ការដាក់តាំងពិព័រណ៍សៀវភៅអន្តរជាតិលើនាវា Doulos Hope របស់អាល្លឺម៉ង់ កំពុងទាក់ទាញចំណាប់អារម្មណ៍ យុវជន យុវនារី ដែលស្រឡាញ់ និងចូលចិត្តអានសៀវភៅ។ពួកគេនាំគ្នាទៅទស្សនា ដែលនេះជាបទពិសោធន៍ថ្មី នៃការដាក់តាំងពិព័រណ៍សៀវភៅជាច្រើនក្បាលនៅលើនាវា។ហើយនេះក៏ជាការមកដល់លើកទី១ របស់នាវា Doulos Hope នៅលើទឹកដីនៃទីក្រុងពាណិជ្ជរបស់ប្រទេសកម្ពុជាដែរ។
អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់ប្រទេសអាល្លឺម៉ង់ បានប្រែក្លាយមកជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើពិភពលោក ដែលកំពុងផ្សព្វផ្សាយពីកម្មវិធីអប់រំ វប្បធម៌ និងពិព័រណ៍សៀវភៅសម្រាប់សាលារៀន សហគមន៍ និងសាធារណជននៅក្នុងប្រទេសជាង ១៥០ប្រទេស នៅលើពិភពលោក។
គេហទំព័រ GBA Ships ឱ្យដឹងថាគោលបំណងនៃនាវានេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនួយ ការជួយ និងក្តីសង្ឈឹម ទៅដល់កន្លែងណាដែលនាវានេះចុះចត។
ព្រះទិនករ កំពុងបញ្ចេញកម្តៅជះមកលើផែនដីនៅម៉ោងប្រហែល១២ ថ្ងៃត្រង់ ដែលជាពេលអ្នកធ្វើការ សិស្ស និងនិស្សតសំរាកពីការងារ និងការសិក្សា ហើយក៏ជាពេលវេលាដែលពលរដ្ឋខ្លះសម្រាក់រយៈពេលខ្លី ក្រោយបំពេញការងារមួយព្រឹកធំ។ចំណែកអ្នកខ្លះទៀត កំពុងតែស្រុះស្រូបអាហារថ្ងៃត្រង់។
ក្រឡេកមកកណ្តាលទីក្រុងភ្នំពេញឯណេះវិញ នៅកំពង់ផែស្វយ័តភ្នំពេញ គេសង្កេតឃើញមាន យុវជន និងយុវនារី ប្រមាណ២០នាក់ អ្នកខ្លះពាក់មួក អ្នកខ្លះកាន់ឆ័ត្រ កំពុងឈរចាំទទួលយកសំបុត្រ ដើម្បីអាចចូលទៅទស្សនានាវាដែលកំពុងសំចតបង្ហាញរាងនៅប្របនឹងច្រាំងទន្លេសាប ចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងរង់ចាំទទួលសំបុត្រ។
សម្រាប់យុវតី ងិន សុដាលី ដែលកំពុងឈរនៅលើនាវា Doulos Hope រៀបរាប់ថាកញ្ញាមកទីនេះ ព្រោះរូបគេមិនធ្លាប់ឃើញការដាក់តាំងពិព័រណ៍សៀវភៅនៅលើនាវាពីមុនបែបនេះឡើយ។នេះជាលើកទីមួយហើយដែលខ្លួនបានឃើញការតាំងពិព័រណ៌សៀវភៅខ្នាតអន្តរជាតិបែបនេះ ហើយខ្លួនក៏ចង់ឃើញពីរបៀបនៃការតាំងពីដូច្នេះដែរ ទើបចំណាយពេលមកទស្សនាតែម្តង។
កញ្ញាបន្តថា៖ « ដោយសារតែកន្លងមកធ្លាប់ឃើញនៅស្រុកខ្មែរមានជាតាំងពិព័រណ៍សៀវភៅដែរ ក៏ប៉ុន្តែពិព័រណ៍សៀវភៅលក្ខណៈ នៅតាមបណ្ណាល័យ ផ្សារទំនើបអីចឹង គេមានកម្មវិធីគេចឹងទៅតែលើកនេះ ប្លែកត្រង់ថាជាការពិព័រណ៍សៀវភៅដែរ តែនៅលើកប៉ាល់ធំស្អាតចឹងទៀត ចឹងប្លែក ហើយមានសៀវភៅច្រើន » ។
មុននឹងនាវា Doulos Hope មកដល់ភ្នំពេញ នាវានេះបានចុះចតនៅទីក្រុងហុងកុងរយៈពេលប្រហែល ១ខែ។ការចុះចតនៅទីនោះ ដើម្បីឱ្យប្រជាជនហុងកុងបានចូលទស្សនាហើយការជាការចូលមើលដោយសេរី។បើតាមកម្មវិធីនេះពីបញ្ចប់បេសកកម្មនៅកម្ពុជា នាវានេះក៏នឹងបន្តសកម្មភាពបន្ទាប់ទៅប្រទេស សិង្ហបុរី ម៉ាឡេស៊ី និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកដែរ។
ពិព័រណ៍សៀវភៅអន្តរជាតិលើនាវា Doulos Hope លើកទី១ នៅរាជធានីភ្នំពេញនេះបើកឱ្យសាធារណជនចូលទស្សនាពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១២:៣០នាទី រសៀល ដល់ម៉ោង ៧:៣០ នាទីយប់។ នាវាដែលបើកឱ្យសាធារណៈជនចូលទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយឥតគិតថ្លៃ គឺបើកនៅរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកថ្ងៃចន្ទ បិទសំរាក។
មានអាជីពជាអ្នកនិពន្ធសៀវភៅឯករាជ្យ កញ្ញា ដាលី បានឱ្យដឹងទៀតថារូបគេមានគោលបំណងណាត់ជួបអ្នកដែលមានចំណង់ចំណូលចិត្តមកទស្សនានៅទីនេះម្តងទៀត ព្រោះទីកន្លែងនេះទាក់ទាញ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបំភ្លេចទុក្ខកង្វល់។
កញ្ញាបន្តថា៖ «ដោយសារឃើញការតាំងពិព័រណ៍នៅលើកប៉ាល់នឹងល្អ ចឹងខ្ញុំប្រហែលជាអាចនឹងណាត់ជួបមិត្តភក្តិដែលគាត់ចូលចិត្តអាន ជាអ្នកនិពន្ធជាអ្នកអានអី ដែលមានចំណូលចិត្តអានដូចគ្នា ណាត់គាត់មកជុំគ្នាមើលសៀវភៅក៏ដូចជាមើលទេសភាពនៅតាមដងទន្លេអីចឹងទៅ ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយជាមួយគ្នា » ។
មានកាតាបពណ៌ខ្មៅស្ពាយពីខាងក្រោយខ្នង និងកំពុងចាប់កាន់សៀវភៅមកអាន និស្សិតជំនាញអក្សសាស្ត្រអង់គ្លេស លោក ផាន រិទ្ធី ថាលោក មកទីនេះព្រោះចង់មកភ្លក់នូវអារម្មណ៍ថ្មី នៃការតាំងពិពណ៌សៀវភៅនៅលើនាវា និងចង់ស្វែងយល់អំពីសៀវភៅថ្មីៗ។
លោកបន្តថា៖ « នេះជាលើកដំបូងរបស់ខ្ញុំដែលបានឃើញការតាំងពិព័រណ៍លើនាវានេះ លើនាវានេះ មានសៀវភៅជាច្រើនដែលខ្ញុំអត់ធ្លាប់បានជួប អត់ធ្លាប់បានអាន ខ្ញុំធ្លាប់ចូលបណ្ណាល័យ អានសៀវភៅច្រើនដែរ […] វាពិតជាសំខាន់ ដែលមានការតាំងពិព័រណ៍នេះ ធ្វើឱ្យយើងអាចស្វែងយល់ពីបទពិសោធន៍ថ្មី ខ្ញុំចង់ស្វែងរកសៀវភៅដែលប្លែកៗ ចង់ស្វែងយល់សៀវភៅដែលគួរឱ្យចាប់អារម្មណ៍ » ។
ទន្ទឹមនឹងការមកដល់លើនាវា Doulos Hope និស្សិតឆ្នាំទី៤ រូបនេះចង់ឱ្យមានការតាំងពិព័រណ៍សៀវភៅបែបលើនាវាបន្តទៀតនៅកម្ពុជា ដើម្បីឱ្យសិស្ស និងនិស្សិត ផ្សេងទៀតបានមកទស្សនា ព្រមទាំងឈ្វេងយល់អំពីការតាំងពិពណ៌នេះ។
ប្រហាក់ប្រហាក់ប្រហែលនឹងនិស្សិតឆ្នាំទី៤នេះដែរ និងកំពុងមើលសៀវភៅនៅក្បែរទូតាំងពិព័រណ៍ យុវតី ប៊ុន ស្រីគុជ និយាយថាខ្លួនឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពីការតាំងពិព័រណ៍នេះ ហើយកញ្ញាយល់ថាការតាំងពិពណ៌នេះប្លែក ទើបទាក់ទាញអារម្មណ៍រូបគេ និងមិត្តភក្តិមកមើលការតាំងពិព័រណ៍លើនាវានៅថ្ងៃនេះដែរ។
កញ្ញាបន្តថា៖ «ខ្ញុំមានអារម្មណ៍ថាប្លែកខ្លាំងដែលមានការតាំងពិព័រណ៌សៀវភៅនៅលើកប៉ាល់ចឹង ពីព្រោះអីលើកទី១សម្រាប់យើងដែលដឹងថាមានការតាំងពិព័រណ៍សៀវភៅនៅលើកប៉ាល់ ខ្ញុំចង់ឱ្យអ្នកដែលអត់ទាន់ដឹងដំណឹងហ្នឹងពួកគាត់បានលឺសម្លេងនេះហើយពួកគាត់ចូលរួមមកមើលសៀវភៅនៅលើកប៉ាល់នេះទាំងអស់គ្នា »។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហោះផ្សាយនៅលើបណ្តាញសង្គម ដោយលើកទឹកចិត្តឱ្យសិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាពិពណ៍សៀវភៅលើកប៉ាល់ MV Doulos Hope នៃក្រុមហ៊ុន GBA Ships E.V. ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា លើកឡើងកាលពីថ្ងៃទី៦ ខែមិថុនា ថាកាលមកដល់របស់នាវា Doulos Hope នេះពិតជាពិសេសចំពោះការតាំងពិព័រណ៍សៀវភៅ ដោយសារនាវានេះជានាវាខ្នាតធំ។ក្រៅពីនេះ ពិព័រណ៍សៀវភៅនេះក៏បានបង្ហាញឱ្យឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសនានាលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីសុខសន្តិភាព ស្ថិរភាពខាងនយោបាយរបស់ប្រទេសកម្ពុជាដូចគ្នាដែរ។
លោកស្រីបន្តថា៖ « ការអនុញ្ញាតឱ្យនាវា Doulos Hope ចូលមកដល់កម្ពុជានៅក្នុងការបើកតាំងពិព័រណ៍សៀវភៅនេះគឺបង្ហាញអំពីការរីកចម្រើន និងស្ថិរភាពរបស់កម្ពុជា ហើយក៏បង្ហាញពីសក្តានុពលរបស់កម្ពុជានៅក្នុងផ្នែកអំណានផងដែរ » ។
លើសពីនេះទៅទៅទៀត លោកស្រីថ្លែងថាការតាំងពិព័រណ៍នេះគឺបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ការអានរបស់យុវជន ជាពិសេសប្រជាជានកម្ពុជា។លោកស្រីបានឱ្យដឹងទៀតថាកន្លងមកក្រសួងអប់រំក៏តែងតែអនុវត្ត រៀបចំឱ្យមានទិវាអំណាន និងការតាំងពិព័រណ៍នានា ព្រមទាំងគាំទ្រការអាននៅតាមសាលារៀន ការរៀបចំបណ្ណាល័យជាដើម។ទន្ទឹមនឹងនេះ លោកស្រីថាការតាំងពិព័រណ៍នេះពិតជាមានសារៈសំខាន់សម្រាប់យុវជនដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេលើវិស័យអំណាននៅកម្ពុជាសម្រាប់ពេលនេះ និងថ្ងៃអនាគត។
លោកស្រីបន្តថា៖«ការតាំងពិព័រណ៍នេះគឺជារឿងមួយសំខាន់ដែលជួយលើកកម្ពស់នៅក្នុងការអានដែលជាមូលដ្ឋានគ្រឹះនៅក្នុងការលើកកម្ពស់វិស័យអប់រំដូចគ្នាហើយជឿថា ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងការអានបែបនេះដែលកើតមានឡើងជាញឹកញាប់ក៏ជាចំណុចមួយទៅតឿនឬក៏ដូចជាក្រើនរំឭកក៏ដូចជាការផ្តល់ឱកាសដល់យុវជននៅក្នុងការស្វែងរកសៀវភៅដែលមានមានភាពចម្រុះឬក៏ប្រធានបទផ្សេងផ្សេងដែលអាចទាក់ទាញការចាប់អារម្មណ៍ដល់ពួកគាត់ដើម្បីឱ្យពួកគាត់មើលឃើញអំពីសក្ដានុពលឬក៏វត្តមាននៃសៀវភៅនានានៅលោកពិភពលោកដែលគាត់អាចជ្រើសរើសអានបាននៅក្នុងពេលដែលគាត់ត្រូវការឬក៏នៅក្នុងពេលគាត់ទំនេរជាដើម » ។
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គិមអេង យល់ឃើញថាការតាំងពិព័រណ៍សៀវភៅនៅលើនាវានេះ គឺជាបទពិសោធន៍ថ្មីមួយ ដែលអាចទាក់ទាញអ្នកនិពន្ធឱ្យខិតខំតាក់តែងស្នាដៃបន្ថែមទៀតព្រមទាំងទាក់ទាញអ្នកអានឱ្យចាប់អារម្មណ៍ក្នុងការអានសៀវភៅច្រើនជាមុន ដើម្បីពង្រីកចំណេះដឹង និងក្លាយជាធនធានសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសឆាប់រហ័ស។
លោកបន្តថា៖ « ការរៀននៅក្នុងសាលា លើមេរៀនដែលបានរៀនហ្នឹងវាម្យ៉ាងហើយ តែការអានពង្រីកចំណេះដឹងបន្ថែម គឺជាកត្តាចំបាច់ និងសំខាន់បំផុត ហើយជុំវិញពិពណ៌សៀវភៅនេះវានឹងជួយដាស់តឿនកូនខ្មែរគ្រប់រូបឱ្យផ្ដោតការយកចិត្តទុកដាក់លើការអានឱ្យបានច្រើន មិនមែនផ្ដោតគ្រាន់តែលើការកម្សាន្ត ការទស្សនាផ្សេងៗទៅតាម ប្រព័ន្ធបណ្ដាញសង្គមទេ តែទិញសៀវភៅយកមកអាន ការអាននេះជួយច្រើនសម្រាប់សុខភាពផ្លូវចិត្តរបស់មនុស្សដែរ» ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្នើឱ្យសាលារៀននៅកម្ពុជាធ្វើការពង្រឹង និងរៀបចំសោភណ្ឌភាពដែលមើលទៅមានភាពទាក់ទាញ អនាម័យ ដើម្បីឆក់យកចិត្តសិក្សានុសិស្សចូលមកទស្សនា។
លោកបន្តថា៖«ខ្ញុំឃើញថាតាមសាលានីមួយៗគួរតែពង្រឹងបណ្ណាល័យឱ្យមានសៀវភៅអានឱ្យសម្បូរបែប សៀវភៅថ្មីៗ ដែលបានតាំងពិព័រណ៌ និពន្ធថ្មីៗហ្នឹង ទិញយកទៅដាក់ឱ្យបានច្រើន ហើយក្រសួងអប់រំគួរតែមានថវិកាសម្រាប់ឱ្យសាលានីមួយៗ តាមវិទ្យាល័យផ្សេងៗ ហ្នឹងអាចមានកញ្ចប់ថវិកាដើម្បីទិញសម្ភារៈដើម្បីពង្រីកនៅបណ្ណាល័យបន្ថែមទៀត ប៉ុន្តែខ្ទង់ថវិកាដែលចំណាយទាំងអស់គឺត្រូវតែមានចំណាយជាក់ស្តែង មិនមែនមានតែខ្ទង់ថវិកា តែអត់ឃើញមានការចំណាយទេ ហើយកន្លែងបណ្ណាល័យគួរតែមានការរៀបចំស្រួលបួល ឱ្យស្អាត ដែលចូលទៅមានអារម្មណ៍ថាចង់ទៅអាន»។
ងាកមកកញ្ញា ដាលី វិញ នាងនិយាយថាពិព័រណ៍សៀវភៅអន្តរជាតិនេះ បាននាំបទពិសោធន៍ថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាច្រើននៅក្នុងការផ្តល់ចំណេះដឹងដល់ប្រជាជនដែលមកទស្សនា។ទន្ទឹមនឹងនេះរូបគេក៏ចង់ឱ្យមានពិពណ៌សៀវភៅជាលក្ខណៈអន្តរជាតិបែបនេះបន្តទៀត នៅកម្ពុជា។
នេះមិនមែនជាលើកទី១ទេ ដែលបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេនេះ បានចូលសំចតនៅកម្ពុជា។ កប៉ាល់ MV Doulos Hop ធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣លើករួចមកហើយ ដោយលើកចុងក្រោយ កប៉ាល់នេះចូលចតជិតមួយខែចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលទស្សនា និងអានសៀវភៅនៅលើនាវា ដោយឥតគិតថ្លៃរួចមកហើយដែរ៕