អ្នកជំនាញផ្នែកកសិកម្ម ហៅសារនយោបាយរបស់រដ្ឋាភិបាល ដែលសន្យាទម្លាក់កញ្ចប់ថវិកាប្រមាណ១០០លា​​នដុល្លារអាមេរិក ដើម្បីគាំពារសម្រាប់វិស័យកសិកម្ម គឺជាមធ្យោបាយមួយដែលល្អប្រសើរ ប្រសិនបើរដ្ឋាភិបា​ល​អាចមានលទ្ធភាពជួយឱ្យដំណើរការទៅបាន ស្របពេលវិស័យ​​នេះ រង់ការរិះគន់ថាមិនអាចឆ្លើយតបទៅនឹ​ងតម្រូវការចាំ​​បាច់ របស់កសិករបាននៅឡើយ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន លើកឡើងថាការត្រៀមកញ្ចប់ថ​វិកាមួយរយលានដុល្លារអាមេរិក ដើម្បីជួយអន្តរាគមន៍ដល់វិស័យកសិកម្មនៅពេលប្រជាកសិករមានបញ្ហាប្រ​​ឈ​ម​​​នានាដែលកើតមានឡើងនេះ គឺជារឿងមួយល្អ។

លោកបន្ថែមថា៖«ខ្ញុំចង់ឱ្យកញ្ចប់ថវិកាមួយរយលានដុល្លារនេះ ធ្វើយ៉ាងម៉េចជួយដល់អ្នកដែលក្រីក្ររងផលប៉ះ​​ពាល់ទៅលើវិស័យកសិកម្មពិតប្រាកដ ហើយកុំឲ្យបង្កើតនូវភាពស្មុគស្មាញច្រើនពេក សម្រាប់ជួយដល់ពួកគាត់ »។

បើតាមលោក ថេង សាវឿន ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះអាចនឹងទៅរួច ប្រសិនបើមានផែនការទិសដៅយុ​ទ្ធសាស្ត្ររួមជាមួយនឹងការគ្រ​ប់​​​គ្រង ដោយប្រសិទ្ធភាពដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់តាំ​ង​ពីកសិករដែលជាអ្នកផលិត ស​​ហ​​​គមន៍កសិកម្ម អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ ដែលធានាបាននូវគោ​លការណ៍តម្លាភាព ដើម្បីទទួ​ល​​បាននូវការគាំពារទៅដល់វិស័យកសិកម្មនេះ។

ការលើកឡើងដូចនេះ នៅក្រោយពេលនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត បានប្រកាសផ្តល់កញ្ចប់ថវិកាក​​ក្នុ​ង​​​ទិសដៅ​គាំពារសម្រាប់វិស័យកសិកម្ម​។​

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅកា​រ​ងា​រឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ហ៊ុន ម៉ាណែត បានលើកឡើ​ង​​​ថារដ្ឋាភិបាលនឹងត្រៀមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក ដើម្បីជួយកសិករពេលប្រឈមនឹងប​ញ្ហាប្រ​ឈ​មនានា។​

លោកបន្តថា៖«ការដាក់ចេញនូវយុទ្ធការសម្របសម្រួលកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលទីផ្សា​រ រក្សាលំនឹងកសិផលផ្សេងៗដែលយើងគ្រោង ១០០លានដុល្លារនោះ ដើម្បីជួយកសិករ ដែលមានការប្រ​​ឈ​​ម​​មួយចំនួន ដើម្បីរក្សាតម្លៃ »

លោក ហ៊ុន ម៉ាណែត លើកឡើងថារដ្ឋាភិបាលមិនមែនទៅចញ្ចឹមកសិករនោះទេ តែរដ្ឋាភិបាលទៅអន្ដរាគមន៍ជួ​យកិច្ចការងារមួយចំនួន ដើម្បីឱ្យកសិករមានលំនឹង។ លោកបន្ថែមថា នយោបាយគាំពារសង្គម មិនមែនបង្កើ​​​តវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។​

ទាក់ទងបញ្ហានេះ តំណា​ងសហគមន៍ និងប្រធានសម្ព័ន្ធកសិករប្រចាំខេត្តព្រះសីហនុ លោក ស៊ុន សុផាត  សា​ទរ​ចំពោះសារនយោបាយដែលដាក់ចេញដោយលោក ហ៊ុន ម៉ាណែត នៅពេលនេះ។ប៉ុន្តែលោករំពឹងថា កញ្ចប់ថវិកាដែលរដ្ឋាភិបាលប្រកាសនេះ នឹងយកទៅប្រើប្រាស់ក្នុងទិសដៅមួយដែលមានសុចរិតភាព។

លោកថ្លែងថា៖ «សូមឱ្យការចាយវាយថវិការនោះប្រកបដោយតម្លាភាព និងចំគោលដៅដល់កសិករ »។

បើតាមលោក ស៊ុន សុផាត ក្រៅពីសន្យាផ្តល់សាច់ប្រាក់ហើយ ក្នុងនាមសហគមន៍ដែលតំណាងឱ្យកសិករ រូបលោ​កក៏ចង់ឱ្យរដ្ឋាភិបាលជួយរកទីផ្សាសម្រាប់កសិករដែរ ដោយសារផលិតបានហើយ កសិករខ្វះទីផ្សារដើម្បីលក់ចេញ។

កសិករមានវ័យ២៩ឆ្នាំ នៅភូមិខ្ពក ឃុំស្រីសំបូរ ស្រុកពាមរ ខេត្តព្រៃវែង លោក ចំណាប់ យល់ឃើញថា រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកានេះជារឿងល្អ ប៉ុន្តែ លោកសង្កេតឃើញនៅតាមភូមិ និងនៅតាមឃុំបច្ចប្បន្ន មិនទាន់បានអនុវត្តនៅឡើយ។

លោកថ្លែងថា៖ «អាចទៅរួច អាច​ ព្រោះរាជរដ្ឋាភិបាល ជាអ្នកគ្រប់គ្រងបញ្ជេញកញ្ជប់ថវិកាហើយ បើអនុវត្តបា​ន​មែនប្រជាពលរដ្ឋប្រាកដសប្បាយចិត្តដែលឃើញរាជរដ្ឋាភិបាលចេះជួយកសិករដែលរងគ្រោះ ព្រោះក​សិករ​ជាហត់ខ្លាំង ចំណាយដើមទុនផងចំណាយកម្លាំងពលកម្មផង ដល់ពេលទិន្នផលដាំបានលក់បានតម្លៃទាបមែ​នទែន ឱ្យតែដាំបានបន្លែអ្វីក៏ដោយ ឱ្យតែដាំបានផលតម្លៃទាប »។

បើទោះបែបណា នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត បានប្រកាសនៅក្នុងទិវាបិទសន្និ​​បាតបូក​​សរុប​​ការ​​ងា​​រ​ឆ្នាំ​​២​០២៣ ដែលរៀបចំដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា​​កម្ពុ​ជា​​នៅ​​តែ​​អាចនាំមុខ និងសម្រេចលើផែនការរបស់ខ្លួន ក្នុងវិស័យកសិកម្មនេះ។បើតាមលោក ហ៊ុន ម៉ាណែ​ត ជាលទ្ធផលកម្ពុជាសម្រេចបានលើ​ការផលិតស្រូវកើនឡើង៦ភាគរយដែលស្មើ៣​​៦,៨១លានតោន បើធៀ​​ប​​​ក្នុង​​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួន១២,៤៩លានតោន។

ដោយឡែក ចំពោះផលិតផលកសិកម្មវិញ លោកនាយករដ្ឋមន្រ្តី លើកឡើងថា កម្ពុជានាំចេញទៅកាន់គោល​​ដៅ​​បាន ៧៨ប្រទេស មានចំនួនជាង៨,៨២លានតោន ស្មើទឹកប្រាក់ប្រមាណ៤,៨ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបា​ន ៦៥៦ពាន់តោន កើនឡើងជាង ៣% ឆ្នាំ២០២៣។

យ៉ាងនេះក្តី គេសង្កេតឃើញថា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅកម្ពុជា ហាក់មិនដំណើរកា​រ​ទៅមុខទេ​បើ​​ទោះជាមានព័ត៌មានស្តីពីការនាំចេញរបស់រដ្ឋាភិបាល សម្រាប់វិស័យកសិកម្មនេះក្តី។​ព័ត៌មាននៅលើបណ្តាញ​​សង្គម ដែលនិយាយពីគ្មានទីផ្សារសម្រាប់លក់កសិផលចេញក្រោយផលិតបាន ត្រូ​វ​​​បាន​គេចែកចាយព្រោ​​ងព្រាត។

កសិករផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកកាសែតជារឿយៗ ក្នុងពេលកន្លងទៅថា សព្វថ្ងៃនេះកម្ពុជាក្រៅពី​​ត្រូវ​​ប្រ​ឈ​មមុខនឹងការចំណាយដើមទុនខ្ពស់ដើម្បីទិញវត្ថុធាតុដើមចូល និងបំណុលធនាគារ សម្រាប់ធ្វើ​​ក​​សិ​ក​ម្ម​ហើ​​យ ក្រៅពីនេះ ពួកគេត្រូវជួបបញ្ហាគ្មានទីផ្សារលក់កសិផលថែមទៀត។បើក្នុងករណីលក់ចេញ ក៏ត្រូវបង្ខំចិត្ត​ល​​ក់​​​​ក្នុ​​ង​​​​ត​ម្លៃ​ធូរថ្លៃ ហើយមិនរួចថ្លៃដើមដែរ។

លើ​​សពីនេះទៅទៀត អ្វីដែលជាបញ្ហានោះ គឺពលរដ្ឋត្រូវជួបប្រទះគ្មានទឹកធ្វើស្រូវប្រាំង ក្នុងពេលដែល​​កម្ពុជា​មា​ន​​​​ទាំ​ង​​​ទន្លេ​​មេគង្គ និងទន្លេសាបនៅចាំកណ្តាលប្រទេស។នៅដើមឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តមួយ​​ចំ​​នួន ដូ​​ចជា​ខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ ពោធិ៍សាត់ និងកំពង់​​​ឆ្នាំង​ជា​​ដើម ចេញសេច​ក្តីថ្លែ​​ង​ការ​​ណ៍​​ផ្សេ​​ង​​ៗ​គ្នា ដោ​​យអំពាវនាវមិនឱ្យពលរដ្ឋធ្វើស្រែប្រាំង ក្រោមហេតុផលខ្វះប្រភពទឹក។

ជាមួយគ្នានេះ លោក ចំណាប់ ជាកសិករ រស់នៅខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការនាំចូលបន្លែពីវៀត​ណា​​​ម និងលើ​​កស្ទួយផលិតផលកសិករខ្មែរឱ្យ​មា​ន​​តម្លៃសមរម្យ៕