ម៉ោងប្រមាណជា ៦:៣០ នាទីល្ងាច សម្លេងប្រកាសស្វាគមន៍អ្នកចូលរួមត្រូវបានបន្លឺឡើងដោយនារីម្នាក់ដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដាក់ដេញថ្លៃសិល្បៈគំនូរ ហាក់ជាសញ្ញាអង្រួនស្មារតីអ្នកចូលរួមក្នុងពិធីងាកទៅចាប់អារម្មណ៍នៅលើឆាក ដែលកម្មវធីនេះត្រូវបានរៀបចំឡើងនៅក្នុងនៅសណ្ឋាគារដ៏ប្រណិតមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ការដាក់ដេញថ្លៃសិល្បៈគំនូរ សប្បុរសធម៌ និងការបង្ហាញម៉ូត រៀបចំឡើងដោយសិល្បៈករប្រមាណជិត ៣០ នាក់ រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតឆាលី ដើម្បីរៃអង្គាសប្រាក់ជួយសង្គ្រោះជីវិតក្មេងប្រុសដ៏កម្សត់ដែលកំពុងតែតតាំងនឹងឥទ្ធិពលជម្ងឺមហារីកក្នុងកម្រិតធ្ងន់ធ្ងរ ដែលមានវ័យទើបបាន៤ឆ្នាំ។
ស្ថិតនៅក្នុងសម្លៀកបំពាក់អាវធំ និងមានសក់ដុះតិចៗដែលទើបនឹងកាត់ លោក ព្រហ្ម ពន្លឺ ដែលជាឱពុករបស់ កុមារា ឆាលី បានឱ្យដឹងថាគោលបំណងនៃការរៀបចំការដាក់ដេញថ្លៃសិល្បៈគំនូរនេះ ព្រោះលោកចង់យកថវិកាពីសប្បុរសជន ទៅជួយកូនរបស់ខ្លួនដែលកើតជំងឺមហារីកខួរក្បាលដំណាក់កាលទី៤។
ប្រភពបន្តថា៖ « ក្នុងនាមជាឪពុករបស់ឆាលីផ្ទាល់ ខ្ញុំជាសិល្បៈករគំនូរ អីចឹងខ្ញុំគិតថាខ្ញុំត្រូវយកចំណេះជំនាញរបស់ខ្ញុំនៅក្នុងការបំផុសបង្កើតព្រឹត្តិការណ៍អ្វីមួយដែលត្រូវនឹងជំនាញរបស់ខ្ញុំ […] ប្រសិនបើយើងមានតែគំនូរ វាអត់មានរសជាតិអ្វីក្រៅពីអីផ្សេង ខ្ញុំគិតថាយ៉ាងមិចយ៉ាងម៉ាក៏ដោយខ្ញុំគិតថា ចង់ឱ្យវាមានរសជាតិថ្មីមួយសម្រាប់សង្គម ហើយក៏ចង់លើកស្ទួយលើវិស័យគំនូរផងដែរ ពីព្រោះអីខ្ញុំគិតថាស្រុកខ្មែរក៏អត់ទាន់ធ្វើដែរ នៅក្នុងការយកគំនូរ ២០សិល្បៈករជាង យកមកបង្កើត Charity មួយហើយ ដាក់បំផុសនៅលើឆាកអន្តរជាតិមួយ » ។
អ្នករៀបចំកម្មវិធី បានប្រាប់ពីគោលបំណងនៃយុទ្ធនាការនេះថា កម្មវិធីនេះមិនមែនសម្រាប់ជីវិតរបស់ ឆាលី ម្នាក់នោះទេ ប៉ុន្តែសកម្មភាពនេះក៏នឹងជួយលើកស្ទួយសិល្បៈគំនូរនៅកម្ពុជាដូចគ្នាដែរ។ទោះបីជាកម្ពុជាទើបតែរួចផុតពីសង្គ្រាមក៏ដោយ លោក ពន្លឺ មានឆន្ទៈចង់ឱ្យបណ្តាប្រទេសផ្សេងៗស្គាល់ពីទម្រង់ស្នាដៃសិល្បៈរបស់ខ្មែរ និងចង់ឱ្យសិល្បៈគំនូរនៅប្រទេសកម្ពុជាមានតម្លៃប្រហាក់ប្រហែលទៅនឹងគំនូរលើឆាកអន្តរជាតិដែរ។
ជាងនេះទៀត មូលហេតុដែលលោក ពន្លឺ គិតថានេះជាការផ្សព្វផ្សាយកម្មវិធីនៅក្នុងឆាកអន្តរជាតិព្រោះ កម្មវិធីនេះមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមច្រើន ព្រមទាំងមានតារាដែលមានឈ្មោះបោះសំឡេងជួរមុខ អ្នកលក់ផលិតផលតាមអនឡាញល្បីៗ តារាបង្ហាញម៉ូត និងតារាភាពយន្តជាដើម។
ចំពោះផ្ទាំងគំនូរដែលកម្មវិធីនឹងប្រកាសដាក់លក់ភ្លាមៗនៅលើវេទិកា មានសរុបចំនួន ២៥ ផ្ទាំង បែងចែកជា ៣ វគ្គ ហើយក្នុងនោះមានការចូលរួមពីសិល្បករ ២៧ រូប ដែលបានសម្រេចដាក់បញ្ចូលស្នាដៃរបស់ខ្លួន ហើយសិល្បករខ្លះទៀត ខំប្រឹងសម្រិតសម្រាំងបង្កើតស្នាដៃគំនូរភ្លាមៗទាំងយប់ទាំងថ្ងៃដើម្បីទាន់កម្មវិធី ក្នុងបំណងស្វែងរកថវិកាសម្រាប់ចូលមូលនិធិសប្បុរសធម៌ជួយសង្គ្រោះជីវិត ឆាលី ពីជម្ងឺមហារីកនេះ។
កម្មវិធីក្រៅពីមានការចូលរួមពីតារា និងមនុស្សដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសង្គមហើយ គេសង្កេតឃើញតារាបង្ហាញម៉ូដមកពីស្ថាប័ន Miss Grand Cambodia និងតារាបង្ហាញម៉ូដវ័យក្មេងជាច្រើននាក់ផ្សេងទៀត ក៏បង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញគំនូរសម្រាប់ការដេញថ្លៃនេះដែរ។
ថ្លែងនៅលើវេទិកាការដាក់ដេញថ្លៃសិល្បៈគំនូរដើម្បីសង្គ្រោះជីវិតកុមារា ឆាលី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកស្រី មេធាវី លីម ម៉ូលីហ្សា ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ថ្លែងថា ការបង្កើតវេទិកានេះគឺក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ដល់កុមារា ឆាលី ដើម្បីអាចបន្តព្យាបាលជំងឺមហារីកដុំសាច់ខួរក្បាលដំណាក់កាលទី៤ នេះទៅមុខទៀត។
លោកស្រីថាកត្តាដែលជំរុញទឹកចិត្តខ្លួនឱ្យផ្តួចផ្តើមកម្មវិធីសប្បុរសធម៌នេះឡើង គឺបន្ទាប់ពីបានឃើញ វីដេអូ ឃ្លីប ដែលគេចែករំលែកនៅក្នុងបណ្តាញសង្គម តិកតុក (TikTok) និងបានអំពាវនាវសុំជំនួយឧបត្ថម្ភជួយដល់កុមារារូបនេះ។ក្រោយពីលោកស្រីឃើញ វីដេអូ ឃ្លីបនេះហើយគឺលោកស្រីមានចិត្តសង្វេគ និងអាណិតចំពោះជីវិតកុមារា ឆាលី ជាពន់ពេក ពីព្រោះរូបគេនៅក្មេង ប៉ុន្តែត្រូវជួបនឹងជំងឺមហារីកនេះទៅវិញ។
ទន្ទឹមនឹងនេះជំងឺរបស់កុមារា ឆាលី ត្រូវការចំណាយលើការព្យាបាលក្នុងទំហំទឹកប្រាក់ខ្ពស់ ខណៈក្រុមគ្រួសាររបស់កុមារា ឆាលី ពុំមានលទ្ធភាពគ្រប់គ្រាន់។ ដូច្នេះទើបលោកស្រី និងស្វាមីផ្តួចផ្តើមគំនិតបង្កើតកម្មវិធីសប្បុរសធម៌នេះឡើងអាចរួមចំណែកណាមួយ ក្នុងការដោះបន្ទុកគ្រួសាររបស់កុមារា ឆាលី បានខ្លះ។
លោកស្រីបន្តថា៖ « គោលបំណងតែមួយគឺដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ដល់ឆាលី […] តិចក្តីច្រើនក្តី ក៏ជាចំណែកមួយនៅក្នុងការផ្តល់ក្តីសង្ឈឹមដល់ក្មេប្រុសម្នាក់ដែលគាត់កំពុងតែប្រឹងប្រែងរស់នៅក្នុងពិភពលោកមួយនេះ » ។
ក្រឡេកមកមើលកញ្ញា ញ៉ែម សុភាព ឯណេះវិញដែលជាវិចិត្រករឯករាជ្យម្នាក់ និងមានជំនាញផ្នែកគំនូរពណ៌ប្រេង កញ្ញាបានបរិច្ចាគរូបគំនូររបស់ខ្លួន ១០០ភាគរយសម្រាប់កម្មវិធីសប្បុរសធម៌នេះ ហើយនិយាយថាឱកាសនេះ មិនមែនគ្រាន់តែជាបេសកកម្មជួយកុមារនោះទេ កម្មវិធីនេះក៏បានជួយផ្សព្វផ្សាយរូបគំនូរថែមទៀតដែរ។កំពុងថ្លែងសារនៅកាន់សាធារណៈអមដោយឧបករណ៍បំពងសំឡេង ឬម៉ៃក្រូហ្វូន និងឈរពីមុខវេទិកាផង កញ្ញា សុភាព បន្ថែមទៀតថា នេះជាវេលាដ៏ល្អមួយមិនមែនត្រឹមតែជាការផ្តល់ការបរិច្ចាគទេ វាក៏ជាផ្នែកមួយជួយផ្សព្វផ្សាយពីសិល្បៈគំនូរដែលវិចិត្រករផលិតបាន ឱ្យសាធារណជនបានស្វែងរកបន្ថែមទៀតពីតម្លៃពិត របស់គំនូរដែរ។
កញ្ញាបន្តថា៖«ខ្ញុំគិតថាវាជាឱកាសល្អមែនទែនដែលពួកយើងទាំងអស់គ្នាមានប្រពៃណីមួយក្នុងការជួយគ្នា មិនថាសិល្បៈករ ប្រជាជនចូលរួមជាមួយគ្នាដើម្បីជួយនរណាម្នាក់ដើម្បីរងគ្រោះ ហើយជាពិសេសពួកយើងទាំងអស់គ្នាមិនត្រឹមតែជាសិល្បៈករ បេសកកម្មរបស់យើងមិនមែនជួយត្រឹមតែក្មេងដែលកំពុងជួបប្រទះជំងឺមហារីកក៏ប៉ុន្តែពួកយើងមានបេសកកម្មមួយដើម្បីផ្សព្វផ្សាយតាមរយៈផ្ទាំងគំនូររបស់យើង »។
ក្រឡេកមកមើលកម្មវិធីដែលកំពុងដំណើរការ នៅក្នុងសាលឯណេះវិញ។ផ្ទាំងទស្សនីយភាពមួយ កំពុងតែលេចរូបរាងឡើងអមដោយសាច់ភ្លេងដ៏អន្លុងអន្លោច ដែលបង្ហាញពីជីវិតរបស់កុមារាម្នាក់ អាយុប្រមាណ៤ឆ្នាំ មានតែស្បែកដណ្តប់សាច់ក្បាលរលោងស្រិល។តាមពិតទៅក្មេងប្រុសម្នាក់នេះ កំពុងមានជំងឺមហារីកដែលធ្វើឱ្យសក់របស់គេត្រូវជ្រុះអស់ពីក្បាល។នៅក្នុង ឃ្លីបវីដេអូ ដែលកំពុងចាក់បញ្ចាំងលើផ្ទាំងទស្សនីយភាព គេឃើញកុមារា ឆាលី កំពុងយកកន្រ្តៃទៅកាត់សក់ឱពុករបស់ខ្លួន ដែលកំពុងពរូបគេនៅនឹងមុខកញ្ចក់។
លោក ព្រហ្ម ពន្លឺ ដែលជាឱពុក បានបង្ហាញនូវស្នាមញញឹមចេញពីរង្វង់ផ្ទៃមុខ នៅពេលឃើញកូនរបស់ខ្លួន មានភាពឆ្លាតវៃ និងប៉ិនប្រសប។យូរៗគេសង្កេតឃើញលោក ពន្លឺ បានយកម្រាមដៃកូនដ៏តូចឆ្មារដាក់លើក្បាលរបស់ខ្លួនធ្វើត្រាប់ឱ្យកាត់សក់។
លោកបន្តថា៖ « ពាក្យពីរម៉ាត់ ដោយសារតែក្តីស្រឡាញ់ វាចេញមកពីបេះដូងរបស់យើង មនុស្សយើងហ៊ានធ្វើគ្រប់យ៉ាងដើម្បីអី ដើម្បីមនុស្សជាទីស្រឡាញ់ត្រូវអត់? ចឹងអាចជម្រាបបានថាក្តីស្រឡាញ់របស់ខ្ញុំ ខ្ញុំអត់ដឹងថាបង្ហាញទៅមហាជន ឬក៏បង្ហាញទៅកូនខ្ញុំដោយរបៀបណាទេ ដោយសារអីដោយសារទោះបីជាខ្ញុំមានលុយប៉ិនណា ចង់ទៅទិញអីឱ្យគាត់ ក៏គាត់ញាំអត់កើតដែរ ខ្ញុំចង់ទិញរបស់លេងពីលើមេឃឱ្យគាត់ក៏គាត់លេងអត់កើតដែរ អីចឹងអីដែលធ្វើឱ្យកូនខ្ញុំសើចបាន តើហ៊ានលះបង់ទេគ្រាន់តែសក់នៅលើក្បាល សក់មិនមានអ្វីសំខាន់ទេ ខ្ញុំអត់ចង់ឱ្យគាត់ឯកា ព្រោះគាត់ជ្រុះសក់អស់ ហើយគាត់ជាក្មេងមួយដែលមានសក់ស្អាត ដូចកូនកូរ៉េចឹង» ។
បើតាមលោក ព្រហ្ម ពន្លឺ ការកោរសក់របស់លោកមិនមែនដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ដើម្បីល្បីនោះទេ។ប៉ុន្តែការធ្វើនេះ គឺចង់ទទួលបានស្នាមញញឹមពីកូនជាទីស្រឡាញ់របស់ខ្លួន។លោកបន្តថា ឆាលី គេមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៤ ដែលជាដំណាក់កាលធ្ងន់ធ្ងរពិបាកព្យាបាល។
មិនតែប៉ុណ្ណោះ ដំណាក់កាលនេះ គឺត្រូវការពេលវេលានៅក្នុងការព្យាបាលរយៈពេលយូរ និងត្រូវចំណាយថវិកាច្រើន។ជាងនេះទៀត ឆាលី តែងក្អួតនៅក្នុងមួយថ្ងៃពី២០ ទៅ ៣០ដង សូម្បីលេបទឹកមាត់ក៏ពិបាកដែរ។បន្ថែមពីលើនេះទៀត ចំពោះអាការៈរបស់ ឆាលី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ កូនរបស់លោកបានឈានដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយទៅហើយ។បើទោះបីយ៉ាងនេះក្តី ក្នុងនាមជាឱពុក នៅតែមានក្តីសង្ឃឹមថាកូនរបស់ខ្លួនអាចនឹងជាសះស្បើយដូចដើមវិញ។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថាការព្យាបាលជំងឺមហារីកនេះពិតជាពិបាកចំពោះគ្រួសាររបស់ខ្ញុំនៅក្នុងការទទួលយក ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងព្យាយាមនៅក្នុងនាមជាឪពុកម្តាយរបស់ឆាលី ហើយអាចនិយាយបានថាខ្ញុំសង្ឈឹមយ៉ាងមុតមាំថាកូនខ្ញុំអាចនឹងជាបាន១០០% ដោយសារគាត់នៅសល់តែមួយដំណាក់កាលទៀតទេ គឺការចាក់គីមី »។
រស់មួយថ្ងៃកាត់មួយថ្ងៃកោ លោក ហេង មុនីផល ជាសាស្រ្តាចារ្យបង្រៀនផ្នែកវិចិត្រកម្ម នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជិត៣០ឆ្នាំមកនេះ លោកមានប្រសាសន៍ថា ការជំរុញឱ្យមានកម្មវិធីដេញថ្លៃសិល្បៈគំនូរនេះ ជាការបង្ហាញឱ្យឃើញពលរដ្ឋកម្ពុជា ចាប់ផ្តើមបែងចែកសេចក្តីស្រលាញ់របស់ខ្លួនឱ្យមនុស្សដែលនៅជុំវិញខ្លួន ទទួលបានភាពកក់ក្តៅ។
ចូលប្រឡូក្នុងអាជីពនេះ តាំងពីឆ្នាំ១៩៩៥ និងមានសក់ប្រែពណ៌ពីខ្មៅទៅស លោកសាស្រ្តាចារ្យ លើកឡើងថាកាលដែលជ្រើសរើសសិល្បៈករគំនូរមកច្នៃប្រឌិត និងចេះចែករំលែក និងចេះជួយគ្នាដូចនេះ គឺជាគំរូមួយដែលគ្រប់គ្នាគួរយកតម្រាប់តាម និងបានបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាជាប្រទេសដែលពោរពេញដោយការចេះយកអាសារគ្នាផងដែរ។
លោកបន្តថា៖ «វាជាអំពើកុសល អំពើបុណ្យដែលយើងមានការចែករំលែកហើយការចេះស្រឡាញ់ ការចេះអាណិតអាសូរដល់គ្នា និងជួយជ្រោមជ្រែងហ្នឹងគឺជាអំពើមួយដែលយើងទាំងអស់គ្នាគួរតែប្រតិបត្តិ ។វាមិនមែនត្រឹមតែជាគំរូដល់សិល្បៈករទេ ប៉ុន្តែដល់មនុស្សទូទៅ ដល់ពិភពលោកបង្ហាញថាពីមុនមកអ្វីដែលប្រទេសក្រៅធ្លាប់បានដឹងលឺប្រវត្តិសាស្ត្រយើងជិតៗហ្នឹងគេតែងតែលឺពីការកាប់សម្លាប់ គិតថាចរិកខ្មែរយើង ឈាមក្តៅ ដឹងតែដណ្តើមអំណាចកាប់សម្លាប់គ្នា គេអត់បានឃើញមនោសញ្ចេតនាពិតរបស់យើង ដល់ពេលឃើញថាគ្នាយើងរងគ្រោះចេះសហការគ្នា ជាក់ស្តែងខ្ញុំខ្លួនឯងខ្ញុំឈឺនៅពេទ្យ ក្រុមញាតិមិត្ត គ្រូៗ គេរៃអង្គាសទៅជួយខ្ញុំដែរ បានខ្ញុំយល់ថាពេលខ្លះគេអត់មើលឃើញខ្លឹមសារពិតរបស់យើងទេ មើលឃើញតែសំបកក្រៅ ព័ត៌មានដែលផ្សព្វផ្សាយតែរឿងមិនល្អ » ។
ដោយឡែក អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ សាទរចំពោះសកម្មភាពមនុស្សធម៌សម្រាប់ការជួយប្រជាពលរដ្ឋតាមរយៈចំណេះជំនាញ និងស្ថាប័នរបស់ខ្លួននេះ។
លោកបន្តថា៖ « ខ្ញុំសូមគាំទ្រនិងផ្តល់តម្លៃខ្ពស់ ចំពោះសកម្មភាពទាំងនេះ ជាប្រភេទសកម្មភាពមនុស្សធម៌និងជួយសង្គម ដែលមិនត្រឹមតែសិល្បៈករនោះទេ ប្រជាជនគ្រប់រូបគួរយកជាគំរូ។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងឃើញសន្ទុះនៃការចូលរួមការងារមនុស្សធម៌និងសង្គម ដោយរួមទាំងបរិស្ថានផងដែរ កំពុងផុលផុស និងគួរឱ្យគោរព»។
វិលទៅត្រឡប់មករកឱពុករបស់ ឆាលី វិញ។បើទោះជាស្ថានភាពជំងឺកូនប្រុសរបស់ខ្លួន មានស្ថានភាពដុនដាប់ដូចនេះក្តី លោកនៅតែមានក្តីសង្ឃឹមថា កុមារា ឆាលី អាចនឹងជាសះស្បើយដូចដើមវិញ។ លោកបន្តថា៖ «ខ្ញុំជឿជាក់ថាការព្យាបាលជំងឺមហារីកនេះពិតជាពិបាកចំពោះគ្រួសាររបស់ខ្ញុំនៅក្នុងការទទួលយក ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព និងព្យាយាមនៅក្នុងនាមជាឪពុកម្តាយរបស់ឆាលី ហើយអាចនិយាយបានថាខ្ញុំសង្ឈឹមយ៉ាងមុតមាំថាកូនខ្ញុំអាចនឹងជាបាន១០០% ដោយសារគាត់នៅសល់តែមួយដំណាក់កាលទៀតទេ គឺការចាក់គីមី »៕