«បើយើងរស់នៅ​ដោយមានការបៀតបៀន ផ្តល់​សម្ពាធ​​​ដោយប្រើប្រាស់​​អំពើ​ហិង្សាទៅលើពួកគាត់[ស្រី និងកុមារ] នោះមិនមែនជាការ​​រស់នៅដែលមាន​សុខសន្តិភាព​នោះទេ»។

នេះជាការលើកឡើងរបស់កញ្ញា ជា ម៉ារ៉ា វ័យ ២២ឆ្នាំ ដែលជាយុវតីស្ម័គ្រចិត្ត​​ម្នាក់បានចូលរួមជិះកង់​តាមផ្លូវសាធារណៈជាមួយក្រុមយុវជនប្រមាណជិត ៤០នាក់ផ្សេងទៀត ដើម្បីផ្សព្វ​ផ្សាយ​​ពីយុទ្ធនាការ​១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ការជិះកង់​​ជាក្បួនតាមផ្លូវសាធារណៈនេះ ផ្តើមចេញពីវិទ្យាល័យ​ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែល​មាន​ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ។

ក្នុងសំលៀកបំពាក់ពាក់អាវយឺតស មួកប៉ារ៉ា និងវែនតាខ្មៅ យុវតី ជា ម៉ារ៉ាជានិសិត្ស​ជំនាញ​ភាសាជប៉ុន នៅវិទ្យាស្ថានភាសារបរទេស​ IFL បានលើកឡើងថា ការចូលរួមជិះកង់ក្នុងយុទ្ធនា​ការ១៦ថ្ងៃនេះ ដោយសារ​កញ្ញា​ចង់ចូលរួមផ្សព្វផ្សាយដល់សាធារណជន ពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សាទៅលើស្រ្តី និងកុមារ និងចង់ឱ្យមានការ​លុបបំបាត់បញ្ហានេះ។ 

កញ្ញាបានថ្លែងថា៖ «[ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ]ជារូបភាពមួយដ៏ល្អបំផុតធ្វើឱ្យ​សង្គមរបស់យើងមានភាពល្អប្រសើរអភិវឌ្ឍន៍ទៅលើស្ត្រីនិងកុមារ ធ្វើឱ្យ​ពួកគាត់រស់នៅក្នុងសង្គមមួយនេះ ទទួលបានការកាពារពី​សាធារណជនដែលជាភេទបុរស»។

យុវតីម្នាក់ទៀតដែលជាតំណាងឱ្យក្រុមនារីឃ្មុំ កញ្ញា រ៉ម យ៉ារី បានលើកឡើង​ដែរថា ការជិះកង់​​ក្នុងយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារនេះ ធ្វើឡើង​ក្នុងគោលបំណង​សំខាន់​ចំនួន៤ ក្នុងនោះគឺដើម្បី​​ចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រ្តី​, ផ្សព្វផ្សាយអំពីការយល់​ដឹង​សិទ្ធិស្រ្តី បង្ហាញការគ្រាំទ្រទៅដល់យុវជន និងជាការ​អំពាវនាវដល់​មហាជនទាំងអស់ចូលរួមគ្នាបញ្ឈប់អំពើហិង្សាទៅលើស្រ្តីនិងកុមារី។

កញ្ញាបានថ្លែងថា៖ «ថ្វីត្បិតប្រទេសកម្ពុជាមានការអភិវឌ្ឍច្រើន ប៉ុន្តែការរីកដុះដាលសិទ្ធិ និងការអនុវត្តច្បាប់​ហ្នឹង វានៅមានការវឹកវរច្រើន ហើយយើងមើលឃើញថា ការប្រើប្រាស់អំពើហិង្សា​លើស្ត្រី និង​កុមារ កុំថាឡើយអំពើហិង្សាទៅលើរាងកាយ ផ្លូវភេទ ទៅលើហិញ្ញវត្ថុ វានៅតែបន្តកើតមានឡើង»

ជាយុវជនស្ម័គ្រចិត្តម្នាក់ទៀតដែលចូលរួមក្នុងការជិះកង់ដែរនោះ លោក គង់ វង្សវិឌ្ឍ បានលើកឡើង​ថា នៅក្នុងច្បាប់​របស់កម្ពុជា បញ្ជាក់ហើយថា មនុស្សប្រុស ឬមនុស្សស្រី ពួក​គាត់មាន​សិទ្ធិស្មើ​គ្នាក្នុងការសម្រេចចិត្ត ដូច្នេះការលុបបំបាត់អំពើហិង្សា​ទៅលើស្ត្រីនិងកុមារី គឺជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីឱ្យ​ស្ត្រីមានសិទ្ធសេរីភាពក្នុងការសម្រេចចិត្ត មានមុខរបរ ក៏ដូចជាមានសិទ្ធិពេញលេញក៏ដូចជាបុរស​ផងដែរ។

លោកបានថ្លែងថា៖ «យុទ្ធនាការមួយនេះ ជាមធ្យោបាយមួយជាគោលដៅមួយ ដើម្បីយើងបញ្ឈប់ការប្រើអំពើហិង្សាទៅលើស្រ្តី និងក្មេងស្រី ឱ្យ​គាត់បានយល់ដឹងអំពីចំណេះដឹង ក៏ដូចជាក្រុមមួយ​ចំនួន ធ្វើការគោរពសមភាពយេនឌ័រ​ឱ្យ​​បានច្បាស់លាស់ ​ហើយមួយទៀតធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យ​​មានការរើសអើង កុំឱ្យ​មានការប្រៀតបៀនវាយ​​ប្រហារ កុំឱ្យ​មានការជិះជាន់​ក្មេងស្រី ឬស្ត្រី»

ជាមួយគ្នានេះដែរ លោក គង់ វង្សវិឌ្ឍ ក៏បាន​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមក្នុង​​​យុទ្ធនាការនេះ ដើម្បីលុបបំបាត់អំពើហិង្សា លើកកម្ពស់សិទ្ធិស្ត្រី និងជំរុញទឹកចិត្តស្រ្តីឱ្យក្លា​ហានក្នុងការធ្វើកិច្ចការដែលខ្លួនពេញចិត្ត។ 

លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថា នៅក្នុងប្រទេសកម្ពុជារបស់យើងជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ ប៉ុន្តែវានូវតែមានការផលប៉ះពាល់ដែលអាចធ្វើឱ្យ​មនុស្សស្រីមួយចំនួន មិនសូវមានភាពក្លាហាន ក្នុងការនិយាយជាសាធារណៈ បើជាជំហរខ្លួន​ខ្ញុំ យុទ្ធនាការ​មួយ​​នេះ ជាការជំរុញ​ទឹកចិត្ត ជាការលើកទឹកចិត្តដល់ស្ត្រី និង​ក្មេងស្រី ឬក៏មនុស្សទូទៅ ឱ្យ​ពួកគាត់ហ៊ាននិយាយជាខ្លួន ហ៊ានផ្សព្វផ្សាយពីខ្លួន ដើម្បីគ្រាំទ្រទៅលើស្រ្តី[…]ជាពិសេសក្នុងការគោរពភាពស្មើគ្នារវាងបុរសនិងស្ត្រីផងដែរ»

យោងតាមរបាយការណ៍​អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២១ ឱ្យដឹងថាអំពើ​ហិង្សាលើ​ស្ត្រីនៅ​តែ​រីក​រាល​ដាលខ្លាំង ហើយចាប់ផ្តើមពីក្មេងស្រី។ របាយ​ការ​ណ៍​ បានបញ្ជាក់ទៀតថា ពេញមួយ​ជីវិត​របស់​ស្ត្រី ១នាក់ក្នុងចំណោម ៣​នាក់ ឬមានប្រមាណ ៧៣៦លាននាក់ ត្រូវបានទទួល​រង​នូវអំពើហិង្សាផ្លូវកាយ ឬផ្លូវភេទ ដោយដៃគូ ឬមិនមែនជាដៃគូរ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ស្ត្រី សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស ក៏បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​នេះដែរ ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ និង​យុត្តិ​ធម៌​​សង្គម​។ ក្នុងយុទ្ធនាការដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់​នោះ តំណាងអង្គការ​ទាំងនោះ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សិទ្ធិ​សកម្មជន និង​​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ដើម្បី​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព ជាពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព។ យុទ្ធនាការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារ​សិទ្ធិមនុស្សលីកាដូ លោកអំ សំអាត មានប្រសាសន៍​ថា ការធ្វើយុទ្ធនាការនេះ​ជារៀងរាល់ឆ្នាំ ជារឿងមួយ​ល្អ ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែក​​យេនឌ័រ។ លោកបន្តថា ក្រៅពីការជិះកង់របស់ក្រុមយុវជននេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន២០ ក៏បានដាក់ញត្តិទៅ​ក្រសួងស្ថាប័នពាក់ព័ន្ធ ស្នើឱ្យមានការ​កែទម្រង់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព និងលុបបំបាត់នូវរាល់ទម្រង់រើសអើងលើស្ត្រីជាដើម។ 

លោកបានថ្លែងថា៖ «អីចឹងការដែលធ្វើយុទ្ធនាការដើម្បីឱ្យ​​ជិះកង់ដើម្បីបង្ហាញនូវសាធារណជនរួមគ្នា ទប់ស្តាត់នូវអំពើហិង្សាផ្នែកលើយេនឌ័រ ឬស្ត្រី និង​កុមារនេះ ជា​សារមួយសំខាន់ឱ្យ​ប្រជាពលរដ្ឋមានការយល់ដឹង ទី២ ការដាក់ញត្តិនេះ គឺយើងចង់ឱ្យ​ក្រសួងស្ថាប័ន​របស់រដ្ឋាភិបាល ធ្វើយ៉ាងណា​ធ្វើការកំណែទម្រង់ជួយបង្កើតនូវគោលនយោបាយ​ វិសោធនកម្មច្បាប់ផ្សេងៗ ដើម្បីលើកកម្ពស់ទៅលើសិទ្ធិស្ត្រី លើកកម្ពស់ទៅលើយេនឌ័រ​ លុបបំបាត់ទៅលើការើសអើងលើស្រ្តីភេទ ក៏ដូចជាអ្នកស្រឡាញ់ភេទដូចគ្ន»

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា បញ្ហាអំពើហិង្សាលើស្ត្រី នៅតែបន្តកើតមាន ប៉ុន្តែក្រសួង និងអ្នកពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់។ 

លោក​ស្រីថ្លែងថា៖ «រឿងអំពើហិង្សា បើយើងនិយាយទាំងអស់គ្នាបើនិយាយទៅ​មិនអាចកាត់ផ្តាច់បញ្ឈប់ផ្នត់គំនិតមនុស្សបានមែនប៉ុន្តែអ្វីដែលសំខាន់​ ក្រសួងកិច្ចកានារី និងអ្នកពាក់ព័ន្ធ ខិតខំប្រឹងប្រែព្យាយាមឱ្យ​ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ និង​ប្រពន្ធឌីជីថល ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ​ និង​ការឆ្លើយតបសេវាក៏ដូចជាការទប់ស្កាត់អំពើហិង្សាទៅលើស្រ្តី អីចឹងយើងនៅតែអនុវត្ត នៅតែបន្តនូវសកម្មភាពរបស់យើង ហើយយើងក៏ទទួលស្គាល់ថាអំពើហិង្សានៅតែបន្តកើតមានឡើង ប៉ុន្តែបើតាមCDHS (Cambodia Demographic and Health Survey) អំពើហិង្សាក្នុងគ្រួសារ​ មានការថយចុះ»

បើតាមលោកស្រី ស ស៊ីណែត នៅឆ្នាំនេះ ក្រសួងក៏បាន​ធ្វើ​យុទ្ធនា​ការ១៦ថ្ងៃ​ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះដែរ​ ដោយ​មាន​រៀបចំនូវ​សកម្មភាពជាច្រើន ដូចជា ការរៀបចំ​វេទិកាជួប​ផ្ទាល់​ជាមួយ​នឹង​ក្រុមគោលដៅ សិស្ស និស្សិត, ការ​រំលេចសារនានាពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារនៅទីតាំងមួយចំនួន​,​ ការ​ធ្វើយុទ្ធនាការ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​មានការរៀប​ចំ​ជា​សារគន្លិះ​ៗដើម្បីផុសនៅក្នុងបណ្តាញសង្គម និង​ការ​រៀបចំកម្មវិធីផ្សេងៗរបស់​​ក្រុមគោល​ដៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។ 

ក្រៅពីនោះ លោកស្រីថា ក្រសួងក៏មាន​សេវាផ្តល់​ការប្រឹក្សាផ្នែកច្បាប់ និង​ផ្លូវចិត្ត ជួយដល់ជនរងគ្រោះផងដែរ។ 

ត្រឡប់មកកាន់យុវតីវ័យក្មេង ជា ម៉ារ៉ា វិញ កញ្ញារំពឹងថា៖ «នាងខ្ញុំសង្ឃឹមថា នឹងមានការលុបបំបាត់អំពើហិង្សា[លើស្រ្តី និងកុមារ]មួយនេះនូវពេលអនាគត ប្រជាជននៅកម្ពុជាទាំងអស់ នឹងមានការ​យល់​ដឹងច្បាស់ថា ការប្រើអំពើហិង្សាទៅលើកុមារនិងស្រ្តី ជារូបភាពមួយដែលមិនសស្របនៅក្នុងសង្គម ហើយយើងត្រូវតែលុបបំបាត់សកម្មភាពមួយនេះជាចំបាច់ ពីព្រោះស្ត្រី និកុមាត្រូវមានការរស់នៅប្រកបដោយសេចក្តី​សុខ និងសុវត្ថិភាព»