ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង ការការពារ ការទប់ស្កាត់ និងជាការបង្ហាញសារដាស់តឿនដល់ពិភពលោក និងសាធារណជនថា មេរោគជំងឺអេដស៍/ជំងឺអេដស៍ នៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
នៅឆ្នាំនេះដែរ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងដៃគូរសហការដួចជា ក្រុមហ៊ុន Gemin run Cambodia Impulse Phnom Penh និងបុរីប៉េងហួតបឹងស្នោ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ កាលពីថ្ងៃទី០២ ខែធ្នូ ដោយមានការចូលរួមពីសំណាក់យុវជនអ្នកស្ម័គ្រចិត្ត និងពលរដ្ឋជាង ៥០០នាក់។ ការប្រារព្ធទិវានេះ ក៏មានការហែក្បួន ការរត់ប្រណាំង ការបង្ហោះប៉ោងៗចម្រុះពណ៌ ការដាក់បង្ហាញនូវផ្ទាំងរូបភាព ការចែកស្រោមអនាម័យ និងការចងបដាអប់រំពីជំងឺអេដស៍ជាដើម។
ជំនួយការតាមដាន និងវាយតម្លៃ នៅអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ខឿន សម្ភ័ស មានប្រសាសន៍ថា គោលបំណងដែលបង្កើតកម្មវិធីនេះឡើង ជាចំណែកមួយបញ្ជ្រាបការយល់ដឹងដល់យុវជនអំពីបញ្ហានៃការឆ្លងមេរោគអេដស៍ និងជាសារដាក់តឿនមួយដល់សារធារណជន និងពិភពលោកថា មេរោគអេដស៍/ជំងឺអេដស៍ នៅមិនទាន់ដល់ទីបញ្ចប់ទេ ខណៈការឆ្លងរាលដាលនៅតែមានអត្រាខ្ពស់នៅឡើយ។
ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដៃគូច្រើនក្នុងការរួមភេទ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដើម្បីជៀសវាងនឹងការឆ្លងរាលដាលនៃមេរោគអេដស៍។
លោកបន្តថា៖«ទាក់ទងទៅនឹងការលើកកម្ពស់ជំងឺអេដស៍ ការយល់ដឹងអំពីបញ្ហាអេដស៍មានច្រើនហើយ ប៉ុន្តែប្រសិនជាយុវជនមិនថាប្រុស មិនថាស្រីទេ មានដៃគូរប្រឈមជាមួយនឹងការរួមភេទ មិនថាបុរសជាមួយស្ត្រី និងក្រុមបុរស និងបុរសទេ គួរតែមានការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ឱ្យប្រាដកថាយើងមានសុវត្ថិភាព ដើម្បីកុំឱ្យឆ្លងមេរោគអេដស៍ពីដៃគូរប្រឈមជាមួយនឹងយើង ការប្រើប្រាប់ស្រោមអនាម័យមិនធ្វើឱ្យយើងមានទំនុកចិត្តទៅលើការការពារជំងឺអេដស៍នោះទេ វាឱ្យយើងដឹងថាយើងមិនមានការប្រឈមពីបញ្ហាមេរោគអេដស៍១០០ភាគរយ»។
យុវជនស្មគ្រ័ចិត្តដែលចូលរួមរត់ក្នុងទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោក គង់ វង្សវិវឌ្ឍ មានប្រសាសន៍ថា ជំងឺអេដស៍ ជាជំងឺដែលកាចសាហាវ ពិបាករកថ្នាំព្យាបាល ខណៈអ្នកឆ្លងមេរោគនេះ បានរងនូវការរើសអើងពីសំណាក់មនុស្សនៅជុំវិញខ្លួនផងដែរ។
លោកបានថ្លែងថា៖«កន្លងមក យើងសង្កេតឃើញថា ភាគរយនៃការកើនឡើងវិវត្តន៍ខ្លាំងនៃជំងឺមេរោគអេដស៍កំពុងតែមានសន្ទុះកើនឡើង មើលឃើញច្បាស់ ឃើញពីបុគ្គលមួយចំនួនបានរួមរ័ក្សគ្នា ដោយមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងគោរពតាមគោលការណ៍នៃអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត»។
ដោយមានបទពិសោធន៍ការងារផ្នែកវេជ្ជសាស្ត្រផងដែរនោះ លោក គង់ វង្សវិវឌ្ឍ បានបន្ថែមថា៖ «ផលប៉ះពាល់ ក៏ដូចជាផលវិបាកដែលរស់នៅជាមួយនឹងការចម្លងមេរោគអេដស៍ គឺវាអាចមានការទទួលរងនូវការឈឺចុកចាប់[…] នៅក្នុងពេលបច្ចុប្បន្នភាព គឺជំងឺមេរោគអេដស៍ វាអាចជាជំងឺចម្លងមួយដែលអាចបន្តពីសេនដីអ៊ីអេមួយទៅសេនដីអ៊ីនអេមួយទៀត អាចថាជាការបន្តពូជជាមួយបុគ្គលដែលពួកគាត់រួមភេទច្រើនពេក ញឹកញាប់ពេក ឬក៏ច្រើនដងពេក អីចឹងអាចមានការចម្លង គឺច្រើនមែនទែន»។
យុវជនស្ម័គ្រចិត្តមួយរូបទៀត ដែលចូលរួមក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែរនោះ លោក រស់ ពិសិដ្ឋ បានលើកឡើងពីវិធីសាស្ត្រចំនួន៣ ក្នុងការការពារ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ ក្នុងនោះមានទី១ ពេលដែលមានដៃគូរច្រើន ត្រូវមានការការពារដោយប្រើប្រាស់ស្រោមអនាម័យ, ទី២ ប្រសិនជាមានការសង្ស័យឆ្លងមេរោគអេដស៍ ត្រូវតែធ្វើតេស្តឈាមដើម្បីជៀសវាងការឆ្លងទៅអ្នកដទៃ និងទី៣ ប្រជាពលរដ្ឋគ្រប់រូប គួរតែបង្កើនការយល់ដឹងឱ្យកាន់តែច្រើនពីបញ្ហាអេដស៍។
លោកបានថ្លែងថា៖ «ផលប៉ះពាល់ដែលយើងឆ្លងជំងឺអេដស៍ នឹងត្រូវបានគេរើសអើង មិនសូវមានអ្នករាប់អានខ្លាចមានការឆ្លង ហើយត្រូវការថវិកាច្រើនក្នុងការព្យាបាលជំងឺមួយនេះ និងសុខភាពមានការចុះខ្សោយប្រសិនជាមិនមើលថែដិតដល់ ហើយយើងក៏មានការព្រួយបារម្ភជាខ្លាំងដោយសារមានយុវជនមួយចំនួន មិនទាន់យល់ដឹងអំពីជំងឺកាន់តែច្បាស់ និងការទប់ស្កាត់អំពីវា»។
ជាមួយគ្នានេះដែរ យុវជន រស់ ពិសិដ្ឋ ក៏បានសំណូមពរទៅកាន់រាជរដ្ឋាភិបាល ជួយបង្កើនការផ្សព្វផ្សាយបញ្ហាអំពីជំងឺអេដស៍ ឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន ដើម្បីទប់ស្តាក់ការកើនឡើងនូវជំងឺកាចសាហាវមួយនេះ។
មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus ជាវីរុសមួយដែលចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្សដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។ នេះបើតាមការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។
ប្រភពដដែល បន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោគនេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្សរហូតដល់ ១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគបាន។ មនុស្សមួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្លងមេរោគនេះ ខណៈមនុស្សដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោគសញ្ញាខុសពីការរៀបរាប់ខាងលើនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត គាំទ្រចំពោះការរៀបចំប្រារព្ធយុទ្ធនាការផ្សេងៗ រួមនិងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងត្រូវចេះការពារខ្លួនពីការឆ្លង ខណៈថ្មីៗនេះ លោកសង្កេតឃើញមានការផ្សព្វផ្សាយពីការចាប់ផ្តើមរីករាលដាលឡើងវិញនូវការឆ្លងមេរោគអេដស៍នៅកម្ពុជា ដែលជាក្តីបារម្ភមួយ។
លោកបានថ្លែងថា៖«យើងអាចភ្លេចជំងឺអេដស៍បាន ប៉ុន្តែអេដស៍មិនអាចភ្លេចយើងបានទេ អីចឹងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ ជាការក្រើនរំលឹក និងការដាស់តឿនបងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន»។
យោងតាមរបាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ UNAIDS ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុចន្លោះពី ០ ទៅ ១៤ឆ្នាំ។ របាយការណ៍ដដែល បន្តថា ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយមានមនុស្ស ១១.០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។
នៅក្នុងសន្និបាតប្រចាំឆ្នាំ២០២៣របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី៤ ខែធ្នូ លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រនៅឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មីក្នុងចំណោមក្រុមប្រឈម គឺមាន ៦រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងខេត្តព្រះសីហនុ ដែលមានអត្រាឆ្លងរហូតដល់៧២% នៃការឆ្លងថ្មីនៅទូទាំងប្រទេស។ ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគអេដស៍ថ្មីខ្ពស់ជាងគេ ក្នុងចំណោមប្រជាជនគន្លឹះនៅកម្ពុជា។
តាមការវិភាគក្នុងការសិក្សាប៉ាន់ប្រមាណដដែល បានបង្ហាញទៀតថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មី គឺស្ថិតនៅក្នុងចំណោមបុរសនិងក្មេងប្រុសមានចំនួន៧៩% ក្នុងនោះ៨៣%នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬជាក្រុមប្រជាជនគន្លឹះ។ ជាមួយគ្នានោះ ក្រុមបុរសរួមភេទជាមួយបុរសដែលជាយុវវ័យចំនួន៥០% ត្រូវបានរកឃើញថាមិនទទួលស្គាល់ថាខ្លួនជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត ឈឹម យិនដារ៉េត មានប្រសាសន៍ថា ស្ថានភាពនៃការឆ្លងមេរោគអេដស៍នៅកម្ពុជា នៅតែបន្តកើតមាន ហើយបើតាមរបាយការណ៍ កាលពីឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០នាក់ ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ ខណៈអ្នកស្លាប់ជាធម្យមចំនួន ៣នាក់ក្នុងមួយថ្ងៃ។
ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការឆ្លងមេរោគដ៏កាចសាហាវនេះ។
លោកបានថ្លែងថា៖«អីចឹងគឺយើងផ្តោតថាទៅលើយុវជនឱ្យគាត់ចូលរួមកាន់តែជ្រៅទៀតថាជំងឺអេដស៍របស់យើងមិនទាន់ចប់នៅឡើយទេ ហើយប្រសិនជាយើងប្រហែលមិនបានយល់ពីជំងឺអេដស៍ គឺនឹងមានការកើនឡើងនៃការឆ្លង។ សារដែលយើងជូនដល់ថ្ងៃនេះ សូមឱ្យយុវជនការពារខ្លួន ហើយចូលរួមនឹងការសិក្សា កុំឆាប់ប្រលូកស្នេហា ការរួមភេទដែលយើងអាចមានការឆ្លងនឹងមេរោគអេដស៍ ឬក៏ជំងឺឆ្លងផ្សេងៗទៀតដែរ»៕