ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង ការ​ការពារ ការ​​ទប់ស្កាត់ និងជាការ​បង្ហាញសារដាស់តឿនដល់ពិភពលោក​ និង​សាធារណ​ជន​​ថា មេរោគជំងឺអេដស៍/ជំងឺអេដស៍ នៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។​

នៅឆ្នាំនេះដែរ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងដៃគូរសហការដួចជា ក្រុម​ហ៊ុន​ Gemin run Cambodia Impulse Phnom Penh និង​បុរីប៉េងហួតបឹងស្នោ បានប្រារព្ធទិវា​ពិភព​​លោកប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ កាលពីថ្ងៃទី០២ ខែធ្នូ ដោយមានការ​ចូលរួមពីសំណាក់យុវជនអ្នកស្ម័គ្រចិត្ត និងពលរដ្ឋជាង ៥០០នាក់។ ការប្រារព្ធទិវានេះ ក៏មាន​ការហែក្បួន ការរត់​ប្រណាំង ការបង្ហោះប៉ោងៗចម្រុះពណ៌ ការដាក់បង្ហាញនូវផ្ទាំងរូបភាព ការចែកស្រោមអនាម័យ និងការចងបដាអប់រំពីជំងឺអេដស៍ជាដើម។

ជំនួយការតាមដាន និងវាយតម្លៃ នៅអង្គការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ខឿន សម្ភ័ស មានប្រសាសន៍ថា គោលបំណងដែលបង្កើតកម្មវិធីនេះឡើង ជាចំណែកមួយបញ្ជ្រាប​ការ​យល់​ដឹង​​ដល់យុវជនអំពីបញ្ហានៃការឆ្លង​មេរោគអេដស៍ និងជាសារដាក់តឿន​មួយដល់សារធារណជន និងពិភពលោកថា មេរោគអេដស៍/ជំងឺអេដស៍ នៅមិនទាន់​ដល់​ទីបញ្ចប់ទេ ខណៈការឆ្លងរាលដាលនៅតែមានអត្រាខ្ពស់នៅឡើយ។

ករណីនេះ លោក​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដៃគូច្រើនក្នុងការរួមភេទ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដើម្បីជៀសវាងនឹងការឆ្លងរាលដាលនៃមេរោគអេដស៍។

លោកបន្តថា៖«ទាក់ទងទៅនឹងការលើកកម្ពស់ជំងឺអេដស៍ ការយល់ដឹងអំពីបញ្ហាអេដស៍មានច្រើនហើយ ប៉ុន្តែប្រសិន​ជាយុវជនមិនថាប្រុស មិនថាស្រីទេ មានដៃគូរប្រឈមជាមួយ​នឹង​ការរួមភេទ មិនថាបុរសជាមួយស្ត្រី និងក្រុមបុរស និងបុរសទេ គួរតែមានការប្រើប្រាស់​ស្រោម​អនាម័យឱ្យ​បានត្រឹមត្រូវ ឱ្យ​ប្រាដកថាយើងមានសុវត្ថិភាព ដើម្បីកុំឱ្យ​ឆ្លងមេរោគអេដស៍ពីដៃគូរប្រឈមជាមួយនឹងយើង​ ការប្រើប្រាប់ស្រោមអនាម័យមិនធ្វើឱ្យ​យើងមានទំនុកចិត្តទៅលើការការពារជំងឺអេដស៍នោះទេ វាឱ្យ​យើងដឹងថាយើងមិនមានការប្រឈមពីបញ្ហាមេរោគអេដស៍១០០ភាគរយ»។

យុវជនស្មគ្រ័ចិត្តដែល​ចូលរួម​រត់​ក្នុង​ទិវាប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍ លោក គង់ វង្សវិវឌ្ឍ មាន​ប្រសាសន៍ថា ជំងឺអេដស៍ ជាជំងឺដែលកាចសាហាវ ពិបាករកថ្នាំ​ព្យាបាល ខណៈអ្នកឆ្លង​មេរោគនេះ បានរងនូវការរើសអើងពីសំណាក់មនុស្ស​នៅជុំវិញខ្លួនផងដែរ។

លោកបានថ្លែងថា៖«កន្លងមក យើងសង្កេតឃើញថា ភាគរយនៃការកើនឡើងវិវត្តន៍ខ្លាំងនៃ​ជំងឺមេរោគ​អេដស៍កំពុង​តែ​មាន​សន្ទុះកើនឡើង មើលឃើញច្បាស់ ឃើញពីបុគ្គលមួយ​ចំនួន​បានរួមរ័ក្ស​គ្នា ដោយមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងគោរពតាមគោលការណ៍នៃអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត»។

ដោយមានបទពិសោធន៍ការងារផ្នែកវេជ្ជសាស្ត្រ​ផងដែរនោះ លោក គង់ វង្សវិវឌ្ឍ បាន​បន្ថែមថា៖ «ផលប៉ះពាល់ ក៏ដូចជាផលវិបាកដែលរស់នៅជាមួយ​នឹង​ការចម្លង​មេរោគអេដស៍ គឺវាអាចមានការ​ទទួលរងនូវការឈឺចុកចាប់[…] នៅក្នុងពេលបច្ចុប្បន្នភាព គឺជំងឺមេរោគអេដស៍ វាអាចជាជំងឺចម្លងមួយដែលអាចបន្តពីសេនដីអ៊ីអេមួយទៅសេនដីអ៊ីនអេមួយទៀត អាចថាជាការបន្តពូជជាមួយបុគ្គលដែលពួកគាត់រួមភេទច្រើនពេក ញឹកញាប់ពេក ឬក៏ច្រើនដងពេក អីចឹងអាចមានការចម្លង គឺច្រើនមែនទែន»

យុវជនស្ម័គ្រចិត្ត​មួយរូបទៀត ដែលចូលរួមក្នុងការប្រារព្ធទិវា​ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែរនោះ លោក រស់ ពិសិដ្ឋ បានលើកឡើងពីវិធីសាស្ត្រ​​ចំនួន៣​ ក្នុងការការពារ និងទប់ស្កាត់​​ការឆ្លង​​មេរោគអេដស៍ ក្នុងនោះមានទី១ ពេលដែលមានដៃគូរច្រើន ត្រូវមានការការពារដោយ​ប្រើ​ប្រាស់ស្រោម​អនាម័យ​, ទី២ ប្រសិនជាមានការសង្ស័យឆ្លងមេរោគអេដស៍ ត្រូវតែធ្វើតេស្តឈាម​ដើម្បី​ជៀស​វាង​ការឆ្លងទៅអ្នកដទៃ និងទី៣ ប្រជាពលរដ្ឋគ្រប់រូប គួរតែបង្កើនការយល់ដឹងឱ្យកាន់តែច្រើនពីបញ្ហាអេដស៍។

លោកបានថ្លែងថា៖ «ផលប៉ះពាល់ដែលយើងឆ្លងជំងឺអេដស៍ នឹងត្រូវបានគេរើសអើង មិនសូវមាន​អ្នក​រាប់​អាន​ខ្លាចមានការឆ្លង ហើយត្រូវការថវិកាច្រើន​ក្នុងការព្យាបាលជំងឺមួយនេះ និងសុខ​ភាព​មាន​ការចុះខ្សោយ​ប្រសិនជាមិនមើលថែដិតដល់ ហើយយើង​ក៏មានការព្រួយបារម្ភជាខ្លាំងដោយសារមានយុវជនមួយចំនួន មិនទាន់យល់​ដឹងអំពីជំងឺកាន់តែច្បាស់ និងការទប់ស្កាត់​អំពីវា»។

ជាមួយគ្នានេះដែរ យុវជន រស់ ពិសិដ្ឋ ក៏បានសំណូមពរទៅកាន់រាជរដ្ឋាភិបាល ជួយបង្កើន​ការ​​ផ្សព្វផ្សាយបញ្ហាអំពីជំងឺអេដស៍ ឱ្យ​ប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន ដើម្បីទប់ស្តាក់ការកើនឡើងនូវជំងឺកាចសាហាវមួយនេះ។

មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus ជាវីរុស​មួយ​ដែល​ចូល​ទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្ស​ដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។ នេះបើតាម​ការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។

ប្រភពដដែល បន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោគនេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្ស​រហូតដល់ ១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគបាន។ មនុស្ស​មួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្លងមេរោគនេះ ខណៈមនុស្ស​ដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោគសញ្ញាខុសពីការរៀបរាប់ខាងលើនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារ​​សិទ្ធិមនុស្សលីកាដូ លោក​ អំ សំអាត គាំទ្រ​ចំពោះការរៀបចំប្រារព្ធយុទ្ធនាការ​ផ្សេងៗ រួមនិងការប្រារព្ធទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺ​អេដស៍ ដើម្បីជាការ​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យ​​មានការប្រុងប្រយ័ត្ន និង​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​​ពី​ការ​ឆ្លង ខណៈថ្មីៗនេះ លោកសង្កេតឃើញមានការផ្សព្វផ្សាយ​ពីការចាប់ផ្តើម​​រីក​រាល​ដាល​ឡើង​វិញ​នូវ​ការឆ្លងមេរោគអេដស៍នៅកម្ពុជា ដែលជាក្តីបារម្ភមួយ។​

លោកបានថ្លែងថា៖«យើងអាចភ្លេចជំងឺអេដស៍បាន ប៉ុន្តែអេដស៍​មិនអាចភ្លេចយើងបានទេ អីចឹងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ ជាការក្រើនរំលឹក និង​ការដាស់តឿនបងប្អូនប្រជាពលរដ្ឋ ឱ្យ​មានការប្រុងប្រយ័ត្ន​​»។

យោងតាមរបាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ UNAIDS ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅ​ចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុ​ចន្លោះពី ០ ទៅ​ ១៤ឆ្នាំ។ របាយការណ៍ដដែល បន្តថា​ ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគ​អេដស៍របស់ពួកគេ ហើយមាន​មនុស្ស ១១.០០០នាក់​ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។

នៅក្នុងសន្និបាត​ប្រចាំឆ្នាំ២០២៣របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី​៤ ខែធ្នូ លោក អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រនៅឆ្នាំ២០២៣ ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍​ថ្មី​ក្នុងចំណោម​ក្រុមប្រឈម គឺមាន ៦រាជធានី​-​ខេត្ត រួម​មាន​​រាជធានី​ភ្នំពេញ ​ខេត្តសៀមរាប​​ ខេត្ត​​បាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ​ និងខេត្តព្រះសីហនុ ដែល​មានអត្រាឆ្លងរហូតដល់​៧២% នៃការឆ្លងថ្មី​នៅទូទាំងប្រទេស។ ​ក្នុងនោះ ខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគ​អេដស៍ថ្មី​ខ្ពស់ជាងគេ​ ក្នុងចំណោមប្រជាជនគន្លឹះនៅកម្ពុជា​​។

តាមការវិភាគក្នុងការ​សិក្សាប៉ាន់ប្រមាណ​ដដែល បានបង្ហាញទៀតថា កំណើននៃការឆ្លង​​មេរោគអេដស៍ថ្មី គឺស្ថិតនៅក្នុងចំណោម​បុរស​និងក្មេងប្រុសមានចំនួន​៧៩% ក្នុងនោះ​៨៣​%​នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬ​ជាក្រុម​ប្រជាជនគន្លឹះ​។ ជាមួយគ្នានោះ ក្រុមបុរស​រួមភេទ​ជាមួយបុរស​ដែលជាយុវវ័យ​ចំនួន​​​៥០% ត្រូវ​បាន​រកឃើញថាមិនទទួលស្គាល់​ថាខ្លួន​ជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ​។

អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត ឈឹម យិនដារ៉េត មានប្រសាសន៍​ថា ស្ថានភាពនៃការឆ្លងមេរោគអេដស៍នៅកម្ពុជា នៅតែបន្តកើតមាន ហើយបើតាមរបាយការណ៍ កាលពីឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០នាក់​ ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ ខណៈអ្នកស្លាប់ជាធម្យម​ចំនួន ៣នាក់ក្នុងមួយថ្ងៃ។

ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន ត្រូវមានការប្រុងប្រយ័ត្ន​ និងការពារខ្លួនពីការឆ្លងមេរោគដ៏កាចសាហាវនេះ។

លោកបានថ្លែងថា៖«អីចឹងគឺយើងផ្តោតថាទៅលើយុវជនឱ្យគាត់​ចូលរួមកាន់តែជ្រៅ​ទៀត​ថា​ជំងឺអេដស៍​របស់​យើងមិន​ទាន់​ចប់​នៅឡើយទេ ហើយប្រសិនជាយើងប្រហែល​មិនបានយល់ពី​ជំងឺអេដស៍ គឺនឹងមានការកើនឡើងនៃការ​ឆ្លង។ សារដែលយើងជូនដល់ថ្ងៃនេះ សូមឱ្យ​យុវជនការពារខ្លួន ហើយចូលរួមនឹងការសិក្សា កុំឆាប់ប្រលូក​ស្នេហា ការរួមភេទដែល​យើងអាចមានការឆ្លង​នឹងមេរោគអេដស៍​ ឬក៏ជំងឺឆ្លងផ្សេងៗទៀតដែរ»៕