ភ្នំពេញ​៖ ក្នុង​បរិវេណ​មួយ​ដែល​មាន​ផ្ទះ​ល្វែង​ព័ទ្ធ​ជុំវិញ​​បង្ក​ជា​បរិយា​កាស​អ៊ូអរ​ដោយ​សំឡេង​ក្មេង​រត់​លេង​​លាយឡំ​ជាមួយ​​​​ធុង​បាស់​បន្លើ​គ្រប់​ទិស​ផង​​ អ្នកស្រី​ វ៉ាន់​ ផាន់ណា​ អាយុ​៣៤​ឆ្នាំ កំពុង​បោក​ខោ​អាវ​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​

អ្នកស្រី​ វ៉ាន់​ ផាន់ណា​ សព្វ​ថ្ងៃ​ជា​កម្ម​ការីនី​រោង​ចក្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​​បាន​ប្រើ​​ប័ណ្ណ​ប.ស.ស​​អស់​​៥​ឆ្នាំមកហើយ​​។ អ្នក​ស្រី​ត្អូញ​ថាមន្ទីរ​ពេទ្យ​​​ដៃគូ​របស់​ប.ស.ស​មួយចំនួន​ដែល​អ្នកស្រី​ធ្លាប់​ទៅ​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មកលើ​ខ្លួន​ទេ ​និង​បញ្ចេញ​អាក្បកិរិយា​មិនសមរម្យ​ផងដែរ​។​ ​

អ្នកស្រី​ថ្លែងប្រាប់​ Newsroom Cambodiaថា​៖ «ពេលពួក​​ខ្ញុំ​ទៅមន្ទី​ពេទ្យ​គឺ​ពួក​គាត់​មិន​យកចិត្ត​ទុក​ដាក់​ទេហើយ​យក​ទុក​ចោល​អ៊ីចឹង​ទៅ​ និយាយ​រួមគឺ​ពិបាក​។ ពេល​ទៅ​ពេទ្យ​អត់​មាន​អ្នក​ណា​មក​មើល​ ការ​ដាក់​ថ្នាំ​និង​ដាក់​សេរ៉ូម​អី​តែង​តែ​ទុក​ពួក​យើង​ចោល​អ៊ីចឹង​។​ ទាល់​តែ​យើង​មាន​ការ​ងារ​ដែល​ត្រូវ​តវ៉ា​ជាមួយ​ពួក​គាត់​ច្រើន​អ៊ីចឹង​ទៅ​បាន​គាត់​ឆ្លៀត​មក​មើល​យើង»។

អ្នក​ស្រី សង្គេត​​​ឃើញ​ថា​​ អ្នកចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន​មាន​ឥទ្ធិ​ពល ​និង​ទទួល​បាន​សេវា​ល្អ​​ជាង​អ្នក​ប្រើ​ប្រាស់​សេវា​ប.ស.ស។​

អ្នកស្រី វ៉ាន់​ ផាន់ណា ជាម្នាក់ក្នុងចំណោមកម្មករនិយោជិត​យ៉ាងហោចណាស់៦៦​ម៉ឺន​នាក់​នៅ​កម្ពុជា​ ជាប្រទេសដែល​មាន​រោងចក្រ​សហគ្រាស​ចំនួនប្រមាណជាង៩ពាន់​កន្លែង។ នេះបើតាម​តួលេខ​ក្រសួង​​​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៣។

ថ្វីត្បិតតែច្បាប់ស្តីពីរបបសន្តិសង្គមកំណត់ថា​កម្មករទទួលបានអត្ថប្រយោជន៍នានាពីមន្ទីរពេទ្យដៃគូ ក៏​ប៉ុន្តែ​មិនមែនគ្រប់កម្មករទាំងអស់ដែលប្រើប្រាស់ប័ណ្ណប.ស.ស សុទ្ធតែ​ទទួល​​បាន​ផល​ប្រយោជន៍ពេញលេញ​ដោយគ្មានបញ្ហាប្រឈមនោះទេ។ សង្គមស៊ីវិល និង​កម្មករ​កម្មការនី​ស្នើឱ្យ​​រាជរដ្ឋាភិបាលផ្តល់អត្ថប្រយោជន៍បន្ថែមលើសមាជិកប្រើប្រាស់ប័ណ្ណប.ស.ស និង​សំណូមពរ​​ឱ្យ​​ពេទ្យដែលជាដៃគូយកចិត្កដាក់ស្មើៗគ្នាចំពោះអ្នកប្រើប្រាស់សេវាប.ស.ស និងអ្នកប្រើលុយផ្ទាល់ខ្លួន។

អ្នកស្រី​ វ៉ាន់​ ផាន់ណា រៀបរាប់ពីបទពិសោធន៍ខ្លួនថាពេលខ្លះទាល់តែមាន​ខាង​សហជីព​ជួយ​សម្របសម្រួល​ ​ទើប​​ខាង​ពេទ្យ​មក​អើ​ពើ​ជាមួយ​ពួក​គាត់​។​ អ្នកស្រី​បាន​សំណូម​ពរ​ឱ្យ​រាជរដ្ឋា​ភិបាល​និង​ស្ថាប័ន​ប.ស.ស ​ផ្តល់​សេវា​ឱ្យ​កម្ម​ករកម្មការិនី​ឱ្យ​បានល្អ។ នេះក៏ដោយសារកម្មករ​បានចូលរួមបង់សេវារាល់​ខែ ​ទោះជាពួកគេទៅ ឬមិនទៅ​​ទទួលសេវាជាប្រចាំ​ក៏ដោយ​។

អ្នកស្រី​​សង្ឃឹម​ថា​ពេទ្យ​នៅ​បម្រើ​ការងារ​តាម​ស្ថាប័ន​នានាមិន​រើស​អើង​កម្មករ​រោង​ចក្រ​ពេលទៅ​ទទួល​សេវា​ផ្សេងៗ​នៅ​មន្ទីពេទ្យ​ដៃគូ ​​និង​ព្យាបាល​ដោយ​ស្មើ​ភាព​គ្នា​ទាំងចំពោះ​អ្នក​ប្រើប័ណ្ណ​ប.ស.ស ​និង​អ្នក​ប្រើ​លុយ​ផ្ទាល់​ខ្លួន។

អ្នក​ស្រី​ វ៉ាន់​ ផាន់ណា​ នៅ​តែ​សង្ឃឹម​ថា​រាជ​រដ្ឋា​ភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់ស្តាប់​​ និងឆ្លើយ​តបទៅនឹង​បញ្ហា​របស់​កម្មករ​និយោជិត​ ហើយអ្នក​ស្រី​​ចង់​ឃើញការសន្យានានាដែល​ក្រសួងធ្លាប់ផ្តល់ឲ្យ​ក្លាយ​ជា​ការ​ពិត ​និង​ចេញ​ជា​ផ្លែ​ផ្កា​នាពេលឆាប់ៗខាងមុខ​។

ទោះជាយ៉ាងណា អ្នកស្រី​ក៏កត់​សម្គាល់​​​​ឃើញ​ពី​ភាពប្រសើរជាបន្តបន្ទាប់ និងផល​ប្រយោជន៍​កាន់តែទូលាយជាងមុន​ បើទោះ​ជា​​​នៅ​មានការរើសអើង​ខ្លះៗ​មកលើ​ក្រុម​កម្មករនៅឡើយ។​

អ្នក​ស្រី​ សុខ​ សាវ៉េត មាន​អាយុ​៣២​ឆ្នាំ​ សព្វ​ថ្ងៃ​ជា​កម្ម​ការីនី​រោង​ចក្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​ Newsroom Cambodia ថា​បទពិសោធន៍​​ប្រើ​ប្រាស់​សេវា​កម្មប.ស.ស មាន​ទាំង​ល្អ​ និង​រកាំរកោះ ហើយការទិញថ្នាំ​ប្រើ​ប្រាស់ខ្លះត្រូវចំណាយលុយផ្ទាល់ខ្លួន​។​ អ្នកស្រីបន្តថា ពេល​ខ្លះទៀតគ្រូពេទ្យមួយចំនួនក៏មានប្រើប្រាស់ពាក្យសម្តីគំរោះគំរើយ ជាពិសេសនៅពេលមមាញឹកខ្លាំង។

អ្នកស្រី​ថ្លែង​ថា​៖ «ដោយ​ពេទ្យ​ដែរ​ ពេទ្យ​ខ្លះ​រាង​ស្រួល​ជាមួយ​យើង​ ពេទ្យ​ខ្លះ​រាង​សម្តី​អត់​សូវ​ស្រួល​ជាមួយ​យើង​ដែរ​អ៊ីចឹង​ទៅ​ មិន​ទាំង​អស់​គ្នា​។ ពេទ្យ​ខ្លះ​គេ​ស្តី​ឱ្យ​យើង​ដែរ​ មិន​ល្អ​ទាំង​អស់​ទេ​ ទ្រាំ​ទៅ​ធ្វើ​ម៉េចវា​​មិន​អស់​លុយ​»។

ចំណែក អ្នកស្រី ប៉ូច វណ្ណា មាន​អាយុ​​៥៣ឆ្នាំ សព្វថ្ងៃជា​កម្មការនី​រោង​ចក្រ​នៅ សង្កាត់កាកាប នៃខណ្ឌពោធិ៍សែនជ័យ ប្រាប់​ Newsroom Cambodia ពីបទពិសោធន៍វិជ្ជមានចំពោះការ​​​ប្រើ​ប្រាស់​​ប័ណ្ណប.ស.សអស់​រយៈពេល​២០​ឆ្នាំ​​កន្លង​​មកហើយ​។ អ្នកស្រីថា ប័ណ្ណប.ស.ស​​បាន​ជួយ​សម្រាល​បន្ទុក ​ចំណាយ​​ថ្លៃថ្នាំពេទ្យ​​​​ ​និងអត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

​អ្នកស្រី​​រំឮក​ពីការលំបាកមុនពេលខ្លួន​មាន​ប័ណ្ណ​ប.ស.សយ៉ាងដូច្នេះ៖ «ខ្ញុំ​បាន​ប្រើ​ប័ណ្ណ​ប.ស.ស តាំង​ពី​ឆ្នាំ​២០០៧​​ វា​មាន​ផល​ប្រយោជន៍​ច្រើន​ពេល​អ្នក​ជំងឺ​ឈឺ​ទៅ​ពេទ្យ​អត់​អស់​លុយ ​ហើយ​គេ​ពិនិត្យ​យើង​ដោយ​យក​ចិត្ត​ទុក​​ដាក់ទាំង​អស់​​ដែល​អត់​មាន​រើស​អើង​ថា​អ្នក​មាន​ប័ណ្ណ​ក្រី​ក្រប.ស.ស ​និង​​អ្នក​មាន​លុយ​ទេ​គឺ​មើល​ស្មើៗ​គ្នា»។

ទោះ​បី​ជា​កម្មករ​កម្មការនី​មួយ​ចំនួន​ដែល Newsroom​បានជួបសម្ភាស​​លើក​ឡើង​ពី​អត្ថប្រយោជន៍​ និងបញ្ហាប្រឈម​នៃប័ណ្ណ​ប.ស.សយ៉ាងណា ​​​ក៏ប៉ុន្តែ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី​ យ៉ាង សុភ័ណ្ឌ​ មើល​ឃើញ​ពី​គម្លាត​រវាង​កម្មករ​កម្មការនី​​ប្រើ​ប័ណ្ណ​ប.ស.ស​ និងអ្នក​​ប្រើ​លុយ​ផ្ទាល់​ខ្លួន​។ ​ប្រធាន​សហព័ន្ធ​សហជីពរូបនេះថា ​រាជរដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់ជាអាទិភាពចំពោះសុខមាលភាព និងការព្យាបាលរបស់អ្នកជម្ងឺ ជាពិសេស​មិនគួរតម្រូវឲ្យកម្មករបង់ប្រាក់ជាមុន មុនពេលព្យាបាលនោះទេ។

អ្នកស្រី​ពន្យល់បន្ថែមថា កម្មករក៏មានការលំបាក​ទទួល​បាន​សំបុត្រ​ពេទ្យ ឬការអនុញ្ញាតិ​ឲ្យ​សម្រាក​នៅមន្ទីរពេទ្យដែលជាលក្ខខណ្ឌតម្រូវដើម្បីបានច្បាប់សម្រាកពីការងារថែមទៀតផង។

​យ៉ាងណាក៏ដោយ អ្នកស្រី​ យ៉ាង សុភ័ណ្ឌ ទទួលស្គាល់​អត្ថ​ប្រយោន៍​នៃ​ប័ណ្ណ​ប.ស.ស​មាន​បី​ចំណុច​សំខាន់​ៗ​ ជាអាទ៍​ការ​ផ្តល់​ការ​ថែ​ទាំ​សុខ​ភាព​ របប​ហានិភ័យ​ការងារ និងរបប​សោធន​និវត្តន៍​។ ហើយជាពិសេសនោះ អ្នកស្រី​ យ៉ាង សុភ័ណ្ឌ កោតសរសើរពី​ភាពប្រសើរ​ឡើង​ចំពោះ​​កម្មករ​និយោជិក​​ជា​ស្ត្រីមានផ្ទៃពោះ ដោយសារពួកគេអាច​​​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​តាំង​ពី​​គាត់​ចាប់​ផ្តើម​មាន​ផ្ទៃ​ពោះ​រហូត​ដល់កូន​​គាត់សម្រាល ព្រមទាំងទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០ម៉ឺន​រៀល​ពី​រដ្ឋផងដែរ។

អ្នកស្រី​លើក​ឡើង​ថា៖ «នៅពេល​ដែល​កម្ម​ករ​គាត់​ឈឺ​គាត់​អី​អ៊ីចឹង​ទៅ​គាត់​ទៅ​ទទួល​សេវា​រ៉ាប់​រង​ផ្នែក​ព្យាបាល​ហ្នឹង​ពី​មន្ទី​ពេទ្យ​សាធារណៈ​របស់​រដ្ឋ​ឬក៏​មន្ទី​ពេទ្យ​ដៃ​គូរ​របស់​រដ្ឋ​។ នៅពេល​កម្មករ​គាត់​គ្រោះ​ថ្នាក់​​​គឺ​គាត់​នយោជិក​ហ្នឹង​គាត់​មាន​សិទ្ធិទៅ​ទទួល​សេវា​កម្មពី​ពេទ្យ​ដូច​គ្នា​ដែរ​ហើយ​មួយ​ទៀត​ពាក់​ព័ន្ធ​ជាមួយ​ថ្មីៗហ្នឹង​ គឺ​រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​យើង​បាន​របប​សោធន​និវត្តន៍​​»។

ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដែលត្រូវបានដាក់ឲ្យប្រើកាលពីឆ្នាំ២០១៩នេះ បង្កើតឡើង​ដើម្បី​ធានាឲ្យមានសមធម៌ និង​ដើម្បី​លើក​ក​​ម្ពស់​សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះគិតទាំង ប្រាក់សោធន ផ្នែកថែទាំ​សុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាព​ការងារនានា។ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈ​រដ្ឋបាល​ដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានរបស់កម្មករនិយោជិត ដើម្បីរួមចំណែក​កាត់​បន្ថយភាពក្រីក្រនិងលើកកម្ពស់ស្ថេរភាពសង្គម។

​ប័ណ្ណ​ប.ស.ស (ប្រភព៖ ក្រសួងព័ត៌មាន)

លោក​ ហេង​ សុផាន់ណារិទ្ធ​ អគ្គ​នាយក​រង​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ប្រាប់​ Newsroom Cambodia ថា​ចំនួន​កម្មករ​និយោជិត​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ប.ស.ស​​មាន​ទាំង​កម្មករ​និយោជិត​ឯក​ជន ​និង​វិស័យ​វាយនភ័ណ្ឌ។ ហើយប័ណ្ណ​សមាជិកនេះ ផ្តល់​អត្ថប្រយោជន៍ដល់ទាំង​បុគ្គល​ក្នុង​វិស័យ​សាធារណៈ ​បុគ្គល​វិស័យ​ឯកជន បុគ្គលស្វ័យនិយោជន៍ [សំដៅដល់បុគ្គលដែល​ប្រកបការ ងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង] ​និងអ្នកក្នុង​បន្ទុកគ្រួសារ​សមាជិក ប.ស.ស.។ អត្ថប្រយោជន៍ទាំងនេះក៏គ្របដណ្តប់លើគ្រោះថ្នាក់ការងារនានា ដែល​នឹងរួម​ចំណែកលើក​កម្ពស់​សុវត្ថិភាព​និង​សុខភាព​នៅ​កន្លែង​ការងារតាម​រយៈការ​ផ្តល់​ជូនអត្ថ​ប្រយោជន៍​ដល់សមាជិក។

លោក​បន្តថា​៖ «គឺមាន​​សេវា​ព្យាបាល​និងថែទាំវេជ្ជសាស្រ្ត ប្រាក់​បំណាច់​សម្រាប់​ការបាត់​បង់សមត្ថភាព​ការងារបណ្តោះ​អាសន្ន វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាព​ការងារ​អចិន្ត្រៃយ៍​ធនលាភ​សម្រាប់​ការបាត់បង់​សមត្ថភាពការងារ​អចិន្ត្រៃយ៍ សេវាស្តារនីតិសម្បទា វិភាជន៍បូជាសព និងធនលាភឧត្តរជីវីអី​ជាដើម»​។

គិត​ត្រឹម​ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ បេឡា​ជាតិសន្តិ​សុខសង្គម​នៃក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​មានសមាជិក ២លាន ១៥ម៉ឺននាក់ មាន​កម្មករនិយោជិត​​ក្នុងវិស័យ​ឯកជន​ប្រមាណ ១លាន ៥០ម៉ឺននាក់។ ដោយ​ឡែកបើ​គិតតែ​វិស័យវាយនភ័ណ្ឌ​កាត់ដេរ ផលិត​ផល​ស្បែកជើង​ ផលិតផល​ធ្វើដំណើរនិងកាបូប មានសរុបចំនួនជាង៨១ម៉ឺននាក់៕