«បើយើងរស់នៅដោយមានការបៀតបៀន ផ្តល់សម្ពាធដោយប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់[ស្រី និងកុមារ] នោះមិនមែនជាការរស់នៅដែលមានសុខសន្តិភាពនោះទេ»។
នេះជាការលើកឡើងរបស់កញ្ញា ជា ម៉ារ៉ា វ័យ ២២ឆ្នាំ ដែលជាយុវតីស្ម័គ្រចិត្តម្នាក់បានចូលរួមជិះកង់តាមផ្លូវសាធារណៈជាមួយក្រុមយុវជនប្រមាណជិត ៤០នាក់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ការជិះកង់ជាក្បួនតាមផ្លូវសាធារណៈនេះ ផ្តើមចេញពីវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ។
ក្នុងសំលៀកបំពាក់ពាក់អាវយឺតស មួកប៉ារ៉ា និងវែនតាខ្មៅ យុវតី ជា ម៉ារ៉ាជានិសិត្សជំនាញភាសាជប៉ុន នៅវិទ្យាស្ថានភាសារបរទេស IFL បានលើកឡើងថា ការចូលរួមជិះកង់ក្នុងយុទ្ធនាការ១៦ថ្ងៃនេះ ដោយសារកញ្ញាចង់ចូលរួមផ្សព្វផ្សាយដល់សាធារណជន ពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សាទៅលើស្រ្តី និងកុមារ និងចង់ឱ្យមានការលុបបំបាត់បញ្ហានេះ។
កញ្ញាបានថ្លែងថា៖ «[ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ]ជារូបភាពមួយដ៏ល្អបំផុតធ្វើឱ្យសង្គមរបស់យើងមានភាពល្អប្រសើរ។អភិវឌ្ឍន៍ទៅលើស្ត្រីនិងកុមារ ធ្វើឱ្យពួកគាត់រស់នៅក្នុងសង្គមមួយនេះ ទទួលបានការការពារពីសាធារណជនដែលជាភេទបុរស»។
យុវតីម្នាក់ទៀតដែលជាតំណាងឱ្យក្រុមនារីឃ្មុំ កញ្ញា រ៉ម យ៉ារី បានលើកឡើងដែរថា ការជិះកង់ក្នុងយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៤ ក្នុងនោះគឺដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រ្តី, ផ្សព្វផ្សាយអំពីការយល់ដឹងសិទ្ធិស្រ្តី បង្ហាញការគ្រាំទ្រទៅដល់យុវជន និងជាការអំពាវនាវដល់មហាជនទាំងអស់ចូលរួមគ្នាបញ្ឈប់អំពើហិង្សាទៅលើស្រ្តីនិងកុមារី។
កញ្ញាបានថ្លែងថា៖ «ថ្វីត្បិតប្រទេសកម្ពុជាមានការអភិវឌ្ឍច្រើន ប៉ុន្តែការរីកដុះដាលសិទ្ធិ និងការអនុវត្តច្បាប់ហ្នឹង វានៅមានការវឹកវរច្រើន ហើយយើងមើលឃើញថា ការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងកុមារ កុំថាឡើយអំពើហិង្សាទៅលើរាងកាយ ផ្លូវភេទ ទៅលើហិញ្ញវត្ថុ វានៅតែបន្តកើតមានឡើង»។
ជាយុវជនស្ម័គ្រចិត្តម្នាក់ទៀតដែលចូលរួមក្នុងការជិះកង់ដែរនោះ លោក គង់ វង្សវិឌ្ឍ បានលើកឡើងថា នៅក្នុងច្បាប់របស់កម្ពុជា បញ្ជាក់ហើយថា មនុស្សប្រុស ឬមនុស្សស្រី ពួកគាត់មានសិទ្ធិស្មើគ្នាក្នុងការសម្រេចចិត្ត ដូច្នេះការលុបបំបាត់អំពើហិង្សាទៅលើស្ត្រីនិងកុមារី គឺជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីឱ្យស្ត្រីមានសិទ្ធសេរីភាពក្នុងការសម្រេចចិត្ត មានមុខរបរ ក៏ដូចជាមានសិទ្ធិពេញលេញក៏ដូចជាបុរសផងដែរ។
លោកបានថ្លែងថា៖ «យុទ្ធនាការមួយនេះ ជាមធ្យោបាយមួយជាគោលដៅមួយ ដើម្បីយើងបញ្ឈប់ការប្រើអំពើហិង្សាទៅលើស្រ្តី និងក្មេងស្រី ឱ្យគាត់បានយល់ដឹងអំពីចំណេះដឹង ក៏ដូចជាក្រុមមួយចំនួន ធ្វើការគោរពសមភាពយេនឌ័រឱ្យបានច្បាស់លាស់ ហើយមួយទៀតធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យមានការរើសអើង កុំឱ្យមានការប្រៀតបៀនវាយប្រហារ កុំឱ្យមានការជិះជាន់ក្មេងស្រី ឬស្ត្រី»។
ជាមួយគ្នានេះដែរ លោក គង់ វង្សវិឌ្ឍ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីលុបបំបាត់អំពើហិង្សា លើកកម្ពស់សិទ្ធិស្ត្រី និងជំរុញទឹកចិត្តស្រ្តីឱ្យក្លាហានក្នុងការធ្វើកិច្ចការដែលខ្លួនពេញចិត្ត។
លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថា នៅក្នុងប្រទេសកម្ពុជារបស់យើងជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ ប៉ុន្តែវានូវតែមានការផលប៉ះពាល់ដែលអាចធ្វើឱ្យមនុស្សស្រីមួយចំនួន មិនសូវមានភាពក្លាហាន ក្នុងការនិយាយជាសាធារណៈ។ បើជាជំហរខ្លួនខ្ញុំ យុទ្ធនាការមួយនេះ ជាការជំរុញទឹកចិត្ត ជាការលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រី ឬក៏មនុស្សទូទៅ ឱ្យពួកគាត់ហ៊ាននិយាយជាខ្លួនឯង ហ៊ានផ្សព្វផ្សាយពីខ្លួនឯង ដើម្បីគ្រាំទ្រទៅលើស្រ្តី[…]ជាពិសេសក្នុងការគោរពភាពស្មើគ្នារវាងបុរសនិងស្ត្រីផងដែរ»។
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២១ ឱ្យដឹងថាអំពើហិង្សាលើស្ត្រីនៅតែរីករាលដាលខ្លាំង ហើយចាប់ផ្តើមពីក្មេងស្រី។ របាយការណ៍ បានបញ្ជាក់ទៀតថា ពេញមួយជីវិតរបស់ស្ត្រី ១នាក់ក្នុងចំណោម ៣នាក់ ឬមានប្រមាណ ៧៣៦លាននាក់ ត្រូវបានទទួលរងនូវអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ដោយដៃគូ ឬមិនមែនជាដៃគូរ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រី សិទ្ធិការងារ និងសិទ្ធិមនុស្ស ក៏បានរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារនេះដែរ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ និងយុត្តិធម៌សង្គម។ ក្នុងយុទ្ធនាការដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់នោះ តំណាងអង្គការទាំងនោះ បានស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី ដើម្បីបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព។ យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត មានប្រសាសន៍ថា ការធ្វើយុទ្ធនាការនេះជារៀងរាល់ឆ្នាំ ជារឿងមួយល្អ ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែកយេនឌ័រ។ លោកបន្តថា ក្រៅពីការជិះកង់របស់ក្រុមយុវជននេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន២០ ក៏បានដាក់ញត្តិទៅក្រសួងស្ថាប័នពាក់ព័ន្ធ ស្នើឱ្យមានការកែទម្រង់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព និងលុបបំបាត់នូវរាល់ទម្រង់រើសអើងលើស្ត្រីជាដើម។
លោកបានថ្លែងថា៖ «អីចឹងការដែលធ្វើយុទ្ធនាការដើម្បីឱ្យជិះកង់ដើម្បីបង្ហាញនូវសាធារណជនរួមគ្នា ទប់ស្តាត់នូវអំពើហិង្សាផ្នែកលើយេនឌ័រ ឬស្ត្រី និងកុមារនេះ ជាសារមួយសំខាន់ឱ្យប្រជាពលរដ្ឋមានការយល់ដឹង។ ទី២ ការដាក់ញត្តិនេះ គឺយើងចង់ឱ្យក្រសួងស្ថាប័នរបស់រដ្ឋាភិបាល ធ្វើយ៉ាងណាធ្វើការកំណែទម្រង់ជួយបង្កើតនូវគោលនយោបាយ វិសោធនកម្មច្បាប់ផ្សេងៗ ដើម្បីលើកកម្ពស់ទៅលើសិទ្ធិស្ត្រី លើកកម្ពស់ទៅលើយេនឌ័រ លុបបំបាត់ទៅលើការើសអើងលើស្រ្តីភេទ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្នា»។
អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា បញ្ហាអំពើហិង្សាលើស្ត្រី នៅតែបន្តកើតមាន ប៉ុន្តែក្រសួង និងអ្នកពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់។
លោកស្រីថ្លែងថា៖ «រឿងអំពើហិង្សា បើយើងនិយាយទាំងអស់គ្នាបើនិយាយទៅមិនអាចកាត់ផ្តាច់បញ្ឈប់ផ្នត់គំនិតមនុស្សបានមែនប៉ុន្តែអ្វីដែលសំខាន់ ក្រសួងកិច្ចការនារី និងអ្នកពាក់ព័ន្ធ ខិតខំប្រឹងប្រែងព្យាយាមឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ និងប្រព័ន្ធឌីជីថល ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងការឆ្លើយតបសេវាក៏ដូចជាការទប់ស្កាត់អំពើហិង្សាទៅលើស្រ្តី អីចឹងយើងនៅតែអនុវត្ត នៅតែបន្តនូវសកម្មភាពរបស់យើង ហើយយើងក៏ទទួលស្គាល់ថាអំពើហិង្សានៅតែបន្តកើតមានឡើង ប៉ុន្តែបើតាមCDHS (Cambodia Demographic and Health Survey) អំពើហិង្សាក្នុងគ្រួសារ មានការថយចុះ»។
បើតាមលោកស្រី ស ស៊ីណែត នៅឆ្នាំនេះ ក្រសួងក៏បានធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះដែរ ដោយមានរៀបចំនូវសកម្មភាពជាច្រើន ដូចជា ការរៀបចំវេទិកាជួបផ្ទាល់ជាមួយនឹងក្រុមគោលដៅ សិស្ស និស្សិត, ការរំលេចសារនានាពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារនៅទីតាំងមួយចំនួន, ការធ្វើយុទ្ធនាការតាមប្រព័ន្ធអនឡាញ ដោយមានការរៀបចំជាសារគន្លិះៗដើម្បីផុសនៅក្នុងបណ្តាញសង្គម និងការរៀបចំកម្មវិធីផ្សេងៗរបស់ក្រុមគោលដៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។
ក្រៅពីនោះ លោកស្រីថា ក្រសួងក៏មានសេវាផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងផ្លូវចិត្ត ជួយដល់ជនរងគ្រោះផងដែរ។
ត្រឡប់មកកាន់យុវតីវ័យក្មេង ជា ម៉ារ៉ា វិញ កញ្ញារំពឹងថា៖ «នាងខ្ញុំសង្ឃឹមថា នឹងមានការលុបបំបាត់អំពើហិង្សា[លើស្រ្តី និងកុមារ]មួយនេះនូវពេលអនាគត ប្រជាជននៅកម្ពុជាទាំងអស់ នឹងមានការយល់ដឹងច្បាស់ថា ការប្រើអំពើហិង្សាទៅលើកុមារនិងស្រ្តី ជារូបភាពមួយដែលមិនសមស្របនៅក្នុងសង្គម ហើយយើងត្រូវតែលុបបំបាត់សកម្មភាពមួយនេះជាចំបាច់ ពីព្រោះស្ត្រី និងកុមារត្រូវមានការរស់នៅប្រកបដោយសេចក្តីសុខ និងសុវត្ថិភាព»៕