បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា “ប.ស.ស” ឬហៅថា បណ្ណធានារ៉ាប់រងសង្គម គឺជាយន្ដការមួយដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬមានជីវភាពមធ្យម អាចទទួលបានសេវាផ្សេងៗដោយឥតគិតថ្លៃ ឬបង់ថ្លៃសេវាក្នុងតម្លៃទាប។
តាំងពីបង្កើតបណ្ណធានារ៉ាប់រងសង្គមនេះមក រដ្ឋាភិបាលបានពង្រីកការប្រើប្រាស់សេវានេះដល់សហគ្រាស និងកម្មករ ដែលបានចុះបញ្ជិកាជាមួយបេឡាជាតិសន្តិសុខសង្គមសរុបចំនួនជាង ២១ម៉ឺនសហគ្រាស និងមានសមាជិកប្រើប្រាស់សរុបជាង ៣,១លាននាក់ ក្នុងនោះសមាជិកជាស្ត្រីមានចំនួនជាង ១,៧លាននាក់ បើគិតមកទល់ពេលបច្ចុប្បន្ន។
របបសន្តិសុខសង្គម មាន ៤ផ្នែកសំខាន់ៗ ដោយចាប់តាំងពីឆ្នាំ២០០៨ ដំបូងបានផ្តើមពីផ្នែកហានិភ័យការងារ ហើយនៅឆ្នាំ២០១៦ ផ្នែកថែទាំសុខភាព រហូតមកដល់ឆ្នាំ២០២២ គឺដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ហើយថ្ងៃខាងមុខនឹងមានវិសាលភាពទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស។ នេះយោងតាមព័ត៌មានរបស់គេហទំព័របេឡាជាតិសន្តិសុខសង្គម។
កន្លងមក មានកម្មករ-កម្មការិនីរោងចក្រខ្លះ ដែលបានប្រើប្រាស់សេវានេះរួចហើយ យល់ឃើញថា បណ្ណ ប.ស.ស បានជួយដោះស្រាយបន្ទុកក្នុងជីវភាពជាច្រើន ជាពិសេសផ្នែកសុខភាព ពេលពួកគាត់មានជំងឺ ជួបគ្រោះថ្នាក់អាសន្ន និងមាតុភាពជាដើម។ តែយ៉ាងណា ពួកគាត់ក៏ចង់ឱ្យក្រសួងការងារ និងបេឡាជាតិរបបសន្តិសុខសង្គម ជួយរឹតបន្តឹងបន្ថែមជាមួយមន្ទីរពេទ្យដៃគូរ ជុំវិញការផ្តល់សេវា និងគុណភាពនៃការព្យាបាលប្រកបដោយប្រសិទ្ធភាព និងគ្មានការរើសអើង។
កម្មការិនី យ៉ាន ដាវីន ដែលអះអាងថាកំពុងធ្វើការនៅរោងចក្រ អ៊ីចេង (ខេមបូឌា) ខបភើរេសិន ដែលមានទីតាំងនៅឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានរៀបរាប់បទពិសោធន៍ក្នុងការប្រើប្រាស់បណ្ណប.ស.ស ជិត១០ឆ្នាំមកហើយថា បើគ្មានបណ្ណប.ស.សទេ ប្រហែលជារូបគាត់ស្លាប់បាត់ទៅហើយ ព្រោះគ្មានលុយបង់ថ្លៃព្យាបាល នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ថែមពីនេះ អ្នកស្រីថា បណ្ណនេះ ក៏បានជួយសម្រាលបន្ទុកក្នុងគ្រួសារជាច្រើន លើផ្នែកសុខភាព ព្រោះកាលពីមិនទាន់មានបណ្ណប.ស.ស អ្នកស្រីត្រូវដើរខ្ចីលុយគេ ឬលក់របស់របរ និងបញ្ចាំប្លង់ដី ដើម្បីបានលុយបង់ថ្លៃព្យាបាល នៅពេលឈឺម្តងៗ។
អ្នកស្រី ដាវីន បញ្ជាក់ថា៖ «តាំងពីខ្ញុំប្រើប.ស.សមក គឺជួយខាងគ្រួសារខ្ញុំបានច្រើន ទី១ គឺជួយផ្នែកសុខភាពខ្ញុំខ្លាំងមែនទែន ដោយសាររហូតដល់បច្ចុប្បន្ននេះ ខ្ញុំឈឺរយៈពេល៧ឆ្នាំជាងដែរហើយ កាលខ្ញុំឈឺទាំងអស់ ខ្ញុំប្រើសេវាប.ស.សទាំងអស់ គឺប្រើសេវាលុយ វាមានចំនួនតិចជាងប្រើសេវាប.ស.ស»។
តែយ៉ាងណា កម្មការិនីវ័យប្រហែលជាង២០ឆ្នាំរូបនេះ បានឱ្យដឹងដែរថា ពេលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យជាដៃគូដែលប្រើបណ្ណ ប.ស.ស ម្តងៗ គឺនៅមានមន្ទីរពេទ្យមួយចំនួនតូច មិនសូវយកចិត្តទុកដាក់ និងមានការរើសអើងខ្លះទៅលើពួកគាត់ផងដែរ ដូចជា ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងព្យាបាលដោយមិនសូវយកចិត្តទុកដាក់ជាដើម។
កម្មការិនីរូបនេះបញ្ជាក់ថា៖ «គាត់[ប.ស.ស]រើសអើង គាត់អត់សូវយកចិត្តទុកដាក់ទេ ពេលហ្នឹងគឺខ្ញុំគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារធ្វើដំណើរទៅធ្វើការ ក៏ជួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ចឹងពេលខ្ញុំទៅដល់[ពេទ្យ] គេអត់សូវយកចិត្តទុកដាក់ទេ គេទុកខ្ញុំចោលអីចឹង»។
ករណីនេះ អ្នកស្រី ដាវីន ស្នើឱ្យរដ្ឋាភិបាល ជាពិសេសស្ថាប័នដែលផ្តល់បណ្ណប.ស.ស ជួយពង្រឹងបន្ថែមទៅដល់មន្ទីរពេទ្យដៃគូ និងស្នើដល់មន្ទីរពេទ្យមួយចំនួនដែលបានរើសអើងចំពោះអ្នកប្រើប្រាស់បណ្ណនេះ បង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងប្តូរឥរិយាបទ ដើម្បីឱ្យការប្រើប្រាស់បណ្ណនេះមានភាពរលូន និងមានប្រសិទ្ធភាពជាងមុន។
ស្រដៀងនេះដែរ កម្មការិនីកាត់ដេរ និងជាអគ្គលេខាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)ប្រចាំរោងចក្រ ខ្វាន់ទុម ខ្លូស៊ីង ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ អ្នកស្រី កែវ សាមឿន រៀបរាប់ថា គាត់បានធ្វើការនៅក្នុងវិស័យកាត់ដេរជិត ២០ឆ្នាំមកហើយ ហើយតាំងពីការបង្កើត ប.ស.ស មកគាត់បានប្រើប្រាស់សេវានេះរហូតមក និងជាញឹកញាប់ ដោយសារគាត់មានជំងឺក្រពះ។
តែយ៉ាងណា អ្នកស្រីកត់សម្គាល់ថា នៅតាមមន្ទីរពេទ្យខ្លះដែលជាដៃគូរបស់ប.ស.ស ហាក់មិនសូវយកចិត្តទុកដាក់ប៉ុន្មានឡើយមកលើអ្នកជំងឺដែលកាន់បណ្ណនេះ ខណៈគ្រូពេទ្យខ្លះគ្រាន់តែសួរហើយឱ្យថ្នាំយកមកលេបតែប៉ុណ្ណោះ ទោះបីជំងឺនោះត្រូវការសម្រាកព្យាបាលក៏ដោយ។
អ្នកស្រីថា៖ «ពេទ្យមិនសូវខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ទេ នៅពេលឃើញប្រើបណ្ណប.ស.ស ព្រោះគេថាលុយវាយូរ ព្រោះចេញពីរដ្ឋយូរ អញ្ចឹងគេទៅរកអ្នកជំងឺផ្សេងដែលបង់លុយលឿនៗ[ឬភ្លាមៗ]»។
សម្រាប់អ្នកស្រី សាមឿន នៅពេលមានបញ្ហាមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណប.ស.ស របស់កម្មករ-កម្មការិនីនៅក្នុងរោងចក្រដែលអ្នកស្រីធ្វើការ គឺអ្នកស្រីតែងតែចេញមុខទៅរាយការណ៍ និងដោះស្រាយបញ្ហាជាមួយក្រុមប្រឹក្សាភិបាល ប.ស.ស ដើម្បីរកដំណោះស្រាយភ្លាមៗផងដែរ។
ករណីនេះ អ្នកស្រីបានស្នើយ៉ាងទទូចឱ្យខាង ប.ស.ស ចូលរួមជំរុញ និងរឹតបន្តឹងចំពោះមន្ទីរពេទ្យជាដៃគូ ត្រូវធ្វើយ៉ាងណាពិនិត្យព្យាបាលជំងឺអ្នកដែលប្រើប្រាស់សេវា ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើសេវា ប.ស.ស និងគ្មានកម្មករ-កម្មការិនីណាម្នាក់រងគ្រោះ ព្រោះការទុកចោល ឬមិនយកទុកដាក់ពីមន្ទីរពេទ្យ។
ចំណែក លោក យឿន ចន្ទថឿន អាយុ៣២ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្រដាយយ៉ាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើកឡើងថា ការប្រើប្រាស់បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើន ជាពិសេសនៅពេលឈឺ និងគ្រោះថ្នាក់ណាមួយជាយថាហេតុ។ តែយ៉ាងណា លោកថា នៅពេលដែលលោកឈឺ ហើយប្រើសេវាប.ស.ស នេះម្តងៗ ក៏មានមន្ទីរពេទ្យដែលជាដៃគូមួយចំនួន ហាក់ខ្វះបុគ្គលិក ក្នុងការទទួលអ្នកជំងឺដែលប្រើប្រាស់បណ្ណនេះ ខណៈអ្នកជំងឺដែលប្រើបណ្ណនេះច្រើន ដែលធ្វើឱ្យរូបលោកត្រូវអង្គុយរង់ចាំរាប់ម៉ោង ឬក៏ពេញមួយថ្ងៃក៏មាន។
លោកថា៖ «ខ្ញុំធ្លាប់ទៅពេទ្យរដ្ឋធំក្នុងក្រុងភ្នំពេញ ហើយកាលនោះ ខ្ញុំរង់ចាំធ្វើឯកសារ និងបំពេញព័ត៌មានតាម ប.ស.ស អស់ពេញមួយថ្ងៃ ហើយបុគ្កលិក ប.ស.ស មានតែម្នាក់ ហើយអ្នកទៅពិនិត្យជំងឺឈររង់ចាំដូចហែរកឋិន នេះជំងឺខ្ញុំស្រាល ចុះជំងឺធ្ងន់តើយ៉ាងណាទៅ?»។
បើតាមរបាយការណ៍របស់ក្រសួងការងារ គិតមកដល់ឆ្នាំ២០២៣ មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស មានចំនួន ១ ៥៤៣មូលដ្ឋានសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន១១ មន្ទីរពេទ្យបង្អែកចំនួន១២៣ មណ្ឌលសុខភាពចំនួន១ ២៧៣ និងមន្ទីរពេទ្យឯកជនចំនួន១៣៦។
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ចំពោះអ្នកមានបណ្ណ ប.ស.ស ទាំងវិស័យឯកជន វិស័យសាធារណៈ និងបុគ្គលស្វ័យនិយោជន៍ នៅពេលជួបបញ្ហាសុខភាព គឺពួកគាត់អាចទៅប្រើប្រាស់សេវា ប.ស.ស នេះនៅតាមមូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម។ លោកបន្ថែមថា សេវាសុខាភិបាល ត្រូវបានផ្តល់ជូនប្រកបដោយយុត្តិធម៌ និងតម្លាភាពដោយមិនមានការរើសអើងថានរណាប្រើប្រាស់បណ្ណប.ស.ស ឬមិនប្រើនោះទេ។
លោកអះអាងថា៖ «អត្ថប្រយោជន៍ដែលគាត់ទទួលបានគឺដូចគ្នា មានន័យថាពេលគាត់ឈឺគាត់ទៅព្យាបាលដោយមិនគិតថ្លៃ ហើយសម្រាប់ការព្យាបាលទៀតសោត គឺព្យាបាលមិនកំណត់ថ្លៃថាត្រូវអស់ប៉ុន្មាននោះឡើយ គឺមានន័យថា ព្យាបាលមួយជាតែម្តង»។
ដោយឡែក បញ្ហាមិនប្រក្រត្រីនៃការប្រើប្រាស់សេវាប.ស.ស នៅតាមមន្ទីរពេទ្យដែលជាដៃគូមួយចំនួន អគ្គនាយករងប.ស.សរូបនេះ ជំរុញឱ្យកម្មករឬអ្នកដែលជួបបញ្ហាប្រឈមទាំងនេះ អាចរាយការណ៍ទៅកាន់ភ្នាក់ងារប.ស.ស ហើយសម្រាប់កម្មករធ្វើការងារដោយគ្មានបណ្ណ ប.ស.ស ក៏អាចរាយការណ៍ទៅក្រុមការងារជំនាញ ដើម្បីចាត់វិធានការតាមច្បាប់លើរោងចក្រសហគ្រាសសាមី។
យ៉ាងណាមិញ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) សង្កេតឃើញថា រវាងកម្មករ-កម្មការិនីដែលប្រើប្រាស់បណ្ណប.ស.ស និងប្រជាពលរដ្ឋដែលមិនប្រើប្រាស់បណ្ណនេះហើយមានលុយ គឺពេទ្យមានការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ ខុសពីគ្នា ទាំងការរងចាំ កន្លែងសម្រាកព្យាបាល និងរយៈពេលសម្រាកព្យាបាលជាដើម។
លោកស្រីអះអាងថា៖ «ដោយសារគាត់[ប្រជាពលរដ្ឋ]ប្រើប្រាស់លុយ សេវាលឿនទាន់ចិត្ត ហើយមានកន្លែងស្នាក់នៅ មានអីចឹងទៅ ប៉ុន្តែបើសិនណាកម្មករនិយោជិតគាត់ប្រើប្រាស់បណ្ណប.ស.ស ពេលខ្លះគាត់ឈឺ គឺជំងឺរបស់គាត់ត្រូវសម្រាកព្យាបាល ពេលខ្លះជំងឺរបស់គាត់ត្រូវសម្រាកយូរអីចឹងទៅ វាទៅជាខាងមន្ទីរពេទ្យអត់ហ៊ានឱ្យច្បាប់គាត់ រយៈពេលយូរចឹងទេ ដោយខ្លាចក្រុមហ៊ុន ខ្លាចអីចឹងទៅ អាហ្នឹងជាអ្វីដែលកម្មករនិយោជិតដែលគាត់ជួបជាក់ស្តែង ហើយគាត់ប្រាប់ព័ត៌មានមកពួកយើងវិញ»។
មួយវិញទៀត លោកស្រីក៏សង្កេតឃើញដែរថា ការព្យាបាលរបស់មន្ទីរពេទ្យមួយចំនួន ក៏នៅមានកម្រិតចំពោះកម្មករនិយោជិត ខណៈខាងប.ស.ស ផ្តល់ថវិកាមកខាងពេទ្យក្នុងតម្លៃដែលមានកម្រិតដូចគ្នា ដែលជាហេតុធ្វើឱ្យការព្យាបាលមិនមានលក្ខណៈពេញលេញ។ ទន្ទឹមនេះ លោកស្រីថា តាមមន្ទីរពេទ្យខ្លះទៀត អត់មានបុគ្គលិកប.ស.សប្រចាំការ ដូច្នេះរាល់ការព្យាបាលជំងឺចាំបាច់មួយចំនួន គឺខាងមន្ទីរពេទ្យអត់ហ៊ានក្នុងការសម្រេចចិត្ត ដែលជាបញ្ហាប្រឈមមួយទៀតរបស់កម្មករ ក្នុងការទទួលសេវាព្យាបាលឱ្យបាន់ទាន់ពេលវេលា។
លោកស្រី យ៉ាង សោភ័ណ្ឌ បន្ថែមថា៖ «យើងគិតថា បើសិនណាយើងចង់ដោះស្រាយបញ្ហាហ្នឹង វាអត់ពិបាកទេ ទី១ ប.ស.ស ត្រូវពិនិត្យមើល និងកែសម្រួលគោលនយោបាយមួយចំនួន ជជែកគ្នាជាមួយខាងមន្ទីរពេទ្យ ដើម្បីឱ្យមានការយកចិត្តទុកដាក់ទៅលើកម្មករនិយោជិត»។
ត្រឡប់មកកាន់ កម្មការិនី យ៉ាន ដាវីន ដែលទើបសម្រាលកូនរួចវិញ កញ្ញាចង់ឃើញការប្រើប្រាស់បណ្ណ ប.ស.ស កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពជាងមុន តាមរយៈការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យ ឬក្រុមគ្រូពេទ្យដៃគូរបស់ ប.ស.ស។
អ្នកស្រីនិយាយថា៖ «ខ្ញុំសូមឱ្យ ប.ស.ស រឹតបន្តឹងជាមួយមន្ទីរពេទ្យដៃគូទាំងអស់ ឱ្យពិនិត្យជំងឺដោយយកចិត្តទុកដាក់ ហើយកុំគិតរឿងអ្នកប្រើសេវា ប.ស.ស ឬមិនប្រើ សំខាន់ត្រូវព្យាបាលជំងឺសិន ហើយគ្រូពេទ្យ វេជ្ជបណ្ឌិតត្រូវនិយាយពីរោះពិសា ដាក់អ្នកជំងឺ ពីព្រោះអ្នកជំងឺត្រូវការការលើកទឹកចិត្ត ចឹងសូមឱ្យមានក្រមសីលធម៌ផង»៕