតាំងថ្មីតាមដែលគាត់ចង់បាន»។

ពលរដ្ឋ​បឹង​តាមោក​មួយ​រូប​ទៀត អ្នកស្រី គង់ តឿន អាយុ ៥៨ឆ្នាំ បានលើកឡើងថា មួយ​រយៈ​ចុង​ក្រោយ​នេះ កុមារៗ​នៅក្នុង​សហគមន៍ មានអាការៈ ឈឺភ្នែក ក្អក ផ្ដាសាយ និង​រមាស់​ស្បែក​​​​ជាដើម ក្រោយពីទឹកបឹងមានបញ្ហាឆ្អេះឆ្អាបនេះ។

អ្នកស្រីនិយាយថា៖ «គ្នានៅទំនាបក្រោមៗលិចអស់រលីង។ ផ្ទះខ្លះនៅ[មាន]ជាន់ក្រោម ជាន់លើ ដល់លិច​ទឹក​អាជា​ន់​ក្រោម គ្នានៅអត់កើត គ្នានៅខាងលើ ខ្លះដេកជាន់លើគ្នា»។

ក្រៅ​ពី​ការតវ៉ា និងដើរដាក់ញត្តិសុំកិច្ចអន្តរាគមន៍តាមបណ្ដាស្ថាប័នរដ្ឋធំៗ ប្រជា​សហគមន៍​បឹង​តាមោក ក៏​ប្រឈម​នឹង​ការ​រង​បណ្ដឹង​នៅតុលាការ​ផង​ដែរ ក្រោមការចោទពីបទល្មើសផ្សេងៗ។ ក្រុម​ពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋាន គឺជាដើមបណ្ដឹងប្រឆាំងនឹងសហគមន៍នេះ។

ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បាន​កោះ​ហៅ​សកម្មជន​​បឹង​តាមោកចំនួន ៣នាក់ ដែលសកម្ម​ក្នុងការតវ៉ា​រឿង​ដីធ្លី ឱ្យចូលខ្លួនទៅ​បំភ្លឺ​ពាក់​​ព័ន្ធនឹង​បណ្ដឹង​ប្រឆាំង​អ្នករាជការសាធារណៈ និងហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ តែយ៉ាងណា ប្រជាសហគមន៍បឹងតាមោក បានច្រានចោលការចោទប្រកាន់នេះ ហើយ​ថា អាជ្ញាធរទៅវិញទេ​ជាអ្នកបង្កហិង្សាដាក់ពួកគេ ថែមទាំង​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​​ទៀត។

ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន អ្នកស្រី ប្រាក់ សុភា ប្រជាពលរដ្ឋរស់នៅបឹងតាមោក ដែល​ជា​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​លេច​ធ្លោ​ម្នាក់ ក្នុងការតវ៉ា​ ​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាងកម្ពុជា​ ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣​នេះ​។ អ្នកស្រីបាន​និង​កំពុង​ប្រឈម​​នឹង​បណ្ដឹង​នៅ​តុលាការ​ចំនួន​៣ រួមមាន ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ និង​ហិង្សា​​ដោយ​ចេតនាមានស្ថានទម្ងន់ទោស​, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង​ស្ថាន​ទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និង រារាំង​ញុះញង់​បង្កើត​សកម្ម​ភាព​អនាធិប​តេយ្យ​តាមដងផ្លូវសាធារណៈ​ គិត​តាំង​ពី​ឆ្នាំ​មុន​មក។

Newsroom Cambodia មិនអាចសុំ​ការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខណ្ឌ​ព្រែក​ព្នៅ​ លោក​ ធឹម​ សំអាន​ បានទេ ខណៈអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ខលទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ​ អភិបាលខណ្ឌព្រែកព្នៅរូបនេះ ធ្លាប់ប្រាប់គេហទំព័រ Newsroom Cambodia ថា ប្រជាសហគមន៍សំរោងត្បូងនេះ ​គឺពួកគេបាន​មកតាំង​ទីលំនៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈរបស់រដ្ឋ​ ហេតុនេះអាជ្ញាធរ មិនអាចចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ លោកបន្ត​​ថា អាជ្ញាធរ​បានដោះស្រាយតាមនីតិវិធីច្បាប់ ដោយដោះដូរទៅទីតាំងដីថ្មី ដែល​មាន​ចម្ងាយ​ជិត ២គីឡូ​ម៉ែត្រ ពី​ទី​តាំង​ចាស់ ហើយបាននិងកំពុង​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​រួច​រាល់​ហើយ​ផង​ដែរ។

លោក​ថា៖ «បើមិនព្រម [ដោះដូរដី] រស់នៅ [ទីតាំងចាស់] ហ្នឹងទៅ! ហើយបើរស់នៅ [ជាប់បឹងតាមោក]ហ្នឹង! គឺ​អត់​មាន​អី​ស្រប​ច្បាប់​ទេ ព្រោះ​អត់មានលិខិតស្នាមអីផងហ្នឹង! ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មក​យក​ដី​ដែល​មាន​ទំហំ [ទទឹង] ៤ [ម៉ែត្រ]កន្លះ គុណនឹង [បណ្តោយ] ១៨ [ម៉ែត្រ] ដែលមិនឆ្ងាយពីទីតាំងចាស់ទេ»

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​​​សិទ្ធិ​​កម្ពុ​​ជា លោក វណ្ណ សុផាត លើ​​ក​​​ឡើង​ថា អាជ្ញាធរ និងក្រុមហ៊ុន​ឯកជន កំពុងប្រើតាក់តិចដូច​ដែល​ធ្វើ​ដាក់​ប្រជា​សហគមន៍​បឹង​ទំពន់ កាលពីពេលកន្លងទៅ ដើម្បីបណ្ដេញពលរដ្ឋចេញពីតំបន់នោះ។

លោកបាន​អំពាវនាវឱ្យរដ្ឋាភិបាល គប្បី​មាន​ដំណោះ​ស្រាយ​សម្រាប់​ប្រជាសហគមន៍​បឹង​តាមោក​​ជុំវិញ​វិវាទ​ដី​ធ្លីរាំរ៉ៃ​នេះ។

លោក សុផាត និយាយថា៖ «វាជាអំពើអមនុស្សធម៌ វាជាការមិនអាចទទួលយកបាន។ វាក៏ជាការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ ដែលត្រូវតែពិនិត្យសារឡើងវិញ នូវទង្វើរបស់ក្រុមហ៊ុន និង​អាជ្ញាធរ​​នេះ ហើយ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋគាត់បានរស់នៅសុខសាន្តនៅផ្ទះរបស់គាត់ ដែលបានស្នាក់នៅ និង​អាស្រ័យ​ផល​​​ពី​​ដើម​​មក»។

បើតាមសមាគម​ធាងត្នោត គិតមកដល់​ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវ ដែល​កំណត់​ដោយ​អនុក្រឹត្យ​លេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុប​ចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និង​ស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០​លើក ដែល​មាន​ផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា។

ទាក់ទិននឹងការកាត់ឆ្វៀលផ្ទៃបឹងនេះ ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ដែល​រស់​នៅ​​​ភាគ​​ខាង​ជើ​ង​នៃ​​បឹង​តាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ កំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ហើយពួកគេ​បាន​ធ្វើការ​តវ៉ា​ទៅ​កាន់​​​ស្ថាប័ន​រដ្ឋជាច្រើនរួមទាំង ក្រសួងរៀបចំ​ដែនដី​​ រដ្ឋសភា និងខុទ្ទកាល័យអតីត​​​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន សែន ផងដែរ។

ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បាន​ប្រមូលផ្ដុំគ្នានៅ​កន្លែងពួកគេរស់នៅ ដោយប្រើជម្រើសលើកបដាស្រែកតវ៉ា សុំប្លង់កម្មសិទ្ធិ ដោយ​​​​អះ​អាង​​ថា ពួកគេបានរ​ស់នៅ​ម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរ​ពុំទាន់​ចេញ​ប្លង់​កម្ម​សិទ្ធិឱ្យនៅឡើយ។

ងាកទៅកាន់ពលរដ្ឋនៅ​បឹងតាមោកមួយរូបទៀត អ្នកស្រី សឿន ស្រីសុទ្ធ សង្ឃឹម​ថា រដ្ឋាភិ​បាល​ និង​អាជ្ញាធរ​ នឹង​​បញ្ឈប់​​ការ​​បណ្ដេញ​ពលរដ្ឋ​ចេញ​ពីផ្ទះសម្បែងនៅតំបន់​ចាប់​ផ្ដើម​មាន​ការ​អភិវឌ្ឍ ដោយ​ជំនួស​​មកវិញនូវការអភិវឌ្ឍ​នៅនឹងកន្លែង​​​ និង​ធ្វើប្លង់​កម្មសិទ្ធិ​ឱ្យព​លរដ្ឋ​ដែល​បាន​រស់នៅទី​នោះ​​រយៈ​ពេល​ជាច្រើនឆ្នាំមកហើយ។

អ្នកស្រី ស្រីសុទ្ធ និយាយថា៖ «ខ្ញុំសូមស្នើឱ្យគាត់ [លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត] គិតគូរ​កាត់​ឆ្វៀល​ដី​[ពលរដ្ឋ​រងផលប៉ះពាល់]។ រាល់ការអភិវឌ្ឍកុំឱ្យមានការបណ្ដេញចេញពលរដ្ឋចេញពីលំនៅឋានខ្លួន។ [ពលរដ្ឋ​បឹង​តាមោក] ចង់​បាន​ដំណោះស្រាយអភិវឌ្ឍនៅនឹង​កន្លែង […] ចង់មានប្លង់កម្មសិទ្ធិ»៕